Connect with us

KPT+

ប្រឡូកសិល្បៈ១៤ឆ្នាំ គ្មានអ្នកនឹកស្មានថា Ariana Grande ទទួលបានសមិទ្ធផលច្រើនដល់ម្លឹង

បានផុស

នៅ

Ariana Grande មានឈ្មោះពេញថា Ariana Grande Butera កើតថ្ងៃទី២៦ ខែមិថុនា ឆ្នាំ១៩៩៣។ នាងមានម្ដាយឪពុកសុទ្ធតែជាអ្នកជំនួញធំ ដោយម្ដាយរបស់នាង អ្នកស្រី Joan Grande ជានាយកប្រតិបត្តិនៃក្រុមហ៊ុនផលិតឧបករណ៍ទំនាក់ទំនង និងសុវត្ថិភាព Hose-McCann Communications ឯឪពុកលោក Edward Butera ជាម្ចាស់ក្រុមហ៊ុនរចនាក្រាហ្វិកនៅ Boca Raton។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

Ariana Grande កើតនៅរដ្ឋ Florida ដោយនាងមានដើមកំណើតជាជនជាតិអាមេរិក កាត់អ៊ីតាលី។ គ្រួសាររបស់នាងបានផ្លាស់ពី New York ទៅ Florida មុនពេលនាងកើត ហើយឪពុកម្តាយរបស់នាងបានបែកគ្នា នៅពេលដែលនាងមានអាយុប្រហែល ៨-៩ ឆ្នាំ។

តារាស្រីរូបនេះជាតារាចម្រៀងផង ជាអ្នកនិពន្ធបទចម្រៀងផង និងជាតារាសម្តែងអាមេរិកាំងម្នាក់ផងដែរ។ ទឹកដបសំឡេងដ៏ប្លែក មិនច្រឡំគេរបស់ Ariana ទទួលបានការគាំទ្រយ៉ាងខ្លាំង ហើយវិថីសិល្បៈរបស់នាងបានក្លាយជាប្រធានបទនៃការចាប់អារម្មណ៍លើប្រព័ន្ធផ្សព្វផ្សាយយ៉ាងឆាប់រហ័ស។

តាមពិត Ariana ចាប់អាជីពសិល្បៈដំបូងបំផុតដោយការសម្ដែង ចាប់តាំងពីនាងមានអាយុ ១៥ឆ្នាំមកម្ល៉េះ។ ដើមឡើយនាងចង់ប្រឡូកក្នុងពិភពតន្ត្រីតែម្ដង តែកាលណោះគ្មាននរណាឱ្យនាងច្រៀងនោះទេ។ ដូច្នេះនាងចាប់ផ្ដើមសម្តែងតាំងក្នុងកម្មវិធីរបស់សាលា និងកម្មវិធីទូរទស្សន៍មួយចំនួន។ លុះដល់ឆ្នាំ២០០៩ នាងចូលរួមសម្ដែងក្នុងកម្មវិធីទូរទស្សន៍ Nickelodeon Victorious រួមជាមួយនឹងតារាសម្ដែង Elizabeth Gillies ហើយនាងទទួលជោគជ័យយ៉ាងខ្លាំង។ ​

កាលណោះ Ariana ត្រូវលាបពណ៌សក់ក្រហមជារៀងរាល់សប្ដាហ៍ ទើបវាធ្វើឲ្យសក់របស់នាងខូចយ៉ាងធ្ងន់ធ្ងរ ហើយចាប់ពីពេលនោះឯង ដែលធ្វើឱ្យនាងលេងស្ទីលបួងសក់ឡើងលើរហូតមកដល់បច្ចុប្បន្ន។

នៅឆ្នាំបន្ទាប់ Ariana ក្លាយជាតារាវ័យជំទង់ដ៏ពេញនិយម ប៉ុន្តែនាងលែងចាប់អាមរ្មណ៍នឹងការសម្ដែងទៀតហើយ នាងចង់ផ្លាស់ប្ដូរមកចាប់អាជីពតន្ត្រីវិញ ហើយក្នុងខែសីហា ឆ្នាំ២០១០ នាងបានសម្រេចបំណងប្រថ្នា ដោយចេញអាល់ប៊ុមដំបូងរបស់ខ្លួន។

