ព័ត៍មានទាន់​ហេតុការណ៏
Search

ក្នុង​ខួប​៤០​ឆ្នាំ ​នៃ​ការបង្កើត​ធនាគារជាតិ​នៃ​កម្ពុជា បង្ហាញ​ឲ្យ​ឃើញថា ទុនបំរុង​អន្តរជាតិ​កើនឡើង​ដល់​១៥​ប៊ី​លាន​ដុល្លារ

​ភ្នំពេញ ៖ លោក ជា ចាន់តូ ទេសាភិបាល​ធនាគារ​ជាតិ​នៃ​កម្ពុជា​បាន​ឲ្យ​ដឹង​ថា ​បច្ចុប្បន្ន​កំណើន​ទុនបម្រុង​អន្តរជាតិ​បាន​កើនឡើង​រហូតដល់​១៥​ប៊ីលាន​ដុល្លារ​អាមេរិក​(​ស្មើនឹង​ប្រមាណ​៥​ខែ​នៃ​ការ​នាំចូល​ទំនិញ​និង​សេវាកម្ម គ្រា​បន្ទាប់​គឺ​ខ្ពស់​ជាង​កម្រិត​៣​ខែ​ដែល​ប្រទេស​កំពុង​អភិវឌ្ឍន៍​គួរ​មាន​) ខណៈ ដែល​ដើមទុន​ដំបូង​របស់​ធនាគារជាតិ​នៃ​កម្ពុជា​ត្រូវ​បាន​បង្កើន​ពី​៥​ប៊ី​លាន​រៀល​នៅ​ឆ្នាំ​១៩៩២​ដល់ ១០០ ប៊ីលាន​រៀល​នៅ​ឆ្នាំ​២០០០​។

លោក ជា ចាន់តូ ទេសាភិបាល​ធនាគារជាតិ​នៃ​កម្ពុជា​បាន​ថ្លែង​ឲ្យ​ដឹង​បែបនេះ ​នៅ​ក្នុង​ឱកាស​ប្រារព្ធ​ខួប​អនុស្សាវរីយ៍​លើក​ទី ៤០ នៃ​ការ​បង្កើត​ធនាគារ ជាតិ​នៃ​កម្ពុជា​ឡើងវិញ ដែល​បាន​ប្រព្រឹត្តទៅ​ក្រោម​អធិប​តិ​ភាព​ដ៏​ខ្ពង់ខ្ពស់​របស់​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា​។

​ធនាគារ​ជាតិ​បាន​ចាប់ផ្តើម​ធ្វើកំណែទម្រង់​ធនាគារជាតិ​នៅ​ឆ្នាំ​២០០០​ សំដៅ​ពង្រឹង​ដើមទុន​និង​រចនាសម្ព័ន្ធ​គ្រប់គ្រង​ផ្ទៃក្នុង​របស់​គ្រឹះស្ថាន​ធនាគារ​និង​ហិរញ្ញវត្ថុ​។ ​ចាប់​ពី​ពេល​នោះ​​មក​វិស័យ​ធនាគារ​បាន​រីកចម្រើន​យ៉ាង​ឆាប់រហ័ស​ស្របតាម​គោលដៅ​នៃ​យុទ្ធសាស្ត្រ​អភិវឌ្ឍន៍​វិស័យ​ហិរញ្ញវត្ថុ​រយៈពេល​វែង​រប​ស់រាជ​រដ្ឋាភិបាល​ដែល​បាន​ដាក់​ឲ្យអនុវត្ត​ចាប់​តាំង ពី​ឆ្នាំ​២០០១​មក​និង​បានធ្វើ​បច្ចុប្បន្ន​កម្ម​រៀងរាល់​៥​ឆ្នាំ​ម្តង​។

