ព័ត៍មានទាន់​ហេតុការណ៏
Search

មាន​មនុស្ស​ស្លាប់​ម្នាក់ នៅ​ក្នុង​ករណី​បង្ក្រាប​ល្បែង​ស៊ីសង ក្នុងស្រុក​ភ្នំព្រឹក

បាត់ដំបង ៖ សមត្ថកិច្ច​ស្រុក​ភ្នំព្រឹក កំពុង​រង​ការចោទប្រកាន់​ពី​សំណាក់​ក្រុមគ្រួសារ និង​សាច់ញាតិ​ ​របស់​ជនរងគ្រោះ ដែល​បាន​ស្លាប់​បាត់​បង់ជីវិត នៅក្នុង​ករណី​បង្ក្រាប​ល្បែង​ស៊ីសង​មួយ នាពេល​ជិត​ពាក់​កណ្តាល​អធ្រា​ត្រ ខណៈ​ដែល​សមត្ថកិច្ច​ចាប់ខ្លួន​ដាក់​រថយន្ត​យកទៅ​កាន់​អធិការដ្ឋាន។

បើ​យោង​តាម​របាយការណ៍​ដែល​ធ្វើឡើង​ដោយ​លោក​វរសេនីយ៍ទោ សារ៉េត វិ​សេដ្ឋ អធិការ​នគរបាល ស្រុក​ភ្នំព្រឹក បាន​បញ្ជាក់ថា កាលពី​ថ្ងៃ​ទី៩ ខែតុលា ឆ្នាំ២០១៩ វេលា​ម៉ោង ៩និង៣០នាទីយប់ កម្លាំង​ជំនាញ​ផ្នែក​ព្រហ្មទណ្ឌ បាន​ចុះ​ធ្វើការ​បង្ក្រាប​អ្នកលេង​ល្បែង​ស៊ីសង ( អាប៉ោង ) មួយ​លើក​នៅ​ចំណុច​ភូមិ​ភ្នំព្រឹក ឃុំ​ភ្នំព្រឹក ស្រុក​ភ្នំព្រឹក ខេត្តបាត់ដំបង។

របាយការណ៍​បាន​បន្ត​ថា នៅ​ក្នុង​នោះ​សមត្ថ​កិ​ច្ច​ជំនាញ ឃាត់​បាន​អ្នក​លេងល្បែង​ម្នាក់ មានឈ្មោះ ជ័យ ភា​រិ​ន ហៅ​ពៅ ភេទ​ប្រុស អាយុ៣៦​ឆ្នាំ មាន​ទីលំនៅ​ភូមិ និង​ឃុំ​ខាងលើ ឯ​អ្នក​លេងល្បែង​ផ្សេងទៀត​បាន​រត់​គេច​ខ្លួន​រួច ដោយ​ដកហូត​បាន វត្ថុ​តាង​មួយ​ចំនួន​រួមមាន ម៉ូតូ​ធុន​ហុងដា C125 ចំនួន​៣​គ្រឿង ជា​របស់​ឈ្មោះ ហុង ភា​រិ​ន ហៅ ពៅ ១ គ្រឿង ដែរ ព្រមទាំង​សម្ភារៈ​សម្រាប់​លេងល្បែង​មួយចំនួន។

លោក​អធិការ​បាន​បន្ថែម​ថា ក្រោយ​ចប់​ការងារ កម្លាំង​បាន​ដឹក​ម៉ូតូ​ចំនួន ២ គ្រឿង យក​មក​រក្សាទុក​នៅ​អធិការដ្ឋាន​នគរបាល​ស្រុក​ភ្នំព្រឹក ដោយ​បាន​ឲ្យ​ឈ្មោះ​ហុង ភា​រិ​ន ជិះ​រថយន្ត​មក​ជា​មួយ​កម្លាំង​នគរបាល និង​ឲ្យ​ជួយ​ទប់​ម៉ូតូ​ផង ចេញដំណើរ​បាន​ប្រហែល ១.៥០០ ម៉ែត្រ មកដល់​ចំណុច​ភូមិ​ថ្នល់​បត់ ឃុំ​អូរ​រំដួល ស្រុក​ភ្នំព្រឹក ស្រាប់តែ​ឈ្មោះ ហុង ភា​រិ​ន ហៅ​ពៅ បាន​លោត​ទម្លាក់​ខ្លួន​ពីលើ​រថយន្ត បណ្តាល​ឲ្យ​រង​របួស ពេលនោះ​កម្លាំង​បាន​ចាត់ចែង​ដឹកបញ្ជូន​ទៅដល់​មន្ទីរ​បង្អែក​ស្រុក​សំពៅ​លូន នៅវេលា​ម៉ោង ១០ និង​៥៥ នាទី​យប់ លុះ​នៅ​វេលា​ម៉ោង​១និង៣០ នាទី រំលង​អធ្រាត្រ ជនរងគ្រោះ​ក៏បាន​បាត់បង់​ជីវិត​តែ​ម្តង ទើប​សមត្ថកិច្ច​ទូរស័ព្ទ​ទាក់ទង​ទៅ​ក្រុម​គ្រួសារ​ដើម្បី​ប្រគល់​សព​យក​ទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី។

ដោយឡែក​ក្រុម​គ្រួសារ​កំពុង​ប្រតិកម្ម​យ៉ាងខ្លាំង​ទៅលើ​សមត្ថកិច្ច​ដែល​ចាប់ខ្លួន​ជនរងគ្រោះ​ទៅ ដោយ​គេ​គិត​ថា អាច​មាន​ការ​ប្រើ​អំពើ​ហិង្សា​ណាមួយ​ទៅលើ​ជនរងគ្រោះ ព្រោះ​បើ​តាម​ស្លាកស្នាម​នៅ​លើ​ខ្លួនប្រាណ គឺ​មាន​ការ​ដាច់​រលាត់​ជាច្រើន​កន្លែង និង ដោយមាន​បែកក្បាល​ផ្នែក​ខាងក្រោយ​មួយកន្លែង ហើយ​ភ្នែក​ខាងស្តាំ មាន​ស្នាម​ជាំខ្មៅ ផងដែរ។

បច្ចុប្បន្ន​បើ​ទោះ​បី​ជា​លោក​អធិការ​បាន​បកស្រាយ​បំភ្លឺថា នៅ​យប់​នោះ​ជនរងគ្រោះ​មានការ​ស្រវឹង​ជោកជាំ ​ដោយមាន​ការអះអាង​ពី​ក្រុមគ្រូពេទ្យ​យ៉ាងណាក៏ដោយ ក៏​ក្រុមគ្រួសារ​នៅតែ​មិន​អស់ចិត្ត​អំពី​បញ្ហា​នេះ ព្រោះ​ការ​ចាប់​ខ្លួន​អ្នក​ញៀន​ល្បែង​ដោយ​នាំខ្លួន​យកទៅ​កាន់​អធិការដ្ឋាន​ទាំងយប់​បែបនេះ គឺ​សមត្ថកិច្ច​ត្រូវតែ​ទទួល​ខុសត្រូវ​ទាំងស្រុង​នូវ​អាយុជីវិត បើ​ទោះបី​ជា​ជនសង្ស័យ​ជាប់ចោទ​ពី​បទ​អ្វី​ក៏ដោយ៕
សោ និយម​រ័ត្ន



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114