មកដល់ឆ្នាំ២០១៣​ ជាឆ្នាំដែល Ariana ចាប់ផ្ដើមល្បីល្បាញក្នុងចំណោមមហាជន ដោយកាលណោះនាងទទួលជោគជ័យលើបទចម្រៀងដែលមានចំណងជើងថា “The Way”។ វាជាបទដែលនាងបានច្រៀងជាមួយតារាចម្រៀងរ៉េបលោក Mac Miller និងជាបទដែលបានបង្ហាញខ្លួនជាលើកដំបូងនៅលេខ១០ លើតារាង Billboard Hot 100 របស់សហរដ្ឋអាមេរិក ហើយទីបំផុតបានឡើងដល់កំពូល៩ ក្នុងរយៈពេលពីរសប្តាហ៍ជាប់គ្នា។

ក្នុងឆ្នាំដដែលនេះ បទចម្រៀង “Almost Is Never Enough” ជាមួយតារាចម្រៀង Nathan Sykes បានផ្ទុះខ្លាំងម្ដងទៀត ដែលនេះធ្វើឱ្យ Ariana កាន់តែមានឈ្មោះបោះសំឡេងក្នុងពិភពតន្រ្តីអាមេរិក។ នៅខែកញ្ញា ឆ្នាំ២០១៣ ទស្សនាវដ្តី Billboard បានដាក់ចំណាត់ថ្នាក់ Ariana Grande នៅលេខ៤ ក្នុងបញ្ជី “Music’s Hottest Minors 2013” ដែលជាចំណាត់ថ្នាក់ប្រចាំឆ្នាំនៃតន្ត្រីករពេញនិយមបំផុតដែលមានអាយុក្រោម ២១ឆ្នាំ។ មិនតែប៉ុណ្ណោះនៅកម្មវិធីពានរង្វាន់តន្ត្រីអាមេរិកឆ្នាំ២០១៣ នាងបានឈ្នះពានរង្វាន់សិល្បករថ្មីប្រចាំឆ្នាំទៀតផង។ មកដល់ខែធ្នូ នាងទទួលបានពានរង្វាន់ Breakthrough Artist of the Year ពីសមាគមធុរកិច្ចតន្ត្រីបន្ថែមមួយទៀត។

នៅខែមករា ឆ្នាំ២០១៤ Ariana Grande បានចាប់ផ្តើមថតអាល់ប៊ុមទី២ ហើយក្នុងខែដដែលនោះ នាងទទួលបានពានរង្វាន់ Favorite Breakout Artist Awards នៅកម្មវិធី People’s Choice Awards 2014។ ឆ្នាំនោះ នាងធ្លាប់ត្រូវបានអតីតប្រធានាធិបតី បារ៉ាក់ អូបាម៉ា និងជំទាវទីមួយ Michelle Obama អញ្ជើញឱ្យទៅសម្តែងនៅឯសេតវិមានចំនួនពីរដងផងដែរ។

ឆ្នាំ២០១៤ដដែល ក្រោយចេញអាល់ប៊ុមទី២ ​តារាស្រីរូបនេះ បានទទួលពានរង្វាន់ ២បន្ថែមទៀត។ ឆ្នាំនោះជាឆ្នាំដែលបទចម្រៀងរបស់នាងទទួលជោគជ័យជាបន្តបន្ទាប់ ហើយនាងកាន់តែមានប្រជាប្រិយភាព ក្រោយចូលរួមច្រៀងបទ “Bang Bang” ជាមួយតារាចម្រៀង Jessi J និងតារារ៉េប ​Nicki Minaj។ ​នាងជាសិល្បករស្រីតែមួយគត់ដែលមានបទចម្រៀងកំពូលដល់ទៅ១៣ ក្នុងពេលដំណាលគ្នានៅលើតារាង Billboard Hot 100 និងបានក្លាយជាជាសិល្បករនាំមុខគេ ប្រចាំឆ្នាំ២០១៤។

អំឡុងឆ្នាំ២០១៥ Ariana បានចាប់ផ្តើមការប្រគុំតន្ត្រីទូទាំងពិភពលោកជាលើកដំបូង នៅអាមេរិកខាងជើង អឺរ៉ុប អាស៊ី និងអាមេរិកខាងត្បូង។ ឆ្នាំនោះដែរ នាងបានចូលរួមសម្ដែងក្នុងខ្សែភាពយន្ត Scream Queens និងបានថតបទចម្រៀងឱ្យភាពយន្តគំនូរជីវចល Hercules ហើយផ្ទុះការគាំទ្រយ៉ាងខ្លាំងក្លា។

