ព័ត៍មានទាន់​ហេតុការណ៏
Search

ជម្រុះ​ខ្សែក្រវាត់​ «​អ្នក​ប្រយុទ្ធ​កំពូល​ថាមពល​ឆេ​ម​ពាន​» ជុំ​ទី​២ ៖ ឆៃ សា​រ៉ា ជួប ឈូក ឆៃ ឯ ពុទ្ធ ឆាយ​រិទ្ធី ជួប ឈាង ឆៃ

ការប្រកួត​ជម្រុះ​ដណ្តើម​ខ្សែក្រវាត់​«​អ្នក​ប្រយុទ្ធ​កំពូល​ថាមពល​ឆេ​ម​ពាន​» រដូវ​កាល​ទី​១ ទម្ងន់​៦៧​គីឡូក្រាម លើស​ង្វៀន​SEATV​ថ្ងៃទី​១៣ ខែ​តុលា ឆ្នាំ​២០១៩​នេះ ជាការ​ប្រកួត​ជុំ​ទី​២ រវាង​អ្នក​ប្រដាល់​កម្ពុជា ឆៃ សា​រ៉ា អ្នក​ប្រដាល់​សមាគម​កីឡាប្រដាល់​ក្រសួងការពារជាតិ និង អ្នក​ប្រដាល់​ថៃ ឈូក ឆៃ​(Chhuok Chhai) ហើយ​អ្នក​ប្រដាល់​កម្ពុជា​ពុទ្ធ ឆាយ​រិទ្ធី ក្លិប​ពុទ្ធ​សេរី​វង្ស​កីឡា និង​អ្នក​ប្រដាល់​ថៃ​ឈាង ឆៃ (Chheng Chhai)។​
​ ​
សម្រាប់​ជំនួប​ក្នុង​ជុំ​ទី​២​នេះ រវាង​ឆៃ សា​រ៉ា និង ឈូក ឆៃ នេះ ពួកគេ​ទាំងពីរ​នាក់​នេះ ធ្លាប់​ជួបគ្នា​ម្តង​ហើយ​កាលពី​ថ្ងៃទី​០៤ ខែ​ឧសភា​ ឆ្នាំ​២០១៩​កន្លងមក ដោយ​ឆៃ សា​រ៉ា វាយ​ចាញ់ ឈូក ឆៃ ដោយ​ពិន្ទុ ។

ឆៃ សា​រ៉ា មាន​ប្រវត្តិ​ប្រកួត​ចំនួន​១០០​លើក ឈ្នះ​៨១​លើក ចាញ់​១៧​លើក និង​ស្មើ​ពិន្ទុ​២​លើក។ ​គេ​ជួប​ជាមួយ​កំពូល​អ្នកលេង​ជង្គង់​ឈូក ឆៃ គឺ​ប្រាកដជា​មិន​ងាយស្រួល​ឡើយ។

ឈូក ឆៃ នរណា​ក៏​ស្គាល់​គេ​ដែរ ហើយក៏​ពិបាក​យកឈ្នះ​គេ​ដែរ​ក្នុងការ​មក​ប្រកួត​កន្លងមក។ ឈូក ឆៃ គេ​មាន​ប្រវត្តិ​ប្រកួត​ចំនួន​៨៩​លើក ឈ្នះ​៦៥​លើក ចាញ់​២១​លើក និង​ស្មើ​ពិន្ទុ​៣​លើក។ សូម​បញ្ជាក់​ថា អ្នក​ប្រដាល់​ថៃ​រូបនេះ​ធ្លាប់​ស្ពាយ​ខ្សែក្រវាត់​ពី​ស្រុក​ខ្មែរ​ទៅ​ស្រុកថៃ​បាន​១​ហើយ។ ​លើក​នេះ​បើ​ប្រហែស​គេ​នឹង​ស្ពាយ​យកទៅ​មួយទៀត​ក៏​ថា​បានដែរ។

ចាំមើល ឆៃ សា​រ៉ា គេ​អាច​យកឈ្នះ​អ្នក​ប្រដាល់​ថៃ​រូបនេះ​បាន​ឬ​អត់​នោះ?។ ប៉ុន្តែ​យ៉ាងណា អ្នក​ប្រដាល់​ទាំង​២​រូបនេះ មាន​ឱកាស​ឈ្នះ​ដូចគ្នា​ហើយ​បើ​នរណា​ប្រហែស​ក៏​អាច​សន្លប់​ដែរ។

ចំណែក ពុទ្ធ ឆាយ​រិទ្ធី ដែល​ជួប​អ្នក​ប្រដាល់​ថៃ​ឈាង ឆៃ វិញ ត្រូវបាន​ក្រុមអ្នកវិភាគ​ប្រដាល់​ថា ពុទ្ធ ឆាយ​រិទ្ធី មិន​ចាញ់​ឈាង ឆៃ នេះ​ទេ។​ ពុទ្ធ ឆាយ​រិទ្ធី​មាន​ប្រវត្តិ​ប្រកួត​ចំនួន​១២៣​លើក ឈ្នះ​៩៥​លើក ចាញ់​២៦​លើក ស្មើ​ពិន្ទុ​២​លើក។

