ព័ត៍មានទាន់​ហេតុការណ៏
Search

កម្ពុជា​ និង​រុស្ស៊ី​ គ្រោង​បើក​ជើងហោះហើរ​ត្រង់​ពី​រុស្ស៊ី (​រដ្ឋធានី​ម៉ូស្គូ​) មក​កម្ពុជា (​ក្រុងព្រះសីហនុ​)​នា​ពេល​ខាង​មុខ​

ភ្នំពេញ​ ៖​ នៅក្នុង​ជំនួបជាមួយ​លោក​ លោកស្រី តឹក​រ៉េត កំរង ​រដ្ឋលេខាធិការ​ក្រសួងពាណិជ្ជកម្ម​កាលពី​ពេល​ថ្មី​នេះ នៅ​ទីស្ដីការក្រសួង ​លោក ឌី​មី​ទ្រី ស្វេត​កូវ ឯកអគ្គរដ្ឋទូត​សហព័ន្ធរុស្ស៊ី ប្រចាំ​ព្រះរាជាណាចក្រ​កម្ពុជា បាន​អះអាងថា ​បន្ទាប់ពី​សេចក្តីសម្រេច​ជា​ផ្លូវការ រវាង​ប្រទេស​ទាំងពីរ រុស្ស៊ី​គ្រោង​បើក​ជើង​ហោះហើរ​ត្រង់​ពីរ​រុស្ស៊ី (​រដ្ឋធានី​ម៉ូស្គូ​) មក​កម្ពុជា (​ក្រុងព្រះសីហនុ​)​នាពេលខាងមុខ​។​

នា​ជំនួប​នោះ លោក​ ឌី​មី​ទ្រី ស្វេត​កូវ បាន​ជម្រាប លោកស្រី តឹក​រ៉េត កំរង រដ្ឋលេខាធិការ​ក្រសួង​ពាណិជ្ជកម្ម ថា រុស្ស៊ី ស្នើ​ឲ្យ​កម្ពុជា​កំណត់​ភាគី​បង្គោល (focal point) ដើម្បី​សម្រួល​ដល់​វិនិយោគិន​រុស្ស៊ី ក្នុងការ​ស្វែងរក​កាលានុវត្តភាព​ធុរកិច្ច​ក្នុង​វិស័យ​អភិវឌ្ឍន៍​ឧស្សាហកម្ម​នៅ​កម្ពុជា​។

បន្ថែម​ពីនេះ លោក​ក៏​រំពឹង​ផងដែរ​ថា ​នឹងមាន​ជើងយន្តហោះ​ត្រង់​ពី​រុស្ស៊ី (​រដ្ឋធានី​ម៉ូស្គូ​) មក​កម្ពុជា (​ក្រុង​ព្រះសីហនុ​) បន្ទាប់ពី​សេចក្តីសម្រេច​ជា​ផ្លូវការ រវាង​ព្រះរាជាណាចក្រ​កម្ពុជា និង​សហព័ន្ធ​រុស្ស៊ី​។

ឆ្លើយតប​នឹង​សំណើ​នោះ​ លោកស្រី តឹក​រ៉េត កំរង បានស្នើ​សុំ​ឲ្យ​ភាគី​រុស្ស៊ី ពិចារណា​ក្នុង​ការ​នាំចូល​ផលិតផល​សម្លៀកបំពាក់ ជាពិសេស អាវ​រងា ក៏ដូចជា​ផលិតផល​កសិកម្ម​រួមមាន​ អង្ករ ស្ករ និង​កៅស៊ូ ជា​ការ​ឆ្លើយតប​ទៅនឹង​កិច្ចព្រមព្រៀង​ស្តីពី​ទំនាក់ទំនង​សេដ្ឋកិច្ច​ និង​ពាណិជ្ជកម្ម ដែល​ភាគី​រុស្ស៊ី​បាន​សន្យា​ថា​ នាំចូល​ផលិតផល​ពី​ប្រទេស​កម្ពុជា​ចំនួន​ប្រមាណ​៣,០០០​មុខ ក្រោម​ប្រព័ន្ធ​អនុ​គ្រោះ​ពាណិជ្ជកម្ម​-​ពន្ធ​នាំចូល​សូន្យ ក្នុង​គោលបំណង​បង្កើន​ទំហំ​ពាណិជ្ជកម្ម និង​ការ​វិនិយោគ​រវាង​ប្រទេស​ទាំងពីរ​។​

លោកស្រី​ក៏បាន​ស្នើសុំ​ឲ្យ​ក្រុមការងារ​បច្ចេកទេស​របស់​គណៈកម្មការ​សេដ្ឋកិច្ច​អឺរ៉ុប​-​អាស៊ី (EEC) ពិនិត្យ​ទៅលើ​បញ្ហា​ប្រឈម​នានា នីតិវិធី​ និង​តម្រូវការ​ចាំបាច់​មួយចំនួន ការចែករំលែក​នូវ​ចំណេះដឹង​បទពិសោធន៍​ជាក់ស្ដែង និង​សេចក្តីព្រាង​ស្តីពី​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី ខណៈ​ប្រទេស​ជប៉ុន​និង​កូរ៉េខាងត្បូង ទទួល​បាន​នូវ​អត្ថប្រយោជន៍​ នៃ​ការ​ក្លាយ​ជា​សមាជិក​ នៃ​សហភាព​សេដ្ឋកិច្ច​អឺរ៉ុប​-​អាស៊ី​( EAEU)។​

លោកស្រី តឹក​រ៉េត កំរង ស្នើសុំ​អញ្ជើញ​អ្នកវិនិយោគ​រុស្ស៊ី​មក​កម្ពុជា ដើម្បី​ពង្រឹង​កិច្ចសហប្រតិបត្តិការ​លើ​វិស័យសេដ្ឋកិច្ច និង​ពាណិជ្ជកម្ម​។

ទន្ទឹមនឹងនេះ លោក ឌី​មី​ទ្រី ស្វេត​កូវ បាន​គូសបញ្ជាក់ថា រុស្ស៊ី​បាន​ស្នើ​ឲ្យ​កម្ពុជា​កំណត់​ភាគី​បង្គោល (focal point) ដើម្បី​សម្រួល​ដល់​វិនិយោគិន​រុស្ស៊ី ក្នុង​ការ​ស្វែងរក​កាលានុវត្តភាព​ធុរកិច្ច​ក្នុង​វិស័យ​អភិវឌ្ឍន៍​ឧស្សាហកម្ម​នៅ​កម្ពុជា​។

បន្ថែម​ពីនេះ លោក ក៏​រំពឹង​ផងដែរ​ថា​ នឹងមាន​ជើងយន្តហោះ​ត្រង់​ពី​រុស្ស៊ី (​រដ្ឋធានី​ម៉ូស្គូ​) មក​កម្ពុជា (​ក្រុង​ព្រះសីហនុ​) បន្ទាប់ពី​សេចក្តីសម្រេច​ជា​ផ្លូវការ រវាង​ព្រះរាជាណាចក្រ​កម្ពុជា និង​សហព័ន្ធ​រុស្ស៊ី​៕



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើរ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 016​ 877 684