ព័ត៍មានទាន់​ហេតុការណ៏
Search

ស៊ុបស៊ូគិយ៉ាគិ និងសាប៊ុសាប៊ុ ផលិតនៅជប៉ុនពិតៗ មកដល់កម្ពុជាហើយ នៅ “Mo-Mo-Paradise”

“អ៊ីរ៉ាសៃម៉ាសេ!…  អ៊ីរ៉ាសៃម៉ាសេ!…” គឺជាសំឡេងបន្លឺឡើងរបស់បុគ្គលិក នៅពេលដែលអតិថិជនឈានជើងដើរចូលទៅក្នុង ភោជនីយដ្ឋានស៊ុបបែបជប៉ុនមួយ ដែលទើបមានវត្តមានប្រមាណ ទើបតែ៣ខែប៉ុណ្ណោះនៅក្នុងទីក្រុងភ្នំពេញ។  “អ៊ីរ៉ាសៃម៉ាសេ” គឺជាភាសាជប៉ុន ដែលបកប្រែមកជាភាសាខ្មែរ មានន័យថា “សូមស្វាគមន៍។

ភោជនីយដ្ឋានថ្មីមួយនេះ ស្ថិតនៅតាមបណ្ដោយផ្លូវប៉ាស្ទ័រ កែងផ្លូវ ៣០៦ ក្នុងតំបន់បឹងកេងកងទី១ ដែលគេស្គាល់ថា ជាទីប្រជុំនូវភោជនីយដ្ឋានម៉ាកយីហោល្បីៗ នៅជុំវិញពិភពលោក។ ក្នុងរចនាប័ទ្ម ពណ៌ក្រហមនិងខ្មៅ ព័ទ្ធជុំវិញស្ទើរតែទាំងអស់ដោយផ្ទាំងកញ្ចក់ ថែមទាំងលំអដោយកូនសួននៅជុំវិញផងនោះ ធ្វើឲ្យហាងមួយនេះលេចធ្លោទាក់ភ្នែកអ្នកផង ដែលធ្វើដំណើរតាមដងផ្លូវនេះ ក៏ដូចជាងាយស្រួលក្នុងការស្វែងរកជាងគេ។ នៅពីខាងលើច្រកចូល មានរចនាអក្សរធំៗដាក់ថា “Mo-Mo- Paradise” ដែលតាមការស្រាវជ្រាវបានឲ្យដឹងថា គឺជាម៉ាកយីហោភោជនីយដ្ឋានល្បីឈ្មោះមួយក្នុងពិភពលោក។

mo-mo-paradise-01

បន្ទាប់ពីទទួលបានការស្វាគមន៍ យ៉ាងរួសរាយរាក់ទាក់ពីបុគ្គលិករួចមក លោកអ្នកអាចអង្គុយរង់ចាំគ្នីគ្នាយ៉ាងមានផាសុកភាព នៅកន្លែងរង់ចាំនៅក្បែរមាត់ច្រកចេញចូល។ នៅទីនោះ មានទូរទស្សន៍ទំនើបធំ ភ្លឺថ្លាត្រជាក់ភ្នែកមួយបង្ហាញ នូវ ការចម្អិនស៊ុប សាច់ និងបន្លែ អមជាមួយរបៀបនៃការហូបផង ដែលកាន់តែដុតរោលអារម្មណ៍ឲ្យចង់ទៅភ្លក់រសជាតិស៊ុបនោះភ្លាមៗតែម្ដង។

