ព័ត៍មានទាន់​ហេតុការណ៏
Search

រចនាប័ទ្ម​ខ្មែរ​ មិន​អាច​យក​រចនាប័ទ្ម បរទេស​មក​អភិវឌ្ឍន៍​លំនៅដ្ឋាន​ឡើយ​

បន្ទាយមានជ័យ ៖ ការរៀបចំ​លំនៅដ្ឋាន​សាធារណៈ គឺជា​រឿង​សំខាន់​សម្រាប់​សុខុមាលភាព​មនុស្ស តែបើ​ការសាងសង់​លំនៅដ្ឋាន​ខុស​រចនាប័ទ្ម​របស់​ប្រទេស​ខ្លួន ដោយ​យក​រចនាប័ទ្ម​បរទេស​មក​ទាំង​ស្រុង វា​ធ្វើ​ឲ្យ​ប៉ះពាល់​ប្រពៃណី​វប្បធម៌​ជាតិ។
​ ​
នេះ​បើតាម​ការលើកឡើង​រប​ស់​គណៈអធិបតី​ជា​ជនជាតិ​ជប៉ុន នៃ​អង្គការ​ចៃ​កា (JICA) និង​អាជ្ញាធរ​ខេត្ត​បន្ទាយមានជ័យ ក្នុង​សិក្ខាសាលា​ពិគ្រោះ​យោបល់​ស្តីពី​ការរៀបចំ​អនុវត្ត​ជំហាន​ទី​២ គម្រោង​កសាង​សមត្ថភាព​ផ្នែក​លំនៅដ្ឋាន​សាធារណៈ ក្រោម​អធិបតីភាព លោក ឆាន់ សាផាន់ រដ្ឋលេខា​ធិការ​ក្រសួង​រៀបចំ​ដែនដី សហការ​រៀបចំ​ដោយ​អគ្គនាយកដ្ឋាន​លំនៅដ្ឋាន និង​ទីភ្នាក់ងារ​សហ​ប្រតិបត្តិការ​អន្តរជាតិ​ជប៉ុន នៅ​សណ្ឋាគារ​ព្រះ​ច័ន្ទ ក្នុង​ខេត្ត​បន្ទាយមានជ័យ រយៈ​ពេល​៣​ថ្ងៃ ចាប់ពី​ថ្ងៃ​ទី​១៤ ខែ​ធ្នូ ឆ្នាំ​២០១៦ ដោយមាន​ការចូលរួម​ពី​មន្ត្រី​សុរិយោដី​គ្រប់​ខេត្ត។
​ ​
លោក ប្រាក់ ប៉ូ​លី ប្រធាន​មន្ទីរ​រៀបចំ​ដែនដី​នគរូបនីយកម្ម ខេត្ត​បន្ទាយមានជ័យ បាន​លើកឡើងថា សិក្ខាសាលា​ពិគ្រោះ​យោបល់​នេះ គឺ​បាន​ឆ្លើយតប​ទៅ​នឹង​តម្រូវការ​ជាក់ស្តែង​ នៃ​ស្ថានភាព​សំណង់​បណ្តោះអាសន្ន ដែល​កើតមាន​នៅក្នុង​ក្រុង​សិរីសោភ័ណ និង​ក្រុង​ប៉ោយប៉ែត។

​លោក លី សារី អភិបាលរង​ខេត្តបន្ទាយមានជ័យ តំណាង​ឲ្យ​ លោក សួន បវរ អភិបាលខេត្ត បាន​មាន​ប្រសាសន៍ថា ការរៀបចំ​លំនៅដ្ឋាន​ជា​រឿង​សំខាន់​ណាស់ ដែល​បច្ចុប្បន្ន​ខេត្ត​បន្ទាយមានជ័យ កំពុង​ជួប​បញ្ហា និង​កំពុង​ដោះស្រាយ បើ​និយាយ​ពី​លំនៅដ្ឋាន គឺ​វា​ពាក់ព័ន្ធ​ស្ថាប័ន​ជំនាញ​ជាច្រើន ដូចនេះ សូម​ឲ្យ​សិក្ខាកាម​ដែល​មកពី​បណ្តា​ខេត្ត​ទាំង​២៥ រាជធានី ត្រូវ​គិត​ពី​សោភ័ណភាព នៃ​អគារ ហើយ​សិក្សា​ពី​រចនាប័ទ្មខ្មែរ មិន​ត្រូវ​ចម្លង​សុទ្ធ​ពី​រចនាប័ទ្មបរទេស និង​ត្រូវ​គិត​ពី​គុណភាព​សំណង់ បច្ចេកទេស ធ្វើយ៉ាងណា​ឲ្យ​មាន​ភាព​រឹងមាំ ​នៃ​សំណង់។​

