ព័ត៍មានទាន់​ហេតុការណ៏
Search

បី​នាក់​ ជួបជុំគ្នា​ផឹកស៊ី​យ៉ាង​សប្បាយ ​បបួលគ្នា​ចុះ​បេះ​ត្រកួន ​អស់កម្លាំង ​លង់ទឹក​ស្លាប់​១​នាក់ ​ជួយ​សង្គ្រោះ​បាន​២​នាក់​

បន្ទាយមានជ័យ ៖ បុរស​បីនាក់​ ទំនេរ​ពី​ការងារ ​បបួលគ្នា​ទៅ​អាង​ទំនប់​អូរ​ខៃ​ដន ​ជួប​ជុំ​គ្នា​ផឹកស៊ី​យ៉ាង​សប្បាយ​ មួយ​សន្ទះ​ក្រោយមក បាន​គ្នា​ចុះ​បេះ​ត្រកួន​ ដោយសារតែ​ជាតិ​សុរា​ចូល​ពោះ​ មាន​អាការៈ​ធេងធោង ​បណ្តា​ល​ឲ្យ​លង់ទឹក​ទាំង​៣​នាក់ ​ស្របពេលនោះ ត្រូវបាន​ទូក​នេសាទ​ជួយសង្គ្រោះ​បាន​២​នាក់ និង​ម្នាក់​ស្លាប់ ​កាលពី​វេលា​ម៉ោង​៦​ល្ងាច ថ្ងៃទី​១១ ខែតុលា ឆ្នាំ​២០១៩ ចំណុច​អាង​ទំនប់​អូរ​ខៃ​ដន ក្នុងភូមិ​កូនដំរី សង្កាត់​និមិត្ត ក្រុង​ប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ​។

​សមត្ថកិច្ច​បាន​ប្រាប់​អ្នកយក​ព័ត៌មាន​ឲ្យ​ដឹងថា​ សព​ជនរងគ្រោះ​មាន ឈ្មោះ ម៉េង មុំ ភេទ​ប្រុស អាយុ​២៥ឆ្នាំ រស់នៅក្នុង​ភូមិ​បា​លិ​លេ​យ្យ​១ សង្កាត់​ប៉ោយប៉ែត ក្រុង​ប៉ោយប៉ែត ខេត្ត​បន្ទាយមានជ័យ​។​

សមត្ថកិច្ច​បានបញ្ជាក់​ឲ្យ​ដឹង​ទៀតថា ​នៅមុន​ពេល​កើត​ហេ​តុ​នោះ​មាន បុរស​៣​នាក់ ​ក្រោយពី​សម្រាក​ពី​ការងារ​បាន​បបួលគ្នា​មក​អាង​អូរ​ខៃ​ដន​ ដើម្បី​ផឹកស៊ី​ឲ្យ​បាន​សប្បាយ​ ក្រោយពី​ផឹកស៊ី​បាន​មួយ​សន្ទុះ​ ក៏​នាំគ្នា​ចុះទៅ​បេះ​ត្រកួន​នៅ​ក្នុង​អាង ចម្ងាយ​ប្រហែល​៤០​ម៉ែត្រ​ យកមក​ក្លែម​បន្ត​ ដោយ​សារ​ជាតិ​សុរា​ចូល​ពោះ ស្រាប់​តែមាន​អាការៈ​ធេងធោង​ក្នុង​ទឹក​ហែល​ទៅមុខ​មិន​រួច​ ស្របពេល​នោះ​បាន​ទូក​អ្នកនេសាទ​នៅក្បែរនោះ​ជួយ​បាន​២​នាក់ ម្នាក់ទៀត​ ត្រូវបាន​លិច​ជួយ​មិនទាន់ ​ក៏​ស្លាប់​ក្នុង​ទឹកតែ​ម្តង​។​ ក្រោយពី​កើតហេតុ​ហើយ​ សព​ ត្រូវបាន​អ្នកនេសាទ​ជួយ​រាវ​រាប់​ម៉ោង រហូតដល់​ម៉ោង​ប្រមាណ​៩​យប់ ​ទើប​រក​សព​ឃើញ​។​ សព ​ត្រូវ​សមត្ថកិច្ច​បញ្ជូន​ទៅ​ឲ្យ​សាច់ញាតិ​យក​ទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី​នៅ​ឯ​ផ្ទះ​សព​តែម្តង​៕



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114