ព័ត៍មានទាន់​ហេតុការណ៏
Search

ឃុំខ្លួន​ជនសង្ស័យ​០៣​នាក់​ ក្នុងចំណោម៦នាក់​ ពាក់ព័ន្ធ​គ្រឿង​ញៀន​

​កណ្តាល ៖ នៅ​រសៀល​ថ្ងៃទី​២៩ ខែធ្នូ ឆ្នាំ​២០១៦ កម្លាំង​កងរាជអាវុធហត្ថ​ខេត្តកណ្តាល បាន​បញ្ជូន​ជនសង្ស័យ​០៣​នាក់ ​ក្នុងចំណោម​៦​នាក់ ​ដែល​ពាក់ព័ន្ធ​ករណី​គ្រឿងញៀន​នៅ​ស្រុក​លើកដែក មក​សាលាដំបូង​ខេត្តកណ្តាល ដើម្បី​ធ្វើការ​វិនិច្ឆ័យ​ទោស​ទៅតាម​ផ្លូវច្បាប់​។​

​បើតាម​មន្ត្រី​កងរាជអាវុធហត្ថ​ខេត្តកណ្តាល​បាន​ប្រាប់​ឲ្យ​ដឹងថា ជនសង្ស័យ​ទាំង​០៣​នាក់ ទី​០១-​ឈ្មោះ​ ប៉ាវ រ៉ាវី ភេទ​ប្រុស អាយុ​៣០​ឆ្នាំ​ មុខរបរ​មិន​ពិតប្រាកដ។ ទី​២-​ឈ្មោះ ថុល វណ្ឌី ភេទ​ប្រុស អាយុ​២២​ឆ្នាំ​ មុខរបរ​មិន​ពិតប្រាកដ។ និង​ទី​៣-​ឈ្មោះ វ៉ាន វី ភេទ​ប្រុស អាយុ​២៥​ឆ្នាំ​ មុខរបរ​មិន​ពិត​ប្រាកដ​។ អ្នក​ទាំង​៣​នាក់​មាន​ទីលំនៅ​ភូមិ​អំពិល​ទឹក ឃុំ​កំពង់​ភ្នំ ស្រុក​លើកដែក ខេត្តកណ្តាល បាន​ត្រូវ​ចៅក្រម​ស៊ើបសួរ​សាលាដំបូង​ខេត្តកណ្តាល លោក ទី សំណាង សម្រេច​ចេញ​ដីកា​ឃុំខ្លួន​បណ្តោះ​អាសន្ន ពី​បទ (​ជួញដូរ​ដោយ​ខុសច្បាប់​នូវ​សារធាតុ​ញៀន ) តាម​មាត្រា​៤០ ច្បាប់​ស្ដីពី​ការ​ត្រួតពិនិត្យ​គ្រឿងញៀន។

ចំណែកឯ​ជនសង្ស័យ​០៣​នាក់​ទៀត បន្ទាប់ពី​កម្លាំង​កងរាជអាវុធហត្ថ​ឃាត់ខ្លួន និង​ធ្វើការ​សាកសួរ​រួច​ហើយ គឺ​មិនបាន​ពាក់ព័ន្ធ​នឹង​ករណី​ជួញដូរ​គ្រឿងញៀន​ទេ ទើប​កម្លាំង​កងរាជអាវុធហត្ថ សុំ​គោល​ការណ៍​ពី​ព្រះរាជអាជ្ញា​អម​សាលាដំបូង​ខេត្តកណ្តាល លោក លឹម សុគ​ន្ថា សម្រេច​ឲ្យ​ទៅ​ផ្ទះ​វិញ គឺ​ទី​៤​-ឈ្មោះ ស៊ិន ពន្លឺ ភេទ​ប្រុស​ អាយុ​១៨​ឆ្នាំ​ មុខរបរ​មិន​ពិតប្រាកដ​។ ទី​៥​-ឈ្មោះ​ កែវ ទី ភេទ​ប្រុស អាយុ​២២​ឆ្នាំ មុខរបរ​បើកបរ និង​ជនសង្ស័យ​ទី​៦​-ឈ្មោះ លី ក្តី ភេទ​ប្រុស អាយុ​២២​ឆ្នាំ មុខរបរ​កម្មករ អ្នក​ទាំង​៣​នាក់ ស្នាក់នៅ ភូមិ៥ ឃុំ​ព្រែក​ខ្សាយ​(​ខ​) ស្រុក​ពាម​រក៍ ខេត្ត​ព្រៃវែង​។​

