ព័ត៍មានទាន់​ហេតុការណ៏
Search

កម្ពុជា​ នៅ​ខ្វះ​អ្នក​ជំនាញ​ខាង​ផ្នែក​បរិក្ខារ​វិទ្យុ​សាស្ត្រ​

ភ្នំពេញ ​៖​ ខណៈ​កម្ពុជា​កំពុងមាន​ការកើនឡើង​នូវ​ចំនួន​សម្ភារៈ​បរិក្ខារ​សម្រាប់​ថត​ឆ្លុះ​ក្នុង​ខ្លួន​អ្នក​ជំងឺ ឬ​ហៅថា​បរិក្ខារ​វិទ្យុ​សាស្ត្រទំនើបៗ​នោះ កម្ពុជា​ កំពុងតែ​ជួប​នូវ​កង្វះខាត​អ្នក​ជំនាញ​សម្រាប់​ប្រើ​ប្រាស់​ឧបករណ៍​នេះ​ផង​ដែរ ដែល​ទាមទារ​ឲ្យ​មានការ​បណ្តុះបណ្តាល​បន្ថែ​ម​ជា​ចាំបាច់​។​

លោក មុត សំផន ប្រធាន​សមាគម​អ្នកបច្ចេកទេស​វិទ្យាសាស្ត្រ​កម្ពុជា​បាន​ថ្លែង​ដូច្នេះ​នៅក្នុង​សន្និបាត​អ្នកបច្ចេកទេស វិទ្យុ​សាស្ត្រ កម្ពុជា​ប្រចាំ​ឆ្នាំ​លើក​ទី​៩ នៅ​មន្ទីរពេទ្យ​កាល់ម៉ែត នា​ព្រឹក​ថ្ងៃទី​១៧ ខែ​ធ្នូ ឆ្នាំ​២០១៦​នេះ។​

លោក​ប្រធាន​សមាគម​អ្នកបច្ចេកទេស​វិទ្យាសាស្ត្រ​កម្ពុជា​សម្រាប់​វិស័យ វិទ្យុ​សាស្ត្រ កម្ពុជា​បាន​បន្ត​ថា​ យើង​នៅ​ខ្វះ​អ្នកជំនាញ​ច្រើន​ណាស់ ពោលគឺ​កម្ពុជា​ទើបតែ​រៀបចំ​បណ្តុះបណ្តាល​អ្នកជំនាញ​វិទ្យា​សាស្ត្រ​នេះ​នៅ​ឆ្នាំ​២០០៦​ប៉ុណ្ណោះ ​ដែល​មកទល់នឹង​ពេលបច្ចុប្បន្ន​នេះ ​យើង​ទើបតែ​បានបញ្ចប់​ថ្នាក់​បរិញ្ញាបត្ររង​រយៈ​ពេល​៣​ឆ្នាំ ​បាន​៨​ជំនាន់​ ស្មើនឹង​១៨៦​នាក់ គឺ​តិច​បំផុត​។​

លោ​ក​ថា ​បរិក្ខារ​ថត​ឆ្លុះ​ធ្វើ​រោគវិនិច្ឆ័យ​ ឬ​ហៅថា​ម៉ាស៊ីន​វិទ្យុ​សាស្ត្រ ក្នុង​១​គ្រឿងៗ​វា​មានតម្លៃ​សែន ឬ​លាន​ដុល្លារ គឺ​វា​ថ្លៃ​ណាស់ ដូច្នេះ ហើយ​គឺ​ត្រូវ​ទាមទារ​អ្នកបច្ចេកទេស​ដែល​ទទួល​បាន​ការបណ្តុះ​បណ្តាល​ត្រឹមត្រូវ ដើម្បី​ធ្វើការ​ជាមួយនឹង​ម៉ាស៊ីន​នេះ​។​

