ព័ត៍មានទាន់​ហេតុការណ៏
Search

ចាប់ខ្លួន​មនុស្ស​៤​នាក់​ទៀត ពាក់ព័ន្ធ​សំណុំរឿង “​រួមគំនិត​ក្បត់​” និង​ចេញ​ដីកា​បង្គាប់​ឲ្យ​ចាប់ខ្លួន​ម្នាក់​

ភ្នំពេញ​ ៖ មនុស្ស​ចំនួន​៤​នាក់​ទៀតហើយ ត្រូវ​បាន​សមត្ថកិច្ច​ចាប់ និង​ឃុំខ្លួន ទាក់ទង​សំណុំរឿង “​រួមគំនិត​ក្បត់​” ហើយ​ក្នុង​នោះ តំណាង​អយ្យការ​អម​សាលាដំបូង​ខេត្តសៀមរាប ខេត្តកំពង់ចាម រាជធានី​ភ្នំពេញ និង​ខេត្ត​កំពង់ស្ពឺ ក៏បាន​សម្រេច​ធ្វើការ​ចោទប្រកាន់​មនុស្ស​មួយ​ចំនួន​ថែមទៀត​ផងដែរ ក្នុង​សំណុំរឿង​ដូចគ្នា តាម​មាត្រា​៤៤៣ នៃ​ក្រមព្រហ្មទណ្ឌ នៃ​ព្រះ​ជាណា​ចក្រ​កម្ពុជា ពាក់ព័ន្ធ​និង​អំពើ​របស់​ពួកគេ​បាន​កៀងគរ​ប្រជាពលរដ្ឋ ឲ្យ​ចូលរួម​ក្នុង​ផែនការ​ផ្តួលរំលំ​រាជរដ្ឋាភិបាល​កម្ពុជា ក្រោម​ឧបាយកល ផែនការ​នៃ​ការវិល​ត្រលប់មក​កម្ពុជា​របស់​ឧក្រិដ្ឋជន សម រង្ស៊ី​។

ទាក់ទង​បញ្ហា​នេះ អ្នកនាំពាក្យ​អយ្យការ​អម​សាលាដំបូង​ខេត្តសៀមរាប​បាន​ឲ្យ​ដឹង​នៅ​ថ្ងៃទី​០៩ តុលា ថា ចៅក្រម​ស៊ើបសួរ នៃ​សាលាដំបូង​ខេត្តសៀមរាប បាន​ចេញ​ដីកា​បង្គាប់​ឲ្យ​ចាប់ខ្លួន​ជន​ត្រូវ​ចោទ​ឈ្មោះ ឃុន វាន ភេទ​ប្រុស អាយុ​៣០​ឆ្នាំ ដែល​ពាក់ព័ន្ធ​នឹង​អំពើ​ក្បត់ជាតិ ធ្វើ​រដ្ឋប្រហារ​ផ្តួល​រំលំ​រាជរដ្ឋាភិបាល​ស្របច្បាប់​របស់​កម្ពុជា​។ បើ​តាម​អ្នកនាំពាក្យ ឈ្មោះ ឃុន វាន ត្រូវ​បាន​តំណាង​អយ្យការ​អម​សាលាដំបូង​ខេត្តសៀមរាប ចោទប្រកាន់​នៅក្នុង​សំណុំរឿង​ព្រហ្មទណ្ឌ​លេខ​១១៩៨ ចុះ​ថ្ងៃទី​០៨ ខែតុលា ឆ្នាំ​២០១៩ ពីបទ រួមគំនិត​ក្បត់ ដោយ​យោង​តាម​បញ្ញត្តិ​មាត្រា​៤៥៣ នៃ​ក្រមព្រហ្មទណ្ឌ នៃ​ព្រះរាជាណាចក្រ​កម្ពុជា ពាក់ព័ន្ធ​នឹង​អង្គហេតុ​នៃ​ការប៉ុនប៉ង​ធ្វើ​រដ្ឋប្រហារ ផ្ដួល​រំលំ​រាជរដ្ឋាភិបាល​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ក្រោម​ឧបាយកល​ជា ផែនការ នៃ​ការវិល​ត្រឡប់​មក​កម្ពុ​ជា​វិញ​របស់​ឧក្រិដ្ឋជន សម រង្ស៊ី ដោយមាន​ការ​អំពាវនាវ និង ប្រើ​ថវិកា​ប៉ុនប៉ង​បង្កើត​កងកម្លាំង​ឧទ្ទាម​ប្រដាប់អាវុធ​ខុសច្បាប់ ដើម្បី​ចូលរួម​អនុវត្ត​ផែនការ​នេះ ហើយ​ដីកា​បង្គាប់​ឲ្យ​ចាប់ខ្លួន ត្រូវ​បាន​បញ្ជូនទៅ​ស្ថាប័ន​មាន​សមត្ថកិច្ច​រួចហើយ ដើម្បី​អនុវត្ត​ស្របតាម​ច្បាប់ និង​នីតិវិធី​ជា​ធរមាន​។

