ព័ត៍មានទាន់​ហេតុការណ៏
Search

សម្តេច​តេ​ជោ ៖ រូបិយវត្ថុ​ក្នុង​វិស័យ​សេដ្ឋកិច្ច​គឺជា​ឧបករណ៍ គោលនយោបាយ​ជំរុញ​កំណើនសេដ្ឋកិច្ច​និង​ពង្រឹង​ភាព​ធន់​នៃ​សេដ្ឋកិច្ច​ទៅនឹង​ហានិភ័យ​នានា

ភ្នំពេញ ៖ ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន ដោយបាន​ចាត់ទុកថា រូបិយវត្ថុ​ក្នុង​វិស័យសេដ្ឋកិច្ច​គឺជា​ឧបករណ៍ គោលនយោបាយ​ជំរុញ​កំណើនសេដ្ឋកិច្ច​និង​ពង្រឹង​ភាព​ធន់​នៃ​សេដ្ឋកិច្ច​ទៅនឹង​ហានិភ័យ​នានា។ ក្នុង​គោលដៅ​ដើម្បី​ឲ្យ​ធនាគារជាតិ​នៃ​កម្ពុជា​ដែលជា ឆ្អឹងខ្នង​នៃ​សេដ្ឋកិច្ច​ជាតិ​សម្រេចបាន​នូវ​សមិទ្ធផល​សំខាន់ៗ​បន្ថែមទៀត​បានផ្តល់​អនុសាសន៍​មួយចំនួន​ដល់​ធនាគារ​ជាតិ​នៃ​កម្ពុជា និង​ស្ថាប័ន​ពាក់ ព័ន្ធ​និង​វិស័យ​ឯកជន​ចំនួន​៥ ចំណុច​។

ក្នុង​នោះ​សម្តេច​តេ​ជោ ​បាន​ស្នើ​ឲ្យ​បង្កើត​គោលនយោបាយ​ថ្នាក់​ជាតិ​រយៈពេល​វែង​មួយ​សំដៅ​លើក កម្ពស់​ការប្រើប្រាស់​ប្រាក់​រៀល​ប្រកបដោយ​ភាព​ប្រុងប្រយ័ត្ន​មាន​សង្គតិភាព​និង​ផ្អែកលើ​យន្តការ​ទីផ្សារ​។

​សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី ​បាន​ផ្តល់​អនុសាសន៍​នេះ​នៅ​ក្នុង​ឱកាស​ប្រារព្ធ​ខួប​អនុស្សាវរីយ៍​លើក​ទី ៤០ នៃ​ការ​បង្កើត​ធនាគារជាតិ​នៃ​កម្ពុជា​ឡើងវិញ នៅ​ថ្ងៃទី​១០ ខែតុលា ឆ្នាំ​២០១៩។

ទី​១-​ធនាគារ​ជាតិ​នៃ​កម្ពុជា​រួម​ជា​មួយ​ក្រសួង​-​ស្ថាប័ន​, វិស័យ​ឯកជន និង​ប្រជាពលរដ្ឋ​ទាំងអស់​ត្រូវ​រួមគ្នា​បន្ត​រក្សា​រូបិយវត្ថុ​ជាតិ​ប្រកបដោយ​ស្ថិរភាព និង ទំនុកចិត្ត​តាមរយៈ​ការប្រើប្រាស់​ប្រាក់រៀល​ឲ្យ​បាន​ទូលំទូលាយ ដើម្បី​លើកកម្ពស់​អត្តសញ្ញាណ និង អធិបតេយ្យ​ជាតិ​ជាមួយនឹង​ការបង្កើន​ប្រសិទ្ធភាព គោលនយោបាយ​រូបិយវត្ថុ​,​សារពើពន្ធ​និង​ហិរញ្ញវត្ថុ​។ ជាមួយគ្នានេះ​សម្តេច​តេ​ជោ​បាន​ស្នើ​ឲ្យ​បង្កើត​គោលនយោបាយ​ថ្នាក់ជាតិ​រយៈពេល​វែង​មួយ​សំដៅ លើកកម្ពស់​ការប្រើប្រាស់​ប្រាក់រៀល​ប្រកបដោយ​ភាព​ប្រុងប្រយ័ត្ន​មាន​សង្គតិភាព​និង​ផ្អែកលើ​យន្តការ​ទីផ្សារ ។

ទី​២-​ធនាគារជាតិ​នៃ​កម្ពុជា​,​ស្ថាប័ន​និង​ភាគី​ពាក់ព័ន្ធ​ទាំងអស់​ត្រូវ​បន្ត​សហការ​គាំទ្រ​និង​អនុវត្ត​ផែនការ​អភិវឌ្ឍន៍​វិស័យ​ហិរញ្ញវត្ថុ ២០១៦-២០២៥ និង យុទ្ធសាស្ត្រ​ស្តី​ពី​បរិ​យា​ប័ន្ន​នៅ​កម្ពុជា​ប្រកបដោយ​ប្រសិទ្ធភាព​និង​សង្គតិភាព​សំដៅ​គាំទ្រ​កំណើន​សេដ្ឋកិច្ច​ជាតិ​, បន្ត​រួមចំណែក​កាត់បន្ថយ​ភាព​ក្រីក្រ និង​លើកកម្ពស់​ជីវភាព​រស់​នៅ​របស់​ប្រជាជន​ឲ្យ​កាន់តែ​ប្រសើរ​ឡើង​ស្របតាម​យុទ្ធសាស្ត្រ​ចតុកោណ​របស់​រាជរដ្ឋាភិបាល​។

