ព័ត៍មានទាន់​ហេតុការណ៏
Search

រថយន្ត​ឆ្លាម​១​គ្រឿង​ លួច​ដឹកឈើ​ប្រណីត ត្រូវ​កម្លាំង​អាវុធហត្ថ​ស្រុក​អូរ​យ៉ា​ដាវ​បង្ក្រាប​

​រតនគិរី ៖ ​រថយន្ត​១​គ្រឿង​ ដែល​លួច​ដឹកជញ្ជូន​ឈើ​ប្រណី​តទៅ​លក់​នៅ​ប្រទេស​វៀតណាម ​ត្រូវ​បាន​កម្លាំង​កងរាជអាវុធហត្ថ​ស្រុក​អូ​រយ៉ា​ដាវ ​​ចុះ​បង្ក្រាប​​ ​កាលពី​វេលា​ម៉ោង​៣​និង​៤០​នាទី​រសៀល ថ្ងៃទី​៩ ខែតុលា ឆ្នាំ​២០១៩​កន្លងទៅ ស្ថិត​ត្រង់ចំណុច​ផ្លូវបំបែក​ភូមិ​៣ ឃុំ​យ៉ា​ទុង ស្រុក​អូរ​យ៉ា​ដាវ ខេត្ត​រតនគិរី។

យោងតាម​របាយការណ៍​ពី​កងរាជអាវុធហត្ថ​ខេត្ត​បាន​ឲ្យ​ដឹងថា ក្នុងនោះ​កម្លាំង​អាវុធហត្ថ​ស្រុក​ចំនួន​៦ នាក់ ដឹកនាំ​ដោយ​ លោក​វរសេនីយ៍ត្រី សុខ មីន មេបញ្ជាការ​អាវុធហត្ថ​ស្រុក​អូ​រយ៉ា​ដាវ បានធ្វើការ​ចុះ​បង្ក្រាប​រថយន្ត​១​គ្រឿង​ម៉ាក​កាមរី​ឆ្លាម ពណ៌​ស្ករ ពាក់​ស្លាក​លេខ ភ្នំពេញ 2T-7353 ដឹកជញ្ជូន​ឈើ​ប្រណីត​ប្រភេទ​ធ្នង់​ចំនួន​៥១០​គីឡូក្រាម ស្មើ​នឹង​០,៣៧៧​ម៉ែត្រគូប​។​

របាយការណ៍​បាន​បន្តថា ក្រោយពី​កម្លាំង​បានធ្វើការ​ចុះបង្ក្រាប​នោះដែរ អ្នកបើកបរ​រថយន្ត​បាន​បើក​ទ្វារ​ចុះ​រត់គេចខ្លួន​បាត់ស្រមោល បន្សល់ទុក​រថយន្ត​នៅ​នឹង​កន្លែង ហើយ​បាន​រឹបអូស​យកមក​រក្សា​ទុក​នៅ​មូលដ្ឋាន​កងរាជអាវុធហត្ថ​ស្រុក​អូរ​យ៉ា​ដាវ ដើម្បី​រង់ចាំ​ប្រគល់​ទៅ​ឲ្យ​ជំនាញ​រដ្ឋបាល​ព្រៃឈើ​ស្រុក​បរ​កែវ​ចាត់វិធានការ​បន្ត​តាមច្បាប់​ព្រៃឈើ​៕



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114