ព័ត៍មានទាន់​ហេតុការណ៏
Search

ពិធី​ចែក​វិញ្ញាបនបត្រ​ ជំនាន់​ទី​៣ ​របស់​Samsung Tech Institute​ នៅ​វិទ្យាស្ថាន​ជាតិ​ពហុបច្ចេកទេស​កម្ពុជា

និស្សិត​ចំនួន​80 នាក់​បន្ថែម​ទៀតហើយ ទើប​ទទួលបាន​វិញ្ញាបនបត្រ ពី​វគ្គ​បណ្តុះបណ្តាល Samsung Tech Institute ជំនា​ន់​ទី ៣​កាលពី​ថ្ងៃទី​28 ខែធ្នូ ឆ្នាំ​2016 កន្លងមកនេះ​។​

កម្មវិធី​នេះ​ត្រូវបាន​ប្រព្រឹត្តិ​ធ្វើឡើង​នៅឯ​វិទ្យាស្ថាន​ជាតិ​ពហុបច្ចេកទេស​កម្ពុជា ក្រោម​អធិបតីភាព​ដ៏​ខ្ពង់ខ្ពស់​ពី​សំណាក់​ឯកឧត្តម​បណ្ឌិត ប៊ុន ភា​រិ​ន នាយក​វិទ្យាស្ថាន​ជាតិ​ពហុបច្ចេកទេស​កម្ពុជា លោក Seungho Choi អគ្គនាយក​គ្រប់គ្រង​សាខា​ក្រុមហ៊ុន​ថៃ​សាម​សុង​អេឡិចត្រូនិក​ប្រចាំ​កម្ពុជា សាស្ត្រាចារ្យ និង​និស្សិត​យ៉ាងច្រើន​កុះករ​។​

លោក Seungho Choi អគ្គនាយក​សាខា​ក្រុមហ៊ុន​ថៃ​សាម​សុង​អេឡិចត្រូនិក​ប្រចាំ​កម្ពុជា​បាន​មានប្រសាសន៍ថា​៖ » Samsung Tech Institute នេះ​ត្រូវបាន​បង្កើត​ទ្បើង​នៅ​ប្រទេស​កម្ពុជា​ក្នុង​ឆ្នាំ 2014 តាមរយៈ​ការសហការ​ណ៍​គ្នា​វិទ្យាស្ថាន​ជាតិ​ពហុបច្ចេកទេស​កម្ពុជា និង​ក្រសួង​ការងារ និង បណ្តុះបណ្តាល​វិជ្ជាជីវៈ​។ វា​បាន​ផ្តល់ជូន​និស្សិត​ជាមួយនិង​ចំណេះដឹង​ច្បាស់លាស់​តាមរយៈ​ការសិក្សា​ទ្រឹស្តី និង​ការអនុវត្ត​ផ្ទាល់​ជាមួយ​ផលិតផល​អេឡិចត្រូនិក​សាម​សុង​ថ្មីៗ​ចុងក្រោយ​ដែល​ត្រូវបាន​ប្រើប្រាស់​ជាច្រើន​ទូទាំង​ពិភពលោក​។ រហូតមកដល់​ពេលនេះ មាន​និស្សិត 3 ជំនាន់ ដែល​សរុប​ទាំងអស់​ចំនួន 190 នាក់ បានបញ្ចប់​ការសិក្សា​ពី​វគ្គ​បណ្តុះបណ្តាល​នេះ ហើយ​ក៏មាន​និស្សិត​មួយចំនួន​កំពុងធ្វើការ​នៅ​ក្រុមហ៊ុន​សាម​សុង​ផងដែរ​»។

ក្នុង​កម្មវិធី​នោះ​ផងដែរ ឯកឧត្តម​បណ្ឌិត​ប៊ុន ភា​រិ​ន នាយក​វិទ្យាស្ថាន​ពហុបច្ចេកទេស​ក​ម្ពុ​ជា បាន​មានប្រសាសន៍ថា​៖ »​ក្នុងនាម​វិទ្យាស្ថាន​ជាតិ​ពហុបច្ចេកទេស​កម្ពុជា ដែលជា​គ្រឹះស្ថាន​បណ្តុះបណ្តាល​សាធារណៈ​មួយ​នៃ​ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ ខ្ញុំ​សូម​ឆ្លៀតឱកាស​នេះ​សំដែង​នូវ​អំណរគុណ​ជាពិសេស​ចំពោះ​សាខា​ក្រុមហ៊ុន​ថៃ​សាម​សុង​អេឡិចត្រូនិក​ប្រចាំ​កម្ពុជា ដែល​បាន​សហការ​ជាមួយ​វិទ្យាស្ថាន​ជាតិ​បច្ចេកទេស​រៀបចំ​បង្កើត​ឲ្យ​មាន​វគ្គ​បណ្តុះបណ្តាល​នេះ ទ្បើង​។ នៅក្នុង​វគ្គ​បណ្តុះបណ្តាល​នេះ ក្រៅពី​ផ្តល់ឱកាស​ដល់​និស្សិត​ទាំងអស់​បាន​សិក្សា និង​អនុវត្ត​ជាក់ស្តែង​លើ​ផលិតផល​អេ​ទ្បិ​ច​ត្រូ​និក​ទំនើបៗ​ស្របតាម ទីផ្សារ​បច្ចុប្បន្ន សាខា​ក្រុមហ៊ុន​ថៃ​សាម​សុង​អេឡិចត្រូនិក ព្រមទាំង​ផ្តល់ឱកាស​ការងារ​ដល់​និស្សិត​ដែល​រៀន​ចប់​ផងដែរ​»។

