ព័ត៍មានទាន់​ហេតុការណ៏
Search

វត្ត​ចំនួន​២៤​ក្នុង​មូលដ្ឋាន​ខណ្ឌ​ច្បារអំពៅ​ ផ្តល់​ទេយ្យទាន​ដល់​អនុសាខា​កាកបាទ​ក្រហមកម្ពុជា​ ខ​ណ្ឌ​ច្បារអំពៅ

ភ្នំពេញ​ ៖​ កាលពី​រសៀល​ថ្ងៃ​ទី​១០ ខែតុលា ឆ្នាំ២០១៩​នេះ ក្រុមការងារ​អនុសាខា​កាកបាទ​ក្រហមកម្ពុជា ខណ្ឌ​ច្បារអំពៅ ដឹកនាំ​ដោយ លោក ចេង មុនី​រ៉ា ប្រធាន​កិត្តិយស​អនុសាខា​កាកបាទក្រហមកម្ពុជា​ ខ​ណ្ឌ​ច្បារអំពៅ និង​ជា​អភិបាលខណ្ឌ​ច្បារអំពៅ បាន​អញ្ជើញ​ទៅ​ទទួល​ទេយ្យទាន​សប្បុរសធម៌​ពី​វត្ត​ចំនួន​២៤ ក្នុង​មូលដ្ឋាន​ខណ្ឌ​ច្បារអំពៅ ដែល​ពិធី​នេះ​បាន​ប្រារព្ធ​ធ្វើ​ឡើង​នៅ​ក្នុង​វត្ត​កំសាន្ត​ស្ថិតនៅ​សង្កាត់​ព្រែកប្រា។

នា​ឱកាស​នោះ ព្រះ​ញាណវង្ស បណ្ឌិត​ទស្សនវិជ្ជា សៅរ៍ មុនី ព្រះ​រាជាគណៈ​ថ្នាក់​ត្រី​សមាជិក​លេខាធិការដ្ឋាន​គណៈ​សង្ឃ​នាយក​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ជា​ព្រះគ្រូ​ករុណា​វិ​សុ​ទ្ឋិ​អនុគុណ​ខណ្ឌ​ច្បារអំពៅ និង​ជា​ព្រះចៅអធិការ​វត្ត​កម្សាន្ត តំណាង​ឲ្យ​វត្ត​ទាំងអស់​២៤ វត្ត​ក្នុង​ខណ្ឌ​ច្បារអំពៅ​បាន​មាន​ព្រះ​ថេរ​ដីកា​ថ្លែង​កោតសរសើរ គាំទ្រ និង​មានទឹក​ព្រះទ័យ​សោមនស្ស​រីករាយ ក្នុងការ​ចូល​រួម​ចំណែក​លើកកម្ពស់​កម្លាំង​មនុស្សធម៌​របស់​កាកបាទ​ក្រហម​កម្ពុជា។

ជាការ​ឆ្លើយតប លោក​ប្រធាន​កិត្តិយស​អនុសាខា កាកបាទក្រហម​កម្ពុជា​ខណ្ឌ​ច្បារអំពៅ​ចេង មុនី​រ៉ា​បាន​មានប្រសាសន៍​ពាំ​នាំនូវ​សេចក្តី​ផ្តាំ​ផ្ញើ​សាកសួរ​សុខទុក្ខ​ពី​សំណាក់​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធាន​កាកបាទ​ក្រហមកម្ពុជា ព្រមទាំង​សូម​ថ្លែង​អំណរ​ព្រះ​គុណ អំណរគុណ​ចំពោះ​ព្រះចៅអធិការ ព្រះសង្ឃ គណៈកម្មការ អាចារ្យ វត្ត​ទាំងអស់ ដែល​បាន​បរិច្ចាគ​ទេយ្យទាន​ជូន​ដល់​អនុសាខា​នាពេលនេះ លោក​ប្រធានកិត្តិយស​អនុសាខា​ក៏បាន​សន្យា​នឹង​ចាត់ចែង​ប្រើប្រាស់​នូវ​ទេយ្យទាន​ទាំងអស់​ជួយ​ឲ្យ​ចំ​គោលដៅ​ដល់ដៃ​ជនរងគ្រោះ​គ្រប់​ប្រភេទ ឲ្យ​ស្របតាម​គោលការណ៍​គ្រឹះ​ទាំង​៧​ប្រការ​របស់​ចលនា​កាកបាទក្រហម។

ទេយ្យទាន​ដែល​អនុសាខា​ទទួលបាន​រួមមាន​៖ អង្ករ​២៩​បាវ ទឹកដោះគោ​៥៦៥​កំប៉ុង ទឹក​សុ​ទ្ធ​៦៥​កេះ អំបិល​១២​គីឡូក្រាម ស្ករស​៣១៥​គីឡូក្រាម តែ​៥២០​កញ្ចប់ មី​៩៨​កេស​តូច ទឹកក្រូច​៥៦​កេស ទឹកត្រី​៥០​យួរ ​ទឹក​ស៊ី​អ៊ី​វ​៧០​យួរ ត្រីខ​៦២​យួរ សម្ភារៈ​ប្រើប្រាស់​៨​សម្រាប់ និង​ថវិកា​ចំនួន​៧.០០០.០០០​រៀល​។

គួរ​បញ្ជាក់​ថា​ អនុ​សាខា​កាកបាទក្រហមកម្ពុជា​ខ​ណ្ឌ​ច្បារអំពៅ ​តែង​ទទួលបាន​ជំនួយ​ពី​ព្រះសង្ឃ​និង​សប្បុរសជន​យកទៅ​ផ្តល់​ដល់​ប្រជាពលរដ្ឋ​ដែល​កំពុង​ជួប​ការលំបាក​ក្នុង​ជីវភាព​មិនដែល​ខកខាន​ឡើយ​៕
ន​រា



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114