ព័ត៍មានទាន់​ហេតុការណ៏
Search

ចិន​ញៀន​ថ្នាំ​ដល់​កម្រិត ​បែកគំនិត​ប៉ង​លោត​សម្លាប់​ខ្លួន បាន​ខ្មែរ​ជួយ​ទាន់​

ភ្នំពេញ ៖ បុរស​ជនជាតិ​ចិន​ម្នាក់ ​ទំនងជា​ប្រើប្រាស់​ថ្នាំញៀន​ដល់​កម្រិត​កំពូល​ហើយ បានជា​បែក​គំនិត ស្លៀក​លី​អូ ដោះអាវ​ឡើងលើ​អគារ​បម្រុង​លោត​ចុះមក​ក្រោម បង្ក​ការភ្ញាក់ផ្អើល​យ៉ាងខ្លាំង​ដល់​ប្រជាពលរដ្ឋ និង​សមត្ថកិច្ច​ចុះទៅ​អន្តរាគមន៍​បាន​ទាន់ពេលវេលា​មិនឲ្យ​បែក​ឈាម​ប្រឡាក់​ដី។

ហេតុការណ៍​នេះ​បាន​កើតឡើង កាលពី​វេលា​ម៉ោង​៩​យប់ ​ថ្ងៃទី​១១ ខែ​តុលា ឆ្នាំ​២០១៩ នៅ​ចំណុច​មុខ​ព្រលានយន្តហោះ​អន្តរជាតិ​ពោធិចិនតុង ស្ថិត​ក្នុង​សង្កាត់​កា​កា​ទី​២ ខណ្ឌ​ពោធិ៍​សែន​ជ័យ។

ក្រោយ​កើតហេតុ ​ជនបង្ក​ការភ្ញាក់ផ្អើល ​ត្រូវ​សមត្ថកិច្ច​អាវុធហត្ថ​នាំទៅ​ធ្វើការ​សាកសួរ ហើយ​ជននេះ​នៅ​មិនទាន់​ប្រាប់​ពី​អត្តសញ្ញាណ​នៅឡើយ។

តាម​ប្រភព​ព័ត៌មាន​ពី​ប្រជាពលរដ្ឋ​ដែល​នៅ​កន្លែងកើតហេតុ​បាន​ឲ្យ​ដឹងថា ដំបូង​គេ​ឃើញ​បុរស​ម្នាក់​ជា​ជន​ជាតិ​ចិន បាន​ឡើងលើ​អាគារ​ផ្ទះល្វែង​កម្ពស់​៣​ជាន់ ហើយ​ដោះអាវ​ស្រាត​ខោ (​នៅសល់តែ​លី​អូ​) យំ​ស្រែក និង​បម្រុង​លោត​សម្លាប់ខ្លួន ទើប​ធ្វើ​ឲ្យ​មានការ​ភ្ញាក់ផ្អើល​ជាខ្លាំង​ដល់​ប្រជាពលរដ្ឋ​ព្រម​ទាំង​មាន​ជនជាតិ​ចិន​ដូចគ្នា​ជួយ​ស្រែក ពន្យល់​ណែនាំ និង​ត្រៀម​ពូក​រៀបចំ​នៅ​ខាងក្រោម​ដើម្បី​ទ្រ កុំ​ឲ្យ​ធ្លាក់​មក​ងាប់។ បន្ទាប់មក កម្លាំង​អន្តរាគមន៍​របស់​កង​រាជ​អាវុធហត្ថ​រាជធានី​ភ្នំពេញ បាន​យក​ឧបករណ៍​សង្គ្រោះ​ ហើយ​ឡើងទៅ​ចាប់​ក្រៀក​ចុះមក​ក្រោម​ទទួលបាន​ជោគជ័យ ដោយ​មិន​ប៉ះពាល់​ដល់​អាយុជីវិត​នោះ​ឡើយ រួច​បញ្ជូន​ទៅ​ទីបញ្ចាការដ្ឋាន​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ ដើម្បី​ធ្វើ​ការ​អប់រំ​ណែនាំ និង​យកមក​មណ្ឌល​កែប្រែ​ដើម្បី​បន្សាប​គ្រឿងញៀន។ នេះហើយ​ឥទ្ធិពល​គ្រឿង​ញៀន មិន​ថា​បរទេស ខ្មៅ ស ចិន យួន ខ្មែរ លាវ អី​ទេ ឲ្យ​តែ​សាក ដឹង​តែ​ជាប់ចិត្ត​ដោះដៃ​មិន​រួច ហើយ​ទីបញ្ចប់​បែកគំនិត​គិត​ខ្លី ចង់​ប្រល័យ​ជីវិត​ខ្លួនឯង សម្ញែង​លោកា​ទៅ​ហោង៕



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114