ព័ត៍មានទាន់​ហេតុការណ៏
Search

លោក Felix Dalmas និយាយ​ពី​ការ​ចាប់ដៃគ្នា​ជាមួយ Honda ដឹកនាំ​ជម្រើសជាតិ​កម្ពុជា​

លោក Felix G.Dalmas គ្រូបង្វឹក​នៃ​ក្រុមបាល់ទាត់​ជម្រើសជាតិ​កម្ពុជា កាលពីពេល​ថ្មីៗ​នេះ បាន​និយាយ​ពី​ការ​ចាប់ដៃគ្នា​ជាមួយ លោក Keisuke Honda អ្នកចាត់ការ​ទូទៅ​ក្រុម ជុំវិញ​ការដឹកនាំ​ជម្រើសជាតិ​កម្ពុជា ក្នុង​រយៈកាល​ជាង ១​ឆ្នាំ​មកនេះ​។​

យោងតាម​សារព័ត៌មាន​អ៊ីរ៉ង់​មួយ បានបង្ហាញ​ពី​សម្ដី​របស់​គ្រូបង្វឹក​នៃ​ក្រុម​ជម្រើសជាតិ​កម្ពុជា លោក Felix G.Dalmas ក្នុង​សន្និសីទ​សារព័ត៌មាន មុន​ការប្រកួត​វគ្គ​ជម្រុះ​ជុំ​ទី​២ ពានរង្វាន់​បាល់ទាត់​ពិភពលោក ឆ្នាំ​២០២២ សម្រាប់​ប្រទេស​ក្នុង​ទ្វីបអាស៊ី ( 2022 FIFA World Cup qualification-AFC ) និង​ពានរង្វាន់​ជើងឯក​ទ្វីបអាស៊ី ( 2023 AFC Asian Cup qualification ) រវាង​អ៊ីរ៉ង់ និង​កម្ពុជា ក្នុងនោះ​ក៏មាន​ការស្នើសុំ​ឲ្យ​លោក​បង្ហាញ​ពី​ការចាប់​ដៃគូ​គ្នា​ជាមួយ លោក Keisuke Honda ក្នុង​ក្រុម​ជម្រើសជាតិ​កម្ពុជា​។


អ្នកសារព័ត៌មាន​អ៊ីរ៉ង់ បាន​ចោទ​សួរថា តើ​លោក Keisuke Honda មាន​តួនាទី​អ្វី​ជាមួយ​ក្រុម​ជម្រើសជាតិ​កម្ពុជា ហើយ​គាត់​បាន​លះបង់​អ្វីខ្លះ​ដល់​ការអភិវឌ្ឍន៍​ប្រទេសមួយ​នេះ​? លោក Felix Dalmas បាន​ឆ្លើយតប​ថា «​ខ្ញុំ និង Keisuke Honda មាន​គោល​គំនិត​ដូចគ្នា​នៅក្នុង​ក្រុម ហើយ​យើង​សម្រេច​ដើរ​លើ​គម្រោង​នេះ​ជាមួយគ្នា​។​»

​លោក​បាន​បន្តថា «​អាច​និយាយបានថា ខ្ញុំ​មាន​ពេលវេលា​ច្រើនជាង Honda​។ ខ្ញុំ​មានឱកាស​ចំណាយពេល​ច្រើន​ជាមួយ​ក្រុម​។ ទោះយ៉ាងណា Honda នឹង​ដើរតួនាទី ១០០​ភាគរយ នៅក្នុង​ក្រុម​របស់​យើង​។ ការរីកចម្រើន​អ្វី​ក៏ដោយ​ដែល​អ្នកឃើញ​នៅក្នុង​ក្រុម គឺជា​ផ្នែក​មួយ​ដ៏​ធំ​នៃ​វត្តមាន​របស់ Honda ហើយ​វា​គឺជា​ជំនួយ​ដ៏​ធំធេង ក្នុងការ​មាន​កីឡាករ​អាជីព និង​ជា​បុគ្គល​ដ៏​ល្អ​ម្នាក់​នៅក្នុង​ក្រុម​។ គាត់​ដឹកនាំ​ក្រុម​មិន​ត្រឹមតែ​ដោយសារតែ​វត្តមាន​របស់គាត់​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ថែមទាំង​បទពិសោធន៍​ដែល​គាត់​បាន​ជួយ​ដល់​កីឡាករ​របស់​យើង​ផងដែរ ខ្ញុំ​គិតថា​វា​ជាការ​រួមបញ្ចូល​គ្នា​ដ៏​ល្អ ពីព្រោះ Honda និង​ខ្ញុំ មាន​បុគ្គលិកលក្ខណៈ​ខុសគ្នា ប៉ុន្តែ​យើង​ចែករំលែក​ក្តី​សុ​បិ​ន្ត​ជាមួយគ្នា ហើយ​គោលដៅ​របស់​យើង​គឺ​ដូចគ្នា​។​»

សូមបញ្ជាក់ថា លោក Keisuke Honda និង លោក Felix Dalmas បាន​ចូលមក​ដឹកនាំ​ក្រុមបាល់ទាត់​ជម្រើសជាតិ​កម្ពុជា​ឈុត​ធំ កាលពី​ពាក់កណ្ដាល​ខែសីហា ឆ្នាំ​២០១៨ ដោយ​ស្ម័គ្រចិត្ត ក្នុង​នោះ លោក Keisuke Honda ដើរតួនាទី​ជា​អ្នកចាត់ការ​ទូទៅ​ក្រុម ស្រប​ពេលដែល លោក Felix Dalmas ដើរតួនាទី​ជា​គ្រូ​បង្គោល ផ្ទាល់​តែម្ដង​៕
ម៉េង ហួរ



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114