ព័ត៍មានទាន់​ហេតុការណ៏
Search

“ប្លាធូម៉ាក់ខ្ញុំ” មានគ្រឿងផ្សំ “ក្តីស្រឡាញ់” យ៉ាងពិសេស ដែលមិនងាយនឹងរកបាន

កើតចេញពីបំណងប៉ងប្រាថ្នា ចង់មានភោជនីយដ្ឋានផ្ទាល់ខ្លួនមួយ ដែលអាចផ្ដល់ជូនអតិថិជន នូវមុខម្ហូបដែលមានឱជារសឈ្ងុយឆ្ងាញ់ តាមបែបខ្មែរនិងថៃពិតៗ បងប្អូនស្រី ៣នាក់ បានសម្រេចចិត្តរៀបចំ ភោជនីយដ្ឋានមួយយ៉ាងទំនើបទាន់សម័យ ជាមួយគំនិតច្នៃប្រឌិតរបស់ខ្លួនឯងផ្ទាល់។

ស្ថិតនៅចំពីខាងក្រោយផ្សារទំនើបសុវណ្ណា សំណង់អគារផ្ទះល្វែងពណ៌សមួយ ដែលរចនាខុសប្លែកពីគេបន្តិចតាមបែបសម័យបច្ចុប្បន្ន គេឃើញមានច្រកទ្វារធំល្មមមួយ ដែលមានរបងសួនបៃតងនៅពីខាងមុខ អមដោយក្ដារព័ត៌មានបញ្ឈរនៅក្បែរនោះ។ ទីនោះហើយដែលយើងអាចធ្វើដំណើរទៅកាន់ ជាន់ទី១នៃភោជនីយដ្ឋាន “Spicy Sister”។

ការរៀបចំយ៉ាងស្អាត់ ជាមួយការរចនាខុសប្លែកពីភោជនីយដ្ឋានដទៃ ចាប់តាំងពីច្រកចូល កាំជណ្ដើរ គ្រឿងសង្ហារឹម អំពូលភ្លើង និងការតុបតែងផ្សេងៗ អាចពញ្ញាក់អារម្មណ៍ភ្ញៀវ ដែលអញ្ជើញទៅទទួលទានថា ជាកន្លែងសម្រាប់មនុស្សលំដាប់ខ្ពស់ តែតាមពិតទៅ ភោជនីយដ្ឋានមួយនេះ បើកទ្វារទទួលស្វាគមន៍ភ្ញៀវគ្រប់ស្រទាប់វណ្ណះទាំងអស់។

spicy-sisters-01

លោក អ៊ឹម លីហួរ អ្នកគ្រប់គ្រងភោជនីយដ្ឋាន បានប្រាប់កម្ពុជាថ្មីឲ្យដឹងថា៖ “យើងស្វាគមន៍អតិថិជនទាំងអស់។ អតិថិជនមានត្រឹមតែ ៣ដុល្លារក៏អាចមកពិសាអាហារ នៅហាង “Spicy Sister” របស់ខ្ញុំបានដែរ។ តម្លៃនៅលើបញ្ជីមុខម្ហូបរបស់យើងមានចាប់ពី ៣ដុល្លាឡើងទៅ”

spicy-sisters-02

ជាមួយនឹងក្ដីរំពឹងក្នុងការបង្កើត ស្លាកយីហ៊ោក្នុងស្រុកសម្រាប់ភោជនីយដ្ឋាន ដែលមានរសជាតិម្ហូបខ្មែរ និងថៃពិតៗ “Spicy Sister” បាននឹងកំពុងកសាងទំនុកចិត្តពីអតិថិជន ដោយផ្ដល់ជូននូវគុណភាព ក៏ដូចជាគុណតម្លៃ នៅលើមុខម្ហូបដែលខ្លួនផ្ដល់ជូន ដោយខិតខំសំរិតសំរាំងនូវមុខម្ហូប គ្រឿងផ្សំ ការតុបតែម្ហូបលើចានអាហារ រួមទាំងសេវាកម្មបំរើអតិថិជន។  នៅត្រង់ចំណុចនេះ អ្នកគ្រប់គ្រងដដែលបានបង្ហើបឲ្យដឹងទៀតថា៖ “ដើម្បីផ្ដល់នូវរសជាតិបែបខ្មែរពិតៗ ឬរសជាតិបែបថៃពិតៗ គ្រឿងផ្សំមួយចំនួនត្រូវបាននាំយកមកពីក្រៅប្រទេស។ បន្លែ ត្រី និងសាច់មួយចំនួនដែលមិនអាចរកបាននៅក្នុងស្រុក ក៏ត្រូវនាំចូលមកផងដែរ។ ជាងនេះទៅទៀត ម្ហូបទាំងអស់ដែលមាននៅ “Spicy Sister” ត្រូវបានចម្អិនយ៉ាងយកចិត្តទុកដាក់ ដោយចុងភៅខ្មែរ និងចុងភៅថៃ ដែលមានបទពិសោធន៍ជាច្រើនឆ្នាំ ហើយឆ្លាប់បំរើការនៅភោជនីយដ្ឋានធំ”

