ព័ត៍មានទាន់​ហេតុការណ៏
Search

អ្នកទេសចរ​កាន់តែច្រើន​នាំគ្នា​ទៅ​ឡើង​ថ្ម Uluru មុនពេល​អូស្ត្រាលី​ដាក់​បម្រាម

អ្នកទេសចរ​ដ៏​ច្រើន​លើសលប់​កំពុង​ប្រញាប់ប្រញាល់​ឡើង​ថ្ម Uluru ឬ​ត្រូវបាន​គេ​ស្គាល់​ថា​ថ្ម Ayers មុន​ការហាមឃាត់​ឡើង​ថ្ម​នេះ​ដែលជា​ទីតាំង​ដ៏​ពិសិដ្ឋ​របស់​ជនជាតិដើម​អូស្ត្រាលី​។​

រូបថត​នៃ​មនុស្ស​រាប់រយ​នាក់​ដែល​ឡើង​ថ្ម​ពណ៌​ក្រហម​ដ៏​ធំ​សម្បើម​មួយ​នេះ​បាន​បង្ក​ឲ្យ​មានការ​ស្តីបន្ទោស​ក្នុង​បណ្តាញ​សង្គម​ដោយ​មានការ​រិះគន់ថា មនុស្ស​ល្ងង់ខ្លៅ​ទាំងនោះ​បាន​ប្រឆាំងនឹង​បំណងប្រាថ្នា​របស់​ម្ចាស់​ដើម​នៃ​ជនជាតិដើម​របស់​ដែនដី​នេះ​ដែល​គេ​ហៅថា Anangu​។​

ស្ត្រី​ជនជាតិដើម​ភាគតិច​ម្នាក់​ឈ្មោះ Laura McBride បាន​បង្ហោះ Twitter ជាមួយ​រូបភាព​ដែល​បង្ហាញ​ពី​មនុស្ស​តម្រង់​ជួរ​ឡើង​ថ្ម Uluru ថា “​មនុស្ស​ជាច្រើន​គ្មាន​សីលធម៌​។ ពួកគេ​បាន​បង្រៀន​ក្មេងជំនាន់ក្រោយ​ពី​របៀប​ធ្វើ​ឲ្យ​ល្ងង់ខ្លៅ​”​។​

ក្រុមមន្ត្រី​បាន​និយាយថា បម្រាម​នេះ​ដែល​នឹង​ចូល​ជាធរ​មាននៅ​ថ្ងៃទី​២៦​ខែតុលា​គឺមាន​គោលបំណង​បង្ហាញ​ការគោរព​ដល់​ការអនុវត្ត​វប្បធម៌ ការពារ​តំបន់​នោះ​ពី​ការខូចខាត​បរិស្ថាន​ជា​បន្តទៀត​និង​ធានា​សុវត្ថិភាព​ដល់​ភ្ញៀវទេសចរ​។​

មនុស្ស​ជាង​៣៩៥,០០០​នាក់​បាន​ទៅ​ទស្សនា​ឧទ្យាន​ជាតិ Uluru-Kata ក្នុង​រយៈពេល​១២​ខែ​គិត​ត្រឹម​ខែមិថុនា​ឆ្នាំ​២០១៩​ពោលគឺ​ច្រើនជាង​ឆ្នាំមុន​ប្រហែល​២០​ភាគរយ​។​
​អាជ្ញាធរ​ឧទ្យាន​បាន​និយាយថា ប្រហែល​១៣​ភាគរយ​នៃ​អ្នក​ដែល​បាន​ទៅលេង​ក្នុងអំឡុង​ពេលនោះ​គឺ​បាន​ឡើង​ថ្ម​នេះ​។​

តួលេខ​ថ្មីៗ​មិនត្រូវ​បាន​គេ​ផ្តល់​ឲ្យ​ទេ​ប៉ុន្តែ​នាយក​ប្រតិបត្តិ​ក្រុមហ៊ុន Tourism Central Australia លោក Stephen Schwer បាន​និយាយថា មានការ​កើនឡើង​គួរ​ឲ្យ​កត់សម្គាល់​នៃ​ចំនួន​មនុស្ស​ដែល​មកលេង​ក្នុង​រយៈពេល​ប៉ុន្មាន​សប្តាហ៍​ថ្មីៗ​នេះ​៕ AFP



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114