ព័ត៍មានទាន់​ហេតុការណ៏
Search

ធនាគារ​ពិភពលោក ចាប់​ផ្តើម​អនុវត្ត​គម្រោង​ពិ​ធិ​ព​កម្មវិស័យ​កសិកម្ម​ក​ម្ពុ​ជា​CASDP រយៈ​ពេល​៦​ឆ្នាំ លើ​ខេត្ត​ចំនួន ១២ ដែល​ត្រូវ​ចំណាយ ថវិកា​សរុប ១០១,៦៧​លាន​ដុល្លារ

ភ្នំពេញ​ ៖ ធនាគារ​ពិភពលោក​ប្រចាំ​កម្ពុជា (The World Bank) និង​ស្ថាប័ន​ពាក់​ព័ន្ធ​ក្នុង​នោះ​មាន​ក្រសួងកសិកម្ម បាន​ចាប់​ផ្តើម បើក​សិក្ខាសាលា​ស្តីពី​ការចាប់ផ្តើម​អនុវត្ត​គម្រោង​ពិ​ធិ​ព​កម្មវិស័យ​កសិកម្ម​ក​ម្ពុ​ជា រយៈពេល​៦​ឆ្នាំ លើ​ខេត្ត​ចំនួន ១២ នូវ ថវិកា​សរុប ១០១,៦៧ លាន​ដុល្លារ ក្នុង​នោះ​មាន​ថវិកា​បដិភាគ​របស់​រា​ជ​រដ្ឋាភិបាល​ចំនួន ១០​លាន​ដុល្លារ រយៈ ពេល ៦​ឆ្នាំ (២០១៩- ២០២៥) ក្នុង​ខេត្ត​គោលដៅ​ចំនួន ១២ គឺ​ខេត្តកំពង់ឆ្នាំង បាត់ដំបង ព្រះវិហារ សៀមរាប ស្ទឹងត្រែង រតនគីរី មណ្ឌល​គី​រី ក្រចេះ ត្បូងឃ្មុំ កំពង់ចាម កណ្តាល កំពង់ស្ពឺ និង​រាជធានី​ភ្នំពេញ​។

សិក្ខាសាលា​ស្តីពី​ការ​ចាប់ផ្តើម​អនុវត្ត​គម្រោង​ពិ​ធិ​ព​កម្មវិស័យ​កសិកម្ម​ក​ម្ពុ​ជា រយៈពេល​៦​ឆ្នាំ លើ​ខេត្ត​ចំនួន ១២​បាន​ប្រារព្ធ​ធ្វើ​ឡើង​ថ្ងៃ​ព្រហស្បតិ៍ ១២​កើត ខែអស្សុជ ឆ្នាំកុរ ឯកស័ក ព​.​ស​. ២៥៦៣ ត្រូវ​នឹង​ថ្ងៃទី​១០ ខែតុលា ឆ្នាំ​២០១៩ នៅ​ទីស្តីការ​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ​ក្រោម​អធិបតីភាព​លោក​រដ្ឋមន្ត្រី វេ​ង សាខុន និង​លោកស្រី Inguna Dobraja តំណាង​ធនាគារ​ពិភពលោក​ប្រចាំ​កម្ពុជា (The World Bank) និង​មានការ​ចូលរួម​ពី​ស្រី លោកស្រី ថ្នាក់ដឹកនាំ​ក្រសួង តំណាង​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ ក្រសួង​អភិវឌ្ឍន៍​ជនបទ ក្រសួង​ធនធាន​ទឹក និង​ឧតុនិយម ស្ថាប័ន​ពាក់ព័ន្ធ ដៃគូ​អភិវឌ្ឍន៍ វិស័យ​ឯកជន ជាច្រើន​ទៀត​បាន​ចូល​រួម​។

