ព័ត៍មានទាន់​ហេតុការណ៏
Search

នាយករដ្ឋមន្ត្រី ៖ កម្ពុជា​លើកទឹកចិត្ត និង​គាំទ្រ​ដល់​ការសិក្សា​របស់​យុវជន​នៅ​ក្រៅ​ប្រទេស​

ភ្នំពេញ ៖ សម្ដេច​អគ្គ​មហា​សេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​ នៃ​ព្រះរាជាណាចក្រ​កម្ពុជា​បាន​មានប្រសាសន៍ថា សុខសន្តិភាព និង​ស្ថិរភាព​សង្គម និង​នយោបាយ​នៅ​កម្ពុ​ជាជាង​៣០​ឆ្នាំ​មក​នេះ បានផ្តល់​ឱកាស​យ៉ាងច្រើន​ដល់​យុវជន​ក្នុងការ​សិក្សា​រៀនសូត្រ​ទាំង​នៅក្នុង និង​ក្រៅប្រទេស ហើយ​មាន​សិស្សានុសិស្ស និង​និស្សិត​ជាច្រើន​បានចេញ​ទៅ​បន្ត​ការសិក្សា​នៅឯ​បរទេស​លើ​មុខ​ជំនាញ​ជាច្រើន ក្នុងនោះ​រួមទាំង​វិស័យ​កងទ័ព​ផងដែរ​។

​តាម​ សម្ដេច​តេ​ជោ វិស័យ​កងទ័ព គឺជា​វិស័យ​ដ៏​មាន​សារៈសំខាន់​បំផុត​ក្នុងការ​ថែរក្សា​ការពារ​សន្តិ​ភាព និង​បូរណភាព​ទឹកដី ដែល​តម្រូវ​ឲ្យ​មានកា​រ​បណ្ដុះបណ្ដាល​ធនធាន​មនុស្ស​ប្រកបដោយ​គុណ​ភាព​ទាំង​នៅក្នុង និង​ក្រៅប្រទេស​ដែល​យើង​អាចមាន​លទ្ធភាព​ធ្វើទៅបាន​។ កន្លងមក​រាជរដ្ឋាភិបាល​កម្ពុជា​បាន​លើកទឹកចិត្ត និង​ផ្តល់ឱកាស​ដល់​យុវជន​ជំនាន់​ក្រោយ​ឲ្យ​ទទួល​បាន​សិក្សា​នៅក្រៅ​ប្រទេស​ដើម្បី​ស្វែងរក​ចំណេះដឹង​ថ្មីៗ និង​បទពិសោធន៍​ល្អៗ​មកជួយ​អភិវឌ្ឍន៍​ប្រទេសជាតិ​។ មិន​ថា​ពួកគេ​មាន​ប្រភព​មកពីណា ឬ​ស្ថិតក្នុង​ជីវភាព​គ្រួសារ​បែបណា ជា​កសិករ អាជីវករ ឬ​ជា​មន្ត្រីរាជការ គឺ​ពួកគេ​ទាំងអស់​សុទ្ធតែ​ត្រូវបាន​រាជរដ្ឋាភិបាល​ផ្តល់ឱកាស ជំរុញ និង​លើកទឹកចិត្ត​ឲ្យ​បាន​រៀនសូត្រ​នៅ​សាលា​ល្អៗ​ដែលមាន​កម្មវិធី​ហ្វឹកហ្វឺន​ប្រកបដោយ​គុណភាព​។ ជាក់ស្តែង​ដូច​យុវជន​ប៉ុន្មាន​រូប​នេះ គឺ​បាន​តស៊ូ និង​អំណត់​អត់ធន់​រៀនសូត្រ​នៅ​បរទេស​រហូត​បញ្ចប់​ការសិក្សា​ហើយ​បាន​វិល​មក​កាន់​មាតុប្រទេស​វិញ​។ ទន្ទឹមនឹងនោះ ក៏មាន​យុវជន យុវតី​ខ្មែរ​យើង​ជាច្រើនរូប​ទៀត​ដែល​បាន និង កំពុង​សិក្សា​យ៉ាងច្រើន​នៅ​បរទេស​ដើម្បី​ស្រូបយក​ចំណេះដឹង​ថ្មីៗ បទពិសោធន៍​ល្អៗ និង​ជំនាញ​មក​បម្រើ​ប្រទេសជាតិ​។

​រាជរដ្ឋាភិបាល​កម្ពុជា ដែលមាន សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន ជា​ប្រមុខ​ដឹកនាំ តែង​តែ​គាំទ្រ ជំរុញ និង​លើកទឹកចិត្ត​ដល់​យុវជន​ពី​គ្រប់​ស្រទាប់​វណ្ណៈ​ឲ្យ​ទទួល​បានការ​សិក្សា​ជ្រៅជ្រះ ទាំង​ក្នុង​វិស័យ​កងទ័ព និង​នៅក្នុង​វិស័យ​ដទៃៗ​ទៀត​សម្រាប់​យកមក​ចូលរួម​កសាង ​និង​អភិវឌ្ឍន៍​ប្រទេសជាតិ​យើង​អោយ​កាន់តែ​រីកចម្រើន​។

​ទាក់ទង​ការលើកឡើង​របស់​ សម្ដេច​តេ​ជោ ហ៊ុន សែន នេះ កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ​បាន​អះអាងថា ដោយបាន​ការលើកទឹក​ចិត្ត ​និង​គាំទ្រ របស់​រាជរដ្ឋាភិបាល​កម្ពុជា ដែលមាន ​សម្ដេច​អគ្គ​មហា​សេនាបតី​តេ​ជោ ហ៊ុន សែន ជា​នាយករដ្ឋមន្ត្រី មាន​យុវជន​កម្ពុជា​ជាច្រើន ទទួល​បាន​ការ​សិក្សា​នៅក្រៅ​ប្រទេស​ដើម្បី​ស្វែងរក​ចំណេះដឹង​ថ្មីៗ និង​បទពិសោធន៍​ល្អៗ​មកជួយ​អភិវឌ្ឍន៌​ប្រទេស​ជាតិ ក្នុងនោះ​អាវុធហត្ថ​រាជធានី​ភ្នំពេញ ក៏មាន​យុវជន​០១​រូប ដែល​បាន​តស៊ូ និង​អំណត់​អត់ធន់​រៀន​សូត្រ​នៅ​បរទេស​រហូត​បញ្ចប់​ការសិក្សា​សាលា​បណ្ឌិតសភាយោធា​អូស្ត្រាលី ហើយ​បាន​យកចំណេះ​ដឹង​ថ្មីៗ បទពិសោធន៍​ល្អៗ និង​ជំនាញ​មក​បម្រើ​ប្រទេសជាតិ​វិញ​ផងដែរ នោះ​គឺ លោក​វរសេនីយ៍ឯក សៀ ទីន នាយរង សេនាធិការដ្ឋាន កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ​៕

 



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114