ព័ត៍មានទាន់​ហេតុការណ៏
Search

លោក ចេង សុខ​រ៉េត ​៖ សូម​កុំ​ខ្លាច​ភាព​បរាជ័យ ពីព្រោះ​បើ​ខ្លាច វា​នឹង​តាម​យារ​យី​យើង​ជា​រៀងរហូត

ការ​ចាប់ផ្ដើម​អាជីវកម្ម​ថ្មី​មួយ មិន​ប្រាកដថា មាន​ភាពងាយស្រួល​នោះ​ទេ សម្រាប់​អ្នក ដែល​មិន​ធ្លាប់មាន​បទពិសោធន៍ ក្នុង​វិស័យនេះ​។ តួយ៉ាង​ដូចជា អាជីវកម្ម​ផ្នែក​ម្ហូបអាហារ និង​ភេសជ្ជៈ មុននឹង​អាច​ដំណើរការ​ទៅបាន ម្ចាស់​អាជីវកម្ម ត្រូវ​សិក្សា​ទៅលើ​គោលការណ៍​គ្រឹះ​សំខាន់ៗ​មួយចំនួន​ដូចជា ទីតាំង​សម្រាប់​បើក​អាជីវកម្ម ថា​តើ​ជា​កន្លែង ដែល​សម្បូរ​មនុស្សម្នា ឬ​យ៉ាងណា ទី​២ ត្រូវ​ជ្រើសរើស​ប្រភេទ​អាហារ និង​ភេសជ្ជៈ​ប្រភេទ​ណាមួយ​ដើម្បី​ផ្ដល់ជូន​អតិថិជន ទី ៣ គឺ​សិក្សា​ទៅលើ​ទីផ្សារ និង​ទី​៤ គឺ​ត្រូវ​ចាត់ចែង​គ្រប់គ្រង ទៅលើ​ដំណើរការ​អាជីវកម្ម​តែម្ដង​។ ប្រសិនបើ មានការ​ខ្វះចន្លោះ​នូវ​គោលការណ៍​ណាមួយ ក្នុងចំណោម​គោលការណ៍​ខាងលើ អាជីវកម្ម​ម្ហូបអាហារ ប្រាកដជា​មិនអាច​ដំណើរការ​ទៅបាន​នោះទេ​។

ជាក់ស្ដែង លោក ចេង សុខ​រ៉េត ម្ចាស់​ភោជនីយដ្ឋាន ណា​តា​លី ដែលមាន​ស្រុកកំណើត​ម​ក​ពី​ខេត្ដ​ក្រចេះ មុននឹង​អាច ចាប់ផ្ដើម​អាជីវកម្ម​ម្ហូបអាហារ និង​ភេសជ្ជៈ​របស់លោក​ឱ្យ​ដំណើរ​ការ​បាន​រលូន​រហូត​មកដល់​ពេល​បច្ចុប្បន្ន​នេះ រូបលោក បាន​ជួបប្រទះ​នូវ​បញ្ហា​លំបាក​ជាច្រើន នៅ​ក្នុង​អាជីវកម្ម​របស់លោក។

បញ្ហា​លំបាក​ទាំងអស់​នោះ​ រួមមាន​ដូចជា ការ​ជ្រើសរើស​ទីតាំង ការគ្រប់គ្រង​បុគ្គលិក បញ្ហា​ហិរញ្ញវត្ថុ និង​បញ្ហា​ផ្សេងៗ​មួយ​ចំនួនទៀត ប៉ុន្ដែ​លោក បាន​តស៊ូ​ជម្នះ​រាល់​ឧបសគ្គ​ទាំងនោះ​ដោយ​មិន​រាថយ រហូតដល់​លោក​អាច​គ្រប់គ្រង​ភោជនីយដ្ឋាន ណា​តា​លី​ឲ្យ​ដំណើរ​ការ​បាន​រលូន ដោយមាន​ភ្ញៀវ​ជាតិ និង​អន្ដរជាតិ ចូល​ពិសា​យ៉ាង​ច្រើន និង​លាន់មាត់​សរសើរ​ថា អាហារ​នៅ​ភោជនីយដ្ឋាន​របស់លោក មាន​រសជាតិ​ឆ្ងាញ់ និង​មាន​អនាម័យ​ល្អ។