លោក​បណ្ឌិត សរ ចិ​ត្រា នាយក​គម្រោង​បាន​អាន​មតិ​ស្វាគមន៍ និង​រាយការណ៍​ជូន​អង្គ​ពិធី​ជ្រាប​អំពី​សាវតារ​របស់​គម្រោង​ដោយ​សង្ខេប​ថា CASDP បានអនុម័ត​ដោយ​ធនាគារ​ពិភពលោក កាលពី​ខែមករា ឆ្នាំ​២០១៩ ដែលមាន​ថវិកា​សរុប ១០១,៦៧​លាន​ដុល្លារ ដែល​ក្នុង​នោះ​មាន​ថវិកា​បដិភាគ​របស់​រា​ជ​រដ្ឋាភិបាល​ចំនួន ១០​លាន​ដុល្លារ មាន​រយៈ​ពេល​៦​ឆ្នាំ (២០១៩- ២០២៥) ក្នុង​ខេត្ត​គោលដៅ​ចំនួន ១២ គឺ​ខេត្តកំពង់ឆ្នាំង បាត់ដំបង ព្រះវិហារ សៀមរាប ស្ទឹងត្រែង រតនគីរី មណ្ឌល​គី​រី ក្រចេះ ត្បូងឃ្មុំ កំពង់ចាម កណ្តាល កំពង់ស្ពឺ និង​រាជធានី​ភ្នំពេញ​។ បន្ទាប់មក​លោកស្រី​តំណាង​ធនាគារ​ពិភពលោក បាន​ធ្វើ​ចំណាប់អារម្មណ៍​ជុំវិញ​គម្រោង​ខាងលើ​ក្នុង​ន័យ​សំខាន់ៗ​ថា វិស័យ​កសិកម្ម​កម្ពុជា​បាន​ដើរ​តួនាទី​យ៉ាងសំខាន់​ក្នុងការ​លើកកម្ពស់​កម្រិត​ជីវភាព បង្កើត​ការងារ និង​កំណើន​សេដ្ឋកិច្ចជាតិ​។ គម្រោង CASDP វា​នឹង​បំពេញ​តួនាទី​សំខាន់ៗ​ដូចជា​១. ជួយ​សម្រប​សម្រួលការ​វិនិយោគ​ធុរកិច្ច​កសិកម្ម ២. ជំរុញ និង​លើកទឹកចិត្ត​ការវិនិយោគ​កសិដ្ឋាន និង​សម្ភារ​កសិកម្ម ៣. ពង្រឹង និង​ផ្សារភ្ជាប់​ខ្សែ​ច្រវាក់​តម្លៃ និង​ទីផ្សារ ៤. លើកទឹកចិត្ត​ឲ្យ​មាន​កាលានុវត្តភាព​ធុរកិច្ច​កសិកម្ម ៥. កំណត់​ហេដ្ឋារចនាសម្ព័ន្ធ​គាំទ្រ​សំខាន់ៗ ដែល​ជា​មូលដ្ឋានគ្រឹះ​ក្នុង​ការ​ដោះស្រាយ​បញ្ហា ដើម្បី​គាំទ្រ និង​អភិវឌ្ឍន៍​ធុរកិច្ច​កសិកម្ម​។ លោកស្រី​ក៏បាន​បញ្ជាក់​បន្ថែម​ថា ធនាគារពិ​ភពលោក​នឹង​នៅ​បន្តធ្វើ​ការគាំទ្រ និង​ឧបត្ថម្ភ​ទាំង​ហិរញ្ញវត្ថុ និង​បច្ចេកទេស​ដើម្បី​អភិវឌ្ឍ​វិស័យ​កសិកម្ម​កម្ពុជា​។