spicy-sisters-03

“ប្លាធូម៉ាក់ខ្ញុំ” ជាមុខម្ហូបដែលត្រូវបានណែនាំឲ្យសាកល្បង ចំពោះអតិថិជនដែលអញ្ជើញមកទទួលទាន ជាលក្ខណៈគ្រួសារ ជាមួយលោកប៉ា អ្នកម៉ាក់ ជាដើម។ ឈ្មោះរបស់ម្ហូបនេះពិតជាគួរឲ្យចាប់អារម្មណ៍ នៅត្រង់ចំនុចដែលមានពាក្យថា “ម៉ាក់ខ្ញុំ”។ តើឈ្មោះម្ហូបនេះ វាមានអត្ថន័យយ៉ាងណា និងហេតុអ្វីបានជាហាង “Spicy Sister” ដាក់ឈ្មោះមុខម្ហូបមួយនេះបែបនេះ?

អង្គុយកំសាន្តនឹងបរិយាកាសក្នុងហាង ជាមួយភ្លេងរងំបន្លឺល្វើយៗ មួយស្របក់ ក្មេងប្រុសម្នាក់ សក់រួញអង្គាដី សម្បុរស្រអែម ទឹកមុខញញឹមផ្កាត្រកួន នៅលើដៃកាន់ថាសដាក់ម្ហូប “ប្លាធូម៉ាក់ខ្ញុំ” ដើរសំដៅមកតុអាហារ អមដោយនារីវ័យក្មេង ក្នុងសំលៀកបំពាក់ស្រស់ស្អាតតាមបែបធម្មជាតិ តាមមកពីក្រោយផងដែរ។ នាងត្រូវបានគេណែនាំប្រាប់ឲ្យដឹងថាជា ប្អូនស្រីទី៣ ក្នុងចំណោមបងប្អូនស្រីទាំង៣នាក់ ដែលជាម្ចាស់ភោជនីយដ្ឋាន។ នេះជាឱកាសល្អដែលអាចឲ្យ កម្ពុជាថ្មី សាក់សួរថា តើហេតុអ្វីបានជាមុខម្ហូបនេះមានឈ្មោះថា “ប្លាធូម៉ាក់ខ្ញុំ” 

spicy-sisters-04

នាងបានរៀបរាប់ប្រាប់ដោយសំឡេងស្រទន់ថា មូលហេតុដែលដាក់ឈ្មោះមុខម្ហូបនេះមាន “ម៉ាក់ខ្ញុំ” នៅពីខាងក្រោយ គឺមានគោលបំណងចង់បង្ហាញពីក្ដីស្រឡាញ់របស់អ្នកម៉ាក់ និងរំលឹកពីអ្នកម៉ាក់។ ជាទូទៅអ្នកម៉ាក់នៅផ្ទះ គឺជាអ្នកដែលមានកាតព្វកិច្ច ធ្វើម្ហូបសម្រាប់កូនៗ ហើយគាត់បានប្រើប្រាស់នូវទឹកចិត្ត និងក្តីស្រឡាញ់របស់គាត់ ក្នុងការរៀបចំនូវមុខម្ហូបនីមួយៗ ក្នុងនោះគ្រឿងផ្សំដែលមិនអាចស្វែងរកបាន គឺក្ដីស្រឡាញ់នេះឯង។ ពេលដែលញ៉ាំអាហារនៅផ្ទះ ដែលអ្នកម៉ាក់ចម្អិន មានអារម្មណ៍ថា ខុសប្លែក និងញ៉ាំបានច្រើនជាង បើទោះបីជាម្ហូបនោះសាមញ្ញក៏ដោយ។ ហេតុនេះហើយ “Spicy Sister” ចង់ឲ្យអតិថិនដែលអញ្ជើញមកស្រស់ស្រូបអាហារ នៅទីនេះមានអារម្មណ៍ ដូចគាត់បានញ៉ាំអាហារនៅផ្ទះ ជាមួយក្រុមគ្រួសារ មានលោកប៉ា អ្នកម៉ាក់របស់គាត់ ដែលពោពេញដោយក្ដីស្រឡាញ់ដូចនេះដែរ។

