ព័ត៍មានទាន់​ហេតុការណ៏
Search

ព្រឹត្តិការណ៍​ពាក់កណ្ដាល​ម៉ា​រ៉ា​តុង​អន្តរជាតិ​អង្គរ​២០១៩ រំពឹង​មាន​អ្នកចូលរួម​ជាង​១០.០០០​នាក់​

ព្រឹត្តិការណ៍​រត់​ពាក់កណ្តាល​ម៉ា​រ៉ា​តុង​អន្តរជាតិ​ នៅ​អង្គរវត្ត​លើក​ទី​២៤​ ខេត្ត​សៀមរាប នឹង​ចាប់ផ្ដើម​នៅ​ថ្ងៃ​ព្រឹក៨ ខែ​ធ្នូ ខាងមុខនេះ ហើយ​ដែល​ត្រូវបាន​រំពឹងថា​ នឹងមាន​អ្នកចូលរួម​ទាំង​ជនជាតិខ្មែរ ​និង​បរទេស​ចំនួន​ជាង​១០.០០០​នាក់។

លោក វ៉ា​ត់ ចំរើន អគ្គលេខាធិការ​គណៈកម្មាធិកា​រ​ជាតិ​អូឡាំពិក​កម្ពុជា បានបញ្ជាក់​ក្នុង​សន្និសីទ​សារព័ត៌មាន​ស្តីពី​ព្រឹត្តិការណ៍​រត់ប្រណាំង​អន្តរជាតិ​ពាក់កណ្តាល​ម៉ា​រ៉ា​តុង​នៅ​អង្គរវត្ត ខេត្តសៀមរាប នៅ​ទីស្នាក់ការ​គណៈកម្មាធិកា​រ​ជាតិ​អូឡាំពិក​កម្ពុជា​កាលពី​ល្ងាច​ថ្ងៃទី​១០​តុលា ថា ឆ្នាំនេះ​គឺជា​លើក​ទី​២៤​ហើយ ដែល​ក្រសួងទេសចរណ៍​និង​គណៈកម្មាធិការ​ជាតិ​អូឡាំពិក​កម្ពុជា បាន​សហការ​ជាមួយ​អង្គការក្រៅរដ្ឋាភិបាល​នានា ប្រារព្ធ​រៀបចំ​ទិវា​រត់ប្រណាំង​ដ៏​ធំ​នេះ​ឡើង ដើម្បី​ប្រមូលយក​ថវិកា ដែល​ទទួល​បាន​ពី​ការចុះឈ្មោះ​ចូលរួម ទៅ​ជួយ​ដល់​មន្ទីរពេទ្យ​គន្ធបុប្ផា និង​អង្គការ​មួយចំនួនទៀត ដែល​មាន​គោលដៅ​ជួយ​ដល់​កុមារ​ក្រីក្រ​ក្នុងប្រទេស​កម្ពុជា។

លោក​បានធ្វើការ​កត់សំគាល់​ថា ពីមួយ​ឆ្នាំទៅ​មួយឆ្នាំ ចំនួន​ភ្ញៀវទេសចរ ដែល​ចូលរួម​រត់ប្រណាំង​ក្នុង​ទិវា​រត់​ពាក់កណ្ដាល​ម៉ា​រ៉ា​តុង​អន្តរជាតិ​អង្គរ តែងតែមាន​ការកើនឡើង​ជា​បន្តបន្ទាប់ ដែលជា​ហេតុ​នាំ​ឲ្យ​កម្ពុជា​ទទួលបាន​ចំណូល​បន្ថែម​មួយកម្រិត​ទៀត​ពី​ភ្ញៀវ​ទេសចរ ដែល​មក​ចូលរួម​រត់​កម្សាន្ត ក្នុង​ព្រឹត្តិការណ៍​អន្តរជាតិ​មួយ​នេះ។ គិត​មកដល់​ថ្ងៃទី​១០​ខែតុលា​នេះ ចំនួន​អ្នក​ចុះឈ្មោះ​ចូលរួម​រត់​ពាក់​កណ្ដាល​ម៉ា​រ៉ា​តុង​អន្តរជាតិ​អង្គរ​លើក​ទី​២៤​នៅ​ខេត្តសៀមរាប​បាន​ចំនួន​ជាង​៣.៧០០​នាក់​ហើយ ក្នុង​នោះ​មាន​ជនបរទេស​ជាង​២.៧០០​នាក់ ដែល​ភាគច្រើន​ជា​ជនជាតិ​អង់គ្លេស អាម៉េរិក បាន​ចុះឈ្មោះ​តាម​អន​ឡាញ និង​ខ្មែរ​យើង​ជាង​៩០០​នាក់។ បើ​ប្រៀបធៀប​នឹង​ឆ្នាំ​២០១៨ ចំនួន​អ្នកចូលរួម​ពេល​នេះ គឺ​ប្រហាក់ប្រហែល​ទៅនឹង​ឆ្នាំមុន​ដែរ។

លោក វ៉ា​ត់ ចំរើន អះអាងថា ​ព្រឹត្តិការណ៍​រត់ប្រណាំង​អន្តរជាតិ​ពាក់កណ្ដាល​ម៉ា​រ៉ា​តុង​នៅ​អង្គរវត្ត​លើក​ទី ២៤ នៅ​ខេត្ត​សៀមរាប ​ឆ្នាំ​២០១៩​នេះ យ៉ាងណា​ក៏មាន​អ្នកចូលរួម​ជាង​១​ម៉ឺន​នាក់​ដែរ គឺ​ប្រហាក់​ប្រហែល​ទៅនឹង​ឆ្នាំ​២០១៨ ដែល​អ្នកចូលរួម​ជាង​១០.៥០០​នាក់​នោះ។

