ព័ត៍មានទាន់​ហេតុការណ៏
Search

FFC ៖ សាលា​កីឡាបាល់ទាត់​ជាតិ នឹងត្រូវ​តម្លើង​កៅអី​អង្គុយ នៅ​ឆ្នាំក្រោយ​

តាម​ការ​ឲ្យ​ដឹង​ពី​លោក ខៀវ សា​ម៉េ​ត អនុប្រធាន​សហព័ន្ធ​កីឡាបាល់ទាត់​កម្ពុជា ហៅ​កាត់ (FFC) បាន​មានប្រសាសន៍​បង្ហើប​ថា ជុំវិញ​ការ​ត្រៀម​ធ្វើ​កៅអីអង្គុយ នៅ​ទីលាន​មជ្ឈមណ្ឌល​សាលា​បាល់ទាត់​ជាតិ​បាទី គឺ ដើម្បី​ផ្ដល់​ភាពងាយស្រួល​ដល់​អ្នកគាំទ្រ ទៅ​ទស្សនា​ការប្រកួត​នៅ​ទីនោះ​។

លោក​បាន​ថ្លែង​នៅ​ក្នុង​កម្មវិធី​ប្រកាស​ក្រុមហ៊ុន​ឧបត្ថម្ភ​ថ្មី​របស់​សហព័ន្ធ​កីឡាបាល់ទាត់​កម្ពុជា ឆ្នាំ​២០១៩-២០២០ ថា « ឥលូវ​នេះ យើង​កំពុង​គិតថា យើង​នឹងដាក់​ទីកន្លែង​សម្រាប់​អង្គុយ សម្រាប់​ទីលាន​នៅ​ទន្លេបាទី ដែលមាន U-18 របស់​យើង ត្រូវ​លេង​ក្នុង​លី​គ​។ ឥលូវ​យើង​មាន​ភ្លើង​យើង​អាច​លេង​ពេលយប់​បាន អញ្ចឹង​ឆ្នាំក្រោយ​យើង​នឹងមាន​កៅអីអង្គុយ​ទៀត​។​»

គួរ​ឲ្យ​ដឹង​ថា សាលា​កីឡាបាល់ទាត់​ជាតិ​បាទី មាន​ទីលាន​ចំនួន ៤ ដែល​ក្នុង​នោះ មាន​ទីលាន​សប្ប​និមិត្ត ចំនួន មួយ​ដែលមាន​បំពាក់​ប្រព័ន្ធ​ភ្លើង​រួច​ស្រាប់ ហើយ​ការ​ត្រៀម​ដំឡើង​កៅអី​អង្គុយ អាច​នឹងធ្វើ​នៅ​ទីលាន​ស្មៅ​សប្ប​និមិត្ត​នោះ​តែម្តង​។

ដូចនេះ​នៅ​ឆ្នាំ​២០២០ ខាងមុខ ក្រុមយុវជន​សាលា​បាល់ទាត់​ជាតិ​បាទី U-18 នឹង​ទទួលបាន​សិទ្ធិ​ពិសេស ដើម្បី​ចូលរួម​ប្រកួត​លី​គ​កំពូល​កម្ពុជា​បន្ដទៀត ទោះបី​លទ្ធផល​ប​បណ្ដោះអាសន្ន​បច្ចុប្បន្ន ក្រុម U-18 បាទី កំពុង​ឈរ​បាត​តារាង នៃ​លី​គ​កំពូល​កម្ពុជា សប្ដាហ៍​ទី​២៣ ក៏ដោយ​។

សូម​រំលឹក​ផង​ដែរ​ថា មជ្ឈមណ្ឌល​សាលា​បាល់ទាត់​ជាតិ​បាទី បាន​ដាក់​ឲ្យ​ប្រើប្រាស់​កាលពី​ឆ្នាំ​២០១៣ គឺជា​ទីតាំង​សម្រាប់​បណ្ដុះបណ្ដាល​យុវជន​ដើម្បី​ក្លាយ​ជា​ផ្នែក​មួយ​នៃ​ក្រុម​ជម្រើស​ជាតិ​កម្ពុជា ជាពិសេស​ទិសដៅ​ដើម្បី​ព្រឹត្តិការណ៍​កីឡា​អាស៊ីអាគ្នេយ៍ ដែល​កម្ពុជា ធ្វើជា​ម្ចាស់ផ្ទះ​នៅ​ឆ្នាំ​២០២៣ ជាមួយនឹង​ទីលាន​ស្ដង់ដារ​ធំៗ​ចំនួន ៤ សុទ្ធសឹងតែ​ជា​ស្មៅ​ធម្មជាតិ ក្រោយមក​បាន​កែប្រែ​ទីលាន​មួយ​ឲ្យ​ក្លាយទៅជា​ទីលាន​ស្មៅ​សិប្បនិម្មិត និង​ក្រោយ​មក​ទៀត​បាន​រៀបចំ​ឲ្យ​មាន​បង្គោល​ភ្លើង​សម្រាប់​បំភ្លឺ​ដល់​ការប្រកួត​នៅពេល​រាត្រី​ផងដែរ៕
ម៉េង ហួរ



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114