ព័ត៍មានទាន់​ហេតុការណ៏
Search

សម្តេច​តេ​ជោ ហ៊ុន សែន ណែនាំ​ឲ្យ​ប្រតិភូ​យុវជន​អាស៊ីអាគ្នេយ៍​កម្ពុជា​រៀបចំខ្លួន​ឲ្យ​ស័ក្ដិសម​ជា​កូន​ខ្មែរ​ពិត​ពិត

ភ្នំពេញ ៖ នៅ​រសៀល​ថ្ងៃ​ទី​១០ ខែ តុលា ឆ្នាំ​២០១៩​នេះ សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​បាន អនុញ្ញាត​ឲ្យ​ប្រតិភូ​យុវជន​កម្ពុជា​ចំនួន ២៩ នាក់​នៃ​កម្មវិធី​នាវា​យុវជន​អាស៊ីអាគ្នេយ៍​និង​ជប៉ុន​(SSEAYP)​លើក​ទី​៤៦ ឆ្នាំ​២០១៩ ចូលជួប​សម្តែង​ការ គួរ​សម​នៅ​ទីស្តីការ​នាយករដ្ឋមន្ត្រី វិមាន​សន្តិភាព​។

សម្ដេច​តេ​ជោ​នាយករដ្ឋមន្ត្រី​បាន​ជម្រាប​ជូន​ប្រតិភូ​ទាំងមូល​អំពី​ប្រវត្តិ​កម្ពុជា​យើង ​ដែល​ចាប់ផ្ដើម​ពី​ការ​កសាង​រាជធានី​ភ្នំពេញ​មក​រហូតមកដល់​ឆ្នាំ ១៩៩៨ ប្រទេស​កម្ពុជា​ទទួល​បាន​សុខ​សន្តិភាព​ពេញលេញ​ហើយ​នៅពេល​នោះ​ឯង ​ដែល​រាជរដ្ឋាភិបាល​បាន​ដាក់​ចុះ​នូវ​យុទ្ធសាស្ត្រ​ត្រីកោណ​ដោយ​មុំ​ទី​១ ធ្វើ​សន្តិ​ភាវូបនីយកម្ម មុំ​ទី​២ ធ្វើ​សមាហរណកម្ម​ចូលក្នុង​ឆាក​អន្តរជាតិ និង​មុំ​ទី​៣ ឈរ​លើ​កត្តា​អនុគ្រោះ ទាំង​ក្នុង​និង​ក្រៅប្រទេស​ជំរុញ អភិវឌ្ឍន៍​សេដ្ឋកិច្ច​សង្គម​។

សម្ដេច​តេ​ជោ ហ៊ុន សែន ក៏បាន​ជម្រាប​ជូន​ប្រតិភូ​ទាំងមូល​អំពី​មូល​ហេតុ​ដែល​កម្ពុជា យើង​ដាក់​អាទិភាព​ចូល​ជា​សមាជិក​អាស៊ាន នោះ​គឺ​ផ្អែកលើ​កត្តា ៤​កត្តា​ទី ១​គឺ​គោលការណ៍​មិន​ជ្រៀតជ្រែក​កិច្ចការ​ផ្ទៃក្នុង កត្តា​ទី ២.​គឺ​ស្មារតី​សហគមន៍ នោះ​គឺ​អ្វីៗ​សម្រេច​ដោយ​កុងសង់ស៊ីស មិនមែន​សម្រេច​ដោយ​ការបោះឆ្នោត ឬ​មិនមែន​សម្រេច​ដោយ​ការដាក់ទណ្ឌកម្ម នោះទេ ទី​៣.​ផលប្រយោជន៍​នៃ​ការអភិវឌ្ឍន៍​សេដ្ឋកិច្ចសង្គម។ ដូច្នេះ​នៅ​ពេល ដែល យើង​ចូល​សមាជិក​សមាគមន​អាស៊ាន​ហើយ អាស៊ាន​មាន​ដៃគូ​ជាច្រើន​ ពេល​ដែល​យើង​ចូល​ហើយ​ដៃគូ​អាស៊ាន​ក៏​ជា​ដៃគូ​របស់​យើង​ដែរ រីឯ​កត្តា​ទី​៤​គឺ ជា​ច្រកចេញ​ការទូត​របស់​កម្ពុជា​យើង​។

សម្ដេច​តេ​ជោ​នាយករដ្ឋមន្ត្រី ក៏បាន​ធ្វើការ​ណែនាំ​ដល់​ប្រតិភូ​ទាំងមូល​សូម​ឲ្យ ក្នុង​ការ​ធ្វើដំណើរ​នេះ​ប្រឹងប្រែង​ធ្វើយ៉ាង​ណា​រៀបចំខ្លួន ជា​កូន​ខ្មែរ​ពិត​ពិត ព្រោះ​ប្រតិភូ​ទាំងមូល​ជា​តំណាង​ឲ្យ​ប្រជាជន​ខ្មែរ​ប្រមាណ​១៦​លាន​នាក់​ដែល​នៅ​ពីក្រោយ​ ហើយ​ធ្វើ​យ៉ាងណា​កសាង​មិត្ត​ឲ្យ​បាន​ច្រើន ដើម្បី​ថ្ងៃ​អនាគត​ទៅ​អាច​ក្លាយទៅជា​ដៃគូ​សហប្រតិបត្តិការ​ផង​ដែរ​។ សម្ដេច​ក៏បាន​ជូនពរ​ដល់​ចៅៗ​ដែល​ជា​យុវជន​នឹង​រួម​ដំណើរ​ក្នុង​នាវា​យុវជន​អាស៊ីអាគ្នេយ៍​ជប៉ុន​នេះ ឲ្យ​បានទទួល​សុខ​សប្បាយ​និង​ជោគជ័យ​គ្រប់​ភារកិច្ច​។

