ព័ត៍មានទាន់​ហេតុការណ៏
Search

ក្រសួង​សេដ្ឋកិច្ច បើ​កិច្ចពិភាក្សា​លើ​សេចក្តីព្រាង “​យុទ្ធសាស្ត្រ ស្តីពី​ការគ្រប់គ្រង​បំណុល​សាធារណៈ​២០១៩-២០២៣”

​ភ្នំពេញ​ ៖ គណៈកម្មាធិការ​គ្រប់គ្រង​បំណុល​សាធារណៈ នៃ​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ កាលពី​ថ្ងៃទី​០៩ ខែតុលា ឆ្នាំ​២០១៩ បានរៀបចំ​កិច្ចប្រជុំ ដើម្បី​ពិនិត្យ និង​ពិភាក្សា លើ​សេចក្តីព្រាង “​យុទ្ធសាស្ត្រ ស្តីពី​ការគ្រប់គ្រង​បំណុល​សាធារណៈ​២០១៩-២០២៣” ក្រោម​អធិបតីភាព​លោក​អគ្គបណ្ឌិត​សភាចា​រ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ និង​ជា​ប្រធាន​គណៈកម្មាធិការ​គ្រប់គ្រង​បំណុល​សាធារណៈ ដោយមាន​ការ​អញ្ជើញ​ចូលរួម​ពី​ថ្នាក់ដឹកនាំ​នៃ​ក្រសួង​-​ស្ថាប័ន​ពាក់ព័ន្ធ​។

សេចក្តីព្រាង “​យុទ្ធសាស្ត្រ ស្តីពី​ការគ្រប់គ្រង​បំណុល​សាធារណៈ​២០១៩-២០២៣” នេះ ត្រូវបាន​រៀបចំឡើង អនុលោម​តាម​បរិការណ៍​ជាក់​ស្តែង​របស់​កម្ពុជា និង​ឧ​ត្ត​មា​នុ​វត្ត​ជា​អន្តរជាតិ ដោយ ទី​១. ពិនិត្យ​លើ​វឌ្ឍនភាព​នៃ​ការអនុវត្ត​យុទ្ធសាស្ត្រ​ស្តី​ពី​ការគ្រប់គ្រង​បំណុល​សាធារណៈ​២០១៥-២០១៨ ទី​២. វិភាគ​លើ​ហានិភ័យ​, បញ្ហា​ប្រឈម​, និង​កាលានុវត្តភាព​នៃ​ការគ្រប់គ្រង​បំណុល​សាធារណៈ​កម្ពុជា ហើយនឹង​ដាក់ចេញ​នូវ​វិធានការ​ជា​យុទ្ធសាស្ត្រ​មួយ​ចំនួន ដើម្បី​ឆ្លើយតប​ទៅ​នឹង​បរិការណ៍​ថ្មី នៃ​សេដ្ឋកិច្ច​ដែល​កាន់តែ​រីក​លូតលាស់ និង​មាន​ភាពស្មុគស្មាញ​ជាង​មុន សំដៅ​រួមចំណែក​ក្នុងការ​បង្កើនល្បឿន​នៃ​ការធ្វើ​ពិពិធ​កម្ម​សេដ្ឋកិច្ច និង​ពង្រឹងសមត្ថភាព​ប្រកួតប្រជែង ដែលជា​មូលដ្ឋានគ្រឹះ ក្នុងការ​រក្សាបាន​នូវ​កំណើនសេដ្ឋកិច្ច​ខ្ពស់ ប្រកបដោយ​ចីរភាព និង​បរិ​យា​ប័ន្ន ឆ្ពោះទៅ​សម្រេច​បង្គោល​ចរ​ឆ្នាំ​២០៣០ និង​ចក្ខុវិស័យ​កម្ពុជា​ឆ្នាំ​២០៥០​។

ជាមួយគ្នានេះ ដើម្បី​ធានាបាន​នូវ​ភាព​គ្រប់​ជ្រុងជ្រោយ និង​ប្រទាក់ក្រឡា ជាមួយ​គោលនយោបាយ និង​យុទ្ធសាស្ត្រ​ពាក់ព័ន្ធ​នានា សេចក្តីព្រាង “​យុទ្ធសាស្ត្រ ស្តីពី​ការគ្រប់គ្រង​បំណុល​សាធារណៈ ២០១៩-២០២៣” នេះ ត្រូវបាន​ដាក់​ឆ្លង​កិច្ចពិភាក្សា​កម្រិត​បច្ចេក​ទេស​ផ្ទៃក្នុង ក​.​ស​.​ហ​.​វ​. ជាច្រើនលើក​ច្រើនសារ ដែល​កិច្ចប្រជុំ​ពិគ្រោះ​យោបល់​ចុងក្រោយ កាលពី​ថ្ងៃទី​០១ ខែ សីហា ឆ្នាំ​២០១៩ ក្រោម​ការដឹកនាំ​របស់​លោក​រដ្ឋលេខាធិការ​ប្រចាំការ វ​ង្សី វិស្សុត អនុប្រធាន​ប្រចាំការ នៃ​គណៈកម្មាធិការ​គ្រប់គ្រង​បំណុល​សាធារណៈ មុននឹង​យកមក​ដាក់​ឆ្លង​កិច្ចប្រជុំ គណៈកម្មាធិការ​គ្រប់គ្រង​បំណុល​សាធារណៈ​នាពេលនេះ​។