បរិស្ថាននៅក្នុងភោជនីយដ្ឋាន “Mo-Mo- Paradise” ពិតជាធ្វើឱ្យលោកអ្នកប្លែកភ្នែក និងមានអារម្មណ៍ស្រស់ថ្លា ជាមួយគ្រឿងបរិក្ខារតុបតែង ក៏ដូចជាការការខណ្ឌចែកតុតាមចំនួនមនុស្ស ឲ្យដាច់ចេញពីគ្នាដើម្បីឯកជនភាពរបស់ភ្ញៀវ ដែលអញ្ជើញមកពិសា។ នៅតាមតុនិយាយមួយៗ បានបំពាក់នូវចង្ក្រានអគ្គិសនី បច្ចេកវិទ្យាទំនើបរបស់ប្រទេសបារាំង ដែលអាចឲ្យភ្ញៀវគ្រប់គ្រងនូវកំដៅ បានយ៉ាងរហ័សទាន់ចិត្ត ជាពិសេសគឺមានសុវត្ថិភាពខ្ពស់។ ជាងនេះទៅទៀត ក៏មានបន្ទាប់ VIP សម្រាប់កម្មវិធី ឬការជួបជុំពិសាលក្ខណៈឯកជនផងដែរ។

mo-mo-paradise-02

អ្នកគ្រប់គ្រងទូទៅ ស្រស់សង្ហា កំពស់ចូលលក្ខណៈស្ដង់ដារ លោក ហុង វិឡា និយាយទាំងទឹកមុខញញឹម ប្រាប់ថា៖ Mo-Mo-Paradise គឺជាម៉ាកយីហោល្បីឈ្មោះ មានប្រភពដើមកំណើតនៅប្រទេសជប៉ុន ផ្ដល់ជូនស៊ុបសាប៊ុសាប៊ុ និងសុគិយ៉ាគិ ដែលមានរសជាតិឆ្ងាញ់ពិសា ថែមទាំងជាស៊ុបសុខភាព និងទទួលបានភាពល្បីល្បាញជុំវិញពិភពលោក តាំងពីឆ្នាំ ១៩៩៣ មកម្ល៉េះ។ នៅពេលនេះ អាហារប្រកបដោយឱជារសឆ្ងាញ់ពិសា និងប្រកបដោយគុណប្រយោជន៍សម្រាប់សុខភាពមួយនេះ មានវត្តមាននៅក្នុងទីក្រុងភ្នំពេញយើងហើយ។

លោកបន្តថា៖ Mo-Mo- Paradise នៅកម្ពុជាគឺជា Franchise  ដែលនាំចូលមកពីប្រទេសជប៉ុនពិតៗ ពោលគឺទឹកស៊ុប និងទឹកជ្រលក់ត្រូវបាននាំចូលមកពី Mo-Mo- Paradise នៅប្រទេសជប៉ុន។ ហើយអ្វីដែលជាចំណុចពិសេសនោះគឺថា គុណភាពនៃសាច់ និងបន្លែ ត្រូវបានគ្រប់គ្រងប្រកបដោយស្ដង់ដារមាត្រដ្ឋានខ្ពស់ និងត្រួតពិនិត្យដោយផ្ទាល់ពី Mo-Mo- Paradise នៅប្រទេសជប៉ុន។ លក្ខណៈសម្បត្ដិសំខាន់បំផុត ដែលធ្វើឱ្យ Mo-Mo- Paradise អាចពង្រីកវិសាលភាពរបស់ខ្លួន នៅបណ្ដាប្រទេសមួយចំនួន ជុំវិញពិភពលោកបាន គឺដោយសារតែម្ចាស់ស្លាកយីហោនេះ បានរក្សានូវស្ដង់ដារមាត្រដ្ឋានខ្ពស់ ទៅលើគុណភាព អនាម័យ និងរសជាតិនៃម្ហូបអាហារ។ ភោជនីយដ្ឋាន Mo-Mo- Paradise នៅគ្រប់ទីកន្លែងនៅលើពិភពលោក គឺមានរសជាតិតែមួយគត់។ អ្វីដែលខុសគ្នា គឺការប្រើប្រាស់សាច់ និងបន្លែទៅតាមប្រទេសនីមួយៗ។

mo-mo-paradise-03

តើហេតុអ្វីបានជាម៉ាកយីហោ Mo-Mo- Paradise ត្រូវបាននាំចូល មកប្រទេសកម្ពុជា?