​លោក​រដ្ឋមន្ត្រី​បាន​ថ្លែងអំណរគុណ​ជូន​ចំពោះ​ធនាគារ​ពិភពលោក​ដែល​បានផ្ដល់​ហិរញ្ញប្បទាន​សម្រាប់​អនុវត្ត​គម្រោង​ជាច្រើន ដើម្បី​រួមចំណែក​អភិវឌ្ឍន៍​វិស័យ​កសិកម្ម​កម្ពុជា​តាំងពី​ឆ្នាំ​១៩៩៧ រហូតមកដល់​ពេលបច្ចុប្បន្ន​។ ជា​សក្ខីភាព គម្រោង​ស្តីពី “​ពិពិធ​កម្មវិស័យ​កសិកម្ម​កម្ពុ​ជា​” ជា​គម្រោង​ថ្មី​មួយ​ដែល​ឆ្លើយតប​ទៅនឹង​យុទ្ធសាស្ត្រ​ចតុកោណ​ដំណាក់​កា ល​ទី​៤ របស់​រាជរដ្ឋាភិបាល ដូចដែល​បាន​រៀបរាប់​យ៉ាង​ក្បោះក្បាយ ព្រមទាំង​គំនិត​ផ្តួចផ្តើម និង​ចក្ខុវិស័យ​វែងឆ្ងាយ ប្រកបដោយ​អត្ថន័យ និង​ខ្លឹមសារ​ក្នុង​ចំណាប់អារម្មណ៍​របស់លោក​ស្រី​តំណាង​ពិភពលោក​ហើយ​ឯកឧត្តម​រដ្ឋមន្ត្រី​បាន​វាយតម្លៃ​ខ្ពស់​ចំពោះ​ផ្លែផ្កា​ដែល​កើតចេញពី​កិច្ចសហប្រតិបត្តិការ​ដ៏​មានតម្លៃ​នេះ​។

នា​ឱកាស​នេះ លោក​រដ្ឋមន្ត្រី បាន​គូស​បញ្ជាក់​ជូន​អង្គពិធី​បាន​ជ្រាបថា យោង​តាម​ចក្ខុវិស័យ​របស់​រាជរដ្ឋាភិបាល​បាននឹង​កំពុង​ធ្វើកំណែទម្រង់​ស៊ីជម្រៅ​លើ​វិស័យ​កសិកម្ម​តាមរយៈការ​ធ្វើ​ទំនើបកម្ម​លើ​វិស័យ​កែច្នៃ ការអភិវឌ្ឍន៍​ខ្សែ​ច្រវាក់​តម្លៃ បង្កើន​តម្លៃ​បន្ថែម ដើម្បី​ធ្វើការ​ប្រកួតប្រជែង​។