ឆ្នាំ២០១៦ អាល់ប៊ុមទី៣ ​ក៏បានចេញផ្សាយ ហើយបទ “Dangerous Woman” បានក្លាយជាបទចម្រៀងនាំមុខនៅលេខ៧ នៅលើតារាង Billboard Hot 100។ “Dangerous Woman” បានឈ្នះពានរង្វាន់ Grammy ដល់ទៅ២ គឺអាល់ប៊ុមចម្រៀងប៉ុបល្អបំផុត និងបទចម្រៀងទោលល្អបំផុតផងដែរ។

ក្នុងខែឧសភា ឆ្នាំ២០១៦ Ariana Grande បានបង្ហាញខ្លួនក្នុងវគ្គផ្តាច់ព្រ័ត្រនៃកម្មវិធី The Voice រដូវកាលទី១០ ដោយសម្តែងបទចម្រៀងទីពីរ ពីអាល់ប៊ុម “Into You”។  មកដល់ខែមីនា ឆ្នាំ២០២១ នាងបានត្រឡប់មកកម្មវិធីនេះវិញ ក្នុងនាមជាគ្រូបង្វឹកនៅរដូវកាលទី២១។ នាងក្លាយជាគ្រូបង្វឹកដែលមានប្រាក់ចំណូលខ្ពស់បំផុត ក្នុងប្រវត្តិសាស្ត្រនៃកម្មវិធី ដោយរកបាន ២៥លានដុល្លារក្នុងមួយរដូវកាល។

ឆ្នាំ២០១៧ ហាក់ជាឆ្នាំអពមង្គលសម្រាប់​ Ariana ដោយសារនៅថ្ងៃទី២២ ខែឧសភា នៅក្នុងការប្រគុំតន្ត្រីរបស់នាងជាមួយតារាចម្រៀង Liam Gallagher, Robbie Williams, Justin Bieber, Katy Perry, Miley Cyrus និងសិល្បករដទៃទៀត នៅ Manchester Arena ស្រាប់តែមានការបំផ្ទុះគ្រាប់បែកអត្តឃាត ដែលជាគ្រាប់ផ្លោងបំផ្ទុះដោយក្រុមជ្រុលនិយមអ៊ីស្លាម។ ការ​បំផ្ទុះ​គ្រាប់​បែក​នៅ Manchester Arena បណ្តាល​ឲ្យ​មនុស្ស​ស្លាប់​២២​នាក់ និង​របួស​រាប់​រយ​នាក់​ទៀត។ ពេលនោះ​ Ariana បានផ្អាកដំណើរកម្សាន្តដែលនៅសល់ និងជួយរៃអង្គាសប្រាក់ចំនួន ២៣លានដុល្លារ ដើម្បីជួយជនរងគ្រោះនៅក្នុងហេតុការណ៍ទម្លាក់គ្រាប់បែក។ ទោះយ៉ាងណា នៅខែធ្នូ ឆ្នាំដដែលនោះ ទស្សនាវដ្តី Billboard បានដាក់ឈ្មោះនាងជា “សិល្បករស្រីប្រចាំឆ្នាំ”។

“God Is a Woman” ​ជាបទចម្រៀងនៅក្នុងអាល់ប៊ុមទី៤ របស់ Ariana Grand ក្នុងឆ្នាំ២០១៨ ហើយវាបានរក្សាកេរ្តិ៍ឈ្មោះរបស់នាងឱ្យនៅតែមានប្រជាប្រិយភាព មិនថានៅនៅលើតារាង Billboard ឬមហាជនពិភពលោកឡើយ។ ​ចំណែកបទ “Thank U, Next” បានក្លាយជាអាល់ប៊ុមទី៥ ​ដ៏ជោគជ័យរបស់តារាស្រីរូបនេះ។ ​វាបានបំបែកកំណត់ត្រាជាវីដេអូចម្រៀងដែលមានអ្នកមើលច្រើនបំផុតនៅលើ YouTube ក្នុងរយៈពេល ២៤ម៉ោងបន្ទាប់ពីការចេញផ្សាយ និងជាវីដេអូ Vevo លឿនបំផុតឈានដល់ ១០០លាន View។

នៅចុងឆ្នាំ២០១៨ នាងបានក្លាយជាសិល្បករស្រីដែលមានការផ្សាយច្រើនជាងគេនៅលើ Spotify។ លុះមកដល់ខែមករា ឆ្នាំ២០១៩ Grande បានក្លាយជាប្រធានមហោស្រពតន្ត្រី និងសិល្បៈ Coachella Valley។

