ព័ត៍មានទាន់​ហេតុការណ៏
Search

ឌុន រដ្ឋា​ ជួប​Yodkhunvang ឯ ចាន់ ប៊ុន​លាភ​ ជួប​Yodkhunpol

​ប្រដាល់ ៖ អ្នក​ប្រដាល់​កម្ពុជា​ ឌុន រដ្ឋា ក្លិប​អេ​ភូ​ថង​កីឡា ត្រូវផ្គូផ្គងឲ្យ​ជួប​ប្រកួត​ជាមួយ​អ្នក​ប្រដាល់​ថៃ​ឈ្មោះ Yodkhunvang ហើយ​ចាន់ ប៊ុន​លាភ អ្នក​ប្រដាល់​ក្លិប​និរោធ​មានជ័យ ត្រូវ​ជួប​អ្នក​ប្រដាល់​ថៃ Yodkhunpol នា​យប់​ថ្ងៃអាទិត្យ​ ទី​០១​ ខែ​មករា ឆ្នាំ​២០១៦ នៅ​ក្នុង​កម្មវិធី​ប្រដាល់​ខា​រ៉ា​បាវ​លើ​ស​ង្វៀន​បាយ័ន​ស្ទឹងមានជ័យ។

អ្នក​ប្រដាល់​បរទេស​ពីរ​នាក់​នេះ មិន​ធ្លាប់​មក​ស្រុក​ខ្មែរ​ទេ​កន្លងមក។ ឌុន រដ្ឋា និង Yodkhunvang នឹង​ប្រកួត​គ្នា​ក្នុង​ប្រភេទ​ទម្ងន់​៦៩​គីឡូក្រាម​។​

អ្នក​ប្រដាល់​ថៃ​រូបនេះ បើតាម​អ្នក​ផ្គូផ្គង​ប្រដាល់​ប្រចាំ​បាយ័ន​និយាយ​ឲ្យ​ដឹង​នោះ​ថា គេ​ជា​ជើង​ខ្លាំង​មួយរូប​នៅ​ប្រទេស​ថៃ។ Yodkhunvang មាន​ប្រវត្តិ​ប្រកួត​ចំនួន​៦២​លើក ក្នុងនោះ​វាយ​ឈ្នះ​៤៦​លើក ចាញ់​១៦​លើក មិនដែល​ស្មើ ខណៈ​ ​ឌុន រដ្ឋា មាន​ប្រវត្តិ​ប្រកួត​តែ​៦៩​លើក ឈ្នះ​៤២​លើក ចាញ់​២១​លើក និង​ស្មើ​៦​លើក​នោះ។​

ទោះជា​យ៉ាងណា សម្រាប់​ការ​ជួប​ជាមួយ ​ឌុន រដ្ឋា ជើង​ខ្លាំង​របស់​កម្ពុជា​ម្នាក់​នេះ Yodkhunvang មិន​ជា​ស្រួលខ្លួន​ប៉ុន្មាន​ទេ ដោយសារ​ ឌុន រដ្ឋា​ ខ្លាំង​គួរសម​ដែរ​ហើយ​មួយទៀត រដ្ឋា គេ​ដូចជា​ថ្នឹក​ហើយ​រឿង​វ៉ៃ​ជាមួយ​បរទេស​នោះ ព្រោះ​គេ​ធ្លាប់​ជួប​បរទេស​ជាង​១០​នាក់ មក​ហើយ ដោយ​ប្រកួត​មាន​ឈ្នះ​មាន​ចាញ់។

ប៉ុន្តែ​យ៉ាងណា ឌុន រដ្ឋា​ មិនអាច​មើលស្រាល​អ្នក​ប្រដាល់​ថៃ Yodkhunvang រូបនេះ​បានឡើយ ព្រោះ​យ៉ាងហោចណាស់​Yodkhunvang នេះ ក៏​ជា​ជើង​ខ្លាំង​ម្នាក់​ដែរ ហើយ​តាម​ការ​ដឹង​នោះ​ឮ​ថា​គេ​មាន​ផ្លែ​ល្អ​ទៀត។ ដូច្នេះ​មិនអាច​ទស្សន៍ទាយ​មុន​ថា អ្នកណា​ឈ្នះ​អ្នកណា​ចាញ់​បានទេ។ ចាំមើល តើ​ ឌុន រដ្ឋា ឈ្នះ​ឬ Yodkhunvang ឈ្នះ​ក្នុងការ​ជួបគ្នា​នេះ​?។​