លោក​ប្រធាន​សមាគម​អ្នកបច្ចេកទេស​វិទ្យុ​សាស្ត្រ​កម្ពុជា​រូប​នេះ​បាន​បន្ថែម​ថា យើង​ពុំ​ទាន់​មាន និស្សិត ដែល​បាន​រៀន​ចប់​ថ្នាក់​បរិញ្ញាបត្រ​លើ​មុខជំនាញ​បច្ចេកទេស​វិទ្យុ​សាស្ត្រ​នេះ​នៅឡើយ​ទេ គឺ​មាន​ត្រឹមតែ​ថ្នាក់​បរិញ្ញាបត្ររង​តែប៉ុណ្ណោះ​ ព្រោះ​នៅ​កម្ពុជា​បច្ចុប្បន្ន​ គឺ​មាន​ម៉ាស៊ីន​ស្គែ​ន​ធ្វើ​រោគ​វិនិច្ឆ័យ​នៅក្នុង​ប្រទេស​កម្ពុជា​ច្រើន​ជាង​៤០​កន្លែង​ហើយ ដែល​នេះ​គឺជា​ការវិវឌ្ឍន៍​យ៉ាង​ឆាប់រហ័ស​នៅក្នុង​រយៈ​ចុងក្រោយ​នេះ តែ​ផ្ទុយទៅវិញ​យើង​មាន​អ្នកបច្ចេកទេស​ផ្នែក​នេះ​តែ​២៨៦​នាក់​ប៉ុណ្ណោះ​ហើយ​បើ​ប្រៀបធៀប​ជាមួយនឹង​ដេប៉ាតឺម៉ង់​ផ្នែក​វិទ្យុ​សាស្ត្រ​ដែលមាន​ជាង​៥០០​កន្លែង​ទូទាំងប្រទេស​កម្ពុជា​នោះ សួរថា​ តើ​មាន​នរណា​ទៅធ្វើ​ការងារ​នេះ​។ ដូច្នេះ​គឺ​ត្រូវតែមាន​ការបណ្តុះបណ្តាល​បន្ថែម​ជា​ការ​ចាំបាច់​។

​ជាមួយគ្នានេះ ​ប្រធាន​សមាគម​អ្នកបច្ចេកទេស​វិទ្យុ​សាស្ត្រ​កម្ពុជា​ លោក មុត សំផន បាន​សម្ដែង​នូវ​ក្តី​ព្រួយបារម្ភ​ចំពោះ​កង្វះ​អ្នក​បច្ចេកទេស​ខាង​ផ្នែក​វិទ្យុ​សាស្ត្រ​នេះ ព្រោះ​ការងារ​មួយ​នេះ​មិនសូវ​ជា​មាន​ចង់​ធ្វើ​ប៉ុន្មាន​ទេ ដោយ​គេ​យល់ថា ម៉ាស៊ីន​ថត​ស្គែ​ន ឬ​ម៉ាស៊ីន​ថត​អ៊ិច្ស​រ៉េ វា​បាន​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​សុខភាព​ដោយ​កាំរស្មី​អ៊ិ​ច្ស តែ​ទោះជា​យ៉ាងណាក៏ដោយ​ លោក មុត សំផន បាន​អះអាង​ថា ក្នុង​សម័យ​បច្ចេកវិទ្យា​ទំនើប​នាពេល​បច្ចុប្បន្ន​បញ្ហា​នេះ​ ត្រូវបាន​ដោះស្រាយ ដោយ​ការ​ប៉ះពាល់​គឺ​មាន​
កម្រិត​ទាប​បំផុត​។​

ជាមួយគ្នានេះ ​ប្រធាន​នាយកដ្ឋាន​មន្ទីរពេទ្យ នៃ​ក្រសួងសុខាភិបាល លោក​វេជ្ជបណ្ឌិត សុខ ស្រ៊ុន បាន​បញ្ជាក់ថា​ ជាទូទៅ​វិស័យ​សុខាភិបាល​របស់​កម្ពុជា​កំពុងមាន​ការវិវឌ្ឍន៍​ទៅមុខ​គួរកត់សម្គាល់​។

ដូច្នេះហើយ​ យើង​ត្រូវការ​អ្នកជំនាញ​ពិតប្រាកដ​សម្រាប់​ធ្វើការ​ក្នុង​វិស័យ​ដ៏​មាន​សារៈសំខាន់​មួយ​នេះ ដើម្បី​សុខភាព និង​សុខុមាលភាព​របស់​ប្រជាជន​កម្ពុជា​។

លោក​ថា អ្វីដែល​យើង​ទាំង​គ្នា​ត្រូវធ្វើ​នៅក្នុង​វិស័យ​សុខាភិបាល​នេះ នោះ​គឺ​ការ​ពង្រឹង​សមត្ថភាព គុណភាព និង​ក្រមសីលធម៌​វិជ្ជាជីវៈ​របស់​ក្រុមគ្រូពេទ្យ​របស់​យើង​៕

 



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើរ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 016​ 877 684