ព័ត៍មានទាន់​ហេតុការណ៏
Search

អេ​មើ​រ៉ិល​ហាប់ ​ចុះហត្ថលេខា​ជាមួយ​ដៃគូ​ លើកស្ទួយ​សហគ្រិនភាព​ផ្នែក​ប​ចេ្ច​ក​វិទ្យា​នៅ​កម្ពុជា

ភ្នំពេញ​ ៖ Emerald HUB ​ដែល​ជា ការិយាល័យ​ធ្វើការ​រួមគ្នា​របស់​អ្នក​ចាប់ផ្ដើម​អាជីវកម្ម​ថ្មី​និង​ក្រុមហ៊ុន ក្រុមហ៊ុន Smart Axiata, DTV STAR Co. Ltd. (Digi) គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​អម្រឹត និង Sabay Digital Corporation បាន​ចុះហត្ថលេខា​ជា​ដៃគូ រ​សហការ​រួមគ្នា ដើម្បី​ជំរុញ​ក្នុង​កិច្ចការ​អភិវឌ្ឍន៍ សហគ្រិនភាព ដល់​យុវជន ជា​អ្នក​ចាប់ផ្ដើម​អាជីវកម្ម​ថ្មី (Startup Business) ការ​ធ្វើសកម្មភាព​ប្រកួតប្រជែង គំនិត​អាជីវកម្ម និង​ការ​បណ្ដុះបណ្ដាល​ពី​របៀប​ធ្វើ​អាជីវកម្ម​ដំបូង ដល់​សមាជិក ក៏ដូចជា សិស្ស​និស្សិត និង​អ្នក​អាជីព​នានា ជាពិសេស​ក្នុង​វិស័យ​អាជីវកម្ម​បច្ចេកវិទ្យា​។

ពិធី​ចុះហត្ថលេខា នេះ​បាន​ធ្វើឡើង​កាលពី​ព្រឹក​ថ្ងៃ​ទី​១២ ​ខែធ្នូ ​ឆ្នាំ​២០១៦​ ដោយមាន​ការ ចូល រួម​ពី លោក Thomas HUNDT នាយក​ប្រតិបត្តិ​ក្រុមហ៊ុន Smart Axiata, លោក Andrey Sheen នាយក​ប្រតិបត្តិ​ក្រុមហ៊ុន​ឌី​ជី លោក ឈាង សុភ​ក្តិ សហ​ស្ថាបនិក Emerald HUB Coworking Space អ្នកស្រី លឹម សុ​ផា នាយិកា​អង្គភាព​ធនធានមនុស្ស នៃ គ្រឹះស្ថាន មីក្រូហិរញ្ញវត្ថុ​អម្រឹត និង​លោក ជី សិលា នាយក​ក្រុមហ៊ុន Sabay Digital Corporation។

លោក ឈាង សុភ​ក្តិ បាន​ថ្លែង​អំពី​សារៈសំខាន់​នៃ​ការ​បង្កើត ការិយាល័យ​ធ្វើការ​រួមគ្នា (Coworking Space) ដែល​ជា​ផ្នែក​មួយ​នៃ​ប្រព័ន្ធ​អេកូឡូស៊ី​នៃ​ការ​ចាប់ផ្ដើម​អាជីវកម្ម​ថ្មី​នៅ ប្រទេស​កម្ពុជា ក្នុង​ការ​ជួយ​ជំរុញ សហគ្រិន​វ័យក្មេង អ្នក​មានគំនិត​ផ្ដួចផ្ដើម និង​និស្សិត​ឲ្យ​បង្កើត​អាជីវកម្ម​បាន​ប្រកបដោយ​និរន្ត​ភាព។

លោក សុភ​ក្ដិ បាន​បញ្ជាក់​ថា «Emerald HUB នឹង​ទទួល​បាន អត្ថប្រយោជន៍​ពី​កិច្ចសហការ ទាំង​បច្ចេកទេស អ៊ីនធឺណិត និង​ថវិកា សម្រាប់​ការ​ផ្សព្វផ្សាយ និង​ជំរុញ​ក្នុង​ការ​បង្កើត​អាជីវកម្ម​បច្ចេកវិទ្យា​ថ្មីៗ ស្រប​នឹង​គោលបំណង​របស់ Emerald HUB ដែល​បង្កើត​ឡើង​បម្រើ​ប្រយោជន៍​ឲ្យ​ដល់ សិស្ស​និស្សិត និង​សហគមន៍​នៃ​អ្នកបង្កើត​អាជីវកម្ម​ថ្មី ជា​កន្លែង រៀន​បន្ថែម ចែករំលែក បង្កើត​ថ្មី ធ្វើការ​រួមគ្នា ភ្ជាប់​ទំនាក់ទំនង និង រីកចម្រើន​ជាមួយគ្នា​»។