ជួប​ជាមួយ​កម្ពុ​ជាថ្មី លោក សុខ​រ៉េត បាន​រៀបរាប់​ពី​ដំណើរ​អាជីវកម្ម​របស់​លោក​ថា កាលពី​ឆ្នាំ ២០១២ លោក​បាន​ដំណើរការ​អាជីវកម្ម​ភោជនីយដ្ឋាន​នេះ​រួច​មក​ហើយ ដែលមាន​ឈ្មោះថា ភោជនីយដ្ឋាន TuK Tuk Café ប៉ុន្ដែ​ដោយសារ​ទីតាំង​សម្រាប់​បើក​ភោជនីយដ្ឋាន​នេះ ផុត​កុងត្រា​នៅ​ឆ្នាំ ២០១៥ លោក​ក៏បាន​ដូរ​មក​ទីតាំង​ថ្មី នៅ​ម្ដុំ​គិរី​រម្យ ដោយ​រក្សា​ឈ្មោះ​ភោជនីយដ្ឋាន​នេះ​នៅ​ដដែល ព្រមទាំង​បាន​បើក​សាខា​មួយទៀត ដែលមាន​ឈ្មោះថា Tuk Tuk Coastal។

ដំណើរការ​អាជីវកម្ម​ពិតជា​មានការ​ប្រែប្រួល ដែល​តម្រូវ​ឲ្យ​លោក សុខ រ៉េត សេង​ភោជនីយដ្ឋាន Tuk Tuk Coastal ទៅ​ឲ្យ​មិ​ត្ដ​ភក្ដិ​របស់​លោក ដែល​ជា​ជនជាតិ​សិង្ហ​បុរី និង​ជនជាតិ​វៀតណាម នៅ​ខែ ៦ ឆ្នាំ ២០១៦​។ បើ​ទោះបី​ជា អាជីវកម្ម​របស់​លោក ត្រូវ​បាន​ផ្ទេរ​ឲ្យ​អ្នកដទៃ​ក្ដី លោក​ក៏​មិនបាន​បោះបង់​ឆន្ទៈ ក្នុង​ការ​ប្រកប​អាជីវកម្ម​ម្ហូបអាហារ​នេះ​ចោល​ដែរ ដោយ​លោក​បានចាប់ផ្ដើម​បើក​ភោជនីយដ្ឋាន​មួយ​ផ្សេងទៀត នៅ​ជាប់​សារមន្ទីរ​ទួល​ស្លែង ក្រោម​ស្លាក​យីហោ​”​ភោជនីយដ្ឋាន ណា​តា​លី​” ដែល​ឈ្មោះ​នេះ គឺជា​ឈ្មោះ​កូនស្រី​សំណព្វ​ចិត្ដ​របស់​លោក​តែម្ដង។

លោក​បាន​ប្រាប់​ឲ្យ​ដឹង​ទៀត​ថា លោក​បាន​សេង ភោជនីយដ្ឋាន Tuk Tuk Coastal ប៉ុណ្ណោះ ដោយ​រក្សាទុក​ឈ្មោះ Tuk Tuk Café នៅ​ដដែល ប៉ុន្ដែ​ដោយសារ​លោក​យល់​ឃើញ​ថា ភោជនីយដ្ឋាន​របស់​លោក មានឈ្មោះ​ស្រដៀង​គ្នា​ទៅ​នឹង​ភោជនីយដ្ឋាន ដែល​លោក​បាន​សេង​ឲ្យ​គេ​នោះ ទើប​លោក បាន​ប្ដូរ​ឈ្មោះ​មក​ជា​”​ភោជនីយដ្ឋាន ណា​តា​លី​” តែម្ដង​។ ម្យ៉ាងទៀត​លោក​ដាក់ឈ្មោះ​នេះ គ្រាន់​ទុកជា​ចំណងដៃ​សម្រាប់​គ្រួសារ​របស់​លោក ដែល​នឹកឃើញ​ដល់​ពេលណា សប្បាយ​ចិ​ត្ដ​ពេលនោះ​។

