ព័ត៍មានទាន់​ហេតុការណ៏
Search

ការ​តម្រង់​គោលដៅ​របស់​ចិន ទៅលើ​ក្រុមហ៊ុន​ផលិត​រថយន្ត​របស់​អាមេ​រិ​ក វា​ជា​លទ្ធភាព​នៃ​សញ្ញា​បង្ហាញ​ថា ចិន​ធ្វើការ​សងសឹក​ចំពោះ​ការ​និយាយ​របស់​លោក ត្រាំ

ផែនការ​របស់​ចិន ដើម្បី​ដាក់ទណ្ឌកម្ម​ក្រុមហ៊ុន រថយន្ត​មួយ​របស់​អាមេ​រិ​ក ដែល​ត្រូវ​ចោទប្រកាន់​អំពី​ការកំណត់​តម្លៃ​នោះ គឺជា​សញ្ញា​មួយ​បង្ហាញ​ថា តើ​ក្រុង​ប៉េកាំង​អាចធ្វើ​ការ​សង​សឹក​យ៉ាង​ដូចម្តេច​នោះ ប្រសិនបើ​ប្រធានាធិបតី​ជាប់ឆ្នោត​អាមេ​រិ​ក លោក​ដូ​ណា​ល់ ត្រាំ ផ្លាស់​​ប្តូរ​ទំនាក់ទំនង​រាប់​ទសវត្ស​រវាង​ប្រទេស​ទាំងពីរ​នេះនោះ។

ការ​ពោល​អះអាង​របស់លោក​ត្រាំ​ថា អា​មេ​រិ​ក​មិន​ត្រូវបាន​ចងភ្ជាប់​ដោយ​នយោបាយ​ដែលថា​តៃ​វ៉ា​ន់ គឺជា​ផ្នែក​មួយ​របស់​ប្រទេស​ចិន​តែមួយ​នោះ នឹងធ្វើ​ឲ្យ​សឹក​រេច​រិល​ដល់​ស្នូល​នៃ​ទំនាក់ទំនង​អាមេ​រិ​ក​-ចិន ដែល​បាន​ទល់​ទ្រ​កំណើន​ដ៏​ទូលំទូលាយ​នៅ​ក្នុង​ពាណិជ្ជកម្ម​ និង ​កិច្ច​សហប្រតិបត្តិការ​រវាង​អ្វី​ដែល​ឥឡូវនេះ​គឺជា​ប្រទេស​សេដ្ឋកិច្ច​ធំ​បំផុត​លំដាប់​ទី​២​នៅ​លើ​ពិភពលោក​នោះ។

មនុស្ស​មួយ​ចំនួន​តូច​រំពឹង​ថា ការ​មិន​ព្រមព្រៀងគ្នា​នេះ នឹង​នាំ​ទៅ​រក​ការ​ប្រឈមមុខ​ដាក់គ្នា​ខាង​យោធា​ទាំងស្រុង ទាំង​ប្រភេទ​នៃ​សង្គ្រាម​សេដ្ឋកិច្ច​ដែល​មនុស្ស​ជាច្រើន​ភ័យខ្លាច​ថា អាច​ត្រូវ​បានចាប់ផ្តើម​ដោយ​ការ​គំរាម​របស់​លោក ត្រាំ នៅ​ក្នុង​អំឡុង ពេល​ធ្វើ​យុទ្ធនា​ការបោះឆ្នោត​ជ្រើសរើស​ប្រធានាធិបតី​អាមេ​រិ​ក​របស់​លោក​ថា នឹង​ដំឡើងថ្លៃ​ពន្ធ​រហូតដល់​៤៥​ភាគរយ​ទៅលើ​ទំនិញ នាំចូល​របស់​ចិន​នោះ​។

យ៉ាងណាក៏ដោយ​ ក៏​ប្រទេស​ចិន​ដែល​កាន់​តែ​មាន​ជោគជ័យ​មាន​មធ្យោបាយ​ផ្សេងទៀត​ដ៏​ពោរពេញ ដើម្បី វាយបក​ទៅវិញ យ៉ាង​ខ្លាំង​ក្លា ប្រសិនបើ​លោក​ត្រាំ សង្កត់​ទៅមុខ​នូវ​បញ្ហា​តៃ​វ៉ាន់ ដែល​ពួក​អ្នកវិភាគ ភាគច្រើន​មើល​ឃើញ​ថា ជា​ផ្នែក​មួយ​ដែល​រសើប​បំផុត​នៅ​ក្នុង​ទំនាក់ទំនង​អាមេ​រិ​ក​-​ចិន​នោះ។