លោក Thomas HUNDT នាយក​ប្រតិបត្តិ​ក្រុមហ៊ុន Smart ថ្លែង​ថា «​ការិយាល័យ​ធ្វើការ​រួមគ្នា ដើរតួ​និង​មានមុខ​ងារ​ជា​កន្លែង​សម្រាប់​សហគ្រិន​វ័យក្មេង​ដើម្បី​ពិភាក្សា និង​ផ្លាស់ប្តូរ​គំនិត​ច្នៃប្រឌិត​ធ្វើ​អាជីវកម្ម​ថ្មី​ជាមួយគ្នា​។ ភាពជា​ដៃគូ​នេះ​បាន​ឆ្លុះបញ្ចាំង​ពី​ការរួមចំណែក បន្ថែម​ទៀត​របស់ Smart ក្នុង​ការជំរុញ​សហគ្រិនភាព​ផ្នែក​បច្ចេកវិទ្យា និង ឌីជីថល​ដើម្បី ឆ្ពោះ​ទៅ​រក​ការ អភិវឌ្ឍ នៃ​ប្រព័ន្ធ​អេកូ​ឌីជីថល ក្នុង​ប្រទេស​កម្ពុជា​។ តាមរយៈ​ការ​សហការ​របស់​យើង យើង​សង្ឃឹមថា ​ការប្រើប្រាស់​នៃ ការិយាល័យ​ធ្វើការ​រួមគ្នា នឹង​លើកទឹកចិត្ត​សហគ្រិន​វ័យក្មេង​ដើម្បី​សម្រេច​ក្តី​សុបិន​របស់ ពួកគេ​។ Smart រីករាយ​ក្នុង​ឪ​កាស​វិនិយោគ​នានា​ជាពិសេស​ក្នុង​វិស័យ បច្ចេកវិទ្យា ហើយ យើង​មើល​រំពឹងទុក​នូវ​លទ្ធផល​ដ៏​ប្រសើរ​ពី​ការ​សហការ​ជាមួយ Emerald HUB នេះ​»។

​ចំណែក​លោក Andrey Sheen នាយក​ប្រតិបត្តិ​ក្រុមហ៊ុន​ឌី​ជី មានប្រសាសន៍ថា ឌី​ជី​ពិតជា​រីករាយ ក្នុងការ​លើកកម្ពស់ និង គាំទ្រ​ដល់ Emerald HUB ដែល​ជា​កន្លែង ដ៏​អស្ចារ្យ​ក្នុង​ការ ចែករំលែក គំនិត​ច្នៃប្រឌិត និង កិច្ចពិភាក្សា​ផ្សេងៗ​។ យើង​ចង់​ឲ្យ​អ្នក​រាល់គ្នា អង្គុយ​នៅក្នុង​កន្លែង​មួយ ដែលមាន​បរិស្ថាន​ល្អ ក្នុងការ​បង្កើត​គំនិត​ច្នៃប្រឌិត​ថ្មី​ក្រោម​ទម្រង់​មួយ​ដែល​ផ្តល់នូវ ការរៀនសូត្រ​, ចែករំលែក​, បង្កើត​, ការធ្វើការងារ​, ទំនាក់ទំនង​, និង ការរីកលូតលាស់​រួមគ្នា​។ ជាមួយនឹង​ការតភ្ជាប់ អ៊ី​ន​ធឺ​ណែ​ត​ដែលមាន​ល្បឿន​លឿន​ពី​ក្រុមហ៊ុន​ឌី​ជី Emerald HUB នឹង​អាច​នាំយក​បទពិសោធន៍ ដែល ងាយស្រួល​បំផុត​ដល់​សមាជិក​រប​ស់​ខ្លួន។

គួរ​បញ្ជាក់​ថា​ កិច្ច​សហប្រតិបត្តិការ​នៃ​ភាគី​ទាំងអស់ នឹង​ធ្វើ​ឲ្យ Emerald HUB Co-Working Space ក្លាយជា​កន្លែង សម្រាប់ធ្វើ​ការ​ផ្ដួចផ្ដើម​បណ្តុះ​គំនិត​អាជីវកម្ម និង​ការ​ចាប់ផ្ដើម​អាជីវកម្ម​ថ្មី ឲ្យ​មាន​និរន្ត​ភាព តាមរយៈ សកម្មភាព ជួបជុំ ចែករំលែក បណ្តុះបណ្ដាល សិក្ខាសាលា ទាក់ទង​នឹង​ការចាប់​ផ្ដើមធ្វើ​អាជីវកម្ម ការ​ធ្វើការ និង​ការប្រើប្រាស់​ធនធាន​រួមគ្នា វិនិយោគ ហិរញ្ញវត្ថុ និង​ទីផ្សារ ព្រមទាំង​ជួយ​ធ្វើ​ឲ្យ​គម្រោង​នានា​នៃ​សហគមន៍​អ្នកបង្កើត​អាជីវកម្ម​ថ្មី អាច​ដំណើរការបាន និង​ផ្ដល់​ឱកាស​ក្នុង​បង្ហាញ​ ឬ​ ណែ​នាំ​នូវ គំរូ​ផលិតផល និង​សេវាកម្ម​ថ្មី ក៏ដូចជា​ការ​ទំនាក់ទំនង​ទៅកាន់​សហគមន៍​នានា​នៅក្នុង​តំបន់​អាស៊ាន​ផងដែរ៕

 



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 016 877 684