លោក វិឡា បានបង្ហើបឱ្យដឹងថា ទស្សនៈវិស័យរបស់ម្ចាស់ Mo-Mo- Paradise នៅកម្ពុជា បានសម្លឹងឃើញការរីកចម្រើនលើវិស័យម្ហូបអាហារ នៅក្នុងប្រទេសកម្ពុជា ដូច្នេះគាត់ក៏សម្រេចចិត្ដ នាំយកអាហារដ៏ប្លែក មានរសជាតិឆ្ងាញ់ពិសា ដែលមិនធ្លាប់មាននៅកម្ពុជា មកឱ្យប្រជាជនកម្ពុជាបានស្គាល់ បានភ្លក់ ដោយមិនចាំបាច់ធ្វើដំណើរទៅប្រទេសនានា។ មិនតែប៉ុណ្ណោះ អាហាររបស់ Mo-Mo-Paradise មិនត្រឹមតែមានរសជាតិឆ្ងាញ់តែម្យ៉ាងប៉ុណ្ណោះទេ ប៉ុន្ដែថែមទាំងល្អប្រសើរចំពោះសុខភាពផងដែរ ពីព្រោះទាំងទឹកស៊ុប ទឹកជ្រលក់ សាច់ និងបន្លែ ជារបស់ធម្មជាតិសុទ្ធសាធ និងត្រូវបានត្រួតពិនិត្យគុណភាពយ៉ាងយកចិត្ដទុកដាក់ មុននឹងផ្ដល់ជូនដល់អតិថិជន។

តើភោជនីយដ្ឋាន “Mo-Mo- Paradise” មានអ្វីពិសេសសម្រាប់លោកអ្នក?

Mo-Mo-Paradise ផ្តល់ជូននូវជំរើសទឹកស៊ុប ២ ប្រភេទ សម្រាប់លោកអ្នកដែលអញ្ជើញមកពិសា គឺ ទឹកស៊ុបសុគិយ៉ាគិ (Sukiyaki) មានពណ៌ខ្មៅ និងទឹកស៊ុបសាប៊ុសាប៊ុ (Shabu-Shabu) មានពណ៌ថ្លា។ អតិថិជនអាចជ្រើសរើសប្រភេទទឹកស៊ុប តែមួយប្រភេទ ឬទាំង២ប្រភេទនៅក្នុងឆ្នាំងស៊ុបតែមួយក៍បាន។ ចំណែកឯសាច់វិញ អតិថិជននឹងទទួលបាន សាច់គោអាមេរិកចំនួន ៣ ប្រភេទ សាច់មាន់ សាច់ជ្រូក និងប្រហិតសាច់មាន់តាមតម្រូវការ។ ចំពោះបន្លែស្រស់វិញ អតិថិជនអាចជ្រើសរើស ពីសួនបន្លែរបស់ Mo-Mo-Paradise ដែលត្រូវបានរៀបចំយ៉ាងស្រស់បំព្រង ផ្តល់ជូននូវជម្រើសចំនួន ២០ មុខទៅតាមតម្រូវការ។

mo-mo-paradise-04

ដោយសារ តែស៊ុបប្រភេទនេះ ទើបតែមានវត្ដមានថ្មី នៅប្រទេសកម្ពុជា អតិថិជនដែលអញ្ជើញមកពិសារជាលើកទី១ នឹងត្រូវបានណែនាំពីរបៀបពិសា ឲ្យត្រឹមត្រូវទៅតាមស្ដង់ដារ ដោយបុគ្គលិកដ៍រួសរាយរាក់ទាក់របស់ Mo-Mo-Paradise ដែលទទួលបានការបណ្ដុះបណ្ដាលយ៉ាងត្រឹមត្រូវ។ មិនតែប៉ុណ្ណោះ លោកអ្នកនឹងទទួលបានទឹកជ្រលក់ ៣ រសជាតិ គឺទឹកជ្រលក់ពណ៌ខ្មៅ មានឈ្មោះ ផនហ្សឺ (Ponzu) ទឹកជ្រលក់ពណ៌លឿង មានឈ្មោះ ហ្គូម៉ា ដារ៉េ (Goma Dare) និងជាពិសេសគឺស៊ុតឆៅ (ពងមាន់) ដែលត្រូវបានសម្លាប់មេរោគ និងបំបាត់ក្លិនឆ្អាប ប្រកបដោយមាត្រដ្ឋានខ្ពស់មកពីប្រទេសថៃ ប្រើសម្រាប់ជ្រលក់ជាមួយសាច់។ នោះគឺជាអ្វីដែលប្លែក និងមានរសជាតិឆ្ងាញ់មួយបែបដែលពិបាកនឹងធ្វើពណ៌នា ដែលលោកអ្នកគួរតែសាកល្បងដោយផ្ទាល់។