ទី​៣-​ធនាគារ​ជាតិ​នៃ​កម្ពុជា​ក៏ដូចជា​ស្ថាប័ន​ពាក់ព័ន្ធ​ ត្រូវ​បន្ត​គាំទ្រ​ការប្រើប្រាស់​បច្ចេកវិទ្យា​ថ្មីៗ​ដែល​ធ្វើ​ឲ្យ​សេវា​ហិរញ្ញវត្ថុ​នៅ​កម្ពុជា​កាន់តែ​មាន​ភាព​ទំនើប​ងាយស្រួល​ទទួល​បាន​តម្លៃ​ទាប​និង​ប្រសិទ្ធភាព​ខ្ពស់​។ ត្រូវ​ធ្វើ​ការត្រួតពិនិត្យ​អំពី​ហានិភ័យ​នៃ​បច្ចេកវិទ្យា​ថ្មីៗ​ទាំងអស់នេះ​ដើម្បី​រក្សាបាន​នូវ​ស្ថិរភាព និង​ការអភិវឌ្ឍ​វិស័យ​ហិរញ្ញវត្ថុ​នៅ​កម្ពុជា​។

​ទី​៤-​ធនាគារជាតិ​នៃ​កម្ពុជា​,​ស្ថាប័ន​ញក់​ព័ន្ធ​និង​គ្រឹះស្ថាន​ហិរញ្ញវត្ថុ​ត្រូវ​បន្ត​លើកកម្ពស់​ការ​យល់ដឹង​ផ្នែក​ហិរញ្ញវត្ថុ​ដល់​ប្រជាជន​,​ត្រូវ​បន្ត​ចូលរួម​បង្កើន ការយល់ដឹង​និង​ពង្រឹង​វប្បធម៌​ឥណទាន​ដល់​អ្នក​ដែល​កំពុង​ប្រើប្រាស់​សេវា​ហិរញ្ញវត្ថុ​ជាពិសេស​នៅតាម​ជនបទ​ដើម្បី​ទប់ស្កាត់​នូវ​ហានិភ័យ​នានា​ដែល ឤ​ច​កើតឡើង​ជាយថាហេតុ​នាបច្ចុប្បន្ន និង អនាគត​។

ទី​៥-​ធនាគារជាតិ​នៃ​កម្ពុជា​,​អង្គភាព​ស៊ើបការណ៍​ហិរញ្ញវត្ថុ​កម្ពុជា​,​ក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ​និង​ភាគី​ពាក់ព័ន្ធ​ទាំងអស់​, អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ​,​ក្រសួងមហាផ្ទៃ​និង​ក្រសួងយុត្តិធម៌​ត្រូវ​បន្ត​សហការ​យ៉ាង​ជិតស្និទ្ធ​ដើម្បី​ពង្រឹង​ទប់ស្កាត់​ឲ្យ​បាន​ទាន់ពេលវេលា​ប្រកបដោយ​ប្រសិទ្ធភាព​នូវ​ការសម្អាត​ប្រាក់ និង ហិរញ្ញប្បទាន​ភេរវកម្ម​ដើម្បី​ការពារ​វិស័យ​ហិរញ្ញវត្ថុ ធនាគារ ប្រកបដោយ​តម្លាភាព និង អភិបាលកិច្ច​ល្អ​។

ក្នុង​រយៈពេល ៤០ ឆ្នាំ ចុងក្រោយ​នេះ​,​វិស័យ​ធនាគារ​កម្ពុជា​មានការ​រីកចម្រើន​គួរ​ជាទី​មោទនៈ កម្ពុ​ជា​មាន​ប្រព័ន្ធ​ធនាគារ​ប្រកបដោយ​ប្រសិទ្ធភាព​, បរិ​យា​ប័ន្ន​និង​សមាហរណកម្ម​ខ្ពស់​ទៅក្នុង​តំបន់ និង អន្តរជាតិ​ព្រមទាំង​បំពេញ​បាន​នូវ​សេចក្តី​ត្រូវការ​ផ្នែក​សេវា​ហិរញ្ញវត្ថុ​កាន់តែ​ទូលំទូលាយ​នៅ​ទូទាំង ប្រទេស​។ វិស័យ​ធនាគារ​បាន​ក្លាយ​ជា​សសរស្ដម្ភ​មួយ​ក្នុង​ការ​គាំទ្រ​កំណើន​សេដ្ឋកិច្ចជាតិ​។