លោក​ទេសាភិបាល​បាន​ឲ្យ​ដឹង​ថា បច្ចុប្បន្ន​ធនាគារជាតិ​នៃ​កម្ពុជា​បាន​ពង្រឹង​តួនាទី​របស់ខ្លួន​ជា​លំដាប់​ជាមួយនឹង​សាខា​ធនាគារជាតិ​នៃ​កម្ពុជា​នៅតាម រាជធានី​-​ខេត្ត​ចំនួន​១៩​នៅ​ទូទាំង​ប្រទេស​ដើម្ប៊ី​ធានា​ឲ្យ​បាន​នូវ​ប្រព័ន្ធ​រូបិយវត្ថុ​និង​ធនាគារ​ប្រកបដោយ​ប្រសិទ្ធភាព​និង​ទំនុក​ចិត្ត​។ ​ដើមទុន​ធនាគារ​ជាតិ នៃ​កម្ពុជា​ ត្រូវ​បាន​បង្កើន​ពី ៥​ប៊ីលាន​រៀល​នៅ​ឆ្នាំ​១៩៩២​ដល់​១០០ ប៊ី​លាន​រៀល​នៅ​ឆ្នាំ​២០០០ ហើយ​បច្ចុប្បន្ន​ត្រូវ​បាន​គរ​ពូន​ជា​លំដាប់​ទាំង​ក្នុង​ទម្រង់ ជា​មាស​និង​រូបិយប័ណ្ណ​អន្តរជាតិ​ចម្បង​ៗ​ដែល​ឆ្លុះបញ្ចាំង​តាមរយៈ​កំណើន​ទុន​បម្រុង​អន្តរជាតិ​ដែល​បាន​កើន​ឡើង​រហូតដល់ ១៥ ប៊ី​លាន​ដុល្លារ​អា​មេរិ​ក​(​ស្មើនឹង​ប្រមាណ​៥​ខែ​នៃ​ការ​នាំចូល​ទំនិញ​និង​សេវាកម្ម​គ្រា​បន្ទាប់​គឺ​ខ្ពស់​ជាង​កម្រិត ៣​ខែ ដែល​ប្រទេស​កំពុង​អភិវឌ្ឍន៍​គួរ​មាន​)​។

ការគ្រប់គ្រង​ទុន បម្រុង​អន្តរជាតិ​ទាំងនេះ​បាន​អនុញ្ញាត​ឲ្យ​ធនាគារ​ជាតិ ​នៃ​កម្ពុជា​យក​ទៅ​វិនិយោគ​នៅ​បរទេស​និង​ទទួល​បាន​ប្រាក់ចំណេញ​និង​ផ្ទេរ​ចូល​ថវិកា​រដ្ឋ​ទៀត​ផង។ កម្រិត​ខ្ពស់​នៃ​ទុន​បម្រុង​អន្តរជាតិ​ក៏បាន​ពង្រឹង​ប្រសិទ្ធភាព​នៃ​ការអនុវត្ត​គោលនយោបាយ​រក្សា​ស្ថិរភាព​អត្រា​ប្តូរ​ប្រាក់​ផង​ដែរ ដោយ​ក្នុង​រយៈពេល ២០​ឆ្នាំ​ចុង​ក្រោយនេះ​អត្រា​ប្តូរ​ប្រាក់រៀល​ធៀប​នឹង​ដុល្លារ​អាមេរិក​ ត្រូវ​បាន​រក្សា​ឲ្យ​មាន​ស្ថិរភាព​ល្អ​ប្រសើរ​ដោយ​ប្រែប្រួល​ទាប​ជាង​២%​ប៉ុណ្ណោះ​ជា​មធ្យម​ក្នុង​មួយឆ្នាំៗ​។

ស្ថិរភាព​នេះ​បាន​រួម​ចំណែក​យ៉ាងសំខាន់​ក្នុង​ការ​ពង្រឹង​ជំនឿ​ទុន​ចិត្ត​សាធារណជន​ មក​លើ​រូបិយវត្ថុ​ជាតិ ដែល​ត្រូវ​បាន​បាត់បង់​ដោយ​សង្គ្រាមស៊ីវិល​ជិត ៣​ទសវត្សរ៍ ហើយ​បានរួម​ចំណែក​រក្សា​ស្ថិរភាព​ថ្លៃ និង​ស្ថិរភាព​ម៉ាក្រូសេដ្ឋកិច្ច​។

