ព័ត៍មានទាន់​ហេតុការណ៏
Search

មន្ត្រី​ជាន់ខ្ពស់​ក្រសួង​អភិវឌ្ឍន៍​ជនបទ​ ៖ ប​ច្ចុ​ប្បន្ន​មាន​ជនជាតិ​ដើម​ភាគតិច​ចំនួន​២៤​ជនជាតិ រស់នៅ​១៥ ខេត្ត​នៅ​កម្ពុជា

ភ្នំពេញ​ ៖ លោក នួន ដា​ញ៉ិល រដ្ឋលេខាធិការ​ក្រសួង​អភិវឌ្ឍន៍ជនបទ​បាន​អះអាងថា ប​ច្ចុ​ប្បន្ន​មាន​ជនជាតិដើម​ភាគតិច​ចំនួន​២៤​ជនជាតិ កំពុង​រស់នៅក្នុង​១៥ នៅ​ប្រទេស​កម្ពុជា ហើយ​មាន​ចំនួន​ប្រមាណ​១,៤​ភាគរយ នៃ​ចំនួន​ប្រជាជន​សរុប​ទូទាំងប្រទេស ហើយ​ការប្រកប​របបរ​ចិញ្ចឹមជីវិត​របស់​ពួកគាត់ ពឹងផ្អែក​ស្ទើរតែ​ទាំងស្រុង​លើ​ការធ្វើ​ស្រែ ឬ​ចម្ការ​តាម​ប្រពៃណី (​ចម្ការ​វិលជុំ​) និង​ការប្រមូល​ផល​អនុផល​ព្រៃឈើ​។

ការ​លើក​ឡើង​របស់​ម​ន្ត្រី​ជាន់ខ្ពស់​ក្រសួង​អភិវឌ្ឍន៍​ជនបទ​បែបនេះ បាន​ធ្វើឡើង​នៅ​ក្នុង​សិក្ខាសាលា​ពិគ្រោះ​យោបល់​ថ្នាក់​ជាតិ ស្ដីពី​ការរៀបចំ​ផែនការ​យុទ្ធសាស្ត្រ​អភិរក្ស និង​អភិវឌ្ឍ​ជនជាតិ​ដើម​ភាគតិច​នៅ​កម្ពុជា ដែល​សិក្ខាសាលា​នេះ រៀបចំឡើង​នៅ​ភោជនីយដ្ឋាន​ទន្លេបាសាក់​២ ស្ថិតនៅ​ក្នុង​សង្កាត់​ទន្លេបាសាក់ ខណ្ឌចំការមន រាជធានី​ភ្នំពេញ កាលពី​ព្រឹក​ថ្ងៃទី​១០ ខែតុលា ឆ្នាំ​២០១៩ ដែល​រៀបចំ​ដោយ​ក្រសួង​អភិវឌ្ឍន៍ជនបទ និង​វេទិកា​នៃ​អង្គការ​មិនមែន​រដ្ឋាភិបាល​ស្តីពី​កម្ពុជា (NGO forum)​។

សិក្ខាសាលា​នេះ​រៀបចំ​ពេញ​មួយថ្ងៃ ក្នុង​គោលបំណង​ចែករំលែក​មេរៀន និង​បទពិសោធន៍ នៃ​ការកំណត់​អត្តសញ្ញាណ​ជនជាតិដើម​ភាគតិច​នៅ​កម្ពុជា និង​ពិ​ភក្សា​ប្រមូល​ធាតុ​ចូល ដើម្បី​រៀបចំ​សេចក្តីព្រាង​ផែនការ​យុទ្ធសាស្ត្រ​ស្ដីពី​ការអភិវឌ្ឍ​ជនជាតិដើម​ភាគតិច និង​ផ្ដល់ឱកាស​ដល់​សហគមន៍​ជនជាតិដើម​ភាគតិច ស្ថាប័ន​ពាក់ព័ន្ធ ដៃគូ​អភិវឌ្ឍន៍​សង្គម​ស៊ីវិល​ស្ថាប័ន​សិក្សា​ស្រាវជ្រាវ ដើម្បី​ពិភាក្សា​អំពី​ការអភិវឌ្ឍន៍​និង​ការ​អភិរក្ស​ជនជាតិ ដើម​ភាគតិច​នៅ​កម្ពុជា ក្រោម​អធិបតីភាព​លោក នួន ដា​ញ៉ិល រដ្ឋលេខាធិការ​ក្រសួង​អភិវឌ្ឍន៍​ជនបទ​តំណាង​លោក អ៊ុក រ៉ាប៊ុន រដ្ឋមន្ត្រី​ក្រសួង​អភិវឌ្ឍន៍​ជនបទ​បទ​, លោក​បណ្ឌិត តឹក វណ្ណា​រ៉ា នាយក​ប្រតិបត្តិ​អង្គការ NGO Forum និង​មាន​ការចូល រួម​ពី​វាគ្មិន​សំខាន់ៗ​មួយចំនួនទៀត​។