នៅ​ក្នុង​អ្វី​ដែល​អាច​ជា​ការព្រមាន​ ទៅលើ​រដ្ឋការ​របស់​លោក ត្រាំ ដែល​នឹង​ឡើង​កាន់​មុខតំណែង​នៅ​ថ្ងៃ​ទី​២០ ខែមករា​នោះ កាសែត​ប្រចាំថ្ងៃ​ផ្លូវការ​របស់​ចិន China Daily បាន​ដកស្រង់​នូវ​សម្តី​របស់​មន្ត្រី​ធ្វើ​ផែនការ​របស់​រដ្ឋ​ដែល​បាន​និយាយ​ថា ចិន​នឹង​ដាក់​ទណ្ឌកម្ម​ទៅលើ​ក្រុមហ៊ុន​ផលិត​រថយន្ត​របស់​អាមេ​រិ​ក ដោយ​មិនបាន​ប្រាប់​ឈ្មោះ​ចំពោះ អាកប្បកិរិយា​ផ្តាច់​មុខ​របស់​ខ្លួន នៅពេលដែល​មន្ត្រី ចិន​បាន​និយាយថា អ្នកណា​ក៏ដោយ​ក៏​មិនគួរ​ធ្វើ​អ្វី ដែល​ពុំ​ត្រឹមត្រូវ​នោះ​ទេ​។

ភាគហ៊ុន​របស់​ក្រុម​ហ៊ុន General Motors Co and Ford Motor Co បាន​រអិល​ធ្លាក់។ ប្រភព​ឧស្សាហកម្ម​រថយន្ត​បាន​និយាយ​ប្រាប់​ទីភ្នាក់ងារ​ព័ត៌មាន​រ៉​យ​ទ័​រថា ការ​ស៊ើប​អង្កេត​ជាក់លាក់​នេះ​បាន​ប្រព្រឹត្តទៅ​រួចហើយ​នៅមុន​ការ​ធ្វើ​អធិប្បាយ​ថ្មីៗ​នេះ​របស់​លោក​ត្រាំ​។

យ៉ាងណាក៏ដោយ​ក៏​ របៀប​ដែល​មន្ត្រី​ចិន​បាន​ប្រកាស​នេះ គឺ​គ្រាន់តែ​បាន​និយាយ​ថា ជា​ក្រុមហ៊ុន​ផលិត​រថយន្ត​មួយ​របស់​អាមេ​រិ​ក​តែប៉ុណ្ណោះ នៅ​មុន​ពេល​ការប្រកាស​ជា​ផ្លូវការ​អំពី​ការ​ផាកពិន័យ​នោះ​នឹង​បាន​ធ្វើ​ឲ្យ​កើន​ឡើង​នូវ​សំណួរ​ទាំងឡាយ​ស្តី​អំពី​ថា ​តើ​មន្ត្រី ចិន​អាច​យក​ករណី​នេះ​ដើម្បី​ផ្ញើ​នូវ​ការព្រមាន​មួយ​ចំពោះ​រដ្ឋការ​របស់​លោក​ត្រាំ​ដែល​ជិត​នឹង​កើន​ឡើង​នោះ​ឬក៏​យ៉ាងណា​នោះ។

លោក Jason Miller អ្នកនាំពាក្យ​ម្នាក់​របស់​លោក​ត្រាំ បាន​និយាយ​កាលពី​ថ្ងៃ​ពុធ ទី​១៣ ខែធ្នូ​ថា ក្រុម​របស់​លោក​ត្រាំ បាន​ដឹង​អំពី​របាយការណ៍​នេះ​ហើយ ប៉ុន្តែ​ខ្លួន​បាន​និយាយថា វា​ជា​ការ​ប្រញាប់ប្រញាល់​ពេក​ ដើម្បី​ធ្វើ​អធិប្បាយ​អំពី​បញ្ហា​នេះ​។ នៅ​ទីក្រុង​វ៉ាស៊ីន​តោន ជំនួយការ​សភា​ម្នាក់​មកពី​គណបក្ស​ប្រជាធិបតេយ្យ​បាន​និយាយ​ថា ការ​គំរាម​របស់​ចិន ដើម្បី​ផាក​ពិន័យ​ក្រុមហ៊ុន​ផលិត​រថយន្ត គឺជា​ការ​រំលឹក​ដ៏​ល្អ​ខ្លាំង​មួយ​ចំពោះ​លោក​ត្រាំ​ថា ពួកគេ​មាន​សន្លឹក​បៀរ​ដើម្បី​លេង​ដែរ និង​ថា​ប្រសិនបើ​លោក​ត្រាំ គិត​ថា លោក​អាច​ចូល​ធ្វើ​ការចរចា​អំពី​បញ្ហា​តៃ​វ៉ាន់ អំពី​ពាណិជ្ជកម្ម អំពី​បញ្ហា​កូរ៉េខាងជើង និង​បញ្ហា​អ្វី ក៏ដោយ​ក្នុង​ឋានៈ​អាមេ​រិ​ក​ជា​មហាអំណាច​លេខ​មួយ​នៅ​លើ​ពិភពលោក​នោះ ពេលនោះ​លោក​ត្រាំ នឹងត្រូវ​ការធ្វើ​ការពិចារណា​ជាថ្មី​ឡើងវិញ ជា​ចាំបាច់៕
Reuters

 



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 016 877 684