ព័ត៍មានទាន់​ហេតុការណ៏
Search

អភិបាលខេត្ត​សៀមរាប​ ស្នើ​ឲ្យ​ប្រធាន​មន្ទីរ​កសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ​ដែល​ទើប​តែងតាំង​ថ្មី ​ត្រូវ​បង្កើន​ការ​បង្ក្រាប​បទល្មើស ជលផល ព្រៃឈើ ការពារ​តំបន់​អភិរក្ស ​

​សៀមរាប ៖ នៅក្នុង​ពិធី​ប្រកាស​តែងតាំង ​លោក ទា គឹម​សុទ្ធ ជា​ប្រធាន​មន្ទីរ​កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ ​នៅ​ព្រឹក​ថ្ងៃទី​៣០​ ខែធ្នូ​នេះ លោក ​ឃឹម ប៊ុន​សុង អភិបាលខេត្ត​សៀមរាប​បាន​មាន​ប្រសាសន៍​ថា បច្ចុប្បន្ន​នេះ​ បញ្ហា​បទល្មើស ជលផល ព្រៃឈើ បាន​កំពុង​ស្ថិតនៅ​ចំណុច​ក្តៅ​ដែល​រាជ​រដ្ឋាភិបាល​កម្ពុជា​កំពុងតែ​យកចិត្តទុកដាក់ និង​បញ្ជា​ឲ្យ​បង្ក្រាប​យ៉ាង​ខ្លាំងក្លា​បំផុត​។​

ឯកឧត្តម ​បានស្នើ​ឲ្យ​ប្រធាន​មន្ទីរ​កសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ​ដែល​ទើបតែ​តាំង​ថ្មី​ ត្រូវ​បង្កើន​ការបង្ក្រាប​បទល្មើស ជលផល ព្រៃឈើ ការពារ​តំបន់​អភិរក្ស តំបន់​ព្រៃ​លិច​ទឹក ក៏​ដូចជា​តំបន់​ដែល​មាន​សក្ដានុពល​ធន​ធាន​ធម្មជាតិ​ពាក់ព័ន្ធ​ដទៃ​ទៀត​ឲ្យ​មាន​ប្រសិទ្ធភាព​ខ្ពស់​។​

ជាពិសេស ​ត្រូវ​ត្រួតពិនិត្យ​តាមដាន​មើល​ប្រភព​អុស​ដែល​សិប្បកម្ម​ឡឥដ្ឋ​ប្រើប្រាស់ ដើម្បី​ឲ្យ​ប្រាកដ​ថា ឈើ​អុស​ទាំងអស់នោះ​មិនមាន​ប្រភព​មកពី​តំបន់​អភិរក្ស និង​តំបន់​ធនធានធម្មជាតិ​ដែល​ស្ថិតនៅ​ក្រោម​ការគ្រប់គ្រង​របស់​ប្រជាពលរដ្ឋ និង​សហគមន៍​។​

លោក​បញ្ជាក់​ថា បើ​យើង​គ្រប់គ្រង និង​ត្រួតពិនិត្យ​តាមដាន​មិនបាន​ល្អ​ទេនោះ ​ការកាប់​ឈើ​អុស​នេះ​អាច​បង្ក​ទៅជា​បទល្មើស​ព្រៃឈើ​បាន​។​

លោក ទា គឹម​សុទ្ធ ជា​ប្រធាន​មន្ទីរ​កសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ​ដែល​ទើបតែ​តាំង​ថ្មី​បាន​ប្ដេជ្ញា​ថា និង​ខិតខំ​ឲ្យ​អស់ពី​លទ្ធភាព​ក្នុង​បំពេញភារកិច្ច​នេះ​ឲ្យ​បានល្អ​ប្រសើរ ​ជាពិសេស​ គឺ​ការបង្ក្រាប​បទ​ល្មើស ជលផល ព្រៃឈើ ការពារ​តំបន់​អភិរក្ស តំបន់​ព្រៃ​លិច​ទឹក ក៏​ដូចជា​តំបន់​ដែលមាន​សក្ដានុពល​ធន​ធាន​ធម្មជាតិ​ពាក់ព័ន្ធ​ដទៃ​ទៀត​ដែល​អភិបាលខេត្ត​បាន​ដាក់ជូន​នៅពេលនេះ​។

ជាមួយនេះ​ លោក នឹង​សហការ​ជាមួយ​ស្ថាប័ន​ពាក់ព័ន្ធ​នានា​ក្នុងការ​ស្វែងរក​ទីផ្សារ​កសិផល ពង្រឹង​គុណភាព​ទំនិញ​កសិកម្ម ការធ្វើ​ទំនើបកម្ម បច្ចេកទេស​កសិកម្ម ព្រមទាំង​វិធានការ​បង្ការ​គ្រោះ​មហន្តរាយ នៃ​ជំងឺ​សត្វ ដំណាំ​ស្រូវ ដំណាំ​រួមផ្សំ​ឲ្យ​កាន់​តែ​មាន​ភាពល្អប្រសើរ​៕