ថ្លែង​ទៅកាន់​អង្គសិក្ខាសាលា លោក នួន ដា​ញ៉ិល បានលើកឡើង​យ៉ាងនេះ​ថា ជនជាតិដើម​ភាគតិច មាន​ចំនួន​២៤​ជនជាតិ ហើយ​មាន​ចំនួន​ប្រមាណ​១,៤​ភាគរយ នៃ​ចំនួន​ប្រជាជន​សរុប​ដែល​បាន​នឹង​កំពុង​រស់​នៅ​ក្នុង​ខេត្ត​ចំនួន​១៥ ក្នុង​ព្រះរាជាណាចក្រ​កម្ពុជា​។ ដោយឡែក​ការ​ប្រកប​របប​ចិញ្ចឹមជីវិត​របស់​ពួកគាត់ ពឹងផ្អែក​ស្ទើរតែ​ទាំងស្រុង​លើ​ការ​ធ្វើ​ស្រែ ឬ​ចម្ការ​តាម​ប្រពៃណី (​ចម្ការ​វិលជុំ​) ការប្រមូល​ផល​អនុផល​ព្រៃឈើ ដូចជា​ទឹកឃ្មុំ ជ័រទឹក ជ័រ​អុង បន្លែ​ព្រៃ និង​ការនេសាទ​។​ល​។ ដោយ​បាន​ផ្សារភ្ជាប់​ចំណេះដឹង​នៃ​ការអនុវត្ត និង​គ្រប់គ្រង​ខាងលើ​ប្រកបដោយ​និរន្តរភាព គួរ​ឲ្យ​កោតសរសើរ​។ លើស​ពី​នេះ បងប្អូន​ជនជាតិ​ដើម​ភាគតិច មាន​ទំនាក់ទំនង​ជាពិសេស​លើ​ការប្រើប្រាស់​ដី​ដូនតា ព្រៃ​ជំនឿ និង​មាន​ប្រពៃណី​វប្បធម៌​រស់នៅ ភាសា និង​ប្រើប្រាស់​ដីធ្លី​កម្មសិទ្ធិ​សមូហភាព តាម​សហគមន៍​រៀងៗ​ខ្លួន ក្នុងការ​រួមចំណែក​លើ​ក​កម្ពស់​ការការពារ និង​ការអភិវឌ្ឍ​សហគមន៍​របស់​ពួកគាត់​ឲ្យ​កាន់តែ​ប្រសើរឡើង ថែមទៀត​។

តាម​លោក នួន ដា​ញ៉ិល រដ្ឋធម្មនុញ្ញ នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​រាជរដ្ឋាភិបាល​កម្ពុជា​ក្រោម​ការដឹកនាំ​ប្រកបដោយ​គតិបណ្ឌិត និង​ដោយ​ភាព​ប៉ិនប្រសព្វ​របស់​ស​ម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន បានបញ្ជាក់​យ៉ាងច្បាស់​អំពី​ការ​ផ្តល់​នូវ​សិទ្ធិ​ជា​មូលដ្ឋាន សមភាព និង​សមធម៌​នៅក្នុង​សង្គម ព្រមទាំង​ផលប្រយោជន៍​ដទៃ​ទៀត​ស្មើៗ​គ្នា សម្រាប់​ប្រជាពលរដ្ឋ​ទូទៅ មិន​ថា ប្រជាជាតិ​ស្នូល​ព​ន្ធុ ឬក៏​ជនជាតិ​ដើម​ភាគតិច​ណាមួយ ដែល​បាន​នឹង​កំពុង​រស់​នៅ​ក្នុង​ព្រះរាជាណាចក្រ​កម្ពុជា​ឡើយ​។ យ៉ាងណាមិញ​បងប្អូន​ជនជាតិ​ដើម​ភាគតិច ក៏ដូចជា​ប្រជាពលរដ្ឋ​កម្ពុជា​ទូទៅ​មាន​សិទ្ធិ​ពេញលេញ និង​ស្មើ​ៗ​គ្នា​ចំពោះ​មុខ​ច្បាប់​ក្នុង​ការ​បញ្ចេញមតិ សិទ្ធិ​ចូលរួម​បោះឆ្នោត សិទ្ធិ​ឈរ​ឈ្មោះ​ឲ្យ​គេ​បោះឆ្នោត និង​សិទ្ធិ​ដទៃ​ៗ​ទៀត​។ មិនតែប៉ុណ្ណោះ រាជរដ្ឋាភិបាល​ជានិច្ចកាល​តែងតែ​យកចិត្តទុកដាក់​ដល់​ប​ង​ប្អូន​ជនជាតិ​ដើម​ភាគតិច​នៅ​កម្ពុជា​ដោយ​បាន​លើកកម្ពស់​តម្លៃ ភាសា សីលធម៌ វប្បធម៌ ប្រពៃណី​ដ៏​ល្អ​ផូរផង់ និង​សិទ្ធិ​របស់​បងប្អូន​ជនជាតិដើម​ភាគតិច​នៅ​កម្ពុជា​។