នៅចុងឆ្នាំ២០១៩ Billboard បានដាក់ឈ្មោះ Grande ថាជាសិល្បករស្រីដែលសម្រេចបានសមិទ្ធផលច្រើនបំផុត ក្នុងទសវត្សរ៍ឆ្នាំ២០១០ ខណៈពេលដែល NME បានដាក់ឈ្មោះនាងជា សិល្បករតន្ត្រីប្រចាំទសវត្សរ៍។ នាង​ក៏​បាន​ក្លាយ​ជា​សិល្បករ​ស្រី​ដែល​មាន​ការ​ចាក់​ផ្សាយ​ច្រើន​ជាង​គេ​ ក្នុង​មួយ​ទសវត្សរ៍​លើ​សេវា​ចាក់​តន្ត្រី Spotify។ ដូចគ្នានេះផងដែរ Forbes បានដាក់ចំណាត់ថ្នាក់នាងក្នុងចំណោមតារាល្បីៗដែលរកចំណូលបានខ្ពស់បំផុតក្នុងឆ្នាំ២០១៩ ដោយនាងជាប់នៅលេខ ៦២ ក្នុងបញ្ជី ខណៈពេល Billboard បានដាក់ចំណាត់ថ្នាក់នាងជាតន្ត្រីករទោលដែលរកបានខ្ពស់បំផុតនៅឆ្នាំ២០១៩។

ក្នុងឆ្នាំ២០២០ Ariana Grande បានក្លាយជាស្ត្រីដែលរកចំណូលបានខ្ពស់បំផុតក្នុងវិស័យតន្ត្រីនៅក្នុងបញ្ជីឈ្មោះតារាល្បីៗ របស់ Forbes ដោយនាងជាប់ចំណាត់ថ្នាក់ទី១៧ សរុបប្រាក់សុទ្ធ ៧២លានដុល្លារ។ នៅក្នុងកម្មវិធី MTV Video Music Awards ឆ្នាំ២០២០ នាងឈ្នះពានរង្វាន់ចំនួន ៩ ឯណោះ ពីបទចម្រៀង “Stuck with U” ជាមួយ Justin  Bieber និងបទ “Rain on Me” ជាមួយ Lady Gaga។

Ariana Grande ក៏ជាសិល្បករដ៏មានឥទ្ធិពលនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គមផងដែរ។គិតត្រឹមពាក់កណ្ដាលឆ្នាំ២០២២ ឆានែល YouTube របស់នាងមានអ្នក Subscribe ជាង ៥១លាននាក់ ហើយវីដេអូចម្រៀងរបស់នាងត្រូវបានគេមើលសរុបជាង ២១ពាន់លានដង។ ឯប្រវត្តិរូប Spotify របស់នាងមានអ្នកតាមដានជាង ៧៥លាននាក់ ធ្វើឱ្យនាងជាប់ចំណាត់ថ្នាក់ទី២ លើបណ្ដាញនេះ។ ចំណែកគណនី Instagram របស់នាងមានអ្នកតាមដានជាង ៣០០លាននាក់ ដោយនាងជាប់ចំណាត់ថ្នាក់កំពូលទាំង១០ ក្នុងចំណោមបុគ្គលដែលមានអ្នកតាមដានច្រើនជាងគេលើលោក និងជាស្ត្រីដែលមានអ្នកតាមដានច្រើនជាងគេលំដាប់ទី៣។ ចំពោះគណនី Twitter របស់នាងវិញ មានអ្នកតាមដានជាង ៨០លាននាក់ ដែលធ្វើឱ្យវាក្លាយជាគណនីទី៧ ​ដែលមានអ្នកតាមដានច្រើនបំផុត។ ដោយឡែកទំព័រហ្វេសប៊ុករបស់នាងមានអ្នកតាមដានជាង ៤០លាននាក់ ហើយ TikTok មានអ្នកតាមដានជាង ២៦លាននាក់។ កាលពីខែឧសភា ឆ្នាំ២០២១ Visual Capitalist បានដាក់ចំណាត់ថ្នាក់ Grande ជាបុគ្គលមានឥទ្ធិពលលើប្រព័ន្ធផ្សព្វផ្សាយសង្គម និងជាស្ត្រីកំពូលរបស់ពិភពលោក។

