ព័ត៍មានទាន់​ហេតុការណ៏
Search

លួច​ម៉ូតូ​អ្នកស្រុក កប់​ក្នុង​រទេះ​អេតចាយ ត្រូវ​ប៉ូលិស​ឃាត់ខ្លួន

ប៉ោយប៉ែត ៖ បុរស​ម្នាក់ ​បាន​អូស​រទេះ​ដើរ​រើស​អេតចាយ​តាម​ភូមិ ហើយក៏​លួចបាន​ម៉ូតូ​មួយគ្រឿង​បង្កប់​ក្នុង​រទេះ ក្រោយមក​ប៉ូលិស​មានការ​សង្ស័យ ​​ឆែក​ឃើញ​មាន​ម៉ូតូ​ស៊េរី​ទំនើប​មួយគ្រឿង​នៅ​ក្នុង​បាត​រទេះ​របស់ខ្លួន ​​ក៏​ឃាត់ខ្លួន​តែម្តង​ទៅ។

ការ​ឃាត់​ខ្លួន​ជនសង្ស័យ​ ធ្វើ​ឡើង​កាលពី​វេលា​ម៉ោង៤​និង​១០នាទី​ទៀបភ្លឺ​ ឈាន​ចូលក្នុង​ថ្ងៃទី​១១ ខែតុលា​ឆ្នាំ ២០១៩​នេះ ​ត្រង់​ចំណុច​ខាងលិច​វត្ត​ប៉ាលីឡយ្យ័​ ស្ថិតក្នុង​ភូមិ​ក្បាលស្ពាន​១ សង្កាត់​ប៉ោយប៉ែត​ ក្រុង​ប៉ោយប៉ែត ​ខេត្ត​បន្ទាយមានជ័យ ស្រប​ពេលដែល​ជនបង្ក​បាន​អូស​រទេះ​ដើរ​រើស​អេតចាយ​តាម​ដងផ្លូវ​នានា​នៅក្នុង​ក្រុង​ប៉ោយប៉ែត លុះ​មកដល់​ចំណុចកើតហេតុ​ខាងលើ​ ស្រាប់តែ​ជន​បង្ក​បានឃើញ​ម៉ូតូ​របស់​ជនរងគ្រោះ​នៅខាងមុខ​ផ្ទះ​ហើយ​គេ​ក៏​ធ្វើ​សកម្មភាព​លើកយក​ម៉ូតូ​ដាក់​ទៅ​ក្នុង​រទេះ​តែម្ដង។ ក្រោយមក​ក៏​ត្រូវបាន​សមត្ថកិច្ច​ប៉ុស្តិ៍​ក្នុង​សង្កាត់​ខាងលើ​មានការ​សង្ស័យ ហើយក៏​ឃាត់​ខ្លួន​សួរនាំ ​និង​ឆែកឆេរ​ក្នុង​រទេះ​ ស្រាប់តែ​ឃើញ​ម៉ូតូ​របស់​ជនរងគ្រោះ​នៅ​ពីក្រោម​គំនរ​អេត​ចាយ​យ៉ាង​ដូច្នេះ។

លោក​អធិការ​ក្រុង​ប៉ោយប៉ែត​បានបញ្ជាក់​ថា ជនសង្ស័យ​ដែល​បាន​ឃាត់ខ្លួន​នោះ គឺ​គេ​មានឈ្មោះ អ៊ិឌី អាយុ​៣៤​ឆ្នាំ​ ជា​មុខសញ្ញា​សង្ស័យ​សេព​ថ្នាំញៀន មុខរបរ​អូស​រទេះ​។

លោក​អធិការ​បាន​បញ្ជាក់​ថា កម្លាំង​ជំនាញ​បាន​ធ្វើការ​ត្រួតពិនិត្យ ​និង​រក​ឃើញ​មាន​ម៉ូតូ​១​គ្រឿង​ ម៉ាក​ហុងដា ហ្សូ​ម័​រ​អ៊ិច ពណ៌​ក្រហម ស ពាក់​ស្លាក​លេខ​បន្ទាយមានជ័យ 1P9988 ហើយ​ជនសង្ស័យ​មាន ស្រុក​កំណើត​នៅ​ភូមិ​ចុង​អំពិល ឃុំ​ចុង​អំពិល ស្រុក​កញ្ជៀច ខេត្ត​ព្រៃវែង ស្នាក់នៅ​មិន​ប្រាកដ មុខ​របរ​លួច និង​មាន​សារធាតុ​ញៀន​ម្សៅ​ស​ថ្លា​ក្រាម​១​ថង់​តូច។ ជនសង្ស័យ​ត្រូវបាន​យកមក​ប៉ុស្តិ៍ ធ្វើការ​សាកសួរ និង​អនុវត្ត​នីតិ​វិធី​ច្បាប់​ក្រោយពេល​សាកសួរ​រួច៕



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114