ព័ត៍មានទាន់​ហេតុការណ៏
Search

និស្សិត​ឆ្នើម​ចំនួន​១០​រូប​ ទទួល​បាន​អាហារូបករណ៍​រៀន​នៅ​មហាវិទ្យាល័យ​ពី​ក្រុមហ៊ុនទូរស័ព្ទ Smart Axiata

ភ្នំពេញ ៖ និស្សិតចំនួន១០ នាក់ក្នុងចំណោមនិស្សិតក្នុងបញ្ជីជម្រុះចំនួន៣០នាក់ ត្រូវបានផ្ដល់អាហារូបករណ៍ SmartEdu ដែលនឹងជួយផ្គត់ផ្គង់ថ្លៃសិក្សានៅមហាវិទ្យាល័យ ក៏ដូចជាប្រាក់ឧបត្ថម្ភប្រចាំខែបន្ថែមទៀត ដែលសរុបជាទឹកប្រាក់រួម គឺមានចំនួនរហូតដល់ទៅ១៥០០០ ដុល្លារអាមេរិក សម្រាប់ចំណាយអំឡុងពេលសិក្សានៅមហាវិទ្យាល័យ ហើយការប្រកាសបានធ្វើឡើងនៅកាលពីរសៀលថ្ងៃទី២៦ ខែតុលា ឆ្នាំ២០១៦។

បន្ទាប់ពីចំណាយពេល ២ថ្ងៃ ក្នុងវគ្គសម្ភាសន៍ចុងក្រោយ ជ័យលាភីឈ្នះអាហារូបករណ៍ SmartEdu Scholarship ២០១៦ មានរាយនាមដូចខាងក្រោម ១. កញ្ញា លុយ លីសៀង មកពី ខេត្តសៀមរាប ២. កញ្ញា នង សុវណ្ណម៉ានិច មកពីខេត្តបាត់ដំបង ៣. លោក វន់ ឧត្តម មកពី ខេត្តព្រះសីហនុ ៤. កញ្ញា ហ៊ាន ម៉ៃលាង មកពី រាជធានីភ្នំពេញ ៥. លោក សុខ ផានិត មកពី ខេត្តព្រៃវែង ៦. លោក ជា ចិត មកពី ខេត្តសៀមរាប ៧. លោក ចៅ សៀន មកពី ខេត្តបាត់ដំបង ៨. លោក ហ៊ុន ណាវីត មកពី ខេត្តកំពង់ឆ្នាំង ៩. លោក ស៊ុយ កុសល មកពី ខេត្តបាត់ដំបង ១០. លោក យ៉ាន ប៊ុនថេប មកពី ខេត្តកំពត។

នៅក្នុងដំណើរការសម្ភាសន៍ កាលពីសប្ដាហ៍មុន យុវជន ហ៊ុន ណាវីត អាយុ១៨ ឆ្នាំ ជាសិស្សមកពីវិទ្យាល័យ ហ៊ុន សែន រលាប្អៀរ ក្នុងខេត្តកំពង់ឆ្នាំង ដែលបានទទួលនិទ្ទេស A ពីការប្រឡងនោះ បាននិយាយថា គាត់មានអារម្មណ៍រំភើបយ៉ាងខ្លាំង ដែលប្រជែងយករង្វាន់ដ៏សម្បើមនេះ។

យុវជន ហ៊ុន ណាវីត បាននិយាយថា “គ្រួសារខ្ញុំមានជីវភាពរាងធូរធារបន្តិច ប៉ុន្តែទើបតែឆ្នាំនេះទេ ដែលមានជីវភាពធូរធារ តែឆ្នាំមុនៗពិបាកមែនទែន ។ ការរៀនសូត្ររបស់ខ្ញុំត្រូវការការតស៊ូមែនទែន ទម្រាំបានដល់ថ្ងៃនេះ ។ ខ្ញុំមានអារម្មណ៍រំភើប ហើយខ្ញុំសង្ឃឹមថា ខ្ញុំនឹងត្រូវបានជ្រើសរើសសម្រាប់អាហារូបករណ៍បន្តការសិក្សា និងមានការងារធ្វើ ដើម្បីជួយជ្រោមជ្រែងគ្រួសារខ្ញុំ”។

t-10-26-16-rr-full

អាហារូបករណ៍ SmartEdu ចំនួន២០ បន្ថែមទៀត នឹងត្រូវប្រគល់ជូនដល់និស្សិតឆ្នើម សម្រាប់រយៈពេលពីរឆ្នាំក្រោយទៀត ស្របតាមអនុស្សរណៈនៃការយោគយល់គ្នា រវាងក្រុមហ៊ុន Smart និងក្រសួងអប់រំយុវជន និងកីឡា ដែលបានព្រមព្រៀងកាលពីខែសីហាឆ្នាំនេះ។

លោក ថូម៉ាស ហ៊ុន អគ្គនាយកប្រតិបត្តិរបស់ក្រុមហ៊ុន Smart ដែលជាក្រុមហ៊ុនផ្ដល់សេវាទូរស័ព្ទឈានមុខគេនៅកម្ពុជា បានមានប្រសាសន៍ថា “កម្មវិធីអាហារូបករណ៍ SmartEdu គឺជាសមាសធាតុដ៏សំខាន់នៅក្នុងកម្មវិធីទទួលខុសត្រូវការងារសង្គម លើផ្នែកអប់រំរបស់ក្រុមហ៊ុន Smart។

យើងមានបំណងបង្កើតភាពវិជ្ជមាន ដល់យុវជនរបស់កម្ពុជា ហើយផ្ដល់នូវមធ្យោបាយដល់ពួកគេដើម្បីមានឥទ្ធិពលលើអនាគតរបស់ខ្លួនដើម្បីក្លាយជាធនធានមនុស្សដ៏សំខាន់សម្រាប់ប្រទេសជាតិ។