កញ្ញា សុ​គុណ សុ​ភ័​គ្រ​រាសី ប្រធាន​ប្រតិភូ​នាវា​យុវជន​អាស៊ី​អាគ្នេយ៍​បាន​ឲ្យ​ដឹងថា ​ក្នុង​ឆ្នាំ​នេះ​ក៏ដូចជា​ឆ្នាំមុនៗ​ដែរ​ យុវជន​កម្ពុជា​ចំនួន​២៩​នាក់​ត្រូវ បាន​ប្រឡង​ជ្រើសរើស​ដោយ​ក្រសួង​អប់រំ យុវជន និង​កីឡា ឲ្យ​ធ្វើ​ជា​តំណាង​យុវជន​កម្ពុជា​ដើម្បី​ចូលរួម​ក្នុង​កម្មវិធី​នាវា​យុវជន​អាស៊ីអាគ្នេយ៍ និង ជប៉ុន លើក​ទី​៤៦ នៅតាម​បណ្តា​ប្រទេស​អាស៊ាន​និង ជប៉ុន។

​កម្មវិធី​នេះ​នឹង​ប្រព្រឹត្ត​ទៅក្នុង​រយៈពេល ៥២ ថ្ងៃ​ចាប់ពី​ថ្ងៃទី​២៣ ខែតុលា​រហូតដល់​ថ្ងៃទី ១៣ ធ្នូ ឆ្នាំ​២០១៩​។ កម្មវិធី​នាវា​យុវជន​អាស៊ីអាគ្នេយ៍ និង ជប៉ុន​ត្រូវបាន​បង្កើតឡើង​នៅក្នុង​ឆ្នាំ​១៩៧៤ តាម​សេចក្តីថ្លែងការណ៍​រួម​របស់​រដ្ឋាភិបាល​ជប៉ុន និង​សមាជិក​ស្ថាបនិក​ទាំង​៥​របស់​ក្នុងនោះ​រួម មាន​ឥណ្ឌូនេស៊ី ម៉ាឡេស៊ី សិង្ហបូរី ហ្វីលីពីន​និង​ថៃឡង់​ដ៍​។ ​សម្រាប់​កម្មវិធី​នាវា​យុវជន​អាស៊ីអាគ្នេយ៍​និង​ជប៉ុន​លើក​ទី​៤៦​ឆ្នាំ​២០១៩​នេះ​ប្រតិភូ​នាវ យុវជន​នៅ​បណ្ដា​ប្រទេស​ជា​សមាជិក​អាស៊ាន​នឹងធ្វើ​ដំណើរ​ទៅ​ជួបជុំគ្នា​នៅ​ប្រទេស​ជប៉ុន​ដើម្បី​ប្រារព្ធ​កម្មវិធី​បើក​ជា​ផ្លូវការ​នៅ​ថ្ងៃទី ២៤ ខែតុលា ឆ្នាំ២០១៩​។ បន្ទាប់មក​ប្រតិភូ​នាវា​យុវជន​ទាំងអស់​នឹងត្រូវ​បែងចែក​ជា​ក្រុម​ទៅធ្វើ​ទស្សនកិច្ច​សិក្សា​នៅ​តំបន់​មួយចំនួន​ក្នុងប្រទេស​ជប៉ុន​មុននឹង ប្រតិភូ​នាវា​យុវជន​ចុះ​នាវា​ដើម្បី​ធ្វើដំណើរ​តាមផ្លូវ​ទឹក​ពី​ប្រទេស​ជប៉ុន​ទៅកាន់​ប្រទេស​វៀតណាម សិង្ហបុរី មី​យ៉ាន់​ម៉ា​និង​ម៉ាឡេស៊ី​ ហើយ​ជា​ចុង​ក្រោយ​នាវា​នឹង​ត្រឡប់​ទៅ​ប្រទេស​ជប៉ុន​វិញ​ ដើម្បី​ប្រារព្ធ​កម្មវិធី​បិទ​។ ថ្ងៃ​ទី​១២​ធ្នូ​នឹង វិលត្រឡប់​ទៅ​ប្រទេស​រៀងៗ​ខ្លួន​វិញ​នៅ​ថ្ងៃ​ទី​១៣ ខែធ្នូ​ឆ្នាំ​២០១៩​។

គោលបំណង​នៃ​កម្មវិធី​នេះ​ គឺ​ដើម្បី​រឹតចំណង​មិត្តភាព​និង​ការ​យល់ដឹង​រវាង​យុវជន​ជប៉ុន​និង​យុវជន​អាស៊ាន​ទាំង​ដប់​ប្រទេស។ ពង្រីក​ចំណេះដឹង​និង ទស្សនវិស័យ​របស់​យុវជន​ស្ដីពី​ចំណេះដឹង​សកល។ បង្កើន​ស្មារតី​និង​ជំនាញ ច្បាស់លាស់​របស់​យុវជន​ក្នុង​កិច្ច​សហប្រតិបត្តិការ​អន្តរជាតិ​និង​បណ្តុះ ភាពជា​អ្នកដឹកនាំ​សម្រាប់​ប្រតិភូ​យុវជន​ក្នុង​វិស័យ​ផ្សេងៗ​របស់​ពួកគេ ដែល​ចូលរួម​លើ​ការអភិវឌ្ឍន៍​យុវជន និង​សង្គមជាតិ៕
ណា រី



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114