ដោយសារតែ​លោក ធ្លាប់​មាន​បទពិសោធន៍ ក្នុង​ការ​គ្រប់គ្រង​ភោជនីយដ្ឋាន​ពីមុនមក និង​ធ្លាប់ជា​សិស្ស ដែល​ធ្លាប់​សិក្សា​ផ្នែក​វិជ្ជាជីវៈ ម្ហូបអាហារ នៅ​សាលា Bai ខេត្ដ​សៀមរាប និង​ប្រឹក្សា​ជាមួយ​ចុងភៅ​ជំនាញ​របស់​លោក​ផង​នោះ ទើប​លោក មាន​សមត្ថភាព​បង្កើត​អាហារ​ខ្មែរ និង​អាហារ​បរទេស​ដ៏​ឆ្ងាញ់​ពិសារ​ជាច្រើន​មុខ ដើម្បី​ផ្ដល់​ជូន​អតិថិជន​ខ្មែរ និង​បរទេស​។ លោក​និយាយថា ”បើ​សិន​និយាយ​ពី​ម្ហូប​ខ្មែរ គឺ​មាន​លក្ខណៈ​ស្រដៀង​គ្នា​ស្ទើរតែ​គ្រប់​ហាង ដោយឡែក ម្ហូប​ខ្មែរ​យើង យើង​ចាប់យក​ម្ហូប​មួយ​ចំនួន ដែល​ថា ងាយស្រួល​ធ្វើ​ផង និង​ត្រូវ​ជំនាញ​របស់​មេ​ចុងភៅ និង​ជំនាញ​របស់ខ្ញុំ​ផង​”។

ឆន្ទៈ​ក្នុង​ការ​បើក​អាជីវកម្ម​ផ្ទាល់ខ្លួន បាន​ធ្វើ​ឲ្យ​លោក​ប្រែក្លាយ​អាជីព​ជា​មគ្គុទ្ទេសក៍​ទេសចរណ៍ មកជា​ម្ចាស់​អាជីវកម្ម​ម្នាក់​។ លោក​បាន​រៀបរាប់​ឲ្យ​ដឹង​ថា នៅ​ឆ្នាំ ២០០១ លោក​បាន​ប្រឡូក​ក្នុង​អាជីព​ជា​អ្នក​មគ្គុទ្ទេសក៍​ទេសចរណ៍​រួច​ទៅ​ហើយ នៅ​ខេត្ដ​ក្រចេះ និង​តាម​បណ្ដា​ខេត្ដ​នានា​ដូចជា ខេត្ដ​មណ្ឌលគិរី រតនគិរី និង​ប្រទេស​ឡាវ​។ រហូតមកដល់​ឆ្នាំ ២០០៦ ទើប​លោក​សម្រេច​ចិ​ត្ដ​ថា លោក​នឹង​ចាប់ផ្ដើម​អាជីវកម្ម​មួយ ដែល​មាន​ភោជនីយដ្ឋាន និង​ផ្ទះសំណាក់​។ នៅ​ពេល​នោះ លោក​បាន​ផ្លាស់​ទីលំនៅ​ពី​ខេត្ដ​ក្រចេះ ទៅ​រស់នៅ​ខេត្ដ​មណ្ឌលគិរី​ដើម្បី​បើក​អាជីវកម្ម​មួយ ដែល​រួមសហការ​ជាមួយ​មិ​ត្ដ​ភក្ដិ​ជនជាតិខ្មែរ​របស់លោក។

