ព័ត៍មានទាន់​ហេតុការណ៏
Search

បច្ចុប្បន្នភាព ក្រុម​ជម្រើសជាតិ​បាល់ទាត់​ក្នុង​សាល​កម្ពុជា មុន​ចេញទៅ​ប្រកួត​នៅ​វៀតណាម​

​គ្រា​ដែល​ការប្រកួត​ពានរង្វាន់​បាល់ទាត់​ក្នុង​សាល ប្រចាំ​តំបន់​អាស៊ីអាគ្នេយ៍ ឆ្នាំ ២០១៩ ខិតជិត​ដល់​ថ្ងៃ​ប្រកួត​ហើយ​នោះ សហព័ន្ធ​កីឡាបាល់ទាត់​កម្ពុជា បានបង្ហាញ​បញ្ជី​ឈ្មោះ​បឋម​កីឡាករ​សរុប ២៥​រូប​ផ្លូវការ​ចុងក្រោយ ដើម្បី​ត្រៀម​ទៅ​ប្រកួត​នៅ​ទីក្រុង​ហូជីមិញ ប្រទេស​វៀតណាម កាលពីពេល​ថ្មីៗ​កន្លងទៅនេះ​។

ចាប់​តាំងពី​បានប្រកាស​បញ្ជី​ឈ្មោះ ក្រុម​នេះ​បាន​ប្រមូលផ្ដុំ​ហ្វឹកហាត់​តាំងពី​ថ្ងៃទី​០១ ខែតុលា ឆ្នាំ២០១៩ ក្រោម​ការដឹកនាំ​ដោយ​គ្រូបង្វឹក​កម្ពុជា លោក ផាន សុផាន់​ណា​រ៉ា រួមទាំង​មានការ​ប្រកួត​កម្ដៅ​សាច់ដុំ​ចំនួន ២​ប្រកួត​ផងដែរ​ជាមួយ​ក្រុម​ក្នុងស្រុក និង​ទទួលបាន​លទ្ធផល​ល្អ​គួរ​ឲ្យ​កត់សម្គាល់។

លទ្ធផល​ទាំងនោះ​រួមមាន យកឈ្នះ ដា​នី​ញ៉ែ​ល អេ​ហ្វ​ស៊ី ដោយ​លទ្ធផល ៨-១ ហើយ​បន្ត​យកឈ្នះ ក្រុម​ហូ​ម​ស្បត ដោយ​លទ្ធផល ៥-១ ស្រប​ពេល​ដែល​ថ្ងៃ​ទី​១០ ខែតុលា គ្រោង​ប្រកួត​មួយ​ប្រកួត​ទៀតផង​ដែរ ជាមួយ​ក្រុម​ក្នុងស្រុក​ដូចគ្នា​។

ជាមួយគ្នា​ផងដែរ មានការ​បង្ហើប​ឲ្យ​ដឹងថា ​ក្រុម​នេះ នឹងមាន​ការចេញ​បោះជំរំ​ហ្វឹកហាត់​រយៈពេល​មួយ​សប្ដាហ៍​នៅ​ក្រុង​បាងកក ប្រទេស​ថៃ ចាប់ពី​ថ្ងៃទី​១៣ ដល់​ថ្ងៃទី​១៩ ខែតុលា ដើម្បី​សម្រួច​សមត្ថភាព​មុន​ចូលរួម​ព្រឹត្តិការណ៍ AFF Futsal Championship 2019 នៅ​ក្រុង​ហូជីមិញ ប្រទេស​វៀតណាម​។ ក្រៅពី​ហ្វឹកហាត់ ក៏មាន​ជំនួប​មិត្តភាព​ជាមួយ​ក្លិប​ហ្វូ​ត​សាល​មួយចំនួន​នៅ​ទីនោះ​ផងដែរ ព្រោះ​ថៃ​ជា​ប្រទេស​ដែលមាន​សក្ដានុពល​ផ្នែក​កីឡា​មួយ​នេះ​។

គួរ​ឲ្យ​ដឹង​ផង​ដែរ​ថា ក្នុងការ​ប្រកួត​ពាន​រង្វាន់​បាល់ទាត់​ក្នុង​សាល ប្រចាំ​តំបន់​អាស៊ីអាគ្នេយ៍ ឆ្នាំ​២០១៩​នេះ នឹង​ចាប់ផ្ដើម​ពីថ្ងៃ​ទី​២១ ដល់​ថ្ងៃទី​២៧ ខែតុលា ឆ្នាំ​២០១៩ កម្ពុជា ត្រូវបាន​ជ្រើសរើស​ចូលទៅក្នុង​ពូ​ល A រួមជាមួយ​ថៃ​, មី​យ៉ាន់​ម៉ា និង ទី​ម័​រ​ខាងកើត ហើយ​ការប្រកួត​បើកឆាក កម្ពុជា នឹងត្រូវ​ជួប​ជាមួយ ថៃ​។

សម្រាប់​សមាសភាព​ក្រុម​ក្នុង​ពូ​ល B វិញ រួមមាន​ម្ចាស់ផ្ទះ​វៀតណាម​, ឥណ្ឌូនេស៊ី​, ម៉ាឡេស៊ី និង​អូស្ត្រាលី​។ ក្នុងការ​ប្រកួត​ជម្រុះ​ពូ​ល គឺ​ក្រុម​ចំណាត់ថ្នាក់​លេខ ១ និង​លេខ ២ តាម​ពូ​ល​នីមួយៗ នឹងត្រូវ​បន្តទៅ​កាន់​វគ្គ​ពាក់​កណ្តាល​ផ្តាច់ព្រ័ត្រ ក្នុង​ដំណើរ​ឆ្ពោះទៅកាន់​វគ្គ​ផ្តាច់​ព្រ័ត្រ ដែល​នឹង​ធ្វើឡើង​នៅ​ថ្ងៃទី​១៩ ខែសីហា ឆ្នាំ ២០១៩​។

នេះ​ជា​ឆ្នាំ​ទី​២ ហើយ​ដែល​កម្ពុជា ត្រលប់មក​ចូលរួម​ពានរង្វាន់​នេះ​ជាថ្មី​ក្រោយ​ខកខាន​អស់​ជាច្រើន​ឆ្នាំ ចាប់តាំងពី​ឆ្នាំ​២០១៣ មក​។ រំលឹក​ទៅ​ឆ្នាំ​កន្លងទៅ កម្ពុជា បានបញ្ចប់​ទៅដោយ​ស្ថិតនៅ​បាត​តារាង ក្នុង​ពូ​ល A ដែលមាន ម៉ាឡេស៊ី ឥណ្ឌូនេស៊ី និង​មី​យ៉ាន់​ម៉ា ក្នុងការ​ប្រកួត ៣​ដង ចាញ់​ទាំង ៣​ដង និង​របូត​គ្រាប់​បាល់​ដល់​ទៅ ៣៤​គ្រាប់ ហើយ​ទាត់​បញ្ចូល​ទី​បាន ២​គ្រាប់​៕
ម៉េង ហួរ



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114