ព័ត៍មានទាន់​ហេតុការណ៏
Search

ប៉េអឹម​ខណ្ឌដូនពេញ ​ឆ្មក់​បង្ក្រាប​គ្រឿងញៀន​ និង​ឃាត់ខ្លួន​មនុស្ស​០២​នាក់​​

ភ្នំពេញ ​៖​ កម្លាំង​កងរាជអាវុធហត្ថ​ខណ្ឌដូនពេញ ​បាន​បន្តធ្វើ​ព្យុះភ្លៀង​ក្នុងការ​បោសសម្អាត​ និង​បង្ក្រាប​ការជួញដូរ​គ្រឿងញៀន​មួ​យសំ​បុក​ធំ​ថែមទៀត ​បើទោះបី​ការជួញដូរ​នោះ​មិននៅ​ក្នុង​មូលដ្ឋាន​របស់​ខ្លួន​ក៏ដោយ​នោះ​។​

លោក ​ថោង ពិសិដ្ឋ មេបញ្ជាការ​អាវុធហត្ថ​ខណ្ឌដូនពេញ​បាន​មានប្រសាសន៍ថា ​ជាក់ស្តែង​កាលពី​ម៉ោង​១៧​និង​៣០​នាទី ថ្ងៃទី​៣០​ ខែធ្នូ ​ឆ្នាំ​២០១៦ ចំណុច​ផ្លូវ​រថ​ភ្លើង ភូមិ​២១ សង្កាត់​បឹង​កក់​២​ ខណ្ឌ​ទួលគោក អ .​ហ ដូនពេញ​ សហការ​ជាមួយ អ​.​ហ ខណ្ឌ ទួលគោក​ និង​ការិយាល័យ​ប្រឆាំង​បទ​ល្មើស​គ្រឿងញៀន អ​.​ហ រាជធានី បង្ក្រាប ​និង​ឃាត់ខ្លួន​ជនសង្ស័យ​ពាក់ព័ន្ធ​ករណី​គ្រឿង​ញៀន​ដោយ​ឃាត់ខ្លួន​ចំនួន​០២​នាក់ ​ទី​១.​ឈ្មោះ រ៉ុង ពន្លក ភេទ​ប្រុស អាយុ​២០​ឆ្នាំ មុខរបរ​មិន​ពិតប្រាកដ ស្នាក់​នៅផ្ទះ​គ្មាន​លេខ ភូមិ​២១ សង្កាត់​បឹងកក់​២ ខណ្ឌទួលគោក​(​មុខសញ្ញា​ចែកចាយ​គ្រឿងញៀន​យ៉ាងសកម្ម​ក្នុង​ប្លុក​រោងចក្រ​ឆ្នាំង​)។ ២.​ឈ្មោះ ច័ន្ទ មករា ភេទ​ប្រុស អាយុ​៣៦​ឆ្នាំ មុខរបរ​បុគ្គលិក​ក្រុមហ៊ុន ស្នាក់នៅ​បន្ទប់​ជួល ផ្លូវ​លេខ​៤៦០ សង្កាត់​ទួល​ទំពូង ខណ្ឌ​ចំការមន​។​

លោក​មេបញ្ជាការ​ខណ្ឌដូនពេញ​បាន​បន្តទៀតថា​ ចំណែក​វត្ថុតាង​ចាប់យក​រួមមាន ​ក្រាម​ស​ថ្លា​ចំនួន​៧៧​កញ្ចប់​ លុយ​ចំនួន​៧០០០០​រៀល និង​ទូរស័ព្ទ​NOKIA ចុច​ពិល​ចំនួន​០១​គ្រឿង​។​

លោក​ ថោង ពិសិដ្ឋ មេបញ្ជាការ​អាវុធហត្ថ​ខណ្ឌដូនពេញ​បា​ន​ឲ្យ​ដឹងថា​ បន្ទាប់ពី​កម្លាំង​ជំនាញ អ​.​ហ ខណ្ឌដូនពេញ​បាន​ស៊ើប​ដឹង​យ៉ាងច្បាស់​ពី​ទីតាំង​លាក់ខ្លួន​របស់​ក្រុម​ជនសង្ស័យ​ជួញដូរ​គ្រឿងញៀន​ទាំងនោះ​កំពុងតែ​លាក់ខ្លួន​ពួន​សម្ងំ​នៅក្នុង​មូលដ្ឋាន​សង្កាត់​សង្កាត់​បឹងកក់​២​ខណ្ឌទួលគោក​នោះ​ទើប​កម្លាំង​ខណ្ឌដូនពេញ​ បាន​សហការ​ជាមួយ​កម្លាំង អ​.​ហ ខណ្ឌទួលគោក​ និង​កម្លាំង​ការិយាល័យ​ប្រឆាំង​គ្រឿងញៀន​រាជធានី​ចុះបង្ក្រាប​ជាក់ស្តែង​ឃាត់ខ្លួន​០២​នាក់ ​ព្រមទាំង​ដកហូត​វត្ថុតាង​ថ្នាំ​ញៀន​មួយចំនួន​៧៧​កញ្ចប់​ និង​ឧបករណ៍ប្រើប្រាស់​មួយចំនួនទៀត​។​

បច្ចុប្បន្ន ​ជនសង្ស័យ ​និង​វត្ថុតាង ត្រូវ​បាន​បញ្ជូន​ទៅ​ការិយាល័យ​ប្រឆាំង​បទល្មើស​គ្រឿងញៀន អ​.​ហ រាជធានី​ដើម្បី​ចាត់ការ​ទៅតាម​នីតិ​វិធី​ច្បាប់​បន្តទៀត​៕​

 



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើរ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 016​ 877 684