Connect with us

ព័ត៌មានជាតិ

ខួប​លើក​ទី​៥៥ នៃ​ទំនាក់ទំនង​ការទូត​រវាង​កម្ពុជា​-​វៀតណាម

បានផុស

នៅ

ថ្ងៃទី​២៤ ខែមិថុនា ឆ្នាំ​២០២២​នេះ គឺជា​ខួប​លើក​ទី​៥៥ នៃ​ការបង្កើត​ទំនាក់ទំនង​ការទូត​រវាង​ប្រទេស​កម្ពុជា និង​វៀតណាម (២៤ មិថុនា ១៩៦៧ – ២៤ មិថុនា ២០២២) និង​ជា​ឆ្នាំ​មិត្តភាព​ផងដែរ​។

លោក​ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រី​ក្រសួងការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ​កម្ពុជា​បាន​ថ្លែងថា កម្ពុជា និង​វៀតណាម ជា​ប្រទេស​ជាប់​ភូមិ​ផង​របង​ជាមួយគ្នា និង​មាន​ទំនាក់ទំនង​ជាមួយគ្នា​ជាង​មួយ​ពាន់​ឆ្នាំ​មក​ហើយ​។ បើ​យើង​និយាយ​ពី​សម័យ​ទំនើប​វិញ ប្រទេស​យើង​ទាំងពីរ បាន​ឆ្លងកាត់​ការលំបាក រួមសុខ​រួមទុក្ខ​ជាមួយគ្នា និង​ជួយ​គ្នា​ទៅវិញ​មក​ក្នុង​បុព្វហេតុ​ទាមទារ​ឯករាជ្យ​ពី​របប​អាណានិគមនិយម រហូត​ទទួលបាន​ជោគជ័យ​ដ៏​ត្រចះត្រចង់​។

​លោក​ថា ទំនាក់ទំនង​ដ៏​ជិតស្និទ្ធ​នេះ ត្រូវបាន​ពូន​ជ្រុំ​ដោយ​ថ្នាក់ដឹកនាំ​គ្រប់​ជំនាន់​នៃ​ប្រទេស​ទាំងពីរ ចាប់តាំងពី​សម័យ​ព្រះបាទ សម្តេចព្រះ នរោត្តម សីហនុ ព្រះ​បរម​រតន​កោដ្ឋ ជាមួយ​អតីត​ថ្នាក់ដឹកនាំ​បក្ស និង​រដ្ឋាភិបាល​វៀតណាម រហូតមកដល់​ថ្នាក់ដឹកនាំ​បច្ចុប្បន្ន ហើយ​កំរិត នៃ​ទំនាក់ទំនង​មិត្តភាព​កម្ពុជា​-​វៀតណាម ក៏ត្រូវ​បាន​លើ​កម្ពស់​ទៅជា “​ទំនាក់ទំនង​សាមគ្គីភាព មិត្ត​ភាពជា​ប្រពៃណី និង​កិច្ចសហប្រតិបត្តិការ​លើ​គ្រប់​វិស័យ​” ក្នុង​ឆ្នាំ​២០០៥​។

បើ​តាម​លោក​ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន ចំណងមិត្តភាព​ជា​ប្រពៃណី និង​អ្នកជិតខាង​ល្អ​រវាង​ប្រទេស​ទាំងពីរ ត្រូវបាន​រឹត​បន្តឹង​ឱ្យ​កាន់តែ​រឹងមាំ​តាមរយៈ​ការប្រាស្រ័យ​ទាក់ទង និង​ផ្លាស់ប្តូរ​ទស្សនកិច្ច​ជា​ញឹកញាប់ និង​នៅ​គ្រប់​កាលៈទេសៈ​រវាង​ថ្នាក់ដឹកនាំ​គ្រប់លំដាប់​ថ្នាក់ ចាប់ពី​កម្រិត​ប្រមុខរដ្ឋ ប្រមុខ​រដ្ឋាភិបាល ប្រធានសភា និង​ថ្នាក់មូលដ្ឋាន​នៃ​ប្រ​ទេស​ទាំងពីរ​។ ជាក់ស្តែង​ក្នុង​ខែកញ្ញា ឆ្នាំ​២០២១ សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី បាន​អញ្ជើញ​បំពេញ​ទស្សនកិច្ច​នៅ​រដ្ឋធានី​ហាណូយ បន្ទាប់មក​នៅក្នុង​ខែធ្នូ ឆ្នាំ​២០២១​នេះដែរ ឯកឧត្តម ង្វៀន សួន​ហ្វ៊ុ​ក ប្រធាន​រដ្ឋ​វៀតណាម ក៏បាន​អញ្ជើញ​មក​បំពេញ​ទស្សនកិច្ច​ផ្លូវរដ្ឋ​នៅ​កម្ពុជា​។ ថ្មីៗ​នេះ ឯកឧត្តម ផាម មិញ​ជិ​ញ នាយករដ្ឋមន្ត្រី​វៀតណាម ក៏បាន​អញ្ជើញ​ជា​សហ​អធិបតី​ជាមួយ​សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី ក្នុង​ពិធី​អបអរ​ខួប​៤៥​ឆ្នាំ ទិវា​នៃ​ការចងចាំ​ដំណើរ​ឆ្ពោះទៅ​ការផ្តួលរំលំ​របប​ប្រល័យពូជសាសន៍ ប៉ុល ពត នៅ​តំបន់​ប្រវត្តិសាស្ត្រ​យោធា​តេ​ជោ​កោះ​ថ្ម X16 ក្នុង​ខេត្ត​ត្បូងឃ្មុំ​ផងដែរ​។ ព្រឹត្តិការណ៍​ជា​ប្រវត្តិសាស្ត្រ​នេះ បាន​រំលេច​យ៉ាងច្បាស់​អំពី​សាមគ្គីភាព មិត្តភាព​ពិសេស​រវាង​កម្ពុជា និង​វៀតណាម ព្រមទាំង​ស្មារតី​អន្តរជាតិ​របស់​ប្រជាជន​វៀតណាម ក្នុង​ការជួយ​ស្រោចស្រង់​ប្រជាជន​កម្ពុជា​ឱ្យ​រួចផុត​ពីរ​បប​ប្រល័យពូជសាសន៍ ប៉ុល ពត​។

ជា​រួម​យើង​អាច​វាយតម្លៃ​បាន​ថា ក្នុង​រយៈពេល​៥៥ ឆ្នាំ​កន្លងទៅ​នេះ ទំនាក់ទំនង​កម្ពុជា​-​វៀតណាម បានបង្ហាញ​ឱ្យ​សកលលោក​មើលឃើញ​យ៉ាង​ច្បាស់​ថា គឺជា​ទំនាក់ទំនង​ដ៏​រឹងមាំ ស៊ីជម្រៅ គ្រប់​ជ្រុងជ្រោយ និង​ធន់​ទៅ​នឹង​សំពាធ​ពី​ការប្រែប្រួល​ភូមិសាស្ត្រ​នយោបាយ​ទាំង​ក្នុង​តំបន់ និង​អន្តរជាតិ៕

ដោយ ៖ កោះ​កែវ

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម