ព័ត៍មានទាន់​ហេតុការណ៏
Search

បិទ​បញ្ចប់​អង្គ​សិក្ខាសាលា​លើក​ទី​២​ ស្តីពី​ស្ថានភាព ​នៃ​ការបង្រៀន​ភាសា​ចិន​ នៅ​កម្ពុជា​

ភ្នំពេញ​ ៖ អង្គ​សិក្ខាសាលា​លើក​ទី​២ ​ស្តីពី​ស្ថានភាព ​នៃ​ការ​បង្រៀន​ភាសា​ចិន​នៅ​កម្ពុជា បាន​ប្រារព្ធ​ពិធី​បិទ​បញ្ចប់​ដោយ​ជោគជ័យ​នៅ​វិទ្យាស្ថាន​ខុង​ជឺ ​នៃ​រាជបណ្ឌិត្យសភាកម្ពុជា ក្រោម​ការ​អញ្ជើញ​ចូល​រួម​ពី​សំណាក់​របស់ លោក ពិត ចំណាន រដ្ឋលេខាធិការ​ក្រសួង​អប់រំ យុវជន​ និង​កីឡា​។​

ថ្លែង​ទៅកាន់​អង្គពិធី​ដែលមាន​សមាជិក​ចូលរួម​ប្រមាណ​ជាង​២០០​រូប លោក​បណ្ឌិត ជា មុនី​ឫទ្ធិ នាយក​វិទ្យាស្ថាន​ខុង​ជឺ ​នៃ​រាជបណ្ឌិត្យសភាកម្ពុជា​បាន​មានប្រសាសន៍ថា សិក្ខាសាលា​បាន​ប្រព្រឹត្ត​ទៅ​រយៈពេល​ពេញ​១​ថ្ងៃនេះ​ដែលមាន​វាគ្មិន​ចំនួន​៨​រូប (៦​រូប​ជា​ជនជាតិ គឺជា​លទ្ធផល​ នៃ​ការខិតខំ​រួម​គ្នា​របស់​បុគ្គលិក​វិទ្យាស្ថាន​ខុង​ជឺ​ នៃ​រាជបណ្ឌិត្យសភាកម្ពុជា និង​ផ្នែក​ទស្សនវិជ្ជា​ និង​សង្គមវិទ្យា ​នៃ​រាជ​បណ្ឌិត្យសភាកម្ពុជា​។

តាមរយៈ​ដំណើរ​អង្គសិក្ខាសាលា យើង​អាច​ធ្វើការ​បូកសរុប​លទ្ធផល​ដូចជា ១-​កិច្ចខិតខំ​ប្រឹងប្រែង​របស់​បុគ្គលិក​វិទ្យាស្ថាន​ខុង​ជឺ ​នៃ​រាជបណ្ឌិត្យសភាកម្ពុជា​ និង​ការ​គាំទ្រ​ពី​សំណាក់​រាជបណ្ឌិត្យ​សភា​កម្ពុជា ស្ថានទូត​ចិន​ប្រចាំ​នៅ​កម្ពុជា និង​វិទ្យាស្ថាន​ខុង​ជឺ​ទីស្នាក់ការ​កណ្តាល ក្នុងការ​រៀបចំ​វេទិកា​វិទ្យាសាស្ត្រ​លើ​ការបង្រៀន​ភាសា​ចិន​។

២-​បទ​អន្តរាគមន៍​ទាំងឡាយ​បាន​រំលឹក​អំពី​តម្រូវការ​ភាសា​ចិន និង​ពី​គុណសម្បត្តិ​ នៃ​ការ​បង្រៀន​ភាសា​ចិន​របស់​គ្រូបង្រៀន​ជនជាតិ​ចិន​របស់​វិទ្យាស្ថាន​ខុង​ជឺ​ នៃ​រាជបណ្ឌិត្យសភាកម្ពុជា​។ ៣-​តាម​រយៈ​បទ​អត្ថាធិប្បាយ​របស់​អ្នកជំនាញ​ប្រកបដោយ​ខ្លឹមសារ​ដ៏​មាន​អត្ថន័យ យើង​ឃើញ​ថា ភាសា​ចិន​កាន់​តែមាន​តម្រូវការ​ខ្លាំង​ឡើង​ក្រោយ​វត្តមាន​របស់​វិទ្យាស្ថាន​ខុង​ជឺ​ នៃ​រាជបណ្ឌិត្យសភាកម្ពុជា​។ ៤-​ផ្អែកលើ​បទ​អន្តរាគមន៍ ​និង​ការធ្វើ​អត្ថាធិប្បាយ​បង្ហាញ​អំពី​ទំនាក់ទំនង​កម្ពុជា​-​ចិន។​

ទន្ទឹមនឹងនេះ​ ក៏មាន​ការលើកឡើង​នូវ​សំណើ​មួយចំនួន​ដែល​ត្រូវ​នឹង​រៀបចំ​បន្តទៀត​ដើម្បី​ដំណើរការ​រីកចម្រើន​របស់​វិទ្យាស្ថាន​ខុង​ជឺ នា​ឆ្នាំ​ថ្មី​ផងដែរ​។​

លោក ពិត ចំណាន រដ្ឋលេខាធិការ​ក្រសួង​អប់រំ យុវជន​ និង​កីឡា ​បាន​ស្នើ​ឲ្យ​វិទ្យាស្ថាន​ខុង​ជឺ​ នៃ​រាជបណ្ឌិត្យសភាកម្ពុជា​ឲ្យ​បន្ត​បើក​ថ្នាក់​បំប៉ន​គរុកោសល្យ​ជូន​ដល់​និស្សិត​ថ្នាក់​បរិញ្ញាបត្រ​អក្សរ​សាស្ត្រ​ចិន ហើយ​បញ្ជូនទៅ​បន្ត​ការសិក្សា​ជំនាញ​អប់រំ​រយៈពេល​១​ឆ្នាំ​នៅ​ប្រទេស​ចិន ព្រមទាំង​ស្នើសុំ​ទៅ​វិទ្យាស្ថាន​ខុង​ជឺ​ទីស្នាក់ការ​កណ្តាល​ដើម្បី​ផ្តល់នូវ​បៀវត្សរ៍​សមរម្យ​សម្រាប់​គ្រូបង្រៀន​ភាសា​ចិន​ទាំងនេះ​។

ដោយឡែក​ ចំពោះ​សំណើសុំ​ដាក់​ភាសា​ចិន​ ជា​ភាសា​ជម្រើស​នៅក្នុង​កម្មវិធីសិក្សា លោក​ក៏បាន​ស្នើ​សុំ​ឲ្យ​វិទ្យាស្ថាន​លើក​សំណើ​នេះ​ជូនទៅ​ស្ថានទូត​ចិន ហើយ​ជំរុញឲ្យ​មាន​កិច្ចពិភាក្សា​កម្រិត​ថ្នាក់​ដឹកនាំ ​នៃ​ប្រទេស​យើង​ទាំងពីរ ដោយ​ជា​គោលការណ៍​ក្រសួង​អប់រំ យុវជន​ និង​កីឡា ​រង់ចាំ​ការ​សម្រេច​ដើម្បី​អនុវត្ត​៕