ព័ត៍មានទាន់​ហេតុការណ៏
Search

ចាញ់​ភ្នាល់​បាល់ ខឹង​សុំ​លុយ​យាយ​មិនបាន យក​ប្រេងកាត​ជះ​ពេញ​ផ្ទះ រួច​ដុត​បំផ្លាញ​ចោល​ឆេះ​ខ្ទេច

ភ្នំពេញ ៖ យុវជន​ម្នាក់​ សង្ស័យ​បែក​ថ្នាំ និង​មួម៉ៅ​ចាញ់​ល្បែងភ្នាល់​បាល់ សុំ​លុយ​យាយ​យកទៅ​ផ្សង​សំណាង​លេង​ល្បែង​បន្តទៀត ក្រែងលោ​ឈ្នះ​មកវិញ ខឹង​ចិត្តបាន​ទៅយក​ប្រេង​ជះ​ពេញ​ផ្ទះ រួច​ដុត​ផ្ទះ​យាយ​បំផ្លាញចោល​ឆេះ​យ៉ាង​សន្ធោសន្ធៅ ប៉ុន្តែ​សំណាងល្អ​បាន​រថយន្ត​ពន្លត់អគ្គិភ័យ​ចេញមក​ជួយ​ព​ន្លត់​បាន​ទាន់ពេលវេលា​ពុំ​បណ្តាល​ឲ្យ​រាលដាល​ឆេះ​ដល់ផ្ទះ​ប្រជាពលរដ្ឋ​ក្បែរ​ខាង​ឡើយ ចំណែក​ជនដៃដល់​ ត្រូវបាន​សមត្ថកិច្ច​ឃាត់ខ្លួន​។

ករណី​គ្រោះ​អគ្គិភ័យ​នេះ​បានកើត​ឡើង កាលពី​វេលា​ម៉ោង​២និង​២០​នាទី​យប់ រំលង​អធ្រាត្រ ឈាន​ចូល​ថ្ងៃ សៅរ៍ ទី​១២ ខែ​តុលា ឆ្នាំ​២០១៩ ចំណុច​មុខ​ភោជនីយដ្ឋាន​ថ្មដា ផ្ទះល្វែង​ជាន់​ទី​២ ផ្លូវ​១០៧ (​ផ្លូវ​សុខ​ហុក​) កែង​នឹង​ផ្លូវ​កម្ពុជា​ក្រោម សង្កាត់​មនោ​រម្យ ខណ្ឌ​៧​មករា រាជធានី​ភ្នំពេញ។

បើតាម​សម្ដី​ លោកយាយ ឈ្មោះ ពិន ម៉​ឡាង ភេទ​ស្រី​ អាយុ​៦៧​ឆ្នាំ មុខរបរ​ដើរ​រើស​អេតចាយ ត្រូវ​ជា​យាយ​ជនបង្ក​បាន​ប្រាប់​ឲ្យ​ដឹងថា នៅ​យប់​ថ្ងៃកើតហេតុ គាត់​ឃើញ​ចៅប្រុស​របស់គាត់ មាន​ឈ្មោះ ផុត យូ​ណា​ម អាយុ២៧​ឆ្នាំ មុខរបរ​សន្តិសុខ​ឯកជន រស់នៅ​ជាមួយ​គាត់ មាន​អាកា​រៈ​ដូចជា​បែក​ថ្នាំ ព្រោះ​ចៅ​របស់គាត់​ធ្លាប់ប្រើ​ប្រាស់​សារធាតុ​ញៀន​ជាប្រចាំ​ បានមក​សុំ​លុយ តែ​គាត់​គ្មាន​លុយ​ឲ្យ ជន​បង្ក​ខឹង​ ក៏បាន​ប្រមូល​ខោអាវ ព្រមទាំង​សម្ភារៈ​ក្នុងផ្ទះ​មួយចំនួន រួច​ចាក់​ប្រេង​កាត​ដុត បណ្ដាល​ឲ្យ​ឆាប​ឆេះ​យ៉ាង​សន្ធោសន្ធៅ​តែម្តង។

ប្រភព​ដដែល​បន្តថា​ ក្រោយពី​មាន​អគ្គិភ័យ​កើតឡើង​ភ្លា​ម ​ប្រជាពលរដ្ឋ​នៅក្បែរ​ខាង​បាន​ទូរស័ព្ទ​ទៅ សុំ​កិច្ច​អន្តរាគមន៍​ពី​សមត្ថកិច្ច រួមទាំង​រថយន្ត​ជាច្រើន​គ្រឿង​បាន​ទៅដល់​កន្លែងកើតហេតុ ​ធ្វើ​អន្តរាគមន៍​បាញ់​ពន្លត់ រហូតដល់​ម៉ោង៣​និង​៣៥​នាទី​ទៀបភ្លឺ​ នា​ថ្ងៃទី​ខែឆ្នាំដដែល ទើប​ភ្លើង​បាន​រលត់​ជា​ស្ថាពរ មិន​បង្ក​ឲ្យ​ឆេះ​រាលដាល​ដល់ផ្ទះ​ក្បែរ​នោះឡើយ​។​

យោងតាម​របាយការណ៍​សមត្ថកិច្ច​បាន​ឲ្យ​ដឹងថា ​គ្រោះ​អគ្គិភ័យ​នេះ​បង្កឡើង​ដោយ​មនុស្ស​ដុត បណ្ដាល​ឲ្យ​ខូចខាត​ទ្រព្យសម្បត្តិ ​និង​សម្ភារៈ​ប្រើប្រាស់​អស់ទាំង​ស្រុង។

យោងតាម​ លោកយាយ ជា​ម្ចាស់ផ្ទះ បាន​ប្រាប់​ឲ្យ​ដឹងថា​ ចៅ​របស់ខ្លួន​ចាញ់​ល្បែង ព្រមទាំង​ប្រើ​ប្រាស់​គ្រឿងញៀន យក​ប្រេងកាត ដុត​ផ្ទះ​ខ្លួនឯង​ចោល ​ព្រោះ​កំហឹង​។
​លោកយាយ​បានបញ្ជាក់​ថែម​ទៀត​ថា​ ការប៉ុនប៉ង​ដុត​ផ្ទះ​ខ្លួនឯង​នេះ គឺ​១៣​លើក​មកហើយ ចុង​ក្រោយ​ឆេះ​មែន​! មិន​ត្រឹមតែ​ប៉ុណ្ណោះ ចៅប្រុស​ធ្លាប់​បាន​ឃុំឃាំង​ខ្លួន នៅក្នុង​ផ្ទះ​មិនឲ្យគាត់​ចេញ​ជា​ច្រើនដង​ថែមទៀត ដោយ​ខ្លាច​យាយ​ខ្លួន​ទៅប្រាប់​សមត្ថកិច្ច​។​

ក្រោយពី​កើតហេតុ​ សមត្ថកិច្ច​ឃាត់ខ្លួន​ និង​ សម្រេច​បញ្ជូន​ខ្លួន​ចៅប្រុស​ទៅ​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល មនោ​រម្យ ដើម្បី​ធ្វើការ​សាកសួរ និង​ចាត់ការ​ទៅតាម​នីតិវិធី​ច្បាប់​។ ​ក្រោយពី​សមត្ថកិច្ច​ចាប់​ចៅប្រុស​របស់​ខ្លួន លោកយាយ​ចំណាស់ បាន​ញញឹម​សប្បាយចិត្ត​ក្រៃលែង រហូត​លត់​ជង្គង់​លើកដៃ​ទាំងពីរ​សំពះ​ផុត​ក្បាល ក្រាប​ដល់​ដី បំណង​ចង់ឲ្យ សមត្ថកិច្ច​យក​ចៅ​របស់ខ្លួន​ទៅ​មណ្ឌល​អប់រំ​កែប្រែ ​ព្រោះ​លោកយាយ​អស់​លទ្ធភាព​កែប្រែ​ហើយ៕



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114