គិតត្រឹមឆ្នាំ២០២១ Grande បានបំបែកកំណត់ត្រាពិភពលោក Guinness ជាង២៧ដោយសម្រេចបាននូវ “បទចម្រៀងជាច្រើននៅលើតារាង Billboard Hot 100” ជាមួយនឹងបទចម្រៀងចំនួន ៥ ​នៅលើកំពូលតារាង។

ក្រៅពីតន្ត្រី នាងបានធ្វើការជាមួយអង្គការសប្បុរសធម៌ជាច្រើន និងជាអ្នកតស៊ូមតិសម្រាប់សិទ្ធិរបស់សត្វ សុខភាពផ្លូវចិត្ត និងសមភាពយេនឌ័រ ពូជសាសន៍ និង LGBT ថែមទៀតផង។ ក្នុងអំឡុងពេលជំងឺរាតត្បាត COVID-19 តារាស្រីវ័យ ​២៩រូបនេះ បានបរិច្ចាគដល់មូលនិធិ COVID-19 រាប់ម៉ឺនដុល្លារ ដល់គ្រួសារដែលរងផលប៉ះពាល់ពីជំងឺរាតត្បាត។ នៅក្នុងខែឧសភា ឆ្នាំ២០២០ នាងប្រកាសផ្ដល់ប្រាក់ចំណូលសុទ្ធទៅឱ្យមូលនិធិ First Responders Children’s Foundation ដើម្បីផ្តល់ជំនួយ និងអាហារូបករណ៍ដល់កុមារនៃកម្មករជួរមុខដែលកំពុងធ្វើការក្នុងអំឡុងពេលជំងឺរាតត្បាតសកល។

បន្ថែមពីលើនោះ Ariana Grande នាងបានចេញម៉ាកកាបូប ដោយសហការជាមួយម៉ាកយីហោ Coach។ នៅខែមករា ឆ្នាំ២០១៦ នាងបានបើកដំណើរការបណ្តុំគ្រឿងសម្អាងជាមួយ MAC Cosmetics ដោយបរិច្ចាគ ១០០% នៃប្រាក់ចំណូលដល់មូលនិធិ MAC AIDS ។ នៅខែកុម្ភៈ ឆ្នាំដដែល Ariana Grande បានចាប់ផ្តើមសហការជាមួយម៉ូដសម្លៀកបំពាក់ជាមួយ Lipsy London។ ក្រោយមក នាងបានសហការជាមួយ Brookstone ដោយប្រើគំនិតសិល្បៈរបស់វិចិត្រករ Wenqing Yan ដើម្បីរចនាកាសត្រចៀកឆ្មា។ ក្នុងឆ្នាំ២០១៧ Ariana Grande បានសហការជាមួយ Square Enix បង្កើតតួអង្គមួយដោយផ្អែកលើខ្លួននាងផ្ទាល់សម្រាប់ហ្គេមទូរសព្ទ Final Fantasy Brave Exvius ។ នៅខែកញ្ញា ឆ្នាំ២០១៧ នាងបានក្លាយជាឯកអគ្គរដ្ឋទូតឱ្យម៉ាក Reebok។ នៅខែមីនា ឆ្នាំ២០១៩ នាងបានចាប់ដៃគូជាមួយ Starbucks ។ នៅខែឧសភា Ariana Grande ត្រូវបានប្រកាសជាមុខនៃយុទ្ធនាការ Fall-Winter របស់ Givenchy។ យុទ្ធនាការនេះ នាងទទួលបាន ២៥.១៣លានដុល្លារ ពីផលិតផល Beats, Samsung, Fiat, Reebok និង Guess ដែលត្រូវវាយកទៅបង្ហាញនៅក្នុងវីដេអូចម្រៀងរបស់នាង។ ក្រៅពីនោះនាងបានបង្ហាញខ្លួននៅក្នុងការផ្សាយពាណិជ្ជកម្មធំៗជាច្រើន ក៏ដូចជាផ្សាយលក់ទឹកអប់ផ្ទាល់ខ្លួនផងដែរ។