ចំណែក​អ្នកនាំពាក្យ​អយ្យការ​អម​សាលាដំបូង​ខេត្តកំពង់ចាម នៅ​ថ្ងៃទី​០៩ ខែតុលា ឆ្នាំ​២០១៩ នេះ​បាន​ឲ្យ​ដឹងថា កាលពី​ថ្ងៃ​ទី​០៨ ខែតុលា ឆ្នាំ​២០១៩ ឈ្មោះ ហម វុទ្ធី ត្រូវ​បាន​សមត្ថកិច្ច​នគ​របាល​ចាប់ខ្លួន និង​ធ្វើការ​បញ្ជូនទៅ​សាលាដំបូង​ខេត្តកំពង់ចាម ដើម្បី​ចាត់ការ​តាម​នីតិវិធី​។

តំណាង​អយ្យការ​បាន​បញ្ជាក់ថា កាលពី​ថ្ងៃទី​០១ ខែតុលា ឆ្នាំ​២០១៩ អយ្យការ​អម​សាលាដំបូង​ខេត្តកំពង់ចាម បានសម្រេច​ធ្វើការ​ចោទប្រកាន់​ឈ្មោះ ដុង សុវណ្ណារិទ្ធ ភេទ​ប្រុស អាយុ​៤៧​ឆ្នាំ និង​ឈ្មោះ ហម វុទ្ធី ភេទ​ប្រុស អាយុ ៤៧ ឆ្នាំ​(​គេចខ្លួន​) ពីបទ រួមគំនិត​ក្បត់ តាម​បញ្ញត្តិ មាត្រា​៤៥៣ នៃ​ក្រមព្រហ្មទណ្ឌ នៃ​ព្រះរាជាណាចក្រ​កម្ពុជា​។ ចំពោះ​ឈ្មោះ ដុង សុវណ្ណារិទ្ធ ត្រូវបាន​ចៅក្រម​ស៊ើបសួរ នៃ​សាលាដំបូង​ខេត្តកំពង់ចាម បានសម្រេច​ធ្វើការ​ឃុំខ្លួន​បណ្តោះអាសន្ន​ចំណែកឯ​ឈ្មោះ ហម វុទ្ធី បាន​រត់គេចខ្លួន​។ អ្នកនាំពាក្យ​បញ្ជាក់​ថា ការចោទប្រកាន់​ខាងលើ គឺ​ពាក់​ព័ន្ធ​នឹង​សកម្មភាព​របស់​ឈ្មោះ ដុង សុវណ្ណ​រិ​ទ្ធ និង​ឈ្មោះ ហម វុទ្ធី ដែល​បាន​ចូលរួម ក្នុង​ផែនការ​ផ្តួល​រំលំ​រាជរដ្ឋាភិបាល នៃ​ព្រះរាជាណាចក្រ​កម្ពុជា ក្រោម​ឧបាយកល​ផែនការ​នៃ​ការ​វិល​ត្រឡប់​មក​កម្ពុ​ជា​វិញ​របស់​ឧក្រិដ្ឋជន សម រង្សី ដើម្បី​ឈានទៅ​ចូលរួម​សកម្មភាព ផ្តួលរំលំ​រាជរដ្ឋាភិបាល នៃ​ព្រះរាជាណាចក្រ​កម្ពុជា នៅ​ថ្ងៃទី​០៩ ខែវិច្ឆិកា ឆ្នាំ​២០១៩ ខាងមុខ​តាម​ការអំពាវនាវ​រប​ស់​ឧក្រិដ្ឋជន សម រង្សី និង​បក្ខពួក ហើយ​នៅ​ថ្ងៃទី​០៨ ខែតុលា ឆ្នាំ​២០១៩ ឈ្មោះ ហម វុទ្ធី ត្រូវ​បាន​សមត្ថកិច្ច​នគរបាល នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តកំពង់ចាម​ចាប់ខ្លួន​។

រីឯ​នៅ​រាជធានី​ភ្នំពេញ សមត្ថកិច្ច​បាន​ចាប់ និង​ឃុំខ្លួន​សកម្មជន​អតីត​បក្ស​សង្គ្រោះ​ជាតិ​ម្នាក់ទៀត ពី​បទ រួមគំនិត​ក្បត់ជាតិ ប៉ុនប៉ង​ធ្វើ​រដ្ឋប្រហារ ផ្ដួល​រំលំ​រាជរដ្ឋាភិបាល​ស្របច្បាប់​” ហើយ​ជនជាប់ចោទ​ត្រូវបាន​ចាប់ខ្លួន​នៅ​ខណ្ឌ​ច្បារអំពៅ កាលពី​យប់​ថ្ងៃ​ទី​៧ ខែតុលា ឆ្នាំ​២០១៩​។

ជនជាប់ចោទ​រូប​នេះ​ មានឈ្មោះ យិន សុខ​ហៀ​ង ត្រូវបាន​ព្រះរាជអាជ្ញារង លោក សេង ហៀ​ង ចោទប្រកាន់​ពីបទ “​រួមគំនិត​ក្បត់ជាតិ​” ដែល​បាន​ចូលរួម​ក្នុង​សកម្មភាព ប៉ុនប៉ង​ធ្វើ​រដ្ឋប្រហារ និង​ផ្ដួលរំលំ​រាជរដ្ឋាភិបាល​ស្របច្បាប់​ក្នុង​ផែនការ​ដ៏​ខ្មៅ​កង្វក់​របស់​ទណ្ឌិត សម រ​ង្ស៉ី​។

​ឈ្មោះ យិន សុខ​ហៀ​ង គឺជា​មនុស្ស​ម្នាក់​ក្នុងចំណោម​បុគ្គល​៥​រូប និង​គូកន​ផ្សេងទៀត ដែល​ត្រូវបាន​តំណាង​អយ្យការ​សម្រេច​ចោទប្រកាន់​ពីបទ “​រួមគំនិត​ក្បត់​” តាម​ផែនការ​រដ្ឋប្រហារ​ផ្ដួលរំលំ​រាជរដ្ឋាភិបាល ស្របច្បាប់ របស់​ទណ្ឌិត សម រ​ង្ស៉ី​។

ដោយឡែក​នៅ​ខេត្តកំពង់ស្ពឺ មនុស្ស​២​នាក់​នោះ ដែល​គេ​ស្គាល់​ថា ជា​អតីត​អនុប្រធាន​ប្រតិបត្តិ​បក្ស​សង្គ្រោះ​ជាតិ (CNRP) នៅ​ខេត្តកំពង់ស្ពឺ ត្រូវបាន​ចោទប្រកាន់​ពីបទ “​ធ្វើ​ឲ្យ​បាត់​ជំនឿ​លើ​សេចក្តីសម្រេច​របស់​តុលាការ និង​ញុះញង់​ឲ្យ​ប្រព្រឹត្ត​បទឧក្រិដ្ឋ​ជាអាទិ៍​” ដែល​ប្រព្រឹត្ត​នៅ​ភូមិ​ដូនពេញ ឃុំ​ទួលសាលា ស្រុក​បសេដ្ឋ ខេត្តកំពង់ស្ពឺ ត្រូវបាន​កម្លាំង​នគរបាល​ខេត្តកំពង់ស្ពឺ ឃាត់ខ្លួន​បញ្ជូនទៅ​ស្នងការដ្ឋាន​នគរបាល​ខេត្ត កាលពី​ព្រឹក​ថ្ងៃ​ទី​០៩ ខែតុលា ឆ្នាំ​២០១៩ ហើយ​ជន​ទាំង​២​នាក់​នោះ មានឈ្មោះ អ៊ុ យ៉ុង ភេទ​ប្រុស អាយុ​៦១​ឆ្នាំ និង​ឈ្មោះ ពុ​យ តាក់ ភេទ​ប្រុស អាយុ​៣៧​ឆ្នាំ​៕
ម៉េង ហួរ



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114