ដើម្បី​បន្ត​ធានា​នូវ​ប្រសិទ្ធភាព ស័ក្តិសិទ្ធិ​ភាព តម្លាភាព គណនេយ្យភាព និង​ចីរភាព​នៃ​ការគ្រប់គ្រង​បំណុល​សាធារណៈ ក្នុង​រយៈពេល​មធ្យម និង​វែង សម្រាប់​ឆ្នាំ​២០១៩-២០២៣ រាជរដ្ឋាភិបាល​នឹង​ប្រកាន់ខ្ជាប់​នូវ​គោលការណ៍ គន្លឹះ​ទាំង​៥​រួមមាន ទី​១. ខ្ចី​ឥណទាន​ក្នុង​ទំហំ​សមស្រប​ដែល​ស្ថានភាព​ថវិកា និង​សេដ្ឋកិច្ច​អាច​ទ្រាំទ្រ​បាន ទី​១. ខ្ចី​តែ​ឥណទាន​ដែលមាន​កម្រិត​សម្បទាន ឬ​លក្ខខណ្ឌ​អនុគ្រោះ​ខ្ពស់ ទី​៣. ខ្ចី​សម្រាប់តែ​វិស័យ​អាទិភាព​ទ្រទ្រង់​ចីរភាព​នៃ​កំណើនសេដ្ឋកិច្ច និង​វិស័យ​បង្កើន​ផលិតភាព​សេដ្ឋកិច្ច ឬ​ផលិតភាព​ផលិតកម្ម ទី​៤. ប្រើប្រាស់​ឥណទាន​ទាំងនោះ ប្រកបដោយ​តម្លាភាព​, គណនេយ្យភាព​, ប្រសិទ្ធភាព​, និង ស័ក្តិសិទ្ធិ​ភាព​ខ្ពស់ បំផុត និង​ទី​៥. ប្រើប្រាស់​ឥណទាន​សម្រាប់​ហិរញ្ញប្បទាន​គម្រោង​វិនិយោគ​លើ​ហេដ្ឋារចនាសម្ព័ន្ធ​សាធារណៈ ដែល​ត្រូវមាន​ស្តង់ដា និង​គុណភាព​ខ្ពស់​ឆ្លើយតប​ទៅនឹង​តម្រូវការ​នៃ​ការអភិវឌ្ឍន៍​ជាតិ​នៅក្នុង​ដំណាក់កាល​ថ្មី ពិសេស​ធានា​បាន​នូវ​ចីរភាព​សេដ្ឋកិច្ច សង្គម បរិស្ថាន និង​ភាព​ធន់​ទៅនឹង​ការប្រែប្រួល​អាកាសធាតុ​។​


អង្គ​ប្រជុំបាន​វាយតម្លៃ​ខ្ពស់ អំពី​សារៈសំខាន់​នៃ “​យុទ្ធសាស្ត្រ ស្តីពី ការ គ្រប់គ្រង​បំណុល សាធារណៈ ២០១៩-២០២៣” នេះ​ហើយ បាន​ពិភាក្សា​ស៊ីជម្រៅ​លើ​ខ្លឹមសារ​តាម​ជំពូក​នីមួយៗ នៃ​សេចក្តីព្រាង​យុទ្ធសាស្ត្រ សំដៅ​ធានាបាន​នូវ​សង្គតិភាព និង​ភាព​ប្រឡាក់​ក្រឡា​ជាមួយ​គោលនយោបាយ និង​យុទ្ធសាស្ត្រ​ពាក់ព័ន្ធ​ផ្សេងទៀត​។

លោក​​អគ្គបណ្ឌិត​សភាចា​រ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី និង​ជា​ប្រធាន​អង្គប្រជុំ ក៏បាន ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ​ចំពោះ​មតិយោបល់​ល្អៗ​របស់​សមាជិក សមាជិកា នៃ​អង្គប្រជុំ ព្រមទាំង​បាន​វាយតម្លៃ​ខ្ពស់​ចំពោះ​កិច្ចខិតខំ​ប្រឹងប្រែង​រប​ស់​ក្រុមការងារ​បច្ចេកទេស អគ្គនាយកដ្ឋាន​សហប្រតិបត្តិ​ការ​អន្តរជាតិ និង​គ្រប់គ្រង​បំណុល នៃ ក​.​ស​.​ហ​.​វ ដែល បាន រៀបចំ​សេចក្តីព្រាង​យុទ្ធសាស្ត្រ ដ៏​មាន​សារៈសំខាន់​នេះ ប្រកបដោយ​ភាព​គ្រប់​ជ្រុងជ្រោយ ៕
សុជាតា



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114