ជីវិតឯកជន

Ariana Grande ធ្លាប់មានជំងឺធ្លាក់ជាតិស្ករក្នុងឈាម ដោយសាររបបអាហារមិនល្អ។ នាងក៏ធ្លាប់រងជំងឺស្ត្រេស ក្រោយការប៉ះទង្គិចផ្លូវចិត្ត (PTSD) និងការថប់បារម្ភ បន្ទាប់ពីការទម្លាក់គ្រាប់បែក Manchester Arena កាលពីឆ្នាំ២០១៧។ ពេលនោះនាងស្ទើរតែដកខ្លួនចេញពីការសម្តែងទៅហើយ។ មិនតែប៉ុណ្ណោះ ​Ariana ធ្លាប់ទទួលការព្យាបាលផ្លូវចិត្តអស់រយៈពេលជាង១០ បន្ទាប់ពីឪពុកម្ដាយរបស់លែងលះគ្នា។

Ariana Grande ធ្លាប់ជាសាសនិករ៉ូម៉ាំងកាតូលិក ប៉ុន្តែនាងបានចាកចេញពីព្រះវិហារដោយសារនាងប្រឆាំងនឹងបំរាមស្រឡាញ់ភេទដូចគ្នា។ មូលហេតុមកពីនាងមានបងប្រុសជាបុរសភេទទី៣ ដូច្នេះបានជានាងក្លាយជាអ្នកគាំទ្រដល់សិទ្ធិអ្នកស្រឡាញ់ភេទដូចគ្នាយ៉ាងផុសផុល។ ដោយសារសកម្មភាពនេះ ​គេដាក់នាមនាងជា “អ្នកតស៊ូមតិសម្រាប់អាកប្បកិរិយាវិជ្ជមានខាងផ្លូវភេទ” ។

ទំនាក់ទំនង

Ariana Grande ធ្លាប់ជួបស្នេហាប្រេះឆាជាច្រើនលើក មុនពេលពេលចូលរោងការ កាលពីឆ្នាំមុន។ នាងធ្លាប់ជួបតារាសម្តែង Graham Phillips ក្នុងការសម្តែងរឿង Broadway musical 13 ក្នុងឆ្នាំ២០០៨ ហើយបានណាត់ជួបគាត់រហូតដល់ឆ្នាំ២០១១។ នៅចន្លោះខែសីហា និងខែធ្នូ ឆ្នាំ២០១៣ នាងបានណាត់ជួបជាមួយតារាចម្រៀងអង់គ្លេស Nathan Sykes ហើយបន្ទាប់មកបានណាត់ជួបជាមួយតារាចម្រៀងរ៉េប Big Sean ពីខែតុលា ឆ្នាំ២០១៤ ដល់ខែមេសា ឆ្នាំ២០១៥។

នៅខែឧសភា ឆ្នាំ២០១៨ Grande បានចាប់ផ្តើមណាត់ជួបជាមួយតារាសម្តែង និងតារាកំប្លែង Pete Davidson ហើយពួកគេប្រកាសភ្ជាប់ពាក្យនៅខែបន្ទាប់។ យ៉ាងណាមិញ ពួកគេបានលុបចោលការភ្ជាប់ពាក្យ ហើយបានបញ្ចប់ទំនាក់ទំនងនៅខែតុលា ឆ្នាំដដែលនោះ។

បន្ទាប់ពីស្នេហាបរាជ័យប៉ុន្មានលើក Ariana បានចាប់ផ្តើមណាត់ជួបជាមួយភ្នាក់ងារអចលនទ្រព្យ Dalton Gomez ក្នុងខែមករា ឆ្នាំ២០២០។ ទំនាក់ទំនងរបស់ពួកគេត្រូវបានបង្ហាញជាសាធារណៈនៅក្នុងវីដេអូចម្រៀងរបស់នាង និងបទចម្រៀងសប្បុរសធម៌របស់ Justin Bieber ដែលមានចំណងជើងថា “Stuck With U”។ បន្ទាប់មកពួកគេបានប្រកាសពិធីភ្ជាប់ពាក្យនៅថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២០ ក្រោយទាក់ទងគ្នាបាន ១១​​ខែ។ មកដល់ថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២១ ពួកគេសម្រេចចិត្តរៀបការជាលក្ខណៈឯកជនមួយនៅផ្ទះរបស់កូនក្រមុំ ក្នុងទីក្រុង Montecito រដ្ឋកាលីហ្វ័រញ៉ា។ រូបភាពអាពាហ៍ពិពាហ៍របស់នាងបានក្លាយជាការបង្ហោះក្នុង Instagram ដែលមានការចូលចិត្តច្រើនជាងគេបំផុតដោយមានតារាល្បីៗ និងហ្វេនជាង ២៥លាននាក់ ចុច Like៕

ប្រែសម្រួល៖ សន្យា

ប្រភព៖ Wikipedia

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម