ព័ត៍មានទាន់​ហេតុការណ៏
Search

ពេល​ធ្លាក់​ភ្លៀង​ទឹក​ដក់​ពេញ​ផ្សារ​ច្បារអំពៅ​ ដោយសារ​ក្រុម​ជាង​បិទមុខ​លូ​ចាស់​ដើម្បី​សង់​ផ្សារ​គម្រោង​ថ្មី

ភ្នំ​ពេ​ញ ៖ នៅ​ពេល​មាន​ភ្លៀង​ធ្លាក់​ខ្លាំង​ម្តងៗ​គេ​សង្កេតឃើញ​ មាន​ទឹក​ដក់​មុខ​តូប​ដែល​បងប្អូន​អាជីវករ​កំពុង​លក់ដូរ​ក្នុង​ផ្សារ​ច្បារអំពៅ​ ដែល​មាន​ទីតាំង​ស្ថិត​ក្នុងភូមិ​កណ្តាល​ សង្កា​ត់​ច្បារអំពៅ​ទី​២ ខណ្ឌ​ច្បារអំពៅ ​រាជធានី​ភ្នំពេញ​។

យោង​តាម​ការ​បញ្ជាក់​ពី​លោក​គួច ចំណាន ប្រធាន​គណៈកម្មការ​ផ្សារ​ច្បារអំពៅ​បាន​ប្រាប់​កម្ពុជា​ថ្មី​នៅ​ព្រឹក​ថ្ងៃ​ទី​១២ ​ខែតុលា​នេះ​ថា ​មូល​ហេតុ​ដែល​នៅ​ពេល​មាន​ភ្លៀង​ធ្លាក់​ខ្លាំង ​ហើយ​បង្ក​ឲ្យ​ទឹក​ដក់​មុខ​តូប​អាជីវករ​នោះ ​គឺ​ដោយសារតែ​ការដ្ឋាន​សាងសង់​គម្រោង​ទី​២​ ផ្សារ​ច្បារអំពៅ​បាន​រៀប​ចំ​ប្រព័ន្ធ​លូ​ថ្មី​ ហើយ​បាន​បិទ​ប្រព័ន្ធ​លូ​ចាស់​បង្ក​ឲ្យ​លិចលង់​មុខ​តូប​អាជីវករ ​ប៉ុន្តែ​មិន​លិច​យូរ​ទេ​ គឺ​គណៈកម្មការ​ផ្សារ​ បាន​ដាក់​កម្លាំង​ប្រចាំ​ការ​រង់ចាំ​បូម​ទឹក​ចេញ​មិន​ឲ្យ​លិច​យូរ​ឡើយ។

លោក​គួច ចំណាន បាន​បន្ត​ថា បើ​ការដ្ឋាន​រៀបចំ​ដាក់​ប្រព័ន្ធ​លូ​ថ្មី​រួចរាល់​ហើយ​គឺ​អាច​បើកមុខ​ទឹក​ពី​ប្រព័ន្ធ​លូ​ចាស់​ចូល​ទៅ​ថ្មី​វិញ​ គឺ​លែង​បារម្ភ ​និង​ពេល​ធ្លាក់ភ្លៀង​រង​ការ​លិចលង់​ទៀតហើយ​។

ក្នុង​ឱកាស​នោះ​ដែរ ​លោក​រស់ សុភ​គ្គ័ អភិបាលរងខណ្ឌ​ច្បារអំពៅ​ក៏បាន​ចុះ​ទៅ​ពិនិត្យ​មើល​ប្រព័ន្ធ​លូ​បង្ហូរ​ទឹក​ក្នុង​និង​ក្រៅ​បរិវេណ​ផ្សារ​ច្បារអំពៅ​ ដើម្បី​រិះរក​វិធី​ដោះស្រាយ​កុំ​ឲ្យ​ទឹក​លិច​ចូល​តូប​បងប្អូន​អាជីវករ​ដូចពេលមុនៗ​៕
ន​រា



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114