លោក ជា ចាន់តូ បាន​បន្តថា ការរីកចម្រើន​នៃ​វិស័យ​ធនាគារ​បានរួម​ចំណែក​យ៉ាងសកម្ម​ដល់​ការអភិវឌ្ឍ​សេដ្ឋកិច្ច​និង​កាត់បន្ថយ​ភាពក្រីក្រ​ស្របតាម គោលនយោបាយ​របស់​រា​ជ​រដ្ឋាភិបាល។ ក្នុង​រយៈពេល​ពីរ​ទស​វត្សរ៍​ចុងក្រោយ​នេះ​ទ្រព្យសកម្ម​វិស័យ​ធនាគារ​បាន​កើន​ឡើង​គួរ​ឲ្យ​កត់សម្គាល់​ពី​ប្រមាណ​ត្រឹមតែ​១,៧ ទ្រី​លាន​រៀល​(​ស្មើនឹង​ប្រមាណ ០,៥ ប៊ី​លាន​ដុល្លារ​អាមេរិក​)​ដល់​១៨៩​ទ្រី​លាន​រៀល (​ប្រមាណ ៤៧ ប៊ី​លាន​ដុល្លារ​អាមេរិក​)​គឺ​កើន ឡើង​១០៩​ដង​។ ឥណទាន​វិស័យ​ធនាគារ​ត្រូវ​បាន​បែងចែក​ទៅកាន់​គ្រប់​វិស័យ​ទាំងអស់​នៃ​សេដ្ឋកិច្ច​ដែល​បាន​កើន​ឡើង​១៧៨ ដង​គឺ​ពី​ប្រមាណ ០,៧ ទ្រី​លាន​រៀល​(​ស្មើ​ប្រមាណ​០,២​ប៊ី​លាន​ដុល្លារ​អាមេរិក​)​ដល់​១១៨​ទ្រី​លាន​រៀល​(​ប្រមាណ​២៩​ប៊ី​លាន​ដុល្លារ​អាមេរិក​)​។​ប្រភព​ហិរញ្ញប្បទាន​ទាំងនេះ ភាគច្រើន​ប្រមូលបាន​ពី​ប្រាក់​សន្សំ​ក្នុងស្រុក​ដែល​កើន​ពី ០,៧ ទ្រី​លាន​រៀល (​ប្រមាណ​០,២​ប៊ី​លាន​ដុល្លារ​អាមេរិក​) ដល់​១០០​ទ្រី​លាន​រៀល​(​ស្មើនឹង ប្រមាណ ២៥ លាន​ដុល្លារ​អាមេរិក​)​គឺ​កើន​ឡើង ១៤១​ដង​។ ចំនួន​គណនី​ឥណទាន​និង​ប្រាក់​បញ្ញើ​បាន​កើន​ឡើងដល់​៣​លាន​និង ៦,៨​លាន​គណនី រៀង​គ្នា​។​កំណើន​ទាំងនេះ​បង្ហាញ​ពី​ជំនឿ​ទុកចិត្ត​របស់​វិនិយោគិន​និង​ប្រជាពលរដ្ឋ​មកលើ​ប្រព័ន្ធ​ធនាគារ​នៅ​កម្ពុជា​។

​លោក​ទេសាភិបាល​បាន​ឲ្យ​ដឹង​ទៀត​ថា ធនាគារ​ជាតិ​នៃ​កម្ពុជា​ក៏បាន​យកចិត្តទុកដាក់​ជាប្រចាំ​ក្នុង​ការ​ធ្វើ​ទំនើបកម្ម​ហេដ្ឋារចនាសម្ព័ន្ធ​ហិរញ្ញវត្ថុ​ជា​ពិសេស​ប្រព័ន្ធ​ទូទាត់​សង​ប្រាក់​ ដើម្ប៊ី​កាត់បន្ថយ​ចំណាយ​ប្រតិបត្តិ​ការ​ពង្រឹង​ប្រសិទ្ធភាព​និង​សុវត្ថិភាព​នៃ​ការទូទាត់​។​ បច្ចុប្បន្ន​ប្រជាជន​ប្រមាណ​៤ លាន​នាក់ កំពុងតែ​ប្រើប្រាស់​សេវា​ទូទាត់​ដែល​អាច​ទូទាត់​បាន​ទាំង​ក្នុងស្រុក​និង​អន្តរជាតិ​ស្របតាម​ការរីកចម្រើន​នៃ​សេដ្ឋកិច្ច​និង​ការវិវត្ត​នៃ​បច្ចេកវិទ្យា​ដែល​បាន​ជួយ​គាំទ្រ​បរិ​យា​ប័ន្ន​ហិរញ្ញវត្ថុ​មួយកម្រិត​បន្ថែមទៀត​។ កត្តា​អំណោយផល​ទាំងនេះ​បាន​ធ្វើ​ឲ្យ​មាន​ភាព​ងាយ​ស្រួល​ដល់​ប្រជាពលរដ្ឋ​ក្នុង​ការ​ទទួល​បាន សេវា​ហិរញ្ញវត្ថុ​ក្នុង​តម្លៃ​សមរម្យ​នៅ​កម្ពុជា​ហើយ​តាមរយៈ​អង្កេត​របស់​ធនាគារ​ពិភពលោក​បាន​បង្ហាញថា​ប្រជាជន​ពេញវ័យ​ប្រមាណ ៧១% កំពុង​ប្រើ ប្រាស់​សេវា​ហិរញ្ញវត្ថុ​ដែល​ផ្តល់​ដោយ​គ្រឹះស្ថាន​ធនាគារ​និង​ហិរញ្ញវត្ថុ​។

សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​កម្ពុជា​បាន​មានប្រសាសន៍ថា ការ​បង្កើត​ធនាគារ​កណ្តាល​ឡើងវិញ​នៅ​កម្ពុជា​ក្រោយ​ថ្ងៃ​រំដោះ​៧​មករា​១៩៧៩ គឺ​ផ្តើមចេញពី​បាតដៃ​ទទេ​,​រចនាសម្ព័ន្ធ​ធនាគារជាតិ​ត្រូវ​បាន​បំផ្លាញ​ទាំងស្រុង​,​ធនធានមនុស្ស​ត្រូវ​បាន​កាប់សម្លាប់​, គ្មាន​រូបិយវត្ថុ​, គ្មាន​ចរាចរ​ទំនិញ​, គ្មាន​ទីផ្សារ​ជា​មួយ​នឹង​ការ​ហ៊ុមព័ទ្ធ​ខាង​ផ្នែក​សេដ្ឋកិច្ច​និង​ការ​ផាត់​ចេញពី​ឆាក​អន្តរជាតិ​ទៀតផង។ តាមរយៈ​នេះ​កម្ពុជា​បាន​ប្រកាន់យក​គោលការណ៍ អ្នកចេះ​ច្រើន​បង្រៀន​អ្នកចេះ​តិច​និង​អ្នកចេះ​តិច​បង្រៀន​អ្នក​មិនចេះ​សោះ​ជា​មួយនឹង​ជំនួយ បច្ចេកទេស​របស់​ប្រទេស​ជា​មិត្ត​គឺ​វៀតណាម និង សហ ភាព​សូ​វៀត​ដែល​កត្តា​នេះ​មាន​ស្ថានភាព​ខុសគ្នា​ពី​ប្រទេស​មួយ​ចំនួន​ដូចជា​បណ្តា​ប្រទេស​នៅ​តំបន់​អឺរ៉ុប​ខាងកើត​ជាដើម​ក្រោយ​សង្គ្រាមត្រជាក់​,​ប្រទេស​ទាំង​នោះ​បាន​បង្កើត​ធនាគារ​កណ្តាល​របស់​ខ្លួន​ដោយមាន​ទាំង​ធនធានមនុស្ស​និង​ហិរញ្ញវត្ថុ​ព្រមទាំង​មានការ​គាំទ្រ​ពី​អន្តរជាតិ​ពិសេស​ពី​បណ្តា​ប្រ​ទេស​អភិវឌ្ឍ​។ រូបិយវត្ថុ​ជាតិ​ប្រាក់​រៀល​ត្រូវ​បាន​ដាក់​ឲ្យ​ចរាចរ​ឡើងវិញ​នៅ​ថ្ងៃ​ទី២០ ខែ មីនា​ឆ្នាំ​១៩៨០ ​ជាមួយនឹង​ការអបអរសាទរ​និង​ការ​គាំទ្រ​យ៉ាង ខ្លាំង​ពី​ប្រជាជន​កម្ពុជា​,​នេះ​គឺជា​ព្រឹត្តិការណ៍​ប្រវត្តិសាស្ត្រ​ដំបូងបង្អស់​ក្រោយ​ថ្ងៃជ័យ​ជំនះ ៧ មករា ១៩៧៩ ហើយក៏​ជា​ជោគជ័យ​របស់​រដ្ឋាភិបាល​ក្នុង ការអនុវត្ត​គោលនយោបាយ​សេដ្ឋកិច្ចជាតិ​។

សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី​បាន​បន្តថា ក្នុងស្ថានភាព​សេដ្ឋកិច្ច​ដ៏​លំបាក​នា​ពេល​នោះ​សម្តេច​បាន​ដឹកនាំ​ធ្វើការ​កែ​ទម្រង់​សេដ្ឋកិច្ច​ជា​បន្តបន្ទាប់​ដើម្ប៊ី​ឲ្យ សកម្មភាព​សេដ្ឋកិច្ច​ឤ​ច​ដំណើរការ​ទៅមុខ​បាន​ដោយ​ផ្អែកលើ​គោលការណ៍​ទីផ្សារ​និង​ការ​បើកចំហ​ឲ្យ​មាន​ការចូលរួម​ពី​គ្រប់​មជ្ឈដ្ឋាន​និង​វិស័យ​ឯក ជន​។ ពេលនោះ​សម្តេច​បាន​ធ្វើ​ការកែទម្រង់​រចនាសម្ព័ន្ធ​សេដ្ឋកិច្ច​តាមរយៈ​ការបើក​លទ្ធភាព​ឲ្យ​កម្ពុជា​ឈាន​ទៅ​អនុវត្ត​សេដ្ឋកិច្ច​ទីផ្សារ​បាន​ដោយ រលូន ស្របតាម​រដ្ឋធម្មនុញ្ញ​ថ្មី​នៅ​ឆ្នាំ​១៩៩៣។

សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី​បាន​បន្ត​ថា ក្នុង​រយៈពេល​៤០​ឆ្នាំ​ចុង​ក្រោយនេះ​,​វិស័យ​ធនាគារ​កម្ពុជា​មានការ​រីកចម្រើន​គួរ​ជាទី​មោទនៈ​។ កម្ពុ​ជា​មាន ប្រព័ន្ធ​ធនាគារ​ប្រកបដោយ​ប្រសិទ្ធភាព​,​បរិ​យា​ប័ន្ន និង​សមាហរណកម្ម​ខ្ពស់​ទៅក្នុង​តំបន់ និង អន្តរជាតិ​ព្រមទាំង​បំពេញបាន​នូវ​សេចក្តីត្រូវការ​ផ្នែក សេវា​ហិរញ្ញវត្ថុ​កាន់តែ​ទូលំទូលាយ​នៅ​ទូទាំង​ប្រទេស​។ វិស័យ​ធនាគារ​បាន​ក្លាយ​ជា​សស​រ​ស្តម្ភ​មួយ ក្នុងការ​គាំទ្រ​កំណើន​សេដ្ឋកិច្ចជាតិ ។ ជាមួយគ្នា នេះ​មជ្ឈដ្ឋាន​ជាតិ និង អន្តរជាតិ​បានទទួល​ស្គាល់​តួនាទី​ស្នូល​របស់​វិស័យ​ធនាគារ​ក្នុងការ​រួមចំណែក​រក្សា​ស្ថិរភាព​ម៉ាក្រូសេដ្ឋកិច្ច​, ស្ថិរភាព​ហិរញ្ញវត្ថុ​, ការ​លើក​ស្ទួយ​ជីវភាព​រស់នៅ​និង ការកាត់បន្ថយ​ភាពក្រីក្រ​របស់​ប្រជាជន ជាពិសេស​តាមរយៈ​វិស័យ​មីក្រូហិរញ្ញវត្ថុ​។

