ព័ត៍មានទាន់​ហេតុការណ៏
Search

លោក​សាស្ត្រាចារ្យ ធា​គ្រុយ​បាន​ចូលរួម​ទិវា​អភិវឌ្ឍន៍​វិជ្ជាជីវៈ វេជ្ជសាស្ត្រ​បន្ត​លើក​ទី​៦​ក្នុង​ខេត្ត​បន្ទាយមានជ័យ

បន្ទាយមានជ័យ ៖ ព្រឹក ថ្ងៃ ទី​១៥​ខែ ធ្នូ ឆ្នាំ​២០១៦​នេះ​នៅ​សាល​ប្រជុំ​ក្នុង​មន្ទីរ​សុខាភិបាល​ខេត្ត​បន្ទាយមានជ័យ​ស្ថិត​ក្នុង​ភូមិ​ក្បាលស្ពាន សង្កាត់​ព្រះ​ពន្លា ក្រុង​សិរីសោភ័ណ ខេត្ត​បន្ទាយមានជ័យ បាន​បើក​កិច្ចប្រជុំ​ប្រារព្ធ​ទិវា​អភិវឌ្ឍន៍​វិជ្ជាជីវៈ​វេជ្ជសាស្ត្រ​បន្ត​លើក​ទី​៦​របស់​ខេត្តបន្ទាយមានជ័យ​។

កិច្ចប្រជុំ​នេះ ​មានការ​ចូលរួម​លោក​សាស្ត្រាចារ្យ ធា​គ្រុយ រដ្ឋលេខាធិការ​ក្រសួងសុខាភិបាល​និង​ជា​ក្រុមប្រឹក្សា​គណៈ​គ្រូពេទ្យ​ជាតិ​កម្ពុជា លោក​វេជ្ជបណ្ឌិត​កែវ​សុ​ភ័​ត្ត្រា ប្រធាន​មន្ទីរ​សុខាភិបាល​ខេត្តបន្ទាយមានជ័យ លោក​វេជ្ជបណ្ឌិត​និង​លោកគ្រូ​ពេទ្យ​មកពី​ខេត្តបន្ទាយមានជ័យ ខេត្តសៀមរាប ខេត្ត​ឧ​ត្ត​មានជ័យ ខេត្តបាត់ដំបង ខេត្ត​ប៉ៃលិន ខេត្តពោធិ៍សាត់ ខេត្តកំពង់ឆ្នាំង សរុប​អ្នកចូលរួម​ចំនួន​១៨៣​នាក់​។

ក្នុង​កិច្ចប្រជុំ​នោះ​ លោក​វេជ្ជបណ្ឌិត​កែវ ​សុ​ភ័​ត្ត្រា ​បាន​មានប្រសាសន៍​ទៅ​កាន់​លោក​វេជ្ជបណ្ឌិត​ និង ​គ្រូពេទ្យ​ថា ​កិច្ចប្រជុំ​ទិវា​អភិវឌ្ឍន៍​វិជ្ជាជីវៈ វេជ្ជសាស្ត្រ​បន្ត​លើក​ទី​៦​របស់​ខេត្ត​បន្ទាយ​មានជ័យ​នេះ​ ក្នុង​គោលបំណង​ធ្វើការ​អភិវឌ្ឍន៍​ចំណេះ​ដឺ​ង​វិជ្ជាជីវៈ​វេជ្ជសាស្ត្រ​និង​ផ្លាស់​ប្តូរ​បទពិសោធន៍​គ្រូពេទ្យ​គ្នា​ទៅវិញទៅមក​ក្នុង​ការ​អនុវត្ត​វិជ្ជាជីវៈ​ក្នុង​វិស័យ​សុខាភិបាល​។

លោក​វេជ្ជបណ្ឌិត​កែវ​សុ​ភ័​ត្រា​បាន​បញ្ជាក់​ទៀត​ថា​ កិច្ចប្រជុំ​នេះ​ដែរ​គឺ​ដើម្បី​កែលំអ​រាល់​ចំណុច​ខ្វះខាត​របស់​លោក​វេជ្ជបណ្ឌិត និង​លោកគ្រូ​ពេទ្យ​ទាំងអស់​ក្នុង​ការ​ផ្តល់សេវា​វិជ្ជាជីវៈ​សុខាភិបាល​ឲ្យ​កាន់តែ​មានគុណ​ភាព​និង​ប្រសិទ្ធភាព​ទ្វេ​ឡើង​ធ្វើ​ឲ្យ​សុខភាព​ប្រជាពលរដ្ឋ​ឲ្យ​កាន់តែ​ប្រសើរ​ឡើង​ដើម្បី​រួមចំណែក​កាត់បន្ថយ​ភាព​ក្រីក្រ​របស់​ប្រជាពលរដ្ឋ​ផង​ដែរ​។