ជាក់ស្តែង​កាលពី​ថ្ងៃទី​០៤ ខែកញ្ញា ឆ្នាំ​២០១៩ រាជរដ្ឋាភិបាល​កម្ពុជា តាមរយៈ​ក្រសួង​អភិវឌ្ឍន៍ជនបទ បាន​ប្រារព្ធ​ទិវា​អន្តរជាតិ​ជនជាតិដើម​ភាគតិច​ពិភពលោក លើក​ទី ២៥ និង​លើក​ទី ១៥ នៅ​កម្ពុជា ក្រោម​ប្រធានបទ “​ភាសា​របស់​ជនជាតិដើម​ភាគតិច​” ផងដែរ​។

សម្រាប់​នីតិកាល​ទី​៦ នៃ​រដ្ឋសភា​រាជរដ្ឋាភិបាល​កម្ពុជា​បានដាក់​ចេញ​នូវ​យុទ្ធសាស្ត្រ​ចតុកោណ​ដំណាក់កាល​ទី​៤ ដើម្បី​កំណើន​ការងារ សមធម៌ និង​ប្រសិទ្ធភាព ឆ្ពោះទៅ​សម្រេចបាន​នូវ​ចក្ខុវិស័យ​កម្ពុជា ឆ្នាំ​២០៥០ ជា​ប្រទេស​ដែលមាន​ចំណូល​ខ្ពស់​។ ទន្ទឹមនឹង​ការយកចិត្តទុកដាក់រ​បស់​រាជរដ្ឋាភិបាល ក្នុងការ​អនុវត្ត​នូវ​សកម្មភាព​អភិវឌ្ឍន៍ជនបទ យើង​ក៏​នៅមាន​ការចូលរួម​គាំទ្រ​ពី​ដៃគូ​អភិវឌ្ឍន៍​អង្គការ​ជាតិ​-​អន្តរជាតិ ក្នុង​រូបភាព​ផ្ដល់ជំនួយ​ជា​បច្ចេកទេស និង​ថវិកា​ផងដែរ​។

ជាក់ស្តែង ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយនេះ ក្រសួង​អភិវឌ្ឍន៍ជនបទ សម្រេចបាន​នូវ​ការងារ​របស់ខ្លួន​គួរ​ជាទី​មោទន ហើយ​ដែល​សកម្មភាព​ទាំងអស់​សុទ្ធតែ​បាន​ឆ្លុះបញ្ចាំង​ទៅនឹង​អនុសញ្ញា​អន្តរជាតិ​ផងដែរ​។ លើសពី​នេះ​ក្រសួង​អភិវឌ្ឍន៍ជនបទ បានចេញ​លិខិត​ទទួលស្គាល់​អត្តសញ្ញាណ​សហគមន៍​ជនជាតិ​ដើម​ភាគតិច​ចំនួន​១៥០ លើ ៤៥៥​។ ដោយឡែក​ក្រសួងមហាផ្ទៃ​បាន​ចេញ​លិខិត​ទទួលស្គាល់​សហគមន៍​ជនជាតិ​ដើម​ភាគតិច​ជា​នីតិបុគ្គល​បាន​ចំនួន​១៣៩ សហគមន៍ ដែល​ក្នុងនោះ​សហគមន៍​ចំនួន ២៤ បានទទួល​ប្លង់​កម្មសិទ្ធិ​ដី​សមូហភាព​រួចរាល់​ពី​ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់​។

សូម​បញ្ជាក់​ថា ជនជាតិ​ដើម​ភាគតិច ដែល​កំពុង​រស់នៅ​កម្ពុជា​រួមមាន ជនជាតិ​ព្នង កួយ ទំ​ពូន ចា​រ៉ា​យ គ្រឹ​ង ព្រៅ កា​វ៉ែត ស្ទៀង ក្រោល មិ​ល កញ្ចក់ ព័រ ខោ​ញ ជង សួយ ថ្មូ​ន លុន ស្អូច រដែ ខិ រ​អង ស្ពុង ល្អឿ​ន សំរែ ។ ជនជាតិ​ទាំងនោះ​រស់នៅក្នុង​ខេត្ត​រតនគីរី​, មណ្ឌល​គី​រី​, ក្រចេះ​, ព្រះវិហារ​, កំពង់ធំ​, ស្ទឹងត្រែង​, ឧ​ត្ត​រ​មានជ័យ​, ត្បូងឃ្មុំ​, ពោធិ៍សាត់​, កំពង់ស្ពឺ​, កោះកុង​, បាត់ដំបង​, ព្រះសីហនុ​, បន្ទាយមានជ័យ និង​សៀមរាប​៕
កោះ​កែវ



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114