ធនាគារ​ជាតិ​នៃ​កម្ពុជា​ ត្រូវ​បាន​បង្កើត​ឡើងជា​លើកដំបូង​នៅ​ថ្ងៃទី​២៣ ខែធ្នូ ឆ្នាំ​១៩៥៤ បន្ទាប់ពី​កម្ពុជា​ទទួលបាន​ឯករាជ្យ​ពី​បារាំង​។ ប៉ុន្តែ​របប​ប្រល័យ ពូជសាសន៍ ប៉ុល ពត ​បាន​ប្រែ​ក្លាយ​ប្រទេស​កម្ពុជា​ទៅជា​សង្គម​ទាសភាព​បុព្វកាល​និង​បាន​បំផ្លាញ​ចោល​ទាំងស្រុង​នូវ​រាល់​ខឿនសេដ្ឋកិច្ច​និង​សង្គម និង​រាល់​អ្វីៗ​ទាំងអស់​គ្រប់​បែប​យ៉ាង ​ដែល​ក្នុង​នោះ​អគារ​ធនាគារជាតិ​នៃ​កម្ពុជា ​ក៏​ត្រូវ​បាន​បំផ្ទុះ​កម្ទេច​ផងដែរ​។

ក្រោយ​ថ្ងៃ​មហា​ជ័យជម្នះ​៧​មករា​១៩៧៩ ក្រុមប្រឹក្សា​ប្រជាជន​បដិវត្តន៍​កម្ពុជា​បានសម្រេច​បង្កើត​ធនាគារកណ្តាល​និង​បោះពុម្ព​ប្រាក់​រៀល​ឡើងវិញ ​ដើម្ប៊ី​ពង្រឹង​អធិបតេយ្យ​ជាតិ​និង​រួមចំណែក​ស្តារ​និង​អភិវឌ្ឍ​សកម្មភាព​សេដ្ឋកិច្ចជាតិ​។

ប្រព័ន្ធ​ធនាគារ​ជាតិ​ ត្រូវ​បាន​ស្ដារ​ចេញពី​ចំណុចសូន្យ​និង​បាន​ឆ្លងកាត់​នូវ​ដំណាក់កាល​អភិវឌ្ឍន៍​ជា​បន្តបន្ទាប់​មុននឹង​បាន​រីកចម្រើន​ដូច​សព្វថ្ងៃ។ ក្នុង រយៈពេល​១០​ឆ្នាំ​ដំបូង​នៃ​ប្រតិបត្តិការ​របស់​ខ្លួន​ធនាគារ​ជាតិ​នៃ​កម្ពុជា​ដែល​មាន​ដើមទុន​ដំបូង​ប្រមាណ​៨០០​លាន​រៀល ​បាន​ដើរ​តួនាទី​ចម្បង​៣​រួមមាន ជា​អាជ្ញាធរ​រូបិយវត្ថុ ,​ជា​រតនាគារជាតិ និង ជា​អ្នក​ផ្តល់​ឥណទាន​ដល់​ក្រុមសាមគ្គី​បង្កបង្កើនផល​និង​សហគ្រាស រដ្ឋ​ក្រោម​ប្រព័ន្ធ​ធនាគារ​មួយ​ថ្នាក់​។

តាមរយៈ​ការកែទម្រង់​សេដ្ឋកិច្ច​ប​ណ្តើ​រៗ​ពី​សេដ្ឋកិច្ច​ផែនការ​ប្រមូល​ផ្តុំ​ទៅ​ផែនការ​គួបផ្សំ​ទីផ្សារ​បន្ទាប់មក​ឈាន​ទៅ​សេដ្ឋកិច្ច​ទីផ្សារ​សេរី​តួនាទី​ជា​រតនាគារជាតិ​ ត្រូវ​បាន​បំបែក​ពី​ធនាគារ​ជាតិ​នៃ​កម្ពុជា​នៅ​ឆ្នាំ​១៩៨៩ ដែល​អនុញ្ញាត​ឲ្យ​ធនាគារ​ជាតិ​នៃ​កម្ពុជា​ផ្តោត​ចម្បង​លើ​តួនាទី​ជា​អាជ្ញាធរ​រូបិយវត្ថុ​ជាតិ។ ម្យ៉ាងទៀត​ច្បាប់​ស្តី​ពី​ការ​វិនិយោគ​បរទេស​ដែល​ត្រូវបាន​អនុម័ត​ជា​មួយនឹង​ការកាត់បន្ថយ​តួនាទី​របស់​រដ្ឋ​ក្នុង​វិស័យ​ឯកជន​បានផ្តល់​សិទ្ធិ​កាន់​តែ​ច្រើន ដល់​វិស័យ​ឯកជន​ក្នុង​ការប្រកប​អាជីវកម្ម​ហើយ​នៅ​ឆ្នាំ ១៩៩១ គ្រឹះស្ថាន​ធនាគារ​ឯកជន​បានចាប់ផ្តើម​បើក​នៅ​កម្ពុជា​ដែល​ដំបូង​ឡើយ​សម្រាប់​ស​ម្រួល​ដល់​ការផ្ទេរ​នឹង​បើកប្រាក់​របស់​អាជ្ញាធរ​បណ្តោះអាសន្ន​របស់​អង្គការសហប្រជាជាតិ​នៅ​កម្ពុជា (UNTAC)​។

