ព័ត៍មានទាន់​ហេតុការណ៏
Search

២០​ភូមិ ​និង​៣​ឃុំ​ ក្នុងស្រុក​អូរជ្រៅ​ កំពុង​ប្រកាស​អាសន្ន​ខ្វះ​ទឹក​ប្រើប្រាស់​ក្នុង​គ្រួសារ​

​បន្ទាយមានជ័យ ៖ ភូមិ​ចំនួន​២០ ក្នុង​ឃុំ​៣​មាន ឃុំ​អូរ​បី​ជាន់ ឃុំ​សូ​ភី និង​ឃុំ​សិ​ង្គ ក្នុងស្រុក​អូរជ្រៅ​ក្នុង​ខេត្តបន្ទាយមានជ័យ កំពុង​ប្រកាស​ភាព​អាសន្ន​ខ្វះ​ទឹក​ប្រើប្រាស់​នៅ​តាម​មូលដ្ឋាន សហគមន៍ និង​នៅ​តាម​គ្រួសារ។

លោក​នួន ជួ​ម មេភូមិ​អូរ​បី​ជាន់ លោក ទ​ន ប្រុស មេភូមិ​ថ្នល់​បត់ និង​លោក ជូរ សុភ័ណ ក្រុមប្រឹក្សា​ឃុំ​អូរ​បី​ជាន់​បាន​និយាយ​ប្រាប់​អ្នកយកព័ត៌មាន​ដូច​ៗ​គ្នា​ថា ដោយសារតែ​ឆ្នាំនេះ​មាន​ភ្លៀង​ធ្លាក់​មក​ចំ​ស្រុក​អូរជ្រៅ​តិចតួច គ្រាន់តែ​សើម​ដី​តែប៉ុណ្ណោះ បណ្ដាល​ឲ្យ​គ្មាន​ទឹក​ធ្វើស្រែ​មកដល់​រដូវ​ច្រូតកាត់​នេះ​ស្រូវ​របស់​ប្រជាកសិករ​ក្នុង​ឃុំ​ចំនួន​៣ មាន​ឃុំ​សឹង្គ ឃុំ​សូ​ភី និង​ឃុំ​អូរ​បី​ជាន់ មាន​ចំនួន​៣.០០០​ហិកតា​ខូចខាត​អស់ទាំង​ស្រុង ប្រមូល​ផល​ស្រូវ​បាន​តិចតួច​ណាស់ ប្រជាកសិករ​ខាតចុងខាតដើម។

ប្រជាពលរដ្ឋ​ចំនួន​៥០០​គ្រួសារ​កំពុង​ប្រឈម​នឹង​ការខ្វះ​ទឹក​ប្រើប្រាស់​យ៉ាងខ្លាំង ព្រោះ អូរ បឹង បួរ ប្រឡាយ រីង​ហួត​ស្ងួត​អស់​ចាប់តាំង​ពី​ខែវស្សា​រហូតមកដល់​សព្វ​ថ្ងៃនេះ។

មេភូមិ ​និង​ក្រុមប្រឹក្សា​បាន​បញ្ជាក់​ទៀត​ថា ប្រជាពលរដ្ឋ​ទាំង​៥០០​គ្រួសារ​នោះ​ អ្នកមាន​លទ្ធភាព​កំពុង​នាំគ្នា​ទិញ​ទឹក​យក​មក​ប្រើ​ប្រាស់​នៅ​តាម​ផ្ទះ​ក្នុង​១​រថយន្ត​ធំ​មានតម្លៃ​៤០.០០០​រៀល ចំណែក​រថយន្ត​តូច​វិញ ក្នុង​១​រថយន្ត​តម្លៃ​២៥.០០០​រៀល។

ចំណែក​អ្នក​គ្មាន​លទ្ធភាព​ទិញ​ទឹក​វិញ យក​ម៉ូតូ និង​កង់​ដាក់​ប៊ីដុង​ស្វែងរក​ទឹក​នៅ​តាម​អណ្តូង​បុក​នៅ​តាម​សាលារៀន​យក​មក​ប្រើ​ប្រាស់​នៅ​តាម​គ្រួសារ។

​មេភូមិ​និង​ក្រុមប្រឹក្សា​បានបញ្ជាក់​ទៀតថា ចំណែក​រថយន្ត​ដឹក​ទឹក​វិញ​ទៅយក​ទឹក​មក​លក់​ឲ្យ​ប្រជាពលរដ្ឋ​មាន​ចម្ងាយ​ជិត​២០​គីឡូម៉ែត្រ​ឯណោះ ឥឡូវ​តម្លៃ​នៅ​ថោក តែ​នៅពេល​ដាច់ទឹក​ខ្លាំង ប្រហែល​មួយ​រថយន្ត​តម្លៃ​យ៉ាងតិច​ក៏​៥០.០០០​រៀល​ដែរ​។​

លោក​បញ្ជាក់ទៀតថា នៅ​ស្រុក​អូរជ្រៅ​នេះ​កន្លងមក​មាន​អាជ្ញាធរខេត្ត​បាន​ចុះទៅ​កាយ​ស្រះ​យក្ស​ជាច្រើន​កន្លែង​ដែរ តែ​វា​មាន​ភ្លៀង​ធ្លាក់​តិចពេក ធ្វើ​ឲ្យ​ស្រះ​ទាំងអស់​គ្មាន​ទឹក​។​

ពាក់ព័ន្ធ​នឹង​ប្រជាពលរដ្ឋ​២០​ភូមិ និង​៣​ឃុំ​កំពង់​ខ្វះខាត​ទឹក​ប្រើប្រាស់​នោះ មេភូមិ និង​ក្រុមប្រឹក្សា​បានធ្វើការ​ទំនាក់ទំនង​ជាមួយ​អាជ្ញាធរ​ថៃ​នៅជាប់​ភូមិ​ជាមួយគ្នា​ដែរ តែ​ខាង​ភាគី​ថៃ​បដិសេធ​មិន​ឲ្យ​ខ្មែរ​យក​ទឹក​ពី​ប្រទេស​ថៃ​មក​ប្រើ​ឡើយ ព្រោះ​សម្អាង​ថា​ក្នុង​ភូម​ជិត​នោះ​គ្មាន​ទឹក​ប្រើប្រាស់​ដែរ ព្រោះ​សព្វថ្ងៃនេះ​ខាង​ថៃ​កំពុង​បូមទឹក​ពី​អាង​ស្តុក​ទឹក​មាន​ចម្ងាយ​រាប់រយ​គីឡូម៉ែត្រ​មក​ឲ្យ​ប្រជាពលរដ្ឋ​គេ​ប្រើ​។​

លោក​មេភូមិ​បានបញ្ជាក់​ទៀតថា ប្រជាពលរដ្ឋ​កំពុង​ខ្វះ​ទឹក​ប្រើប្រាស់​ខ្លាំង​នោះ មាន​អង្គការ​ម៉ា​រីតា​ន់​មក​ធ្វើការ​ទំនាក់ទំនង​ចង់​បុក​អណ្តូង​ជាច្រើន​កន្លែង​ដែរ តែ​រហូតមកដល់​សព្វ​ថ្ងៃនេះ​បាត់​ឈឹង​គ្មាន​ស្រមោល​អស់លោក​មក​ម្នាក់​សោះឡើយ​៕​

 

 

 



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើរ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 016​ 877 684