លោក​កែវ​សុ​ភ័​ត្ត្រា​បាន​បញ្ជាក់​ទៀត​ថា​ ក្នុង​ទិវា​អភិវឌ្ឍន៍​វិជ្ជាជីវៈ វេជ្ជសាស្ត្រ​បន្ត​លើក​ទី​៦​នេះដែរ​ ដើម្បី​ធ្វើការ​ពិនិត្យមើល​ឡើងវិញ​រួមគ្នា​ពី​សមិទ្ធផល​លើ​ការងារ​ដែល​មន្ទីរ​សុខាភិបាល​ខេត្ត​រួមជាមួយ​ដៃគូ​អភិវឌ្ឍន៍​ក្នុង​ការផ្តល់​សេវាសាធារណៈ​ដល់​ប្រជាពលរដ្ឋ​និង​ជា​ឱកាស​ធ្វើការ​ផ្សព្វផ្សាយ​ដល់​សាធារណៈ ប្រជាជន សហគមន៍​ដើម្បី​ស្វែងយល់​ឲ្យ​កាន់តែ​ច្បាស់​អំពី​ផែនការ​យុទ្ធសាស្ត្រ​លើ​វិស័យ​សុខាភិបាល ដែល​ត្រូវ​យកទៅអនុវត្ត​ដោយ​ឈរលើ​គោលការណ៍​ទទួលខុសត្រូវ​ឲ្យ​មាន​ប្រសិទ្ធភាព គុណភាព និង​សមធម៌​ដើម្បី​រួមចំណែក​កាត់បន្ថយ​ភាព​ក្រីក្រ​របស់​ប្រជាពលរដ្ឋ​និង​ចូលរួម​អភិវឌ្ឍន៍​សង្គម សេដ្ឋកិច្ច សង្គមកិច្ច​ឲ្យ​កាន់តែ​រីកចម្រើន​ទៀតផង​។

ក្នុង​នោះ​ដែរ ​លោក​សាស្ត្រាចារ្យ​ធា​គ្រុយ​រដ្ឋលេខា​ធិការ​ក្រសួងសុខាភិបាល​ បាន​ធ្វើ​ការ​ផ្តាំផ្ញើ​ដល់​លោក​វេជ្ជបណ្ឌិត​និង​លោកគ្រូ​ពេទ្យ​ទាំងអស់​ត្រូវបំពេញ​កិច្ចការ​ក្រម​សីល​ធ​ម៌​វិជ្ជា​វី​វះ​ និង ​អាកប្បកិរិយា​ឲ្យ​បាន​សមរម្យ​ចំពោះ​អ្នក​ជំងឺ​មិន​ត្រូវ​ប្រើ​អក​ប្ប​កិរិយា​អសុរោះ​ដល់​អ្នក​ជំងឺ​ឡើយ​ជាហេតុ​ធ្វើ​ឲ្យ​ជះឥទ្ធិពល​មិនល្អ​ដល់​សេវា​សាធារណៈ​ហើយ​លោក​បាន​ធ្វើ​ការ​កោតសរសើរ​ដល់​លោក​វេជ្ជបណ្ឌិត​និង​លោកគ្រូ​ពេទ្យ​ទាំងអស់​ ដែល​ខិតខំ​ប្រឹងប្រែង​ប្រកបដោយ​ឆន្ទៈ​ទទួលខុសត្រូវ​ខ្ពស់​ក្នុងការ​បំពេញភារកិច្ច​សម្រេច​បាន​ជោគជ័យ​ ស្របតាម​ផែនការ​យុទ្ធសាស្ត្រ​សុខាភិបាល។

លោក​ធា​គ្រុយ​ បាន​បញ្ជាក់​ទៀត​ថា ​កត្តា​ជោគជ័យ​ទាំងអស់​នេះ​ហើយ​បាន​ឆ្លុះបញ្ចាំង​នូវ​សាមគ្គី​ភាព​យ៉ាង​ល្អប្រសើរ​រឹងមាំ​ក្នុង​ថ្នាក់ដឹកនាំ​របស់​មន្ទីរ​សុខាភិបាល​ទៀត​ផង​៕

   



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 016 877 684