mo-mo-paradise-05

សាច់ ដែលមានពណ៌ក្រហមស្រស់ៗ កាត់តំរឹមជាបន្ទះៗ ក្នុងខ្នាតមួយស្មើៗគ្នា រៀបយ៉ាងមានរបៀបក្នុងចាន៤ជ្រុង ត្រូវបានចាប់ដាក់ចូលក្នុងទឹកស៊ុប កំពុងតែពុះ អបជាមួយបន្លែស្រស់ៗមួយចំនួននៅក្នុងនោះ។ លោកអ្នកអាចចម្អិន សាច់ឲ្យឆ្អិនល្មម ឬធ្អិនតែម្ដង ទៅតាមចំណង់ចំណូលចិត្ត បន្ទាប់មក ជ្រលក់នៅក្នុងទឹកជ្រលក់ដែលលោកអ្នកចូលចិត្ត។ សាច់ផុយ និងប្រកបដោយឳជារស ប៉ះជាមួយទឹកជ្រលក់ ប្រភេទមួយណាក៏បាន ពិតជាធ្វើឲ្យលោកអ្នកលាន់មាត់ថាឆ្ងាញ់ ជាក់ជាមិនខាន។ សូមមកទទួលយកបទពិសោធន៍ស៊ុប នៅ Mo-Mo-Paradise ពិតជាមិនធ្វើឲ្យអស់លោកអ្នកខកបំណងឡើយ។

ក្រៅពីស៊ុបដ៏មានឳជារស Mo-Mo-Paradise មានផ្ដល់ជូននូវ ភេសជ្ជៈ និង Gelato (ការ៉េម) ដែលមានរសជាតិប្លែកៗ ផងដែរ។

mo-mo-paradise-06

លោក វិឡា បាននិយាយឲ្យដឹងថា៖ Mo-Mo-Paradise ចាប់បើកបម្រើការជូនអតិថិជនចាប់ពីម៉ោង ១១ ព្រឹក ដល់ម៉ោង ២៖៣០ នាទីរសៀល និងចាប់ពីម៉ោង ៥ ល្ងាច ដល់ម៉ោង ១០ យប់ ហើយអាចទំនាក់ទំនងតាមរយៈទូរស័ព្ទលេខ៖ 098 393 888 សម្រាប់ការកក់តុទុកជាមុន។

បន្ទាប់ពីទទួលទានស៊ុបនៅ Mo-Mo-Paradise យ៉ាងឆ្ងាញ់ពិសារួចរាល់មក មុនពេលដើរចាកចេញពីភោជនីយដ្ឋានមួយនេះ ទាំងចិត្តមិនទាន់ដាច់អាល័យពីរសជាតិដ៍ជាប់ចិត្ត ស្រាប់តែសំឡេង “អារីហ្គាតូ ហ្គូសៃម៉ាស!…. អារីហ្គាតូ ហ្គូសៃម៉ាស!…” បន្លឺឡើងបន្តគ្នាដោយបុគ្គលិក Mo-Mo-Paradise ដែលមានន័យថា “អរគុណច្រើន!” ដើម្បីថ្លែងអំណរគុណដល់ភ្ញៀវទាំងអស់ ដែលអញ្ជើញមកពិសា៕

mo-mo-paradise-07



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 016 877 684