ព័ត៍មានទាន់​ហេតុការណ៏
Search

សម្ដេច​ក្រឡាហោម ស្នើ​ក្រសួង​សាធារណការ ជួសជុល និង​ស្ដារ​ផ្លូវ​ដែក​ បន្ទាប់​ពី​បាត់ដំបង​មក​ភ្នំពេញ ​

ភ្នំពេញ ​៖ ​ក្នុង​ពិធី​បិទ​សន្និបាត​បូកសរុប​លទ្ធផល​ការងារ ​ឆ្នាំ​២០១៦ និង​លើក​ទិសដៅ​សម្រាប់​ឆ្នាំ​២០១៧ របស់​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន​កាលពី​ថ្មី​កន្លងមកនេះ សម្ដេច​ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ បាន​ជំរុញ​ឲ្យ​ក្រសួង​សាធារណការ ជួសជុល​បន្ទាន់ និង​ស្ដារ​ផ្លូវ​ដេក​ពី​បាត់ដំបង ដល់​ភ្នំពេញ ដើម្បី​សម្រាល​បន្ទុក​ដឹកជញ្ជូន​តាម​ផ្លូវ​ថ្នល់ និង​បង្កើន​ប្រសិទ្ធភាព ​នៃ​ការ​ដឹក​ជញ្ជូន​។​

សម្ដេច​ថ្លែង​ទៀតថា ដោយបាន​ជំរុញ​ឲ្យ​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន​ពិនិត្យ​ឲ្យ​បាន​ហ្មត់ចត់ លើ​បច្ចេកទេស​សាងសង់​ផ្លូវ​ស្ពាន ធ្វើយ៉ាងណា​ឲ្យ​ការសាងសង់​នោះ​មានគុណ​ភាព និង​រឹងមាំ​។

​«​សូម​បន្ត​យកចិត្តទុកដាក់ និង​ត្រួតពិនិត្យ​ឲ្យ​បាន​ហ្មត់ចត់​លើ​ផ្នែក​បច្ចេកទេស​សាងសង់​ថែទាំ និង​ជួស​ជុល​ផ្លូវ​ស្ពាន ឲ្យ​បាន​មាំទាំ មានគុណ​ភាព និង​មាន​សុវត្ថិភាព​។

ក្រសួង ​ត្រូវខិតខំ​ពង្រឹង​សមត្ថភាព​ស្ថាប័ន និង​ធនធានមនុស្ស​បន្ថែម រួមទាំង​យន្តការ​រចនាសម្ព័ន្ធ​បច្ចេកទេស និង​វិធានការ​ចាំបាច់​នានា និង​មន្ត្រី​ដែល​ទទួលខុសត្រូវ​លើ​ការងារ​ជំនាញ និង​គ្រប់គ្រង​ការទន្ទ្រាន​លើដី​ចំណីផ្លូវ​»​។​

ជាមួយគ្នា​នោះ​ សម្ដេច​ក្រឡាហោម ក៏បាន​ស្នើ​ក្រសួង​ខិតខំ​អនុវត្ត​ឲ្យ​បានសម្រេច​ក្នុង​ការ ត.ភ្ជាប់​បណ្ដាញ​ផ្លូវដែក ត.​ភ្ជាប់​ប្រទេស​ក្នុង​តំបន់​អាស៊ាន ដែល​ចាប់ផ្ដើម​ពី​ការ​ ត.ភ្ជាប់​ផ្លូវដែក​ពី​ក្រុង​ប៉ោយ​ប៉ែត ស៊ីសុផុន ជាមួយ​ផ្លូវដែក​ថៃ និង​បន្ត​រហូតដល់​ខេត្ត​បាត់ដំបង និង​ជំរុញ​ដំណើរការ​ជួសជុល​បន្ទាន់ និង​ស្ដារ​ផ្លូវ​ដេក​ពី​បាត់ដំបង ដល់​ភ្នំពេញ ដើម្បី​សម្រាល​បន្ទុក​ដឹកជញ្ជូន​តាមផ្លូវ​ថ្នល់ និង​បង្កើន​ប្រសិទ្ធភាព ​នៃ​ការ​ដឹកជញ្ជូន​។​

សម្ដេច ស ខេង បញ្ជាក់​ទៀត​ថា ការសាងសង់​ប្រព័ន្ធ​គមនាគមន៍​នេះ នឹង​រួមចំណែក​ជួយ​ដល់​ការ​អនុវត្ត​គោលនយោបាយ​ឧស្សាហកម្ម​ជាតិ ឆ្នាំ​២០១៥-២០១៥ និង​ផែនការមេ នៃ​ការផ្គត់ផ្គង់​ភស្តុភារ ប្រែក្លាយ​កម្ពុជា​ឲ្យ​ទៅជា​មជ្ឈមណ្ឌល​ពាណិជ្ជកម្ម​ដឹកជញ្ជូន​ឆ្លងកាត់ និង​បង្កើត​មុខរបរ​បន្ថែម ជូន​ប្រជាពលរដ្ឋ​ដែល​រស់នៅ​តាម​ដង​ផ្លូវដែក​។

​សម្ដេច ស ខេង ក៏បាន​ជំរុញ​ឲ្យ​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន ធ្វើការ​កែទម្រង់​រចនា​សម្ព័ន្ធ​របស់​គណៈកម្មការ​ចម្រុះ​ត្រួតពិនិត្យ យានយន្ត​ដឹកជញ្ជូន​លើស​ទម្ងន់​កម្រិត កំណត់​អតិបរមា ពិសេស​លេខាធិការដ្ឋាន និង​អនុ​គណៈកម្មាធិការ​ពាក់ព័ន្ធ ត្រូវ​ខិតខំ​កែលំអ ពង្រឹង​យន្តការ និង​បន្ដ​កិច្ច​សហការ​ជាមួយ​អាជ្ញាធរ​ដែនដី និង​សមត្ថកិច្ច​ពាក់ព័ន្ធ ដើម្បី​ទប់ស្កាត់​ឲ្យ​បាន​ដាច់ខាត​ការ​ដឹក​ជញ្ជូន​លើស​ទម្ងន់​កំណត់​៕