នៅ​ឆ្នាំ​១៩៩២ ដែល​ប្តូរ​ឈ្មោះ​ធនាគារជាតិ​នៃ​ប្រជាជន​កម្ពុជា​ទៅជា “​ធនាគារជាតិ​នៃ​កម្ពុជា​” និង​ផ្តល់​សិទ្ធិ​ឲ្យ​គ្រប់គ្រង​ស្ថាប័ន​រូបិយវត្ថុ​(​ដែល​កាល នោះ​សំដៅលើ​គ្រឹះស្ថាន​ធនាគារ​និង​ហិរញ្ញវត្ថុ​) និង បានផ្ដល់​បុគ្គលិកលក្ខណៈ​ជា​នីតិបុគ្គល និង​ស្វ័យភាព​ខាង​ហិរញ្ញវត្ថុ​ដល់​ធនាគារជាតិ​នៃ​កម្ពុជា ចាប់តាំងពី​ឆ្នាំ​១៩៩២​មក​។

ក្រោយ​ការបោះឆ្នោត​ថ្នាក់ជាតិ​ឆ្នាំ ១៩៩៣ ប្រទេស​កម្ពុជា​បាន​បើក​ចំហ​ទូលំទូលាយ​ទៅកាន់​ពិភពលោក​និង​ទទួល​បាន​ការ​គាំទ្រ​ពី​សហគមន៍​អន្តរ ជាតិ​ដែល​ធ្វើ​ឲ្យ​សេដ្ឋកិច្ច​ជាតិ​មានការ​អភិវឌ្ឍ​លឿន​ទៅមុខ​ហើយ​វិស័យ​ធនាគារ​ចាប់​ផ្តើម​មាន​គ្រឹះស្ថាន​ធនាគារ​ឯកជន​ចូល​មក​វិនិយោគ​ជា​បន្តបន្ទាប់។ ​ដើម្ប៊ី​ជា​មូលដ្ឋាន​អភិវឌ្ឍន៍​វិស័យ​ធនាគារ​ច្បាប់​ស្តីពី​ការរៀបចំ​និង​ការ​ប្រព្រឹត្តទៅ​របស់​ធនា​គារ​ជាតិ​នៃ​កម្ពុជា​ត្រូវ​បាន​អនុម័ត​នៅ​ឆ្នាំ​១៩៩៦​ដែល​បាន កំណត់​មុខងារ​ភារកិច្ច​ច្បាស់លាស់​របស់​ធនាគារ​ជាតិ​នៃ​កម្ពុជា​គឺជា​ធនាគារ​កណ្តាល​នៃ​ប្រទេស​ដែល​មាន​លក្ខណៈ​ជា​ពាណិជ្ជកម្ម​និង​ឧស្សាហកម្ម និង​ជា​អាជ្ញាធរ​លើ​ប្រព័ន្ធ​ធនាគារ​ទាំងមូល​ដែល​ធ្វើ​ឲ្យ​ប្រព័ន្ធ​ធនាគារ​កម្ពុជា​ក្លាយទៅជា​ប្រព័ន្ធ​ពីរ​ថ្នាក់​ច្បាស់លាស់​។ បេសកកម្ម​ចម្បង​គឺ​កំណត់​និង​ដឹក នាំ​គោលនយោបាយ​រូបិយវត្ថុ ក្នុង​គោលបំណង​រក្សា​ស្ថិរភាព​ថ្លៃ​សំដៅ​បង្ក​លក្ខណៈ​ងាយស្រួល​ដើម្ប៊ី​ធ្វើឱ្យ​សេដ្ឋកិច្ច​រីកចម្រើន​៕
​ណា​រី



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114