ជាមួយគ្នានេះដែរ​ លោក Tatsuo Narafu ទីប្រឹក្សា​ជាន់ខ្ពស់​ចៃ​កា (JICA) និង​លោក Naoyoshi Murakami ប្រធាន​ការិយាល័យ​ នៃ​ក្រសួង​ដែនដី ហេដ្ឋារចនាសម្ព័ន្ធ ដឹកជញ្ជូន និង​ទេសចរណ៍​ជប៉ុន បានលើកឡើង​ស្រដៀង​គ្នា​ថា ប្រទេស​កម្ពុជា ជា​ប្រទេស​កំពុង​អភិវឌ្ឍន៍ ដូច​លោក លី សារី បាន​លើកឡើង ខេត្ត​បន្ទាយមានជ័យ ក៏​មាន​បញ្ហា​ខាង​លំនៅដ្ឋាន​ដូច​ប្រទេស​ជប៉ុន ក្រោយ​សង្គ្រាម​លោក​លើកទី​២​ចប់ ប្រជាពលរដ្ឋ​នៅ​ជនបទ បានមក​រស់នៅ​ទីក្រុង ដែល​រង​ការ​ខ្ទេចខ្ទាំ​លំនៅដ្ឋាន ដោយ​គ្រាប់បែក​របស់​អាមេរិក ដែល​ជប៉ុន​បាន​ដោះស្រាយ រហូតដល់​មានការ​រៀបរយ​ផ្នែក​លំនៅដ្ឋាន។

តាមរយៈ​បទ​បង្ហាញ​ទាំងអស់​ក្នុង​សិក្ខាសាលា សង្ឃឹមថា អស់លោក នឹង​យកទៅ​អនុវត្ត​តាម​ខេត្ត​របស់ខ្លួន ហើយក៏​សង្ឃឹមថា ប្រទេស​កម្ពុជា​ក៏មាន​បញ្ញា​ឈ្លាសវៃ ក្នុង​ការរៀបចំ​លំនៅដ្ឋាន​ទៅ​ថ្ងៃ​អនាគត ទៅតាម​រចនាបថ​រប​ស់​ខ្លួន។

ការរៀបចំ​លំនៅដ្ឋាន​បានល្អ ធ្វើ​ឲ្យ​មាន​សណ្ដាប់ធ្នាប់ សោភ័ណភាព និង​ការរស់នៅ ប្រកបដោយ​សុខុមាលភាព។

លោក ឆាន់ សាផាន់ រដ្ឋលេខាធិការ​ក្រសួង​រៀបចំ​ដែនដី​បាន​មានប្រសាសន៍ថា រដ្ឋាភិបាល​កម្ពុជា បាន​បង្កើត​ឲ្យ​មាន​អគ្គនាយកដ្ឋាន​លំនៅដ្ឋាន នៅ​ឆ្នាំ​២០១៤ ដែល​ការ​បង្កើត​នេះ សំដៅ​ទៅលើ​​លំនៅដ្ឋាន ហើយ​ការ​ដែល​អាច​រៀបចំ​លំនៅដ្ឋាន​ទៅ​បាន​ ក៏​ដោយសារតែ​ប្រទេស​មាន​សុខ​សន្តិភាព មានការ​រីកចម្រើន ទៅតាម​ដំណាក់កាល ដោយ​ដើមឡើយ​នៅ​ឆ្នាំ​១៩៨៥ បាន​ប្តូរ​សំលៀកបំពាក់​ពី​ពណ៌​ខ្មៅ​ មក​ស្លៀកពាក់​ចម្រុះ ក្រោយ​របប​ខ្មែរក្រហម និង​បាន​ខិតខំ​ធ្វើយ៉ាងណា​ឲ្យ​បាន​ហូបចុក​គ្រប់គ្រាន់ រហូតដល់​រក​ទីជម្រក​សមរម្យ ​ដើម្បី​ជួបជុំ​ប្រពន្ធ​កូន ដែល​នាំ​ឲ្យ​មាន​តម្រូវការ​មន្ទីរពេទ្យ សាលារៀន។

រហូតដល់​បច្ចុប្បន្ន ប្រជាពលរដ្ឋ​មាន​ជីវភាព​ធូរធារ មានលទ្ធភាព​សាងសង់​លំនៅដ្ឋាន​ដ៏​ប្រណិត និង​ដើរ​កម្សាន្ត ក្នុង និង​ក្រៅប្រទេស នៅ​ថ្ងៃ​ឈប់សម្រាក ដែល​មិន​ធ្លាប់​មានមក​តាំងពី​សម័យ​សង្គម​រាស្ត្រនិយម។ ដើម្បី​ឲ្យ​លំនៅដ្ឋាន​សាធារណៈ បានល្អ​ប្រសើរ​លុះត្រាតែ​មាន​ប្រព័ន្ធ​សុវត្ថិភាព ទឹក​ភ្លើង ផ្លូវថ្នល់ និង​អ្វីៗ​គ្រប់បែបយ៉ាង ទើប​ការរស់នៅ​ប្រកបដោយ​សុខុមាលភាព៕





ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើរ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 016​ 877 684