ព័ត៍មានទាន់​ហេតុការណ៏
Search

ប្រជាពលរដ្ឋ​នៅ​ខណ្ឌទួលគោក​បាន​លើកឡើង​ជា​សំណើ ​និង ​សំណូមពរ​ជាច្រើន ដើម្បី​ជំរុញ​ឲ្យ​អាជ្ញាធរ​រាជធានី​ជួយ​ដោះស្រាយ ក្នុង​វេទិកាសាធារណៈ

ភ្នំពេញ​ ៖ ប្រជាពលរដ្ឋ​នៅ​ខណ្ឌទួលគោក​បាន​លើក​ឡើង​ជាច្រើន​បញ្ហា ដោយ​ជំរុញ​ឲ្យ​អាជ្ញាធរ​រាជធានី​ជួយ​ដោះស្រាយ ក្នុង​នោះ​មាន​ទាំង​បញ្ហា​កកស្ទះ​សំរាម គ្មាន​ចំណត​សាធារណៈ ការ​កែលម្អ ជួសជុល​ជង្ហុក​សំបុកមាន់ រួម​ទាំង​ការ​ស្តារ​ប្រព័ន្ធ ប្រឡាយ​លូ​ជាដើម ដើម្បី​ជួយ​សម្រួល​ការ​លំបាក​របស់​ពួកគាត់​និង​លើកកម្ពស់​សោភ័ណភាព​ទីក្រុង​ឲ្យ​កាន់តែ​ស្រស់ស្អាត​បន្ថែមទៀត​។

ការ​ជំរុញ​និង​លើកឡើង​បែបនេះ​របស់​បងប្អូន​ប្រជាពលរដ្ឋ​បានធ្វើ​ឡើង កាលពី​ព្រឹក​ថ្ងៃទី​១០ ខែតុលា​នេះ ក្នុង​វេទិកា​ផ្សព្វផ្សាយ​និង​ពិគ្រោះ​យោបល់​របស់​ក្រុមប្រឹក្សា​រាជធានី​ភ្នំពេញ អាណត្តិ​ទី​៣ នៅ​សា​លប​ហោ​ស្រប​ចេនឡា​ខណ្ឌ​ទួ​ក​គោក​។

បញ្ហា​ប្រឈម​ដែល​ប្រជាពលរដ្ឋ​បាន​លើក ដើម្បី​ឲ្យ​អាជ្ញាធរ​រាជធានី ខណ្ឌ​និង​មន្ទីរ​ជំនាញ​ដោះស្រាយ ក្នុង​វេទិកា​នេះ​មានដូចជា ការប្រមូល​សំរាម​មិនទាន់​បានល្អ​របស់​ក្រុមហ៊ុន​ស៊ិន​ទ្រី បណ្តាញ​ផ្លូវ​នៅ​ភូមិ​មួយ​ចំនួន​ក្នុង សង្កាត់​បឹង​សាឡាង និង​តំបន់​បឹងកក់​សំបូរ​ទៅ​ដោយ​ជង្ហុក​សំបុកមាន់ ដែល​ទាមទារ​ឲ្យ អាជ្ញាធរ​ចាត់វិធានការ​ជួសជុល​កែលម្អ​ជាបន្ទាន់ ដើម្បី​ងាយស្រួល​សល់​ការ​ធ្វើ​ដំណើរ​របស់​ប្រជាពលរដ្ឋ​។ បន្ថែម​ពី​នេះ​ទៀត​ក្រុម​ប្រជាពលរដ្ឋ​ក៏បាន​ឡើង​ពី​បញ្ហា​ការ​ចត​យានយន្ត​គ្មាន​សណ្តាប់ ធ្នាប់​ដែល​រំ​ដល់​ការធ្វើដំណើរ ហើយ​សម្រាប់​បណ្តាញ​លូ​សាធារណៈ​មួយចំនួន​បាន​ខូច​ឬ​ស្ទះ ដែល​ធ្វើ​ឲ្យ​ទឹកភ្លៀង​ហូរ​ពុំបាន​លឿន​ប្រឈម​ដល់​ការ​ជន់​លិច​ជាដើម​។