អាជីវកម្ម​ភោជនីយដ្ឋាន និង​ផ្ទះសំណាក់​របស់​លោក បាន​ដំណើរការ​ត្រឹមតែ​មួយ​ឆ្នាំ​ប៉ុណ្ណោះ ដែល​តម្រូវ​ឲ្យ​លោក​ផ្លាស់​ទីលំនៅ​មក​រស់នៅ​ខេត្ដ​សៀមរាប​។ នៅ​ពេល ដែល​លោក​ទៅ​រស់នៅ​ខេត្ដ​សៀមរាប លោក មិន​បន្ដ​អាជីព​ជាម​គ្គុ​ទ្ទេស​ទេសចរណ៍ នោះ​ទេ ដោយ​លោក​ប្រើ​រយៈពេល ៣ ឆ្នាំ​ដើម្បី​សិក្សា​ពី​ការគ្រប់គ្រង​ម្ហូបអាហារ និង​ភេសជ្ជៈ ពី​មិ​ត្ដ​ភក្ដិ​របស់លោក ដែលជា​ជនជាតិ​អូទ្រីស តាមរយៈ​ការធ្វើការងារ​ជា​អ្នកគ្រប់គ្រង​ភោជនីយដ្ឋាន និង​ផ្ទះសំណាក់ និង​មើល​ការខុសត្រូវ​ដំណើរការ​ទាំង​ស្រង់​ជំនួស​មិ​ត្ដ​ភក្ដិ​លោក​។

រយៈពេល​ធ្វើការ​ងារ​ជា​អ្នកគ្រប់គ្រង លោក​បាន​សិក្សា​នូវ​ជំនាញ​ជាច្រើន នៅក្នុង​ភោជនីយដ្ឋាន​ដូចជា រៀន​វិជ្ជា​ធ្វើ​ម្ហូប​ពី​ចុងភៅ ការគ្រប់គ្រង​បុគ្គលិក ផ្នែក​សេវាកម្ម​សម្រាប់​បម្រើភ្ញៀវ​ជាតិ និង​អន្ដរជាតិ​ផងដែរ។

លោក បាន​បន្ដ​ប្រាប់​កម្ពុ​ជាថ្មី​ឲ្យ​ដឹង​ថា បើ​ទោះ​បី​លោក ធ្លាប់មាន​បទពិសោធន៍ ក្នុងការ​គ្រប់គ្រង​លើ​វិស័យ​ម្ហូបអាហារ និង​ភេសជ្ជៈ​ក្ដី ក៏​លោក​នៅតែ​ជួប​ការលំបាក ក្នុង​ដំណើរការ​អាជីវកម្ម​របស់​លោក​ដែរ ទី ១ គឺ​ជួប​ការលំបាក​ទៅលើ​ការទំនាក់ទំនង​អតិថិជន ដោយ​លោក​មិនសូវ​ស្គាល់​មនុស្ស​ច្រើន​នោះទេ នៅ​ទីក្រុង​ភ្នំពេញ និង​ទី​២ គឺ​ឧបសគ្គ​ក្នុង​ការ​គ្រប់គ្រង​បុគ្គលិក​។ ប៉ុន្ដែ ទោះបី​ជួប​ការលំបាក​យ៉ាងណា លោក​នៅតែ​ព្យាយាម​ត្រួសត្រាយ​ឱ្យ​រលូន​ទៅមុខ ហើយ​មកដល់​បច្ចុប្បន្ន​នេះ លោក​មាន​ភាព​កាន់តែ​ច្បាស់លាស់​ក្នុងការ​គ្រប់គ្រង​អាជីវកម្ម​របស់លោក។

