ព័ត៍មានទាន់​ហេតុការណ៏
Search

អាជ្ញាធរ​ជាតិ​អប្សរា ​លើកកម្ពស់​ប្រជាជន​ក្នុង​តំបន់​អង្គរ​ឲ្យ​មាន​បង្គន់​ប្រើប្រាស់​ជា​លក្ខណៈ​គ្រួសារ​

​សៀមរាប ៖ តាម​ការសង្កេត​ជាក់ស្តែង ប្រជាជន​នៅក្នុង​តំបន់​អង្គរ​មាន​ជីវភាព​រស់នៅ​ល្អប្រសើរ​ពី​មួយថ្ងៃ​ទៅមួយថ្ងៃ ប៉ុន្តែមានគ្រួសារ​តិច​ណាស់ដែ​ល​មាន​បង្គន់​ប្រើប្រាស់​ជា​លក្ខណៈ​គ្រួសារ ព្រោះ​ខ្វះ​វិធីសាស្ត្រ​ក្នុងការ​កែច្នៃ​បង្គន់​ប្រើប្រាស់ និង​មិនបាន​ចាប់អារម្មណ៍​ចំពោះ​ផលប៉ះពាល់​សុខភាព​តាមរយៈ​ការ​បន្ទោបង់​ពាសវាល​ពាសកាល​។​

ដោយ​មានបំណង​លើកស្ទួយ​ការយល់ដឹង​ផ្នែក​សុខភាព​ប្រជាជន​ក្នុងការ​រស់នៅ​ឲ្យ​មាន​អនាម័យ​ល្អប្រសើរ​ និង​ជួយ​កាត់បន្ថយ​ការចំណាយ​លើ​ការធ្វើ​បង្គន់ គម្រោង​សុ​វុឌ្ឍិកម្ម​ នៃ​ការសម្អាត​ទឹក​ និង​ការគ្រប់គ្រង​ទឹក​ក្នុង​តំបន់​អង្គរ (PAAGERA) បាន​សហការ​ជាមួយនឹង​អាជ្ញាធរ​ជាតិ​អប្សរា សាលា​ខេត្ត​សៀមរាប និង​ប្រទេស​បារាំង បើក​យុទ្ធនាការ​ផ្សព្វផ្សាយ​លើក​ទី​៣ ​ស្តីពី «​ការ​ប្រែក្លាយ​តំបន់​អង្គរ​ឲ្យ​មាន​បង្គន់​អនាម័យ​គ្រប់គ្នា​» នៅ​ភូមិ​ស្រែ​ចង្ហូត ឃុំ​រុន​តា​ឯក ស្រុក​បន្ទាយស្រី ខេត្ត​សៀមរាប នា​ព្រឹក​ថ្ងៃទី​២៩ ខែ​ធ្នូ ឆ្នាំ​២០១៦​។​

លោក ស៊ុន ពិសី បុគ្គលិក​នាយកដ្ឋាន​គ្រប់គ្រង​ទឹក​ និង​ជា​គ្រូ​បង្គោល​ នៃ​វគ្គ​បណ្ដុះបណ្ដាល​នេះ​បាន​លើកឡើង​ពី​ផល​លំបាក ​នៃ​ការ​គ្មាន​បង្គន់​អនាម័យ​ប្រើប្រាស់ គឺ​នាំ​ឲ្យ​យើង​ខ្មាស​គេ​ពេល​មាន​ភ្ញៀវ​មក​លេង​ផ្ទះ ប្រឈមមុខ​នឹង​ការចម្លង​រោគ​ខ្ពស់ មាន​គ្រោះថ្នាក់​ជាយថាហេតុ​ដល់​អាយុជីវិត​ពេល​ទៅ​បត់ជើង​នៅ​យប់​ព្រលប់ ពិសេស​ចំពោះ​ក្មេងស្រីៗ​ក៏​ប្រឈមមុខ​នឹង​ភាព​អាម៉ាស់​ ឬ​បំពាន​ផងដែរ​។