រាជរដ្ឋាភិបាល​បាន​បន្ត​យកចិត្តទុកដាក់​លើ​ការ​បង្កើន​ផលិតភាព ការធ្វើ​ពិពិធ​ភាវូបនីយកម្ម និង​ពាណិ​ជ្ជូ​ប​នីយកម្ម​កសិកម្ម ការលើកកម្ពស់​ការចិញ្ចឹម​សត្វ និង​វារីវប្បកម្ម ការគ្រប់គ្រង​ធនធាន​ជលផល និង​ព្រៃឈើ​ប្រកបដោយ​ចីរភាព ការពង្រឹង​ស្ថាប័ន ការអភិវឌ្ឍន៍​ហេដ្ឋារចនាសម្ព័ន្ធ​ជនបទ ការបង្កើន​ប្រសិទ្ធភាព​សេវា​គាំទ្រ និង​ការ​អភិវឌ្ឍន៍​ធនធានមនុស្ស​ផ្អែកលើ​គោលការណ៍​អាទិភាព​ចំនួន​៤ គឺ “​មនុស្ស ផ្លូវ ភ្លើង និង​ទឹក​”​។ លោក​ក៏បាន​បន្តថា វិស័យ​កសិកម្ម​នៅតែ​បំពេញ​តួនាទី​យ៉ាងសំខាន់​ដើម្បី​ចីរភាព​កំណើន​សេដ្ឋកិច្ច​-​សង្គម​នៅ​ជនបទ ការកាត់បន្ថយ​ភាពក្រីក្រ និង​ធានាបាន​នូវ​ប្រព័ន្ធ​សន្តិសុខ​ស្បៀង​។ ហេតុផល​នេះ លោក​បានស្នើ​ឲ្យ​គ្រប់​តួអង្គ​ពាក់ព័ន្ធ​ទាំងអស់​ត្រូវមាន​ឆន្ទៈ​ចូលរួម​អភិវឌ្ឍន៍​បន្តទៀត និង​វិនិយោគ​វិស័យ​កសិកម្ម​ប្រកបដោយ​ចីរភាព និង​បរិ​យា​ប័ន្ន​ដោយ​ផ្សារភ្ជាប់​ទៅនឹង គោលដៅ​អភិវឌ្ឍន៍​ប្រកបដោយ​ចីរភាព​កម្ពុ​ជានា​ឆ្នាំ​២០៣០ ការធ្វើសមាហរណកម្ម​សេដ្ឋកិច្ច​អាស៊ាន សាកលភាវូបនីយកម្ម ការប្រកួតប្រជែង​ទីផ្សារ ការប្រែប្រួល​អាកាស ធាតុ និង​ការអភិវឌ្ឍ​បដិវត្តន៍​ឧស្សាហកម្ម​ទី​៤ ក្នុងទិសដៅ​ប្រែក្លាយ កសិកម្ម​កម្ពុជា​ឲ្យ​ទៅជា​កសិកម្ម​ទំនើប មាន​លក្ខណៈ​ប្រកួតប្រជែង បរិ​យា​ប័ន្ន ធន់​នឹង​ការប្រែប្រួល​អាកាសធាតុ និរន្តរ ភាព កំណើន​ប្រាក់ចំណូល​ដើម្បី​រួមចំណែក​ធ្វើ​ឲ្យ​សម្រេច​នូវ​ចក្ខុវិស័យ​នៅ​ឆ្នាំ​២០៣០ និង ២០៥០​។ ដើម្បី​ដើរ​ដល់​គោលដៅ​នេះ ក្រសួង​បាននិងកំពុង​ផ្សព្វផ្សាយ និង​ជំរុញ​ឲ្យ​អនុវត្ត​បច្ចេកវិទ្យា នវានុវត្តន៍​ថ្មីៗ ប្រើប្រាស់​ធាតុ​ចូល​កសិកម្ម​សមស្រប​ប្រកបដោយ​ភាព​វៃឆ្លាត អភិវឌ្ឍន៍​ធនធានមនុស្ស​សម្រាប់​គាំទ្រ ផ្តល់ និង​សម្របសម្រួល​សេវា​ផ្សព្វផ្សាយ​កសិកម្ម ក៏ដូចជា​ការ បង្កើត​បរិយាកាស​ដល់​កសិករ និង​សហគមន៍​កសិកម្ម​ក្នុងការ​ទទួលយក និង​ការប្រើប្រាស់​សេវា​ផ្សព្វផ្សាយ​ព័ត៌មាន​បច្ចេកទេស​កសិក​ម្ម​ឲ្យ​បាន​ទូលំទូលាយ​។ យកចិត្តទុកដាក់​អភិវឌ្ឍ​កសិដ្ឋាន​គំរូ និង​ពង្រឹង​ការគ្រប់គ្រង​សហគមន៍​កសិកម្ម ដោយ​ត្រូវ​ផ្តល់​ការលើកទឹកចិត្ត និង​ពង្រឹង​សមត្ថភាព ដើម្បី​ផលិត​ក្នុង​ទ្រង់ទ្រាយ​ធំ​តាម​យន្តការ​ផលិតកម្ម​កសិក​ម្ម​តាម​កិច្ចសន្យា ដោយ​អនុវត្តតាម​ស្តង់ដារ​ផលិតកម្ម​ប្រកបដោយ​និរន្តរភាព រួមបញ្ចូល​ទាំង​ការអនុវត្ត​កសិកម្ម​ល្អ និង​កសិកម្មសរីរាង្គ​ជាដើម​។

