ព័ត៍មានទាន់​ហេតុការណ៏
Search

អតីត​ចៅសង្កាត់​ផ្សារ​ដេប៉ូ​ទី​២ ចូលខ្លួន​សារភាព​កំហុស​ក្នុង​សំណុំរឿង “​រួមគំនិត​ក្បត់​” ក្រោយ​តុលាការ​ចេញ​ដីកា​តាម​ចាប់ខ្លួន

ភ្នំពេញ​ ៖ លោកស្រី សេង សុខន មាន​ទីលំនៅ​ផ្ទះ​លេខ ២៤ សេ ភូមិ​ទ្រុង សង្កាត់ អូរ​បែកក្អម ខណ្ឌសែន​សុខ ដែលជា​អតីត​ចៅសង្កាត់​ផ្សារ​ដេប៉ូ​ទី​២ ខណ្ឌទួលគោក (​ជា​ជនសង្ស័យ​ម្នាក់ ក្នុងចំណោម​៥​នាក់ ដែល​ត្រូវ​តុលាការ​បាន​ចេញ​ដីកា​បង្គាប់​ឲ្យ​នាំ​ខ្លួន​ពីបទ​រួមគំនិត​ក្បត់​) បាន​ចូលមក​សារ ភាព​កំហុស របស់​ខ្លួន​ចំពោះមុខ​សមត្ថកិច្ច នៅ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ​។
ក្រោយ​ចូល​សារភាព អ្នកស្រី សេង សុខន បាន​ថ្លែងប្រាប់​សមត្ថកិច្ច​ថា ក្រោយពី​អតីត​គណបក្ស​សង្គ្រោះ​ជាតិ ត្រូវ​បាន​រំលាយ លោកស្រី​បានទទួល​បញ្ជា​ពី​ថ្នាក់ដឹកនាំ​នៃ​អតីត​គណបក្ស​សង្គ្រោះ​ជាតិ ឲ្យ​ធ្វើការ​ជួបជុំគ្នា ឲ្យ​បាន​ញឹកញាប់ ដូចជា​នៅតាម​កម្មវិធី​បុណ្យ កម្មវិធី​ហូប​នំ​បញ្ចុក និង​កម្មវិធី​ផ្សេងទៀត ដែល​អាច​ជួបជុំគ្នា​បាន​។

លោកស្រី​បន្ត​ថា ក្រោយពី​លោក សម រង្ស៊ី ទៅ​ប្រជុំ​នៅ​ប្រទេស​ម៉ាឡេស៊ី លោកស្រី​បាន​ទទួល​ផែនការ​ឲ្យ​លោកស្រី​ជួយ​បំផុស​បំផុល​ប្រជាពលរដ្ឋ ដើម្បី​ទៅ​ទទួល​លោក សម រង្ស៊ី ដែល​នឹង​ត្រឡប់មក​ប្រទេស​កម្ពុជា​វិញ នៅ​ថ្ងៃទី ០៩ ខែវិច្ឆិកា ខាងមុខ ហើយ​ក្រោយមក​លោកស្រី​យល់ឃើញថា ការដែល​អតីត​ថ្នាក់ដឹកនាំ​គណបក្ស​សង្គ្រោះ​ជាតិ បំផុស​ប្រជាពលរដ្ឋ​ឲ្យ​ក្រោកឈរ និង​អំពាវនាវ​ឲ្យ​កងទ័ព​បែរ​កាណុង​ប្រឈម​ជាមួយ​រាជរដ្ឋាភិបាល និង​ការប្រមាថ​ព្រះមហាក្សត្រ​ជាដើម ទង្វើ​ទាំងអស់នេះ គឺជា​ទង្វើ​ក្បត់ជាតិ ដូច្នេះ​លោកស្រី​មើល​ឃើញ​ថា អ្វីដែល​លោកស្រី​បាន​ដើរ​តាម​អតីត​គណបក្ស​នេះ​កន្លងមក គឺជា​ទង្វើ​ខុស ដូច្នេះ​ទើប​លោកស្រី​សម្រេចចិត្ត​ចូល​មក​សារភាព​នៅ​ចំពោះមុខ​អាជ្ញាធរ​។

ជាមួយគ្នា​នោះ​លោកស្រី សេង សុខន ក៏បាន​ធ្វើការ​ថ្កោលទោស​ចំពោះ​ទង្វើ​ទាំងអស់​ដែល​ទណ្ឌិត សម រង្ស៊ី បានធ្វើ ដូចជា​ការ​យក​ប្រជាពលរដ្ឋ យក​ទាហាន​ឲ្យ​បែរ​កាណុង​ដាក់​រាជរដ្ឋាភិបាល និង​អំពាវនាវ​ឲ្យ​ប្រជាពលរដ្ឋ​ក្រោកឈរ ប្រឆាំង​ជាមួយ​រាជរដ្ឋាភិបាល និង​ការប្រមាថ​ចំពោះ​ព្រះមហាក្សត្រ​ជាដើម ជា​ទង្វើ​ក្បត់ជាតិ លោកស្រី​មិន​គាំទ្រ​ជាដាច់ខាត និង​បាន​អំពាវនាវ​ដល់​ប្រជាពលរដ្ឋ និង​សកម្មជន​អតីត​គណបក្ស​សង្គ្រោះ​ជាតិ​ទាំងអស់ ដែល​បាន​ជ្រុលខ្លួន​ដើរ​ផ្លូវខុស បែរ​មករក​រាជរដ្ឋាភិបាល ហើយ​ជួយ​ស្ដារ និង​អភិវឌ្ឍ​ប្រទេស ជួយ​ក៏​សាង ជួយ​ការពារ​សន្តិភាព​នៅ​ក្នុង​ប្រទេស​កម្ពុជា​តទៅ​មុខ​ទៀត​។