ជា​មួយ​គ្នា​នេះ​ មជ្ឈដ្ឋាន​ជាតិ​និង អន្តរជាតិ​បាន​ទទួល​ស្គាល់ តួនាទី​ស្នូល​របស់​វិស័យ​ធនាគារ​ក្នុង​ការ​រួមចំណែក​រក្សា​ស្ថិរភាព​ម៉ាក្រូ​សេដ្ឋកិច្ច​, ស្ថិរភាព​ហិរញ្ញវត្ថុ​,​ការ​លើកស្ទួយ​ជីវភាព​រស់នៅ​និង ការកាត់បន្ថយ​ភាព ក្រីក្រ​របស់​ប្រជាជន​ជាពិសេស​តាមរយៈ​វិស័យ​មីក្រូហិរញ្ញវត្ថុ។

ទន្ទឹម​នេះ​ ធនាគារជាតិ​នៃ​កម្ពុជា​បាន​រក្សា​ស្ថិរភាព​តម្លៃ​ប្រាក់​រៀល​ដែល​ប្រែប្រួល​ក្នុង​រង្វង់​តែ ១% ប៉ុណ្ណោះ​ជាមួយនឹង​ការ​បង្កើន​ទុន​បម្រុង​អន្តរជាតិ​ឲ្យ ស្ថិត​ក្នុង​កម្រិត​ខ្ពស់ ដែល​លទ្ធផល​ទាំងនេះ​បង្ហាញ​ពី​ប្រសិទ្ធភាព​នៃ​ការគ្រប់គ្រង​បរិមាណ​ផ្គត់ផ្គង់​ប្រាក់​រៀល និង ការ​គរ​ពូន​ទ្រព្យសម្បត្តិ​ជាតិ​ឲ្យ​បាន​ល្អ​ប្រសើរ​ដើម្បី​រក្សា​ស្ថិរភាព​ថ្លៃ​ដោយ​អត្រា​អតិផរណា​មាន​កម្រិត​ទាប​ប្រមាណ៣%​។

ម្យ៉ាងវិញទៀត​,​វិស័យ​ធនាគារ​បាន​ពង្រីក​ការ​ផ្តល់សេវា​ហិរញ្ញ វត្ថុ​ទៅដល់​ប្រជាជន​ទូទាំង​ប្រទេស​ជាពិសេស​ប្រជាជន​ក្រីក្រ​សម្រាប់​លើកស្ទួយ​ជីវភាព​រស់នៅ​ឲ្យ​កាន់តែ​ប្រសើរ​ឡើង​ ដែល​ក្នុង​នោះ​ប្រជាជន​ពេញវ័យ ប្រមាណ ៧១% កំពុង​ទទួល​បាន​សេវា​ហិរញ្ញវត្ថុ​ហើយ​ការ​ផ្តល់​ហិរញ្ញប្បទាន​តាមរយៈ​ប្រព័ន្ធ​ធនាគារ​បាន​កើន​ឡើង​ដល់ ១១៥% នៃ​ផសស សម្រាប់ បំពេញ​សេចក្តី​ត្រូវការ​ពង្រីក​អាជីវកម្ម​លើ​គ្រប់​វិស័យ។ តាមរយៈ​ឥណទាន​វិស័យ​ធនាគារ​,​ប្រជាជន​កម្ពុជា​មានឱកាស​ពង្រីក​អាជីវកម្ម​របស់​ខ្លួន​មាន​ជីវភាព​រស់នៅ​ល្អ​ប្រសើរ​ ឤច​ទិញ​លំនៅឋាន​បាន​សមរម្យ​ដែល​ជា​ការ​រួម​ចំណែក​យ៉ាងសំខាន់​ក្នុងការ​អភិវឌ្ឍ​សង្គម​-​សេដ្ឋកិច្ច​និង​ភាពសុខដុមរមនា របស់ សង្គមជាតិ​ទាំងមូល​។

សម្តេច​តេ​ជោ ហ៊ុន សែន ក្នុងនាម​រាជរដ្ឋាភិបាល​បាន​វាយតម្លៃ​ខ្ពស់​និង​អបអរសាទរ​ចំពោះ​វឌ្ឍនភាព​ជាពិសេស​សមិទ្ធ​ផល​សំខាន់ៗ​ដែល​សម្រេច បាន​នៅក្នុង​វិស័យ​ធនាគារ​និង​បាន​ថ្លែង​នូវ​ការកោតសរសើរ​ចំពោះ​ថ្នាក់ដឹកនាំ​និង​មន្ត្រី​ធនាគារជាតិ​នៃ​កម្ពុជា​គ្រប់​ជំនាន់​ជាពិសេស​លោក ចាន់ ភិន​, ចា រៀង​, លោក ថោ ប៉េង​លាត និង លោក ជា ចាន់តូ ទេសាភិបាល​ធនាគារជាតិ​នៃ​កម្ពុជា​ដែល​បានរួម​ចំណែក​ក្នុងការ​ស្តារ​កសាង​និង​អភិវឌ្ឍ​ប្រព័ន្ធ​ធនាគារ​កណ្តាល​ឲ្យ​មាន​ការ​រីកចម្រើន​ដូច​សព្វថ្ងៃ​៕
ណា​រី



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114