ព័ត៍មានទាន់​ហេតុការណ៏
Search

ឈួន ​រិទ្ធី សាក​ជាមួយ ហ្វា​ផា​យ៉ាក់ – យ៉ា​ម ខេមរា ជួប​ចែក​ស្យ៉ា​ម នៅ​សង្វៀន​វ៉ើ​ក​បាយ័ន​ស្ទឹងមាន​ជ័យ

អ្នក​ប្រដាល់​ឈួន រិទ្ធី ក្លិប​មជ្ឈមណ្ឌល​កីឡាខ​.​ភ​.​ម ត្រូវគេ​ផ្គូ​ឲ្យ​ជួប​ប្រកួត​ជាមួយ​អ្នក​ប្រដាល់​ថៃ​ឈ្មោះ​ហ្វា​ផា​យ៉ាក់ កា​វេ​ថង ជី​ម (Faphayak Kawaythong Gym) ក្នុង​ទម្ងន់​៧១​គីឡូក្រាម ហើយ​យ៉ា​ម​ខេមរា អ្នក​ប្រដាល់​ក្លិប​រស្មី​កុមារកំព្រា ជួប​ប្រកួត​ជាមួយ​អ្នក​ប្រដាល់​ថៃ​ចែក​ស្យ៉ា​ម​ចែក​ស្យ៉ា​ម​ជី​ម​(Jacksiam Jacksiam Gym)​ក្នុង​ប្រភេទ​ទម្ងន់​៧១​គីឡូក្រាម​ដែរ នៅលើ​សង្វៀន​វ៉ើ​ក​បាយ័ន​ស្ទឹង​មាន​ជ័យ នា​យប់​ថ្ងៃអាទិត្យ​ ទី​១៣​ ខែ​តុលា​ ឆ្នាំ​២០១៩​នេះ។

ឈួន រិទ្ធី អតីត​អ្នក​ប្រដាល់​វាយ​ក្នុង​ទ្រុង បាន​លេចមុខ​មក​ម្តងទៀត ក្រោយពី​ចាញ់​ក្រោម​កែង​របស់​អ្នក​ប្រដាល់​ថៃ ផេ​ត​ឧ​ប៊ុន ស៊ីត ជេ​ហ្វ​ប៊ុន​ថា​ម ក្នុង​ទឹក​ទី​២ កាលពី​ថ្ងៃទី​៣០ ខែ​​សីហា ឆ្នាំ​​២០១៩​កន្លង​ទៅ​នេះ។ រិទ្ធី ជា​អ្នក​ប្រដាល់​ម្នាក់​ដែលមាន​ថ្វីដៃ​ល្អ វាយ​ខ្លាំង ពិសេស​កណ្តាប់ដៃ ​និង​កែង​របស់គេ។ ប៉ុន្តែ​ជាមួយ​នឹងមាន​ថ្វីដៃ​ល្អ ឈួន រិទ្ធី មានចិត្ត​ប្រដាល់​តូច​ទៅវិញ។

ទោះជា​យ៉ាងណា ជួប​ប្រកួត​ជាមួយ​ហ្វា​ផា​យ៉ាក់ កា​វេ​ថង ជី​ម លើក​នេះ ឈួន រិទ្ធី ប្រហែលជា​អាច​ជួប​សំណាង​ឈ្នះ ព្រោះថា​ហ្វា​ផា​យ៉ាក់​នេះ ជា​អ្នក​ប្រដាល់​មិនសូវ​ជាខ្លាំង​ប៉ុន្មាន​ទេ ទោះបី​អ្នក​ប្រដាល់​ថៃ​រូបនេះ​ជា​ជើងចាស់ មានបទពិសោធន៍​ និង​ល្បិចកល​ប្រកួត​ច្រើនក្តី។

ហ្វា​ផា​យ៉ាក់ កា​វេ​ថង ជី​ម​នេះ គេ​ធ្លាប់​មក​ប្រកួត​នៅ​ស្រុក​ខ្មែរ​ច្រើនលើក​មកហើយ​ តែ​ពុំដែល​ជួប​ជាមួយ​ឈួន រិទ្ធី​ នោះទេ។​ ការប្រកួត​របស់គេ គឺ​ខ្លាំង​គួរសម​ដែរ ហើយ​លទ្ធផល​ គឺមាន​ឈ្នះ​មាន​ចាញ់។

សម្រាប់​ការជួបគ្នា​រវាង​ឈួន រិទ្ធី និង ហ្វា​ផា​យ៉ាក់ កា​វេ​ថង ជី​ម នេះ គេ​មិន​ហ៊ាន​ទាយ​ថា​នរណា​ឈ្នះ នរណា​ចាញ់​នោះឡើយ?។

ឈួន រិទ្ធី មាន​កំណត់​ត្រា​ប្រកួត​តែ​៦៨​លើក ឈ្នះ​៥៥​លើក ចាញ់​១២​លើក ស្មើ​០១​លើក។ ឯ ហ្វា​ផា​យ៉ាក់ គេ​មាន​កំណត់ត្រា​ប្រកួត​តែ​៩៧​លើក ឈ្នះ​៧៥​លើក ចាញ់​១៨​លើក ស្មើ​០៤​លើក។