លោកស្រី សេង សុខន គឺជា​មនុស្ស​ម្នាក់​ក្នុងចំណោម​មនុស្ស​៥​រូប និង​គូកន​ផ្សេងទៀត ដែល​ត្រូវបាន​លោក សេង ហៀ​ង សម្រេច​ចោទប្រកាន់​ពី​បទ “​រួមគំនិត​ក្បត់​” តាម​ផែនការ​រដ្ឋប្រហារ​ផ្ដួលរំលំ​រាជរដ្ឋាភិបាល ស្របច្បាប់​របស់​ទណ្ឌិត សម រ​ង្ស៉ី​។

សូម​បញ្ជាក់​ថា កាលពី​ថ្ងៃទី​០៧ ខែតុលា ឆ្នាំ​២០១៩ អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ បានសម្រេច​ធ្វើការ​ចោទប្រកាន់​មនុស្ស​ចំនួន​៥​នាក់​រួមមាន ឈ្មោះ គ្រ​យ សុ​ខេ​ម​រិ​ទ្ធ​, ឈ្មោះ សេង សុខន​, ឈ្មោះ ទិ​ត្យ សុជាតិ​, ឈ្មោះ រឿង សំណាង​, ឈ្មោះ យិន សុខ​ហៀ​ង ព្រមទាំង​គូកន ពីបទ រួមគំនិត​ក្បត់ តាម​មាត្រា​៤៥៣ នៃ​ក្រមព្រហ្មទណ្ឌ នៃ​ព្រះរាជាណាចក្រ​កម្ពុជា​។

ការចោទប្រកាន់​ខាងលើ គឺពាក់ព័ន្ធ​នឹង​សកម្មភាព​របស់​បុគ្គល​ទាំងនេះ ព្រមទាំង​គូកន ដែល​បាន​កៀរគរ និង​បំផុស​ឲ្យ​មហាជន​ចូលរួម​ក្នុង​ផែនការ​ផ្តួល​រំលំ​រាជរដ្ឋាភិបាល នៃ​ព្រះរាជាណាចក្រ​កម្ពុជា ក្រោម​ឧបាយកល​ជា ផែនការ​នៃ​ការ​វិល​ត្រឡប់មក​កម្ពុ​ជា​វិញ​របស់​ឧក្រិដ្ឋជន សម រង្ស៊ី ដោយ​អនុវត្តតាម​ការអំពាវនាវ​របស់​ឧក្រិដ្ឋជន សម រង្ស៊ី និង​គូកន​។ បុគ្គល​ទាំងនោះ បាន​កៀរគរ​បំផុស​ប្រជាពលរដ្ឋ និង​មាន​ផែនការ​ដឹកនាំ​ក្រម​របស់ខ្លួន​ធ្វើដំណើរ​មក​រាជធានី​ភ្នំពេញ ដើម្បី​ចូលរួម​សកម្មភាព​ផ្តួលរំលំ​រាជរដ្ឋាភិបាល​នៅ​ថ្ងៃទី​០៩ ខែវិច្ឆិកា ឆ្នាំ​២០១៥​ខាងមុខ​។

អ្នកនាំពាក្យ នៃ​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ​បញ្ជាក់ថា អ្នកពាក់ព័ន្ធ​នឹង​ការគាំទ្រ ឬ​ចូលរួម​អនុវត្ត​ផែនការ​ប៉ុនប៉ង​ធ្វើ​រដ្ឋប្រហារ​ផ្តួលរំលំ​រាជរដ្ឋាភិបាល និង​ត្រូវ​ប្រឈម​នឹង​ការចោទប្រកាន់​បញ្ជូន​ទៅ​តុលាការ​កាត់ទោស​តាមច្បាប់ ពីបទ “​រួមគំនិត​ក្បត់​” ដែល​អាចមាន​ទោស​ពី​០៥ (​ប្រាំ​)​ឆ្នាំ ទៅ​១០ (​ដប់​) ឆ្នាំ តាម​មាត្រា ៤៥៣ នៃ​ក្រមព្រហ្មទណ្ឌ លើកលែងតែ​អ្នកពាក់ព័ន្ធ​ទាំងនោះ​ចូលមក​សារភាព​ទាន់ពេលវេលា ដែល​អាច​នឹងត្រូវ​លើកលែង​ឲ្យ​រួច​ពី​ទោស​តាម​ប្បញ្ញត្តិ​ពិសេស នៃ​មាត្រា ៤៥៤ នៃ​ក្រមព្រហ្មទណ្ឌ​៕
កោះ​កែវ



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114