​សូម​រំលឹក​ដែរ​ថា​ ជនសង្ស័យ​ដែលជា​មុខសញ្ញា ប្រើប្រាស់ រក្សាទុក និង​ជួញដូរ​នូវ​សារធាតុ​ញៀន​ខុសច្បាប់​ត្រូវបាន​កម្លាំង​កងរាជអាវុធហត្ថ​ស្រុក​លើកដែក​ និង​កម្លាំង​ជំនាញ​ខេត្ត​កណ្តាល ​ធ្វើការ​ស្រាវជ្រាវ​បង្ក្រាប​ចាប់​ឃាត់ខ្លួន​បាន​ចំនួន​៦​នាក់ ដកហូត​ថ្នាំញៀន​ចំនួន​៦៤​កញ្ចប់ ដែល​ការ​បង្ក្រាប​នេះ​បាន​ធ្វើឡើង​កាលពី​ថ្ងៃទី​២៧ ខែ​ធ្នូ ឆ្នាំ​២០១៦ ស្ថិតនៅ​ចំណុច​មាត់​អូរ​ក្រោយ​ភូមិ ក្នុង​ភូមិ​អំពិល​ទឹក ឃុំ​កំពង់​ភ្នំ ស្រុក​លើកដែក ខេត្ត​កណ្តាល។​

​ការបង្ក្រាប​នេះ​ ក្រោម​ការដឹកនាំ​បញ្ជា​ផ្ទាល់​ពី​លោក​ឧត្ដមសេនីយ៍​ត្រី សំ តុលា​ មេបញ្ជាការ​កង​រាជ​អាវុធ​ហត្ថ​​កណ្តាល​ ឲ្យ​កម្លាំង​អាវុធហត្ថ​ស្រុក ​និង​ខេត្ត ដឹកនាំ​ដោយ​លោក​មេបញ្ជាការ​ស្រុក​លើក​ដែក ប្រាក់​ សា​មិត្ត​ សហការ​ជាមួយ​កម្លាំង​មន្ទីរ​យុត្តិធម៌​អាវុធហត្ថ​ខេត្ត​កណ្តាល ដឹកនាំ​ផ្ទាល់​ដោយ​លោក​មេបញ្ជាការ​រង ទូច អ៊ី​ណាន និង​លោក វរសេនីយ៍ត្រី អ៊ុយ សុ​វណ្ណា ប្រធាន​មន្ទីរ​ និង​សម្រប​សម្រួល​នីតិវិធី​ដោយ​លោក​ព្រះរាជអាជ្ញា លឹម សុគន្ធា​ បាន​ចុះទៅ​ធ្វើការ​បង្ក្រាប​ទីតាំង​ខាងលើ​។​

​ក្នុងនោះដែរ អាវុធហត្ថ​ដកហូត​បាន​វត្ថុតាង​រួមមាន ម្សៅ​ក្រាម​ពណ៌​ស ចំនួន​៦៤​កញ្ចប់ រួមមាន កញ្ចប់​ធំ​ចំនួន​១ និង​តូច​៦៣​កញ្ចប់ ,​ទូរស័ព្ទ​៤​គ្រឿង​, ដាវ​ស៊ាំ​ម៉ូ​រ៉ៃ ចំនួន​២​ដើម រួម​នឹង​សម្ភារៈ​សម្រាប់​វេច​ខ្ចប់​ប្រើប្រាស់​មួយចំនួនទៀត​៕



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើរ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 016​ 877 684