ចំពោះ​អ្នក​ប្រដាល់​ជើង​ខ្លាំង​ស្រករ​ក្រោយ យ៉ា​ម ខេមរា ដែល​ត្រូវគេ​ផ្គូ​ឲ្យ​ជួប​ប្រកួត​ជាមួយ​អ្នក​ប្រដាល់​ជើង​ខ្លាំង​ថៃ ចេក​ស្យ៉ា​ម ចេក​ស្យ៉ា​ម ជី​ម (Jacksiam Jacksiam Gym)​ជា​លើកដំបូង​នោះ មិន​ដឹង​ថា​ ខេមរា​ ឈ្នះ​ឬក៏​ចាញ់​នោះឡើយ។ ពួកគេ​ទាំងពីរ ជួប​ប្រកួត​គ្នា​ក្នុង​ប្រភេទ​ទម្ងន់​៧១​គីឡូក្រាម ។

ចេក​ស្យ៉ា​ម ធ្លាប់​មក​ប្រកួត​នៅ​កម្ពុជា​ច្រើនដង​ហើយ ដោយ​វាយ​ចាញ់​ម៉ឺន សុភា​អ្នក​ប្រដាល់​ជើង​ខ្លាំង​របស់​សមាគម​កីឡា​ក្រសួងការពារជាតិ ក្នុង​ទឹក​ទី​២ កាលពី​ថ្ងៃទី​០៨ ខែ​កញ្ញា​ ឆ្នាំ​២០១៩ ហើយ​គេ​ក៏​ធ្លាប់​ឈ្នះ​ឯម ឡេង​លី ក្លិប​ថ្មគោល​ពោធិ​សែន​ជ័យ និង​ធ្លាប់​វាយ​ឈ្នះ​វង្ស ណ​យ ជើង​ខ្លាំង​ក្លិប​កុល​បុត្រ​គុន​ខ្មែរ​ផងដែរ​កន្លងមក។

អ្នក​ប្រដាល់​ថៃ​រូបនេះ គេ​មាន​សមត្ថភាព​ខ្លាំងក្លា និង ជា​ម្ចាស់​ខ្សែក្រវាត់​ថែមទៀត។ មិនធម្មតា​ទេ ដែល​ម្ចាស់​ខ្សែក្រវាត់​មកជួប​ជាមួយ​យ៉ា​ម ខេមរា ដែលជា​អ្នក​ប្រដាល់​ខ្លាំង​ស្រករ​ក្រោយ​បែបនេះ។​តែ​យ៉ាងណា ក៏​ព្រោះតែ​យ៉ា​ម ខេមរា ​គេ​ក៏​ខ្លាំង​ និង​ធ្លាប់​វាយ​ឈ្នះ​ថៃ​ដែរ​កន្លងមក។ ចាំមើល តើ ចេក​ស្យ៉ា​ម អាច​យកឈ្នះ​យ៉ា​ម ខេមរា បាន​ឬ​អត់?។

ចេក​ស្យ៉ា​ម មាន​ប្រវត្តិ​ប្រកួត​ចំនួន​៧៧​លើក ឈ្នះ​៦៣​លើក ចាញ់​១៣​លើក និង ស្មើ០១លើក។ នេះ​បើ​តាម​ប្រវត្តិ​ប្រកួត​របស់​ ចេក​ស្យ៉ា​ម។

ចំណែក យ៉ា​ម ខេមរា មាន​កំណត់​ត្រា​ប្រកួត​តែ​៥០​លើក ឈ្នះ​៣៧​លើក ចាញ់​១២​លើក ស្មើ​០១​លើក។​ ទោះជា​មាន​កំណត់​ត្រា​ប្រកួត​តិចជាង​ក៏ដោយ ក៏​មិនទាន់​ប្រាកដថា​យ៉ា​ម ខេមរា គេ​ចាញ់​ចេក​ស្យ៉ា​ម​នោះដែរ។ ខេមរា ឥឡូវ​គេ​មាន​តិចនិក​ប្រកួត​ល្អ​ជាង​មុន។ ​ដូច្នេះ ការប្រកួត​ជាមួយ​ចេក​ស្យ៉ា​ម​លើក​នេះ មិនទាន់​ប្រាកដថា​ចាញ់​ ចេក​ស្យ៉ា​ម នោះទេ។

ក្រៅពី​គូ​អន្តរជាតិ​នេះ អេ​លី​ត ភក្តី អ្នក​ប្រដាល់​ក្លិប​ឆ្មា​ស​សែន​សុខ​គុន​ខ្មែរ ត្រូវគេ​ផ្គូ​ឲ្យ​ជួប​ប្រកួត​ជា​មួយ​ទេស ជីវ៉ា អ្នក​ប្រដាល់​ក្លិប​កងពលតូច​លេខ​៧០ ដោយ​ជួបគ្នា​ក្នុង​ប្រភេទ​ទម្ងន់​៦៣,៥០០​គីឡូ​ក្រាម៕



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114