និស្សិត​ម្នាក់​ឈ្មោះ​នី ធូ​ដែល​បានបញ្ចប់​វគ្គ​បណ្តុះបណ្តាល​ក្នុង​ឆ្នាំ 2015 បាន​និយាយ​ប្រកបដោយ​ទឹកមុខ​យ៉ាង​រីករាយ​ថា​៖« ជីវភាព​គ្រួសារ​ខ្ញុំ និង​ជីវិត​ខ្ញុំ​បាន​ប្រែ​ពី​ភាព​ខ្មៅ​ងងឹត​មកជា​ភាព​ភ្លឺ​ថ្លា​វិញ​គឺ​ដោយសារតែ​ខ្ញុំ​បានទទួល​ការសិក្សា​វគ្គ​បណ្តុះបណ្តាល​បច្ចេកទេស​ពី Samsung Tech Institute បាន​ឧបត្ថម្ភ​គាំទ្រ​ដោយ​ក្រុមហ៊ុន​សាម​សុង​។ សាម​សុង​នៅតែ​ដក់​ជាប់​ក្នុង​បេះ​ដួង​ខ្ញុំ​ជា​និរន្តន៍​»។

រីឯ​និស្សិត​ឈ្មោះ ជី ជូ​ឡុង ដែល​ទើបតែ​បាន​បញ្ចប់​វគ្គ​បណ្ដុះបណ្ដាល​ពី Samsung Tech Institute ក្នុង​ឆ្នាំ 2016 ហើយ​ទើបតែ​ទទួល​បាន​ការងារ​ធ្វើ​ថ្មីៗ​ជាមួយ​ក្រុមហ៊ុន​សាម​សុង​បាន​បង្ហាញ​ចំណាប់អារម្មណ៍​ថា​៖«ក្រុមហ៊ុន​សាម​សុង​បាន​ផ្លាស់​ប្តូរ​ជីវិត​ខ្ញុំ​ឲ្យ​កាន់តែ​ប្រសើរ​ឡើង​។ សព្វថ្ងៃ​ខ្ញុំ​មាន​ការងារ​សមស្រប​មួយ​បន្ទាប់ពី​ខ្ញុំ​បាន​បញ្ចប់​វគ្គ​បណ្ដុះបណ្ដាល​ភ្លាមៗ​។ ខ្ញុំ​សូម​អរគុណ​យ៉ាង​ជ្រាលជ្រៅ​ជូន​ដល់​ក្រុមហ៊ុន​សាម​សុង»​។

សាខា​ក្រុមហ៊ុន​ថៃ​សាម​សុង​អេឡិចត្រូនិក​ប្រចាំ​កម្ពុជា​ផ្ដល់​តម្លៃ​ខ្ពស់​ក្នុង​ការ​ចូលរួម​អភិវឌ្ឍ​សង្គម​ដើម្បី​សហគមន៍​មាន​ភាព​ល្អប្រសើរ ដូចនេះ​ហើយ​បានជា​ក្រុមហ៊ុន​បង្កើន​ការឧបត្ថម្ភ​គាំទ្រ Samsung Tech Institute ពីមួយ​ឆ្នាំទៅ​មួយឆ្នាំ​ស្រប​ទៅ​តាម​កំណើន​របស់​និស្សិត​ដែល​ចង់​ទទួលបាន​នូវ​ចំណេះ​និង​ជំនាញ​ពិតប្រាកដ​ពី​កម្មវិធី​បណ្ដុះបណ្ដាល​របស់ Samsung Tech Institute​។ ជាក់ស្តែង​មាន​និស្សិត​ចុះឈ្មោះ​សិក្សា ចំនួន 50 នាក់​ក្នុង​ឆ្នាំ 2014 ចំនួន 60 នាក់​ក្នុង​ឆ្នាំ 2015 បានបញ្ចប់​ការសិក្សា ហើយ​ក្នុង​ឆ្នាំ 2016 ចំនួន​និស្សិត​ក៏មាន​ការកើនឡើង​រហូត 80 នាក់។

វគ្គ​បណ្តុះបណ្តាល​របស់ Samsung Tech Institute នេះដែរ​ក៏​ទទួលបាន​នូវបាន​ពានរង្វាន់​ក្នុង​ភាពជា​ដៃគូ​ឆ្នើម​ទទួលស្គាល់​ដោយ ឯកឧត្តម​បណ្ឌិត អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួង​ការងារ និង បណ្តុះបណ្តាល​វិជ្ជាជីវៈ និង​លិខិត​សរសើរ​ពី ឯកឧត្តម​បណ្ឌិត ពេ​ជ សោភ័ណ រដ្ឋលេខាធិការ​ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ និង​ជា​ប្រធាន​ក្រុមប្រឹក្សាភិបាល​នៃ​វិទ្យាស្ថាន​ជាតិ​ពហុបច្ចេកទេស​កម្ពុជា៕


TAG

ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 016 877 684