សម្រាប់ក្រុមហ៊ុន Smart យើងមានកិត្តិយស ដែលបានគាំទ្រដល់សិស្សានុសិស្សទាំងអស់នេះ នៅពេលដែលពួកគេឈានទៅថ្នាក់ឧត្តមសិក្សារបស់ខ្លួន។ តាមរយៈការសិក្សារបស់ពួកគេ ពួកគេបានបង្ហាញនូវជំនាញគំរូ និងការប្ដេជ្ញាចិត្តក្នុងការធ្វើឲ្យការសិក្សារបស់ពួកគេបានល្អប្រសើរបំផុត ហើយយើងសង្ឃឹមថា អាហារូបករណ៍នេះ នឹងជំរុញកម្លាំងចិត្តរបស់ពួកគេបន្ថែមទៀត ដើម្បីសម្រេចបានជោគជ័យកាន់តែខ្ពស់”។

ចំណែកលោក ហង់ ជួន ណារ៉ុន ដែលជាអធិបតីក្នុងកម្មវិធីនោះ បានសំដែងក្តីរំភើបសម្រាប់ជ័យលាភីទាំង ១០ នាក់ដំបូងគេ សម្រាប់កម្មវិធីអាហារូបករណ៍នេះផងដែរ។ លោកបញ្ជាក់ថា មានសិស្សវិទ្យាល័យជាច្រើនដែលមានបំណងបន្តការសិក្សានៅថ្នាក់ឧត្តមសិក្សា ប៉ុន្តែមិនមានមធ្យោបាយផ្នែកហិរញ្ញវត្ថុ។ ក្រសួងអប់រំ តែងមានភាពរីករាយនៅពេល ដែលក្រុមហ៊ុននានា ដូចជា Smart Axiata ជាដើម ដែលបានដាក់ចេញនូវគំនិតផ្ដួចផ្ដើមក្នុងការផ្ដល់ឱកាសដ៏ប្រពៃដល់សិស្សវិទ្យាល័យដែលមានការតាំងចិត្ត តាមរយៈអាហារូបករណ៍ប្រកបដោយភាពសប្បុរស ដែលអនុញ្ញាតឲ្យសិស្សានុសិស្សទាំងនោះអាចឈានទៅសម្រេចបាននៅគោលដៅ និងសុបិនរបស់ខ្លួន ហើយបានថ្លែងអំណរគុណដល់ក្រុមហ៊ុន Smart ដែលជួយធ្វើឲ្យសុបិនរបស់ពួកគេក្លាយជាការពិត និងបានជូនពរដល់ជ័យលាភីទាំង១០ រូប នូវភាពជោគជ័យក្នុងការសិក្សាទៅថ្ងៃអនាគត។

សូមបញ្ជាក់ថា បន្ទាប់ពីទទួលបានពាក្យស្នើសុំរាប់រយច្បាប់ពីសិស្សានុសិស្ស ដែលទើបបញ្ចប់ការសិក្សានៅវិទ្យាល័យទូទាំងប្រទេស ក្រុមហ៊ុន Smart Axiata និងក្រសួងអប់រំ បានបង្កើតគណៈកម្មការមួយ ដោយរាប់បញ្ចូលទាំងសមាជិកឯករាជ្យមួយរូបមកពីវិស័យអប់រំផង ដើម្បីជ្រើសរើសបេក្ខជនសក្ដិសមបំផុត ដែលពេលនេះនឹងអាចចូលរៀននៅសកលវិទ្យាល័យរដ្ឋ ទៅតាមជម្រើសរបស់ខ្លួន ដែលជាផ្នែកមួយនៃកម្មវិធីអាហារូបករណ៍ SmartEdu ។ សិស្សានុសិស្សទាំងអស់ដែលបានទទួលនិទ្ទេសយ៉ាងហោច B នៅក្នុងការប្រឡងមធ្យមសិក្សាទុតិយភូមិ គឺមានសិទ្ធិដាក់ពាក្យសុំអាហារូបករណ៍នេះ ដែលមានបំណងជួយដល់និស្សិតមានឱកាសតិចតួច ឲ្យសម្រេចនូវសុបិនរបស់ខ្លួនចង់រៀននៅមហាវិទ្យាល័យ។

បន្ថែមលើអាជីវកម្មស្នូលរបស់ Smart ការអប់រំត្រូវបានកំណត់ជាសសរស្ដម្ភមួយក្នុងចំណោមសសរស្ដម្ភទាំងបី នៃរបៀបវារៈទំនួលខុសត្រូវផ្នែកសង្គមរបស់ក្រុមហ៊ុន Smart ដែល ទាំងនេះមានបំណងជំរុញឲ្យមានការផ្លាស់ប្ដូរជាវិជ្ជមាន ដល់ប្រជាជនកម្ពុជាឲ្យជួយដល់សហគមន៍ និងក្រុមគ្រួសាររបស់ខ្លួន ឲ្យកាន់តែមាននិរន្តរភាពថែមទៀត។

ក្រុមហ៊ុន Smart មានកម្មវិធីជាច្រើន ដែលរៀបចំឡើងដើម្បីផ្ដល់ការអប់រំ និងអក្ខរភាពជាមូលដ្ឋានដល់យុវជន និងដើម្បី ពន្លឿន ការសាយភាយនៃអក្ខរភាពផ្នែកឌីជីថល និង ICT ដើម្បីលើកកម្ពស់ការអប់រំប្រកបដោយចីរភាព និងគាំទ្រដល់ការយល់ដឹងផ្នែកវប្បធម៌ជាតិ៕

t-10-26-16-r-full



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 016 877 684