លោក​ឯក ឃុន​ឌឿ​ន អភិបាលខណ្ឌ​ទួលគោក​បាន​អះអាង​ថា រាល់​សំណើ​និង​សំណូមពរ ដែល​ប្រជាពលរដ្ឋ​បានលើកឡើង​ទាំងអស់នេះ អាជ្ញាធរ​និង​ធ្វើការ​ដោះស្រាយ​ទៅតាម​ជំនាញ​។ ជាក់ស្តែង​ការជួសជុល​ផ្លូវ ជង្ហុក​សំបុកមាន់ និង​ការ​ដាក់លូ​បន្ថែម នឹងត្រូវ​ធ្វើឡើង​នៅ​ដើមឆ្នាំ ក្រោយនេះ​។

លោក​បញ្ជាក់​ថា សម្រាប់​បញ្ហា​ចត​យានយន្ត​គ្មាន​សណ្តាប់ធ្នាប់​នៅតាម​ដង​ផ្លូវ​ក្នុង ភូមិសាស្ត្រ​នៃ​ខណ្ឌទួលគោក គឺ​ចាប់​ពី​ពេល​នេះ​ទៅ​កម្លាំង​សមត្ថកិច្ច​នឹង​ប្រើ​ខ្នោះ​ចាក់​រថយន្ត​ទាំង នោះ​នៅនឹងកន្លែង ​ឬ ​អូស​ទៅ​អធិការនគរបាល​ខណ្ឌ​ដើម្បី​ដោះស្រាយ​តាម​វិធានការ​ច្បាប់​។ បន្ថែម​ពីនេះ​ទៀត​លោក​អភិបាលខណ្ឌ​បាន​បញ្ជាក់ថា ក្រុមការងារ​ខណ្ឌ​នឹង​បន្ត​ពិភាក្សា​ជាមួយ ក្រុមហ៊ុន​ស៊ិន​ទ្រី ដើម្បី​ធ្វើយ៉ាងណា​ឲ្យ​ក្រុមហ៊ុន​នេះ​ផ្តល់​សេវា​ប្រមូល​សំរាម​នៅតាម​មូលដ្ឋាន​ឲ្យ បានល្អ ដើម្បី​កាត់បន្ថយ​កុំ​ឲ្យ​មាន​គំនរ​សំរាម​នៅតាម​ដងផ្លូវ​ដែល​នាំ​ឲ្យ​ប៉ៈ​ពាល់​ដល់​បរិស្ថាន និង សោភ័ណភាព​ទីក្រុង​។


លោកប៉ា សុជាតិ​វង្ស ប្រធាន​ក្រុមប្រឹក្សា​រាជធានី​ភ្នំពេញ​បាន​មានប្រសាសន៍ថា ការបើក​វេទិកា និង​ពិគ្រោះ​យោបល់​រវាង​អាជ្ញាធរ និង​ប្រជាពលរដ្ឋ​នេះ គឺមាន​សារៈសំខាន់​ណាស់ ដើម្បី​ផ្តល់ឱកាស​ជូន​ប្រជាពលរដ្ឋ​បាន​ប្រាស្រ័យ​ទាក់ទង​គ្នា​ទៅវិញទៅមក​រវាង​រដ្ឋ​បាល រាជធានី​ភ្នំពេញ ជាមួយ​រដ្ឋបាល​ខណ្ឌ រដ្ឋបាល​សង្កាត់ ប្រជាពលរដ្ឋ តំណាង​សង្គម​ស៊ីវិល និង​វិស័យ​ឯកជន ដើម្បី​ផ្លាស់ប្តូរ​មតិយោបល់​ក្នុងការ​អភិវឌ្ឍ​ទីក្រុង​ប្រកបដោយ ចីរភាព តម្លាភាព និង​ប្រសិទ្ធភាព​។

សូម​បញ្ជាក់​ថា កាលពី​ឆ្នាំ​២០១៨​កន្លងទៅនេះ ក្រុមប្រឹក្សា​រាជធានី​បាន​ទទួល​សំនួរ សំណើ និង​សំណូមពរ​របស់​ប្រជាពលរដ្ឋនៅក្នុង​ខណ្ឌទួលគោក មាន​រហូតដល់​១០៦​បញ្ហា ក្នុងនោះ បាន​ដោះស្រាយ​រួចរាល់​ជូន​ប្រជាពលរដ្ឋ​បាន​ចំនួន​៨៤​បញ្ហា បាន​សិក្សា​ដាក់​បញ្ចូល​ក្នុង​កម្មវិធី​វិនិយោគ​៣​ឆ្នាំ​រំកិល​មាន​ចំនួន​២១​បញ្ហា និង​មិនទាន់​ដោះស្រាយ​មាន​ចំនួន​១​បញ្ហា​៕
ស្រីរ័ត្ន



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114