ចំណែក​ ចាន់ ប៊ុន​លាភ ក្លិប​និរោធ​មានជ័យ នឹង​ជួប​ប្រកួត​ជាមួយ​អ្នក​ប្រដាល់​ថៃ Yod khunpol។ ពីរ​នាក់​នេះ ប្រកួត​គ្នា​ក្នុង​ប្រភេទ​ទម្ងន់​៦០​គីឡូក្រាម។​

Yodkhunpol អ្នក​ប្រដាល់​ថៃ​រូបនេះ ពុំ​ធ្លាប់​ដែល​មក​ប្រកួត​នៅ​កម្ពុជា​ទេ​។ ​អ្នក​ប្រដាល់​ថៃ​រូបនេះ ក៏​គេ​អះអាងថា ​ជា​ជើង​ខ្លាំង​ដែរ។ តែ​យ៉ាងណា គេ​ក៏​មិនដឹង​ពី​ប្រវត្តិ​ប្រកួត​របស់​អ្នក​ប្រដាល់​ថៃ​នេះដែរ។

ចាន់ ប៊ុន​លាភ ជា​ជើង​ខ្លាំង​ទម្ងន់​៦០​គីឡូក្រាម។ ជា​លើក​ទី​៦​ហើយ ដែល​គេ​បាន​ជួប​ប្រកួត​ជាមួយ​ថៃ​នេះ ដូច្នេះ​ជា​ឱកាស​ល្អ​សម្រាប់​ ចាន់​ ប៊ុន​លាភ ត្រូវ​ធ្វើ​ខ្លួន​ឲ្យ​ល្បីឈ្មោះ​ហើយ ព្រោះ​ក្នុង​ប្រវត្តិ​ប្រកួត​ចំនួន​៦៩​លើក​នោះ គេ​ធ្លាប់​ប្រកួត​ជាមួយ​អ្នក​ប្រដាល់​ថៃ​៥​នាក់​ប៉ុណ្ណោះ ដោយ​វាយ​ឈ្នះ​៤ ​និង​ស្មើ​១​នាក់ គឺ​មិនដែល​ចាញ់​នោះទេ។

ក្នុង​ស្ថិតិ​ប្រកួត​៦៩​លើក​នេះ ប៊ុន​លាភ​ វាយ​ឈ្នះ​៥៧​លើក ចាញ់​០៩​លើក ស្មើ​០៣​លើក និង​ធ្លាប់​ផ្ដួល​ដៃគូ​ឲ្យ​សន្លប់​ចំនួន​១៧​លើក។

ចាំមើល ចាន់ ប៊ុន​លាភ គេ​អាច​យកឈ្នះ​អ្នក​ប្រដាល់​ថៃ​រូបនេះ បាន​ទៀត​ដែរ​ឬ​អត់?​។​ ការប្រកួត​ជា​មួយ​ថៃ​ចុង​ក្រោយនេះ ចាន់ ប៊ុន​លាភ វាយ​ឈ្នះ​Phach Sila ដោយ​ពិន្ទុ​កាលពី​ថ្ងៃទី​១៨​ធ្នូ​២០១៦។​

ដោយឡែក សម្រាប់​ការប្រកួត​រវាង​អ្នក​ប្រដាល់​ខ្មែរ ​និង​ខ្មែរ​គ្នាឯង​នោះ ម៉ូ រដ្ឋា ក្លិប​ព្រៃទទឹង​ខេត្ត​បាត់​ដំបង ត្រូវ​ជួប​ប្រកួត​ជាមួយ ​ស៊ីវ សុង​ម៉េង អ្នក​ប្រដាល់​ក្លិប​នាគរាជ​មានជ័យ។ ពីរ​នាក់​នេះ មិនដែល​ជួប​គ្នា​ទេ​កន្លងមក។ ចាំមើល ជួបគ្នា​លើកដំបូង​នេះ ម៉ូ រដ្ឋា អាច​យកឈ្នះ​ស៊ីវ សុង​ម៉េង បាន​ឬ​អត់​? ។​

​នូវ ដា​រ៉ូ ក្លិប​អាណាចក្រ​គុន​ខ្មែរ នឹង​ជួប​ប្រកួត​ជាមួយ ជុន សភា ក្លិប​ពន្លឺ​សាមគ្គី​ខេត្តបាត់ដំបង។ អ្នក​ប្រដាល់​ស្រករ​ក្រោយ​ទាំងពីរ​នាក់​នេះ សុទ្ធតែ​ចង់​ឈ្នះ​ដូចគ្នា សម្រាប់​ការជួបគ្នា​លើកដំបូង​នេះ៕



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើរ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 016​ 877 684