ព័ត៍មានទាន់​ហេតុការណ៏
Search

ជួសជុល​ផ្លូវ​ក្រាល​ក្រួស​ក្រហម​៣​ខ្សែ​ ប្រវែង​សរុប​១៤០០០​ម៉ែត្រ​ ​​​ជូន​សាលាឃុំ​ដូន​កែវ

សៀមរាប ៖ នៅថ្ងៃទី​៣០ ​ខែធ្នូ ឆ្នាំ​២០១៦ ក្រុមការងារ​សហគម​ន៍​របស់​អាជ្ញាធរ​ជាតិ​អប្សរា​ប្រចាំ​ស្រុក​ពួក​ បាន​ចុះ​យក​លិខិតអនុញ្ញាត​ជួសជុល​ផ្លូវ​ក្រាលក្រួស​ក្រហម​ចំនួន​៣​ខ្សែ មាន​ប្រវែង​សរុប​១៤០០០​ម៉ែត្រ​ ទៅ​ប្រគល់ជូន​សាលាឃុំ​ដូន​កែវ ដោយមាន​ការចូលរួម​ពី​អាជ្ញាធរ​ភូមិ ឃុំ និង​ប្រជា​ពលរដ្ឋ​ផងដែរ​។ ពិធី​ប្រគល់ជូន​នេះ​ត្រូវបាន​ប្រារព្ធ​ធ្វើឡើង​នៅ​សាលាឃុំ​ដូន​កែវ ស្រុក​ពួក ខេត្ត​សៀមរាប​។​

មានប្រសាសន៍​ក្នុងឱកាស​នោះ លោក ជ្រុ​ន សុផល ប្រធាន​លេខាធិការដ្ឋាន​សហគមន៍ បាន​សំណេះសំណាល​ជាមួយ​លោក​មេឃុំ លោក​មេភូមិ លោក​អនុ​ភូមិ និង​បងប្អូន​ប្រជាពលរដ្ឋ​ដែល​បាន​មក​ចូលរួម ព្រមទាំង​បាន​ពាំនាំ​នូវ​ការសាកសួរ​សុខទុក្ខ​ពី​សំណាក់​ថ្នាក់ដឹកនាំ​របស់​អាជ្ញាធ​រ​ជាតិ​អប្សរាដល់​បងប្អូន​ទាំងអស់​ក្នុង​ឃុំ​ដូន​កែវ ក៏ដូចជា​ប្រជាពលរដ្ឋ​ទាំង​១១២​ភូមិ​ក្នុង​ឧទ្យាន​អង្គរ​ផង​ដែរ​។​

លោក សុផល​បាន​បញ្ជាក់ថា អាជ្ញាធរ​ជាតិ​អប្សរា​ តែង​ប្រកាន់​ភ្ជាប់​នូវ​គោលការណ៍​អភិរក្ស​ ដើម្បី​អភិវឌ្ឍន៍ អភិវឌ្ឍន៍​ ដើម្បី​អភិរក្ស​ គឺ​ធ្វើយ៉ាងណា​ឲ្យ​ការ​អភិរក្ស​ដើរ​ទន្ទឹមគ្នា​នឹង​ការ​អភិវឌ្ឍ​ ហើយ​ការ​អភិវឌ្ឍ​ក៏ត្រូវ​ដើរ​ទន្ទឹមគ្នា​នឹង​ការអភិរក្ស​ដែរ។

អាជ្ញាធរ​ជាតិ​អប្សរា​ មិនអាច​គិតតែ​ពី​ការងារ​អភិរក្ស​ប្រាង្គ​ប្រាសាទ ហើយ​ភេ្ល​ច​ការអភិវឌ្ឍ​ជីវភាព​ប្រជា​ពលរដ្ឋ​ក្នុង​តំបន់​អង្គរ​នោះទេ។​

លោក ស្វាយ ហុង មេឃុំ​ដូន​កែវ​តំណាង​ប្រជាពលរដ្ឋ​បាន​សម្តែង​នូវ​ការសប្បាយរីករាយ និង​អរគុណ​ចំពោះ​ថ្នាក់ដឹកនាំ ​និង​មន្ត្រី​បុគ្គលិក​អាជ្ញាធរ​ជាតិ​អប្សរា ជាពិសេស ឯកឧត្តម​បណ្ឌិត​សភាចា​រ្យ សុខ អាន និង​លោកជំទាវ​ ដែល​តែងតែ​យកចិត្តទុកដាក់​ចំពោះ​សុខទុក្ខ​របស់​ប្រជាពលរដ្ឋ និង​សូម​ជូនពរ​ឲ្យ​ឯកឧត្ដម​មន្ត្រី​បុគ្គលិក​ទាំងអស់​ជួបប្រទះ​តែ​សេចក្តីសុខ​សេចក្តីចម្រើន​ និង​សម្រេច​ជោគ​ជ័យ​គ្រប់​ភារកិច្ច​។

សូមបញ្ជាក់ថា​ ក្នុងការ​ចុះទៅ​ប្រគល់​លិខិតអនុញ្ញាត​ជួសជុល​ផ្លូវ​នេះ ក្រុមការងារ​ក៏បាន​នាំ​យក​កញ្ចប់​ទ្រទ្រង់​សុខុមាលភាព​ម្តាយ​ និង​ទារក ព្រមទាំង​ថវិកា​មួយចំនួនទៀត​ចែកជូន​ដល់​ស្ត្រី​ទើប​ឆ្លង​ទន្លេ​រួច​ចំនួន​៩​គ្រួសារ​ ដែលជា​អំណោយ​ដ៏​ថ្លៃថ្លា​របស់​ឯកឧត្ដម​បណ្ឌិត​សភា​ចា​រ្យ សុខ អាន ឧបនា​យករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ទទួលបន្ទុក​ទីស្តីការ​គណៈ​រដ្ឋមន្ត្រី​ និង​ជា​ប្រធាន​អាជ្ញាធរ​ជាតិ​អប្សរា​ និង​លោក​ជំទាវ​ផងដែរ៕



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើរ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 016​ 877 684