ព័ត៍មានទាន់​ហេតុការណ៏
Search

ជនសង្ស័យ​ចំនួន​២​នាក់​ ឆក់​កាបូប​បានសម្រេច ​តែ​ត្រូវ​បាន​នគរបាល​ចាប់​ខ្លួន​បាន​ដោយសារ​ម៉ូតូ​អស់​សាំង

សៀមរាប ​៖ ​ជនសង្ស័យ​ចំនួន​២​នាក់ ​ដែល​ជំនាញ​ខាង​ឆក់​កាបូប​ភ្ញៀវ​ទេសចរណ៍​ជាតិ​និង​អន្តរជាតិ ព្រមទាំង​ពលរដ្ឋ ត្រូវ​បាន​កម្លាំង​ប្រជា​ការពារ​ភូមិ​និង​ជនរងគ្រោះ បាន​ដេញតាម​រហូត​ម៉ូតូ​ជន​ជនល្មើស​អស់​សាំង​រួច​ចាប់​បាន​ជាក់ស្តែង​ប្រគល់​ឲ្យ​នគរបាល​ចាត់​ការបន្ត​តាមច្បាប់​។

ហេតុការណ៍​ឃាត់ខ្លួន​នេះ​ ធ្វើឡើង​នៅ វេលា​ម៉ោង ១៥​និង​១០​នាទី ​ថ្ងៃ​ទី​០៩ ខែតុលា ឆ្នាំ​២០១៩ នៅ​ចំណុច ខាងត្បូង​កា​រ៉ា​ស​សាំង ភូមិ​ខ្នារ សង្កាត់​ជ្រាវ ក្រុង​សៀមរាប​។

សមត្ថកិច្ច​បាន​ឲ្យ​ដឹង​នៅ​ថ្ងៃ​ទី​១០ នេះ​ថា មាន​ករណី អំពើ​លួច​មាន​ស្ថាន​ទម្ងន់​ទោស (​ឆក់​កាបូប​)​បង្កឡើង​ដោយ​ជនសង្ស័យ​ចំនួន ០២​នាក់ ​ដែល​មាន​ឈ្មោះ​ទី​១. ឈ្មោះ ហេង ភា​រុណ ភេទ​ប្រុស អាយុ ១៨​ឆ្នាំ មុខរបរ​សិស្ស ទីលំនៅ​បច្ចុប្បន្ន ភូមិ​តាភុល សង្កាត់​ស្វាយដង្គុំ ក្រុង​/​ខេត្តសៀមរាប ។​ទី​២. ឈ្មោះ គីម លឿង ភេទ​ប្រុស​អាយុ ១៩​ឆ្នាំ មុខរបរ​កម្មករ​សំណង់ មាន​ទីលំនៅ ស្នាក់នៅ​បណ្ដោះអាសន្ន​ភូមិ​តាភុល សង្កាត់​ស្វាយដង្គុំ ក្រុង​/​ខេត្តសៀមរាប​។

សមត្ថកិច្ច​បន្ត​ថា ពាក់ព័ន្ធ​នឹង​ករណី អំពើ​លួច​មាន​ស្ថាន​ទម្ងន់​ទោស (​ឆក់​កាបូប​)។ ​ខាងលើ បាន​ជិះ​ម៉ូតូ​ម៉ាក​ហុងដា​ឌ្រី​ម C125 ពណ៌​ខ្មៅ ផលិត​ឆ្នាំ​២០១៨ បិទ​តែម ២០១៥ គ្មាន​ស្លាក​លេខ គ្មាន​កញ្ចក់ គ្មាន​កន្ត្រក និង​កុង​ទ័​រ ដែល​មាន​លេខ​តួលេខ​និង​លេខ​ម៉ាស៊ីន ៥៤០៤៩០១ បានធ្វើ​សកម្មភាព​ឆក់​កាបូប​ប្រាក់​ពណ៌​ផ្កាឈូក ពី​ជនរងគ្រោះ​ឈ្មោះ យី ចន្ថា ភេទ​ស្រី អាយុ ២៩​ឆ្នាំ រស់នៅ​ភូមិ​តា​ចេក សង្កាត់​ជ្រាវ ក្រុង​/​ខេត្តសៀមរាប​។

