ព័ត៍មានទាន់​ហេតុការណ៏
Search

ស្ត្រីពិការមេម៉ាយកូន២ តំណាងឲ្យកម្ពុជា នឹងទៅចូលរួមសន្និសិទ ពិភពលោកសម្រាប់ស្ត្រី ឆ្នាំ២០១៦ នៅជប៉ុន

ភ្នំពេញ៖ ស្ថិតនៅលើរទេះជនពិការ បញ្ជារទេះទៅមុខ ថយ ក្រោយ ងាកឆ្វេង ងាកស្ដាំ បានយ៉ាងជំនាញ ជាមួយទឹកមុខរីករាយពោរពេញដោយក្ដីសង្ឃឹម អ្នកស្រី សៀង សុខច័ន្ទ រួមដំណើរជាមួយអ្នកស្រី ស៊ុន ស្រីទូច ត្រូវបានស្ថានទូតជប៉ុន ជ្រើសរើសឲ្យធ្វើជាតំណាងស្ត្រីកម្ពុជា ដើម្បីទៅចូលរួមធ្វើជាវាគ្មិន ក្នុងសន្និសីទពិភពលោកសម្រាប់ស្ត្រី ឆ្នាំ២០១៦ ដែលនឹងប្រារព្ធធ្វើឡើងចាប់ពីថ្ងៃ ១៣ និង ១៤ខែធ្នូ ឆ្នាំ២០១៦ នៅទីក្រុងតូក្យូ ប្រទេសជប៉ុន។

“សន្និសីទពិភពលោកសម្រាប់ស្ត្រី គឺជាផ្នែកមួយនៃកិច្ចខិតខំប្រឹងប្រែង ដើម្បីសម្រេចឲ្យបាន ក្នុងការលើកស្ទួយស្ត្រី និងឲ្យតម្លៃទៅលើស្ត្រីនៅក្នុងសង្គម ដែលជាការងារអាទិភាពមួយ នៅក្នុងរដ្ឋបាលរបស់លោកនាយករដ្ឋមន្ត្រី អាបេ” នេះគឺជាលើកឡើងរបស់លោកឯកអគ្គរាជទូត ហូរីណុអ៊ុជិ ក្នុងឱកាសដែលលោកអនុញ្ញាតឲ្យ វាគ្មិនទាំង២រូបរបស់កម្ពុជា បានចូលជួបសម្ដែងការគួរសម កាលពីព្រឹកម្សិលមិញ នៅឯស្ថានទូតជប៉ុន មុនពេលចាកចេញទៅប្រទេសជប៉ុន នៅចុងសប្ដាហ៍នេះ។

លោកឯកអគ្គរាជទូត បានបន្តទៀតថា៖ ការចូលរួមនៅក្នុងសន្និសីទពិភពលោកសម្រាប់ស្ត្រី ឆ្នាំ២០១៦ គឺជាមូលហេតុទី១ ដែលខាងជប៉ុនអញ្ជើញអ្នកទាំង២ឲ្យទៅចូលរួម ហើយមូលហេតុទី២នោះគឺ កីឡាអូឡាំពិក និងប៉ារ៉ាអូឡាំពិក (កីឡាអូឡាំពិកសម្រាប់ជនពិការ) ឆ្នាំ២០២០ ដែលជប៉ុនធ្វើជាម្ចាស់ផ្ទះ។ គឺថាចង់ឲ្យអ្នកទាំង២ បានទៅជួបជាមួយសមភាគីនៅជប៉ុន ដើម្បីត្រៀមខ្លួនសម្រាប់ព្រឹត្តិការណ៍មួយនេះ។

អ្នកស្រី សៀង សុខច័ន្ទ បាននិយាយទាំងទឹកមុខស្ងួត ភ្នែកឡើងក្រហមរលីងរលោង មិនស្រក់ទឹកភ្នែកថា “ខ្ញុំជាស្ត្រីពិការមេម៉ាយ កូន២ នៅខេត្តបាត់ដំបង។ ខ្ញុំធ្លាក់ខ្លួនពិការដោយសារតែ មិនដឹងជាគ្រាប់កាំភ្លើងមកពីណា បាញ់ត្រូវចំឆ្អឹងខ្នងរបស់ខ្ញុំ ធ្វើឲ្យមួយកំណាត់ខ្លួនរបស់ខ្ញុំស្ពឹក កំរើកមិនរួចតាំងពីអាយុ ១១ឆ្នាំ។ ក្រោយពីការខិតខំតស៊ូ ពេលនេះខ្ញុំជាគ្រូបង្វឹកកីឡាបាល់បោះស្ត្រីពិការ និងជាប្រធានសមាគមស្ត្រីពិការនៅក្នុងខេត្តបាត់ដំបង”

japanese-embassador-cambodia-01

ដោយមានការសម្របសម្រួលពីអ្នកស្រី ស៊ុន ស្រីទូច ដែលជាមន្ត្រីដាក់បញ្ចូលពិការភាព នៃគណៈកម្មាធិការកាកបាទក្រហមអន្តរជាតិ ICRC អ្នកទាំង២នឹងថ្លែងសុន្ទរកថា នៅក្នុងកិច្ចពិក្សាលើប្រធានបទ “ការកសាងសន្តិភាពក្នុងសង្គមដោយស្ត្រី” ជាមួយតំណាងពិសេសនៃអគ្គលេខាធិការ អង្គការណាតូសម្រាប់ស្ត្រី ដើម្បីសន្តិភាពនិងសន្តិសុខ និងរដ្ឋមន្ត្រីយេនឌ័រនៅប្រទេសស៊ូដង់ខាងត្បួង។

សន្និសីទពិភពលោកសម្រាប់ស្ត្រី ត្រូវបានបង្កើតឡើងនៅឆ្នាំ២០១៤ និងរៀបចំធ្វើឡើងជារៀងរាល់ឆ្នាំ ដោយរដ្ឋាភិបាលជប៉ុន ដើម្បីពិភាក្សាលើបញ្ហាស្ត្រី ជំរុញនិងលើកស្ទួយស្ត្រីនៅក្នុងសង្គម ឲ្យបានល្អប្រសើរថែមទៀតនៅទូទាំងពិភពលោក។

មុនពេលរំកិលរទេះរបស់ខ្លួន ចាកចេញពីស្ថានទូតជប៉ុន លោកស្រី សៀង សុខច័ន្ទ បានឲ្យដឹងថា លោកស្ត្រី នឹងចែករំលែកនូវបទពិសោធន៍ជីវិត ការតស៊ូដ៏ជូរចត់របស់ខ្លួន និងបង្ហាញឲ្យពិភពលោកបានដឹងថា ស្ត្រីជាជនពិការ ត្រូវការ ការយកចិត្តទុកដាក់ លើកស្ទួយនិងឲ្យតំលៃ ដើម្បីរស់នៅក្នុងសង្គមស្មើភាពដូចអ្នកដទៃទៀតដែរ៕



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 016 877 684