លោក ថៃ អ៊ូ ដែលជា​អ្នកដឹកនាំ​កីឡាករ​ថៃ​មក​ប្រកួត​នោះ បាន​និយាយថា ឆាយ​រិទ្ធី​ គេ​ល្អ​ និង​ខ្លាំង​ជាង​មុន ដោយសារតែ​កន្លងមក​ថ្មីៗ​នេះ ឆាយ​រិទ្ធី ​បាន​ផ្ដួល​កីឡាករ​ថៃ​ជើង​ខ្លាំង​ឈូក ឆៃ បាន​ហើយ​នោះ គឺ​ឆាយ​រិទ្ធី​មិន​ខ្សោយ​ទេ ហើយ​មួយទៀត​ពុទ្ធ ឆាយ​រិទ្ធី​ មាន​ទម្ងន់​៦៧​គីឡូក្រាម​ពេញ​តែម្តង។​
​ចំពោះ​ឈាង ឆៃ អ្នក​ប្រដាល់​ថៃ​រូបនេះ ជា​លើក​ទី​២ សម្រាប់​គេ​ហើយ ដែល​ជួប​ប្រកួត​ជាមួយ​អ្នក​ប្រដាល់​ខ្មែរ​នោះ។ បើតាម​ប្រវត្តិ​របស់​អ្នក​ប្រដាល់​ថៃ​រូបនេះ គេ​ជា​ជើង​ខ្លាំង ដែលមាន​ស្នៀត​ប្រដាល់​ល្អ និង ខ្លាំង ហើយ​បទពិសោធន៍​លើ​រេញ​របស់គេ​ក៏​គួរសម​ដែរ។

ឈាង ឆៃ អ្នក​ប្រដាល់​ថៃ​រូបនេះ មាន​កំណត់​ត្រា​ប្រកួត​ចំនួន​៧៩​លើក ឈ្នះ​៥៨​លើក ចាញ់​២១​លើក មិនដែល​ស្មើ។ ​កាលពី​ជុំ​ទី​១ ឈាង ឆៃ បាន​វាយ​ចាញ់​ឆៃ សា​រ៉ា ក្នុង​ទឹក​ទី​២​ដែល​ធ្វើឲ្យ​គេ​បាន​១​ពិន្ទុ​ប៉ុណ្ណោះ។

ចំពោះ​ការប្រកួត​រវាង​អ្នក​ប្រដាល់​រួម​ជាតិ​វិញ ប៉ុក វិបុល អ្នក​ប្រដាល់​ក្លិប​កងពលតូច​ទ័ព​ឆ័​ត្រ​យោង​៩១១ នឹង​ជួប​សាក​កណ្តាប់ដៃ​ជាមួយ​ម៉ន ភារ​ម្យ អ្នក​ប្រដាល់​ក្លិប​ការិយាល័យ​ទី​៥​កងទ័ពជើងគោក ។​ ពីរ​នាក់​នេះ ប្រកួត​គ្នា​ក្នុង​ទម្ងន់​៥៤​គីឡូក្រាម។​

ប៉ុក វិបុល ជា​ជើង​ថ្មី ឯ​ម៉ន ភារ​ម្យ ជា​ជើងចាស់។ ដូច្នេះ ចាំមើល​តើ​ប៉ុក វិបុល គេ​អាច​យកឈ្នះ​ម៉ន ភារ​ម្យ បាន​ឬ​អត់​?។​

ឡុង ណង​សៅ អ្នក​ប្រដាល់​ក្លិប​សាល​វ័​ន្ត​កីឡា នឹង​ជួប​ប្រកួត​ជាមួយ​ពុទ្ធ ភា​រិន្ទ អ្នក​ប្រដាល់​ក្លិប​ពុទ្ធ​សេរី​វង្ស​កីឡា ដោយ​ជួបគ្នា​ក្នុង​ប្រភេទ​ទម្ងន់​៥៧​គីឡូក្រាម ។​ឯ ធា វាសនា អ្នក​ប្រដាល់​ក្លិប​រាជសីហ៍​ខេត្ត​រតនគិរី ត្រូវគេ​ផ្គូ​ឲ្យ​ជួប​ប្រកួត​ជាមួយ​ទូច ដេវីត អ្នក​ប្រដាល់​ក្លិប​អា​រុណ​រះ​កីឡា ដោ​យេ​ជួបគ្នា​ក្នុង​ប្រភេទ​ទម្ងន់​៦០​គីឡូក្រាម៕



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114