ដូច្នេះ ​ការ​មាន​បង្គន់​អនាម័យ​នៅផ្ទះ​ធានាបាន​នូវ​ភាព​ថ្លៃថ្នូរ សុខភាព​ល្អ ភាពងាយស្រួល និង​សុវត្ថិ​ភាព​ក្នុងការ​រស់នៅ​។​

តាមរយៈ​យុទ្ធនាការ​ផ្សព្វផ្សាយ​នេះដែរ ក្រុមការងារ​អាជ្ញាធរ​ជាតិ​អប្សរា​ក៏បាន​ណែនាំ​ឲ្យ​ប្រជាជន​នៅ​ភូមិ​ស្រែ​ចង្ហូត​យល់ដឹង​កាន់តែច្បាស់​ពី​ផលប៉ះពាល់​នានា​ដោយសារ​គ្មាន​បង្គន់​អនាម័យ និង​បង្រៀន​អំពី​វិធី​ធ្វើ​បង្គន់​អនាម័យ​ដោយ​ខ្លួនឯង ហើយ​ចំណាយ​ថវិកា​តិច ​ឬ​មិន​ចំណាយ​សោះតែ​ម្តង ដោយ​គ្រាន់តែ​ប្រើ​កម្លាំងកាយ​របស់​សមាជិក​ក្នុង​គ្រួសារ​និង​សម្ភារៈ​ដែលមាន​ស្រាប់​ជាការ​ស្រេច​។​

ក្នុងឱកាស​នោះដែរ លោកពូ ប៉ិ​ស ប្រជាកសិករ​ភូមិ​ស្រែ​ចង្ហូត​ ក៏បាន​ចែករំលែក​បទពិសោធន៍​ផ្ទាល់​ខ្លួន​កាល​មិនទាន់មាន​បង្គន់​ប្រើប្រាស់​ថា វា​ពិតជា​ពិបាក​ខ្លាំងណាស់​ពេល​ចង់​បន្ទោបង់​ម្តងៗ​ ពិសេស​ពេលយប់ ពេល​ភ្លៀង និង​ពេល​ឈឺពោះ​ខ្លាំង ព្រោះ​ត្រូវ​ធ្វើដំណើរ​ទៅ​ឆ្ងាយ មកវិញ​ស្រួល​មិន​ស្រួល​ជាន់​របស់គេ​ទៀត​។ ពេល​បន្ទោ​បង់ហើយ ក៏​មិនបាន​លាង​សម្អាត​ឲ្យ​ស្អាត​ដែរ គិត​ទៅ​វា​គគ្រិច​ខ្លាំង​ណាស់​។ ប៉ុន្តែ​ចាប់តាំងពី​មាន​បង្គន់​មក គឺ​ងាយស្រួល​គ្រប់ពេលវេលា​ពេល​ចង់​បន្ទោបង់ ពិសេស​សុខភាព​និង​ការរស់នៅ​ក៏​មិនសូវមាន​ជំងឺ​តម្កាត់ ពេល​បងប្អូន​ភ្ញៀវពន្លឺ​មកលេង​ក៏​មិនសូវ​ខ្មាស​គេ​ដែរ​។
​លោកពូ​ក៏បាន​សំណូមពរ​ផងដែរ ឲ្យអ្នកភូមិ​គិតគូរឲ្យ​បាន​ច្រើន​ពី​បញ្ហា​សុខភាព​ និង​ត្រូវធ្វើ​បង្គន់​អនាម័យ​ប្រើប្រាស់ឲ្យ​បាន​គ្រប់គ្នា​តាមរយៈ​ការណែនាំ​ពី​ក្រុមការងារ​អាជ្ញាធរ​ជាតិ​អប្សរា ចៀសវាង​ការ​បន្ទោបង់​ផ្ដេសផ្ដាស​ដូច​មុន​ ដែល​អាច​បង្ក​នូវ​គ្រោះថ្នាក់​ផ្សេងៗ​ដល់​អាយុជីវិត​៕