បើ​តាម​មើល​ឃើញ​ជាក់ស្ដែង ភោជនីយដ្ឋាន ណា​តា​លី មាន​អតិថិជន​ជាច្រើន​មក​ទទួលទាន​អាហារ ជាពិសេស​ភ្ញៀវ​បរទេស​តែម្ដង​។ នៅ​ពេល​សាក​សួរ​ថា តើ​លោក​មាន​យុទ្ធសាស្ដ្រ​អ្វីខ្លះ ដើម្បី​ទាក់ទាញ​អតិថិជន​ឲ្យ​ស្គាល់​ភោជនីយដ្ឋាន ណា​តា​លី​របស់​លោក លោក សុខ​រ៉េត បាន​លើកឡើង​ថា លោក​មានការ​ពិបាក​ក្នុងការ​ផ្ដល់​ព័ត៌មាន​ឲ្យ​អតិថិជន​បាន​ស្គាល់​ភោជនីយដ្ឋាន​របស់​លោក ពីព្រោះ​លោក​មិន​អាច​ដក​ខ្លួន​ទៅ​ទំនាក់ទំនង​អតិថិជន​ដោយផ្ទាល់ ដូច​កាលដែល​លោក នៅ​ធ្វើ​ការងារ​ជា​មគ្គុទ្ទេសក៍​ទេសចរណ៍​នោះ​ទេ ពោល​គឺ​លោក​ត្រូវ​រៀបចំ​ផែនការ ដើម្បី​ឲ្យ​មានការ​ផ្សព្វផ្សាយ​តាម​បណ្ដាញ​ព័ត៌មាន នៅ​ពេល​សម្ពោធ​ភោជនីយដ្ឋាន​របស់​លោក និង​សរសេរ​ព័ត៌មាន​ផ្សេងៗ ដែល​ទាក់ទង​នឹង​ម្ហូបអាហារ ដាក់​តាំង​ពីមុខ​ហាង ដើម្បី​ឲ្យ​អតិថិជន​បានឃើញ​។

ក្រៅពី​នេះ លោក​បាន​រៀប​ចំ​បោះពុម្ព​ខិត​ប័ណ្ណ ដើម្បី​ចែក​ជូន​ដល់​អតិថិជន ដែល​ធ្វើដំណើរ​តាមផ្លូវ និង​ជាពិសេស គឺ​ធ្វើការ​ផ្សព្វផ្សាយ​តាមរយៈ​ទំព័រ Facebook របស់​ភោជនីយដ្ឋាន ណា​តា​លី​តែម្ដង​។

បើទោះបីជា​មានការ​លំបាក ក្នុងការ​ប្រកប​អាជីវកម្ម​យ៉ាងណាក្ដី ក៏​លោក​នៅតែ​បន្ដ​ព្យាយាម​អត់ធ្មត់​ជា​ដដែល ដោយ​មិន​រាថយ​ឡើយ និង​បាន​ផ្ដល់​ជា​សារ​ដល់​អ្នក ចង់​បើក​អាជីវកម្ម​ថា ភាពបរាជ័យ និង​ភាពជោគជ័យ គឺ​តែងតែ​កើតមានឡើង សម្រាប់​បុគ្គល​ម្នាក់ៗ ដែល​អ្នកខ្លះ ក៏បាន​ទទួលជោគជ័យ ក្នុង​អាជីវកម្ម ខណៈ​អ្នក​ខ្លះទៀត ទទួលរង​នូវ​ភាពបរាជ័យ ប៉ុន្ដែ​សូមកុំ​ខ្លាច​ភាពបរាជ័យ ពីព្រោះ​បើ​ខ្លាច វា​នឹង​តាម​យារ​យី​យើង​ជា​រៀងរហូត​។ យើង​ត្រូវ​ប្រាកដប្រជា​ខ្លួនឯង​ថា តើ​យើង​អាចធ្វើ​អ្វី​បាន​ខ្លះ ហើយ​ប្រសិនបើ​យើង​ចង់​បើក​អាជីវកម្ម​មួយ មិន​ថា ជា​អាជីវកម្ម​អ្វី​នោះទេ គឺ​យើង​ត្រូវមាន​បទពិសោធន៍ ក្នុង​អាជីវកម្ម​នោះ​ឲ្យបាន​ត្រឹមត្រូវ​ជាមុនសិន​។ កត្ដា​នេះ គឺជា​គ្រឹះ ដ៏​រឹងមាំ​មួយ​សម្រាប់​ខ្លួនឯង ក្នុង​ការបើក​អាជីវកម្ម​តែម្ដង៕

    



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 016 877 684