ដោយ​ឡែ​ង ទាក់ទង​នឹង​គម្រោង​អភិវឌ្ឍ​វិស័យ​កសិកម្ម លោក​បាន​ណែនាំ​ឲ្យ​អង្គភាព​អនុវត្ត​គម្រោង​ត្រូវធ្វើ​បច្ចុប្បន្នភាព​គោលដៅ គោលបំណង និង​សកម្មភាព​ថ្មីៗ​បន្ថែមទៀត ដើម្បី​ឲ្យ​ស្រប​ទៅ​នឹង​ការ​វិវឌ្ឍន៍​បច្ចេកវិទ្យា​ថ្មីៗ និង​ស្ថានភាព​សេដ្ឋកិច្ច​ក្នុង​បរិបទ​នៃ​សាកលភាវូបនីយកម្ម​។ អង្គភាព​ជំនាញ មន្ត្រី និង​ភ្នាក់ងារ​អនុវត្ត​គម្រោង​ទាំងអស់​ត្រូវ​រៀន​សូត្រ​បន្ថែម​ទៀត​ អំពី​បទពិសោធន៍ បញ្ហា​ប្រឈម ចំណុចខ្លាំង ចំណុចខ្សោយ ដើម្បី​បង្កើន​សមត្ថភាព​គ្រប់គ្រង ដឹកនាំ និង​អនុវត្ត​គម្រោង​ឲ្យ​សម្រេច​ទទួលបាន​ជោគជ័យ​។ គម្រោង CASDP នេះ​ពិតជា​ចូលរួម​ចំណែក​ក្នុងការ​សម្រេច​នូវ​កំណើន​សេដ្ឋកិច្ចជាតិ ចក្ខុវិស័យ ទិសដៅ និង​យុទ្ធសាស្ត្រ​ដូច​បាន​លើក​ឡើង​ខាងដើម​នេះ​ក៏​ពិត​មែន ប៉ុន្តែ​ជា​ការ​ឆ្លើយតប លោក​ស្នើ​ឲ្យ​មន្ត្រី​នៃ​អង្គភាព​ជំនាញ​ពាក់ព័ន្ធ​ក្រោម​ឱវាទ​ក្រសួង និង​មន្ត្រី​អន្តរ​ស្ថាប័ន​ពាក់ព័ន្ធ​ទាំងអស់​ត្រូវ​បង្កើន​សមត្ថភាព និង​យកចិត្តទុកដាក់​អនុវត្ត​សកម្មភាព​ការងារ​របស់ខ្លួន​តាម​ភារកិច្ច​ឲ្យ​មាន​លក្ខណៈ​ប្រទាក់​ក្រឡា​គ្នា​ស្របតាម​អភិក្រម “​រដ្ឋ ឯកជន ដៃគូ​អភិវឌ្ឍន៍ និង​សហគមន៍​” ដោយ​ត្រូវ​រៀបចំ​យុទ្ធសាស្ត្រ ផែនការ សកម្មភាព ធ្វើ​យ៉ាង​ណា​ឲ្យ​ការអនុវត្ត​គម្រោង​បាន​ល្អ​ប្រសើរ​តាម​គោលដៅ​រំពឹងទុក រួម​ជាមួយនឹង​ការប្រើប្រាស់​ហិរញ្ញប្បទាន​ប្រកបដោយ​តម្លាភាព​ក្នុង​ស្មារតី​ទទួលខុសត្រូវ ឆ្លើយតប​ទៅ​នឹង​តម្រូវការ​ពិតប្រាកដ​របស់​ប្រជាជន និង​យុទ្ធសាស្ត្រ​របស់​រាជរដ្ឋាភិបាល​ក្នុង​បរិបទ​បច្ចុប្បន្ននេះ៕
ឌួង​វិ​រះ​ជ័យ



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114