ព្រឹត្តិការណ៍​រត់​ពាក់កណ្តាល​ម៉ា​រ៉ា​តុង​អន្តរជាតិ​នៅ​អង្គរវត្ត​ខេត្ត​សៀមរាប​នេះ មាន​គោលបំណង​លើក​កម្ពស់​សុខភាព និង​សុខុមាលភាព ព្រមទាំង​រៃអង្គាស​ថវិកា ដើម្បី​គាំទ្រ​ដល់​អង្គ​ការដែល​ជួយ​ដល់​កុមារ​ក្រីក្រ និង​ជនរងគ្រោះ​ដោយសារ​គ្រាប់មីន​នៅ​កម្ពុជា ដែល​ក្នុងនោះ​រួមមាន​ ៖ មន្ទីរពេទ្យ​កុមារ​គន្ធបុប្ផា​មន្ទីរពេទ្យ​កុមារ​អង្គរ កាកបាទក្រហម​កម្ពុជា និង អង្គការ​សប្បុរសធម៌​ដទៃ​ទៀត​នៅ​ក្នុង​ប្រទេស​កម្ពុជា​។

អគ្គលេខាធិការ​ នៃ​គណៈកម្មាធិការ​ជាតិ​អូឡាំពិក​កម្ពុជា បាន​សម្តែង​នូវ​ក្តី​សោមនស្ស​រីករាយ​ក្រៃ​លែង ដែល​បានឃើញ​កំណើន​អ្នករត់​ប្រណាំង​ជា​រៀងរាល់ឆ្នាំ​ក្នុង​ព្រឹត្តិការណ៍​នេះ ជាពិសេស​ពេល​ដែល​បានឃើញ​ការចូលរួម​កាន់តែច្រើន​ជាង​មុន​ពី​ប្រជាជន​ខ្មែរ​។ កាលពី​ឆ្នាំមុន អ្នករត់​ប្រណាំង​ជាង ១ ម៉ឺន​នាក់​មកពី​ជិត៨០​ប្រទេស​បាន​ចូលរួម​ក្នុង​ព្រឹត្តិការណ៍​នេះ ហើយ​ជនជាតិ​ខ្មែរ​មាន​ចំនួន​ច្រើន​ជាង៥០​ភាគរយ នៃ​អ្នករត់​ប្រណាំង​សរុប​។​

លោក​បាន​បន្តថា ដោយមាន​ការគាំទ្រ​ពី​ក្រុមហ៊ុន​ឯកជន ក្រុមហ៊ុន Wurkz និង​អ្នក​ឧបត្ថម្ភ​ផ្សេងៗ​ទៀត ខ្ញុំ​ជឿជាក់ថា ព្រឹត្តិការណ៍​នេះ​នឹង​នៅតែ​បន្ត​ទទួលបាន​ភាពជោគជ័យ ព្រមទាំង​ក្លាយទៅជា​កម្មវិធី​អង្គាស​ថវិកា​ដ៏​សំខាន់​មួយ​ដើម្បី​បម្រើ​គោលដៅ​សប្បុរសធម៌​នៅ​កម្ពុជា​ផងដែរ​។ នៅ​ឆ្នាំមុន ថវិកា​ជាង​១០ម៉ឺន​ដុល្លារ ត្រូវបាន​រៃអង្គាស​តាមរយៈ​ព្រឹត្តិការណ៍​នេះ ដើម្បី​គាំទ្រ​ដល់​សហគមន៍​កម្ពុជា​។

ការរត់​ប្រណាំង​នេះ ចាប់ផ្តើម​នៅ​ម៉ោង​៥និង​១៥នាទី ​ព្រឹក​ថ្ងៃទី​៨​ ខែធ្នូ​ ឆ្នាំ​២០១៩ នៅ​បរិវេណ​ប្រាសាទ​អង្គរវត្ត ហើយ​អ្នករត់​ប្រណាំង​អាច​ចូលរួម​ក្នុង​ប្រកួត​វិញ្ញាសា​ចំនួន៤​ប្រភេទ គឺ​វិញ្ញាសា​រត់​ចម្ងាយ២១​គីឡូម៉ែត្រ​(​ពាក់កណ្ដាល​ម៉ា​រ៉ា​តុង​) វិញ្ញាសា​រត់​ចម្ងាយ​១០គីឡូម៉ែត្រ ៥គីឡូម៉ែត្រ និង ៣ គីឡូម៉ែត្រ។

ទិវា​រត់ប្រណាំង​អន្តរជាតិ​ពាក់កណ្តាល​ម៉ា​រ៉ា​តុង​នៅ​អង្គរវត្ត កម្ពុជា​បាន​ប្រារព្ធ​ធ្វើ​ឡើងជា​រៀងរាល់ឆ្នាំ​ចាប់តាំងពី​ឆ្នាំ១៩៩៦ មក។ មាន​អ្នករត់​ប្រណាំង​ប្រមាណ៥០០នាក់ បាន​ចូលរួម​ទិវា​រត់ប្រណាំង​ពាក់​កណ្តាល​ម៉ា​រ៉ា​តុង​នៅ​អង្គរវត្ត​ជា​លើកដំបូង​នៅ​ឆ្នាំ១៩៩៦នោះ​។ ព្រឹត្តិការណ៍​នេះ កាន់​តែមាន​ប្រជា​ប្រិយ​ភាពខ្លាំង​ឡើង​ពីមួយ​ឆ្នាំទៅ​មួយឆ្នាំ​រហូត​ដល់​បច្ចុប្បន្ននេះ​៕

 



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114