ក្នុង​កាបូប​មាន​១. ប្រាក់​រៀល​ចំនួន ១២ ម៉ឺន​រៀល។ ​២. ទូរស័ព្ទ​ម៉ាក oppo A71k ។​៣. ខ្សែក (​ផ្លាក​ទីន​) ចំនួន​០៣​ខ្សែ។ ​៤. កងដៃ ផ្លាក​ទីន ចំនួន ០២​កង។ ​៥.​ចិញ្ចៀន​មួយ​វង់ (​ផ្លាក​ទីន​) ដាំ​ត្បូង។ ក្រោយពី​ជនសង្ស័យ​ទាំងពីរ​ បាន​ធ្វើ​សកម្មភាព​ឆក់​កាបូប​បានសម្រេច ក៏​ជិះ​គេចខ្លួន​សំដៅ​ទៅ​ផ្លូវ​កុងស៊ី ក្នុង​ភូមិ​ខាងលើ​ហើយ ជនរងគ្រោះ​ក៏បាន​ជិះ​ម៉ូតូ​ដេញ​តាម​ពីក្រោយ ហើយ​ស្រែក​ឆោឡោ​ឲ្យ​ជួយ​ចាប់ចោរ លុះដល់​ចំណុច​ក្រុម​ទី​១០ ភូមិ​ខ្នារ សង្កាត់​ជ្រាវ ក្រុង​/​ខេត្តសៀមរាប ម៉ូតូ​របស់​ជនសង្ស័យ​បាន​រលត់ ត្រូវ​ហើយ​កម្លាំង​ប៉ុស្តិ៍ នឹង​ប្រជា​ការពារ​ភូមិ​ខ្នារ​ដែល​កំពុង​ល្បាត រួមទាំង ប្រជាពលរដ្ឋ​នៅក្បែរនោះ បាន​ចាប់ខ្លួន​ជនសង្ស័យ​ខាងលើ ហើយ​នាំយកមក​សួរ​នាំ​នៅ​ប៉ុស្តិ៍នគរបាល​រដ្ឋបាល សង្កាត់​ជ្រាវ​តែម្ដង ក្រោយពី​សួរនាំ​ជនសង្ស័យ​ខាងលើ​បាន​សារភាព​ថា ​ខ្លួន​នឹង​បក្ខពួក​ពិតជា​បានធ្វើ​សកម្មភាព​ឆក់​កាបូប​របស់​ជនរងគ្រោះ​ពិតមែន រីឯ​ជនសង្ស័យ​ឈ្មោះ​ហេង ភា​រុណ ហៅ​យក់ ក៏បាន​សារភាព​ផង​ដែរ​ថា កាលពី​ថ្ងៃទី​១៣ ខែកញ្ញា ឆ្នាំ​២០១៩ វេលា​ម៉ោង​១៤​និង​០០​នាទី​ខ្លួន​បាន​ធ្វើ​សកម្មភាព​ឆក់​កាបូប​ប្រជាពលរដ្ឋ នៅ​ភូមិ​បុស្ស​ក្រឡាញ់ សង្កាត់​ជ្រាវ ហើយ​សមត្ថកិច្ច​ក៏បាន​ទទួល​បណ្តឹង​ពី​ជនរងគ្រោះ​រួច​ផង​ដែរ​។

ជនល្មើស​ខាងលើ​ ត្រូវ​បាន​កម្លាំង​នគរបាល​ជំនាញ​រៀប​សំណុំរឿង​តាម​នីតិវិធី​បញ្ជូន​ទៅ​តុលាការ​ដើម្បី​ចាត់ការ​តាមច្បាប់​៕
កុសល



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114