“ប្លាធូម៉ាក់ខ្ញុំ” ត្រូវបានរៀបចំយ៉ាងស្អាតនៅលើថាស ដាក់ពីលើកញ្ចែងធ្វើពីឫស្សី ដែលមានមាត់ធំប៉ុនថាសនោះ។ នៅលើថាសត្រូវបានគេរៀបចំដោយបន្លែស្រស់ៗសម្រាប់ផ្ទាប់ ព័ទ្ធជុំវិញកូនកញ្ចែងតូចមួយទៀតនៅចំកណ្ដាល ដែលត្រូវបានបំពេញដោយ ប្លាធូ បន្លែផ្ទាប់បន្ថែមនៅជុំវិញមានដូចជា ក្រវ៉ាញ ខ្ទឹមសរ និងត្រប់មូល មើលទៅគួរឲ្យចង់ទទួលទានមែនទែន។

spicy-sisters-06

លោក មួន រ័ត្ន ដែលជាចុងភៅប្រចាំ បានឲ្យដឹងពីរបៀបធ្វើ “ប្លាធូម៉ាក់ខ្ញុំ” ថា យើងត្រូវបូតយកឆ្អឹងចេញពីសាច់ត្រីប្លាធូឲ្យបានស្អាតល្អ បន្ទាប់មកយកវាទៅលីញ ជាមួយម្សៅស៊ុប ស្ករស ទឹកត្រី ក្រូចឆ្មារ ស្លឹកគ្រៃ និងខ្ទឹមក្រហម រួចភ្លក់ឱ្យល្មមតាមការចូលចិត្ដ។ ម្យ៉ាងទៀត អតិថិជនអាចកុម្ម៉ុង រសជាតិហឹរទៅតាមកម្រិត នៃចំណង់ចំណូលចិត្ដរបស់ខ្លួន ដែលមានហឹរល្មម ហឹរមធ្យម និងហឹរខ្លាំង។

spicy-sisters-07

ត្រី សាច់ បង្គា ក្ដាម មឹក កំពឹស សុទ្ធតែថ្មីៗ ស្រស់ៗ និងរស់រវើក យកទៅចម្អិន ដើម្បីឲ្យបានអាហារដ៏មានឱជារសឆ្ងាញ់ពិសា រីឯបន្លែសរីរាង្គធម្មជាតិស្រស់ៗ រួមផ្សំនឹងបរិយាកាសនៃការតុបតែងហាង ដ៏មនោរម្យទៀតនោះ ពិតជាធ្វើឱ្យការទទួលទានអាហារមួយពេលៗ នៅ “Spicy Sisters” មានភាពសប្បាយរីករាយមិនអាចបំភ្លេចបាន និងទទួលបាននូវសុខភាពល្អ។ មិនត្រឹមតែរសជាតិឆ្ងាញ់ជាប់មាត់ប៉ុណ្ណោះទេ សូម្បីតែសោភ័ណភាពនៃអាហារមួយចានៗ ដូចលោកអ្នកបានឃើញ ក៏មានការតុបតែងប្រកបដោយការយកចិត្ដទុកដាក់ ធ្វើឱ្យម្ហូបអាហារទាំងអស់នោះ គួរជាទីគយគន់មុននឹងទទួលទានផងដែរ។

spicy-sisters-08

លោកអ្នកអាចអញ្ជើញមកពិសាអាហារ ដែលមានរសជាតិឆ្ងាញ់ៗ តាមបែបខែ្មរ និងថៃ ពិតៗ ជាលក្ខណៈគ្រួសារ ឬពិធីផ្សេងៗជាលក្ខណៈឯកជន ក្នុងបន្ទប់ VIP នៅភោជនីយដ្ឋាន  Spicy Sisters ដែលបើកបម្រើសេវាកម្មជូនអតិថិជនចាប់ពីម៉ោង ១១ ព្រឹក ដល់ ១០ យប់ និងមានទីតាំងស្ថិតនៅខាងក្រោយផ្សារទំនើបសុវណ្ណា ឬអាចទំនាក់ទំនងតាមរយៈទូរស័ព្ទលេខ ០២៣ ២១៥ ៦១៦៕

spicy-sisters-09



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 016 877 684