ព័ត៍មានទាន់​ហេតុការណ៏
Search

អាវុធហត្ថ​រាជធានី​បញ្ជូន​ក្រុមចោរ​រាត្រី​ទៅ​តុលាការ​ផ្តន្ទាទោស

ភ្នំពេញ ៖ សមត្ថកិច្ច​ជំនាញ​នៃ​ការិយាល័យ​ស្រាវជ្រាវ​បទល្មើស​ព្រហ្មទណ្ឌ កងរាជអាវុធហត្ថ រាជធានី​ភ្នំពេញ បាន​បញ្ជូន​ក្រុម​ចោរ​រាត្រី​០២​នាក់ ទៅ​តុលាការ ពាក់ព័ន្ធ​ករណី​លួច​មាន​ស្ថាន​ទម្ងន់ទោស (​លួច​គាស់​ផ្ទះ​យក​ម៉ូតូ​)​នា​ថ្ងៃទី​១២ តុលា ឆ្នាំ​២០១៩​។

​មន្ត្រី​កងរាជអាវុធហត្ថ រាជធានី​ភ្នំពេញ បាន​ឲ្យ​ដឹង​ថា ក្រុម​ចោរ​រាត្រី​ដែល​កម្លាំង​អាវុធ​ហត្ថ​បង្ក្រាប​បាន​មាន ឈ្មោះ យ៉េន ម៉ា​ឡែ​ន ហៅ​ប្រុស អាយុ ៣១​ឆ្នាំ និង ឈ្មោះ ជា សុវណ្ណ ហៅ​ជ្រុ​យ ហៅ​ឡេវ អាយុ ៤៩​ឆ្នាំ បានធ្វើ​សកម្មភាព លួច​គាស់​ផ្ទះមួយ​កន្លែង នៅ​ចំណុច​ផ្ទះជួល​១B ផ្លូវ​លេខ​៣ ក្រុម​៣ ភូមិ​ទួល​សំពៅ សង្កាត់​ទួល​សង្កែ​១ ខណ្ឌឫស្សី​កែវ រាជធានី​ភ្នំពេញ កាលពី​ថ្ងៃទី​០៨ ខែតុលា ឆ្នាំ២០១៩ វេលា​ម៉ោង​០៦​និង៣០​នាទី​ព្រឹក ដោយ​យក​ម៉ូតូ​បាន ០២​គ្រឿង ម៉ាក​ហុងដា សេ​១២៥ ពណ៍​ខ្មៅ ស៊េរី​ឆ្នាំ​២០១៩ ស្លាក​លេខ កណ្តាល 1AE-3911​និង​ម៉ាក Zoomer X ពណ៌ត្រួយ​ចេក ស្លាក​លេខ ភ្នំពេញ 1GM-4425​។

ប្រភព​បាន​បន្តថា បន្ទាប់ពី​ជនរងគ្រោះ​បានដឹងថា ​ម៉ូតូ​របស់​ខ្លួន​ត្រូវ​ចោរលួច​គាស់​ទ្វា​ផ្ទះ​យក​បាត់ ក៏បាន​ទៅ​ដាក់ពាក្យ​បណ្តឹង​នៅ​មូលដ្ឋាន កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ ក្នុង​ខណ្ឌ​ឫស្សី​កែវ​ដើម្បី​ជួយ​ស្រាវជ្រាវ​។ ក្រោយពេល​ទទួល​ពាក្យ​បណ្តឹង​ភ្លាម អាវុធហត្ថ​ខណ្ឌ​ឫស្សី​កែវ បាន​ធ្វើ​ការ​ស្រាវជ្រាវ​រហូត​ឈាន​ដល់​ការឃាត់ខ្លួន​ជនសង្ស័យ ០២​នាក់ នៅវេលា​ម៉ោង​១៥និង៣០​នាទី ក្នុង​ថ្ងៃ​ដដែល​។

​ក្រោម​វិធានការ​ជំនាញ​របស់​អា​វុ​ធ​ហត្ថ​រាជធានី​ភ្នំពេញ ជនសង្ស័យ​ទាំង ០២​នាក់​នេះ បាន​សារភាព​ឲ្យ​ដឹងថា ពួកគេ​ពិតជា បានធ្វើ​សកម្មភាព​លួច​គាស់​ផ្ទះ​ចូល​លួច​ម៉ូតូ​របស់​ប្រជាពលរដ្ឋ​ពិតប្រាកដ​មែន ហើយ​ក្នុង​ពេលធ្វើ​សកម្មភាព​រូបគេ​ទាំង ០២​នាក់ បាន​កាន់​ដែក​ទីប​០១​ដើម​ប្រវែង​៥​តឹក ដើរកាត់​តាម​ផ្ទះជួល​នៅ​ចំណុច​ខាងលើ បន្ទាប់មក​ពួកគេ​បានឃើញ ផ្ទះជួល មួយ​ល្វែង ហើយ​បាន​អើត​ទៅខាង​ក្នុង​ឃើញ​មាន​ម៉ូតូ ០៣​ទៅ​០៤​គ្រឿង ភ្លាម​នោះ ពួកគេ​បាន​យក​ដែក​ទីប​ដែល​កាន់​ជាប់ដៃ គាស់​ទ្វារផ្ទះ​ចូលទៅ​លួច​យកតែ​ម្តង​។ រូបគេ​ទាំង ០២​នាក់ បាន​ប្រាប់​បន្ថែម​ថា កន្លងមក ពួកគេ​ធ្លាប់​ជាប់ពន្ធនាគារ​ព្រៃ​ស​រយៈពេល ០១​ឆ្នាំ​រួច​ម្តង​ហើយ ពីបទ​លួច​៕
វិមាន



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114